ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចុះផ្សាយរបស់ឌឹខេមបូឌាដេលី(The Cambodia Daily) ដែលបានមួលបង្កាច់ បំផ្លើស បំភ្លៃ និងគ្មានការពិតទាល់តែសោះដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រមុខរាជរដ្ឋាភិបាល និងឯកឧត្តមហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រសួងបញ្ជាក់ថា៖ “ការផ្សាយនេះ គឺជាការប្រឌិតនូវព័ត៌មានមិនពិតដែលធ្វើឱ្យមានការយល់ច្រឡំ មួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រមុខរាជរដ្ឋាភិបាល និង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនេះជាទង្វើគ្មានវិជ្ជាជីវៈ គ្មានក្រមសីលធម៌សារព័ត៌មាន និងគ្មានការទទួលខុសត្រូវ”។សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នេះមិនមែនជាលើកទី១ ទេ ដែលខេមបូឌាដេលី បានផ្សព្វផ្សាយព័ត៌មានដែលគ្មានការពិត និងបំផ្លើសរបៀបនេះ ដើម្បីយកមកធ្វើជាឈ្នាន់បិទបាំងសកម្មភាពនយោបាយជ្រុលនិយម លាបពណ៌ និងវាយប្រហារមកលើប្រមុខ រាជដ្ឋាភិបាលកម្ពុជា និងឯកឧត្តម ហេង សួរ ដើម្បីលាភសក្ការៈរបស់ខ្លួនតែប៉ណ្ណោះ។ សារព័ត៌មាន ខេមបូឌាដេលី ត្រូវតែសុំទោសជាសារធារណៈ និងកែតម្រូវការផ្សាយរបស់ខ្លួនជាបន្ទាន់៕
(អន្តរជាតិ)៖ យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី ជាច្រើន គ្រាប់ឆ្ពោះទៅកាន់សមុទ្រជប៉ុន។ ជាមួយគ្នានេះ អ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ប្រទេសជប៉ុន បាននិយាយថា មិនមានការចង្អុល បង្ហាញថា មីស៊ីលមួយបានធ្លាក់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុននោះទេ។លោក Hayashi Yoshimasa បាននិយាយថា លោកទទួលស្គាល់ការប្រកាសរបស់កូរ៉េខាងត្បូង។ លោកក៏បាននិយាយដែរថា រដ្ឋាភិបាលមិនបានទទួលព័ត៌មានណាមួយពីអង្គការពាក់ព័ន្ធទាក់ទងនឹងការខូចខាត។លោកបានបន្ថែមថា រដ្ឋាភិបាលនឹងបន្តប្រមូល និងវិភាគព័ត៌មាន ខណៈពេលដែលធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ថ្មីៗនេះ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងយ៉ាងហោចណាស់មួយគ្រាប់ កាលពីថ្ងៃទី ២២ ខែមេសា៕
(ស្វាយរៀង)៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៤៥នាក់ ស្រី០៦នាក់ ពាក់ព័ន្ធករណី លួចឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន នេះបើយោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍។នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៤៥នាក់ ស្រី០៦នាក់ ពាក់ព័ន្ធករណី លួចឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។ក្នុងនោះបានធ្វើការឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចំនួន ៦នាក់ បានទទួលពីអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន ២៨នាក់ ស្រី០៦នាក់ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត ចំនួន ១១នាក់ បានត្រូវបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង៕