វីដេអូថ្មីៗ BEST TV
វីដេអូថ្មីៗ SWIFT NEWS
ព័ត៌មានជាតិ
ឧទ្ធម្ភាគចក្រ២គ្រឿងបុកគ្នា បណ្តាលឱ្យមនុស្ស១០នាក់បាត់បង់ជីវិត
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤

(គូឡាឡាំពួរ)៖ បុគ្គលិកយោធាម៉ាឡេស៊ី១០នាក់ នៅលើឧទ្ធម្ភាគចក្រកងទ័ពជើងទឹកពីរគ្រឿង បានស្លាប់ បន្ទាប់ពីយន្តហោះរបស់ពួកគេ បានបើកបុកគ្នានៅកណ្តាលអាកាស លើមូលដ្ឋានទ័ពជើងទឹក នៅទីក្រុង Lumut រដ្ឋ Perak ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានCNAនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៤។មូលដ្ឋានកងទ័ព Royal Malaysian Navy (RMN) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧទ្ធម្ភាគចក្រប្រតិបត្តិការដែនសមុទ្រ HOM និងឧទ្ធម្ភាគចក្រ Fennec បានធ្លាក់នៅម៉ោង 9.32 ព្រឹក។យោងតាមសារផ្ញើដោយកងទ័ពជើងទឹកបានឱ្យដឹងថា ឧទ្ធម្ភាគចក្របានហោះឡើងនៅម៉ោង ៩ និង០៣នាទីព្រឹក។ សារនោះបាននិយាយថា ឧទ្ធម្ភាគចក្រ HOM បានធ្លាក់ នៅលើជណ្តើរ នៃកីឡដ្ឋានមួយ ខណៈដែលឧទ្ធម្ភាគចក្រ Fennec បានធ្លាក់ចូលទៅក្នុងអាងទឹក។កងទ័ពជើងទឹកបាននិយាយថា ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជាក់ថាស្លាប់នៅកន្លែងកើតហេតុ ហើយ បានបញ្ជូនទៅមន្ទីរពេទ្យកងកម្លាំងប្រដាប់អាវុធមូលដ្ឋានទ័ពជើងទឹក Lumut សម្រាប់ដំណើរការ កំណត់អត្តសញ្ញាណ ដោយបន្ថែមថា នាបសមាជិកនាវិក 7 នាក់នៅលើឧទ្ធម្ភាគចក្រ HOM និង 3 នាក់ ទៀតនៅលើឧទ្ធម្ភាគចក្រ Fennec ។មេប៉ូលីសរដ្ឋ Perak លោក Mohd Yusri Hassan Basri បានបញ្ជាក់ថាមនុស្ស 10 នាក់បានស្លាប់។ការហ្វឹកហ្វឺននេះគឺជាផ្នែកមួយនៃការហាត់សមសម្រាប់ព្យុហយាត្រាទិវាកងទ័ពជើងទឹកលើកទី 90 ។កងទ័ពនឹងបង្កើតក្រុមប្រឹក្សាស៊ើបអង្កេតដើម្បីកំណត់អត្តសញ្ញាណមូលហេតុនៃឧប្បត្តិហេតុនេះ។វីដេអូនៃឧបទ្ទវហេតុដែលត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីឧទ្ធម្ភាគចក្រចំនួន ៧គ្រឿងបានហោះពីលើមូលដ្ឋាន បន្ទាប់មកឧទ្ធម្ភាគចក្រ​ពីរគ្រឿងបាន​បុក​គ្នា ដែល​ចេញ​នូវ​ផ្សែង និង​កម្ទេចកម្ទី មុន​នឹង​ធ្លាក់​មក​ដី។នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានផ្ញើសាររំលែកទុក្ខ ដល់ក្រុមគ្រួសារជនរងគ្រោះ៕

អបអរសមាជិកថ្មី! ប្រទះឃើញកូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ហើយជាកូនផ្សោតទី៧ ដែលបានកើតនៅដើមឆ្នាំ២០២៤នេះ!
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤

(ក្រចេះ)៖ ជាការពិតណាស់នេះអាចចាត់ទុកថាជាដំណឹងមួយដ៏រីករាយផងដែរ ដោយកាលពីពេលថ្មីៗនេះគេបានប្រទះឃើញកូនផ្សោតទើបនឹងកើតថ្មីបានមួយក្បាលថែមទៀតនៅអន្លង់កាំពី ខេត្តក្រចេះ។ វត្តមានសមាជិកថ្មីនេះផងដែរនឹងកាន់តែធ្វើឱ្យតំបន់ទេសចរណ៍ក្នុងខេត្តក្រចេះកាន់តែមានភាពទាក់ទាញនូវទស្សនីយភាពទាំងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។យ៉ាងណាមិញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង១៥:១០នាទី នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅអន្លង់កាំពី ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រៃប្រសព្វ ខេត្តក្រចេះ។ កូនផ្សោតនេះ ស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន ៣ក្បាលផ្សេងទៀត។សូមជម្រាបថា នេះគឺជាកូនផ្សោតទី៧ ដែលបានកើតនៅដើមឆ្នាំ២០២៤នេះ។ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនឆ្នាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។ ទន្ទឹមនេះ ប្រសិនបើបងប្អូនប្រជានេសាទបានប្រទះឃើញវត្តមានសត្វផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ច ជលផល ដែលមានលេខទូរស័ព្ទ ០១២ ៨៩៧ ៩៤៣, ០១១ ៣៥៥ ៨៨៣, ០៩៩ ៧៩១ ៩១៩, ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២៕

ថែសុខភាព! ចាប់ពីថ្ងៃទី ២៣-២៥ ខែមេសា តំបន់ខ្លះនឹងឡើងកម្តៅដល់ ៣៨អង្សារសេ
ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ យោងតាមការចុះផ្សាយពីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថាសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា និងសមុទ្រចិនខាងត្បូង។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤៖១. តំបន់វាលទំនាប ៖ -សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតីមាន​ល្បឿនមធ្យម ៣,៥ម៉ែត្រ/វិនាទី។ ២.តំបន់ខ្ពង់រាប ៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិស​និរតីមានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី២%។ ៣.តំបន់មាត់សមុទ្រ ៖-សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសនិរតីមានល្បឿន មធ្យម ២,៥ម៉ែត្រ/វិនាទី។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕ 

ក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងបុគ្គលិក ទទួលបណ្តឹងសាធារណៈ និងសោធននិវត្តន៍ នៃសាធារណរដ្ឋឥណ្ឌា
ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤

(ព័ត៌មានជាតិ)៖ ក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបុគ្គលិក ទទួលបណ្តឹងសាធារណៈ និងសោធននិវត្តន៍ នៃសាធារណរដ្ឋឥណ្ឌា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវបណ្ឌិត Devyani Uttam Khobragrade ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។មានប្រសាសន៍ក្នុងពិធីចុះអនុស្សរណៈនេះ ឯកឧត្តម ប៉ូល ពីឌូ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានលើកឡើងថា ពិធីចុះអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងនាពេលនេះ ពិតជាមានសារៈសំខាន់ក្នុងការជំរុញទំនាក់ទំនងជាដៃគូនៃប្រទេសទាំងពីរ ក្នុងការចូលរួមចំណែកការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការនៅកម្ពុជា លើសពីការផ្លាស់ប្តូរចំណេះដឹង អនុស្សរណៈនេះផ្តោតលើការរៀនសូត្រទៅវិញទៅមក ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សក្នុងមុខងារស៊ីវិល ដែលរួមចំណែកដល់ការកែលម្អអភិបាលកិច្ច ការផ្តល់សេវាសាធារណៈ និងការអនុវត្តគោលនយោបាយក្នុងប្រទេសទាំងពីរ។ អនុស្សរណៈនៃការយោគយល់គ្នានេះសង្កត់ធ្ងន់លើការអនុវត្តជាក់ស្តែង និងធ្វើជាឧទាហរណ៍នៃកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាពក្នុងវិស័យសេវាកម្មស៊ីវិល។ឯកឧត្តមបានបន្តថា ក្នុងរយៈពេលចុងក្រោយនេះ ជាពិសេសក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី ក្រសួងមុខងារសារធារណៈ សម្រេចបាននូវសមិទ្ធផលនានាជាច្រើន រួមទាំងការរៀបចំរចនាសម្ព័ន្ធអង្គភាពឡើងវិញ ដើម្បីឱ្យស្របតាមការងារអាទិភាព និងគោលនយោបាយ កែលម្អការគ្រប់គ្រងមន្ត្រីរាជការ តាមរយៈឯកសារច្បាប់ ការដំឡើងប្រាក់បៀវត្សរ៍ ប្រាក់ឧបត្ថម្ភ និងការលើកកម្ពស់សមភាពយេនឌ័រ ព្រមទាំងការដាក់បញ្ចូលជនពិការ គាំទ្រដល់ការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការតាមរយៈការបណ្តុះបណ្តាល និងសិក្ខាសាលា ការបង្កើតប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងមន្ត្រីរាជការ និងការអនុវត្តវិធានការសំខាន់ៗ។គួរបញ្ជាក់ផងដែរថា ក្រសួងមុខងារសាធារណៈ បានចាប់ផ្ដើមសហការការងារជាមួយស្ថានទូតឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាភាគីនៃសាធារណរដ្ឋឥណ្ឌា ចាប់តាំងពីឆ្នាំ២០១៥ មក ក្នុងកិច្ចសហប្រតិបត្តិការដើម្បីលើកកំពស់វិស័យមុខងារសាធារណៈ នៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង៕

ថែសុខភាព! ចាបពីថ្ងៃទី ២៣-២៥ ខែមេសា តំបន់ខ្លះនឹងឡើងកម្តៅដល់ ៣៨អង្សារសេ
ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ យោងតាមការចុះផ្សាយពីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថាសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា និងសមុទ្រចិនខាងត្បូង។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤៖១. តំបន់វាលទំនាប ៖ -សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតីមាន​ល្បឿនមធ្យម ៣,៥ម៉ែត្រ/វិនាទី។ ២.តំបន់ខ្ពង់រាប ៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិស​និរតីមានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី២%។ ៣.តំបន់មាត់សមុទ្រ ៖-សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសនិរតីមានល្បឿន មធ្យម ២,៥ម៉ែត្រ/វិនាទី។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក ថាង ហ្គោដុង (TANG GORDON) អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤៕

សេចក្តីប្រកាសព័ត៌មានរួម ស្តីពីដំណើរទស្សនកិច្ចរបស់ ឯកឧត្តម វ៉ាង យី មកកាន់ព្រះរាជាណាចក្រកម្ពុជា និងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន, ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស, និងជារដ្ឋមន្ត្រី ការបរទេស បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ក្នុងដំណើរបំពេញទស្សនកិច្ចនេះ ឯកឧត្តម វ៉ាង យី បានចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, និងជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។ ឯកឧត្តម វ៉ាង យី ក៏បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំនៃគណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាលកម្ពុជា-ចិនលើកទី ៧ ជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងបានអញ្ជើញជួប ប្រជុំទ្វេភាគីជាមួយ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ផងដែរ។ភាគីទាំងពីរបានឯកភាពគ្នាថាកម្ពុជា និងចិន គឺជាមិត្តដែកថែបដែលតែងតែនៅក្បែរគ្នា និងជួយគ្នាក្នុងគ្រាលំបាក។ ក្រោមការចង្អុលបង្ហាញជាយុទ្ធសាស្ត្ររបស់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំកម្ពុជា ភាគីទាំងពីរបានខិតខំប្រឹងប្រែងកសាងសហគមន៍វាសនារួមកម្ពុជា-ចិនប្រកបដោយភាពស៊ីជម្រៅ និងជាក់ស្តែង, ពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ, និងបង្កើតឱ្យមានវឌ្ឍនភាពវិជ្ជមានក្នុងការកសាងរបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ក៏ដូចជារបៀងមច្ឆា និងអង្ករ ដែលនាំមកនូវផលប្រយោជន៍រូបវន្តដល់ប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពធ្វើអានុភាវូបនីយកម្មតួនាទីសម្របសម្រួលរបស់គណៈកម្មា-ធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់, កម្រិតខ្ពស់, និងស្តង់ដារខ្ពស់ ព្រមទាំងរួមគ្នាជំរុញពហុភាគីនិយម និងសកលភា-វូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍រួមប្រកបដោយសេរី, បើកចំហ, សមភាព និងបរិយាបន្ន។ភាគីចិនបានគូសបញ្ជាក់សារជាថ្មីនូវការគាំទ្រចំពោះជម្រើសរបស់កម្ពុជាលើមាគ៌ាអភិវឌ្ឍន៍ដែលស្របនឹងលក្ខខណ្ឌជាតិ, គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីការពារអធិបតេយ្យភាពជាតិ, សន្តិសុខ, ព្រមទាំងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកពីផ្នែកខាងក្រៅក្នុងកិច្ចការនិងផលប្រយោជន៍នៃការអភិវឌ្ឍផ្ទៃក្នុងរបស់កម្ពុជា។ភាគីកម្ពុជាក៏បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលនយោបាយចិនតែមួយ និងទទួលស្គាល់ថាសាធារណរដ្ឋប្រជាមានិតចិនគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បានពីទឹកដីរបស់ប្រទេសចិន។ កម្ពុជាប្រឆាំងរាល់ការប៉ុនប៉ងប្រើប្រាស់បញ្ហានានារបស់តៃវ៉ាន់ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន,ប្រឆាំងគ្រប់ទម្រង់នៃឯករាជ្យភាពរបស់តៃវ៉ាន់, គាំទ្រយ៉ាងមុតមាំលើរាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិនដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ, និងមិនបង្កើតទំនាក់ទំនងផ្លូវការណាមួយជាមួយតៃវ៉ាន់នោះទេ។ភាគីទាំងពីរបានឯកភាពគ្នាក្នុងការលើកកម្ពស់ការចូលរួមកម្រិតខ្ពស់ និងធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ ប្តូរការងារស្តីពីអភិបាលកិច្ច។ ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ, បន្តធ្វើសមយុទ្ធ និងការហ្វឹកហ្វឺនរួមគ្នា, ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានាមានជាអាទិ៍សេវាសុខាភិបាល និងភស្តុភារកម្ម, ការបណ្តុះបណ្តាលបុគ្គលិក និងការបោសសម្អាតមីន, ព្រមទាំងរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណែត, ការក្លែងបន្លំតាមទូរគមនាគមន៍, និងការជួញដូរគ្រឿងញៀន។ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្ស៊ីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឱ្យកាន់តែស៊ីជម្រៅ, ពន្លឿនការបង្កើតផែនការសហប្រតិបត្តិការសម្រាប់ច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា, ជំរុញការរៀបចំផែនការគោល និងការរៀបចំផ្លូវដែកកម្ពុជា-ចិន, និងផ្តល់មជ្ឍ មណ្ឌលធ្វើនិទស្សន៍កសិកម្មចិន និងគម្រោងប្រមូលផលដើមដៃផ្សេងទៀតនៃច្រករបៀងមច្ឆា និងអង្ករ និងធ្វើ ឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន។ ភាគីទាំងពីរ នឹងធានាឱ្យបាននូវការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនប្រកបដោយគុណភាពខ្ពស់, ជំរុញការនាំចូលផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ប្រទេសចិន, និងលើកទឹកចិត្តឱ្យធុរជនចិនមកបណ្តាក់ទុន វិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើន។ ភាគីទាំងពីរបានឯកភាពក្នុងការឆ្លៀតចាប់យកកាលានុវត្តភាពនៃ "ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន” ជំរុញការផ្លាស់ប្តូរទេសចរណ៍រវាងប្រទេសទាំងពីរ, បង្កើនជើងហោះហើរទ្វេទិសប្រកបដោយ សណ្តាប់ធ្នាប់, គាំទ្រកម្ពុជាក្នុងការប្រើប្រាស់ឱ្យអស់ពីសក្តានុពលនៃធនធានទេសចរណ៍ និងធនធានរបស់ ខ្លួន, និងដាក់ចេញបន្ថែមនូវការផ្លាស់ប្តូររវាងយុវជន, ប្រជាជនមូលដ្ឋាន និងក្រុមមិត្តភាព។ ទន្ទឹមនេះ កម្ពុជានឹងគាំទ្រដល់ការបើកដំណើរការឡើងវិញនូវមជ្ឈមណ្ឌលវប្បធម៌ចិននៅកម្ពុជា។ភាគីទាំងពីរបានបានបញ្ជាក់សាជាថ្មីពីការត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល, គំនិតផ្តួចផ្តើមសន្តិសុខសកល, និងគំនិតផ្តួចផ្តើមអារ្យធម៌សកល, ព្រមទាំងបង្កើនការសម្របសម្រួលបន្ថែមទៀតនៅក្នុងវេទិកានានាដូចជា៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន។ ភាគីទាំងពីរបានឯកភាពក្នុងការបម្រើផលប្រយោជន៍រួមរបស់ប្រទេសក្នុងតំបន់ដើម្បីការពារសន្តិភាព និងស្ថិរភាពដែលរកបានដោយលំបាក និងជំរុញការអភិវឌ្ឍ និងវិបុលភាពនៅក្នុងតំបន់។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តក្នុងការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) និងជំរុញការពិគ្រោះយោបល់លើក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) សម្រាប់ការសន្និដ្ឋានជាជំហានដំបូង។ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការលើវិស័យនានារួមមានហេដ្ឋារចនា-សម្ព័ន្ធ, អធិការកិច្ច, និងចត្តាឡីស័ក។ ភាគីទាំងពីរបានចូលរួមពិធីប្រកាស និងផ្សព្វផ្សាយសៀវភៅស្តីពីប្រពៃណីរបស់កម្ពុជាជាខេមរភាសា ដែលបានបកប្រែពីភាសាចិន និងពិធីសម្ពោធការនាំចេញផ្លែដូងស្រស់របស់កម្ពុជាទៅកាន់ប្រទេសចិន៕

ប្រធានរដ្ឋឡាវ ឯកឧត្តម ថងលុន ស៊ីសុលីត បានអញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ
ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun SISOULITH) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេលពីរថ្ងៃ ដែលចាប់បីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤។ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅពេលនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រសើរ អ្នកជិតខាងល្អ ទំនាក់ទំនងជាបងប្អូន និង សាមគ្គីភាព ព្រមទាំងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីវិបុលភាពរួមនៃ ប្រទេសទាំងពីរ៕ 

ឯកឧត្តម វង្សី វិស្សុត អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ទស្សនវិជ្ជា នយោបាយ រដ្ឋបាល ច្បាប់»
ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ កាលពីព្រឹកថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤ ម្សិលមិននេះ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ទស្សនវិជ្ជា នយោបាយ រដ្ឋបាល ច្បាប់» និងមានការធ្វើបទឧទ្ទេសនាម ដោយ ឯកឧត្តមបណ្ឌិត សាយ បូរី ទីប្រឹក្សារាជរដ្ឋាភិបាល និងជាទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់ ជូនដល់តំណាងក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងនិស្សិតមកពីសាកលវិទ្យាល័យ នានាសរុបប្រមាណជាង៤០០នាក់៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្ដម វ៉ាង យី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា
ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្ដម វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និង ជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ៕

កម្ពុជានឹងមានភូមិខ្មែរនៅប្រទេសជប៉ុននាពេលខាងមុខ
ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈ នៅថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូរបស់ជប៉ុនមួយក្រុមដឹកនាំដោយលោក តាកិស៊ិ អុខាមិ នាយកគ្រប់គ្រងក្រុមហ៊ុនកុជីម៉ា(KOJIMA HOLDINGS)ចូលជួបសំដែងការគួរសមដើម្បីរាយការណ៍ស្តីពីវឌ្ឍនភាពនៃដំណើរការរៀបចំភូមិខ្មែរនៅប្រទេសជប៉ុន។ក្នុងកិច្ចពិភាក្សាដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គណៈប្រតិភូនៃក្រុមហ៊ុនកុជីម៉ា(KOJIMA HOLDINGS)ដែលជាអ្នកផ្តើមគំនិតវិនិយោគបង្កើតភូមិខ្មែរនេះ បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីដំណើរការរៀបចំ និងការតុបតែងដើម្បីឱ្យកសិដ្ឋានរបស់ខ្លួនទៅជាទីតាំងដែលមានសោភណ្ឌភាពជាខ្មែរដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវបរទេស ភ្ញៀវជប៉ុន ក៏ដូចជាពលរដ្ឋខ្មែរដែលកំពុងធ្វើការ ស្នាក់នៅ និងរៀនសូត្រនៅប្រទេសជប៉ុន។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណវិស័យឯកជនជប៉ុនដែលបានចាប់អារម្មណ៍បង្កើតភូមិខ្មែរនៅក្នុងក្រុងអីសេហារ៉ា(Isehara) ខេត្តណាហ្គាវ៉ា(Kanagawa)ដើម្បីបង្ហាញពីសម្ផារខ្មែរ ហាងម្ហូបខ្មែរ ហាងកាហ្វេ និងការដាំដំណាំរបស់ខ្មែរផងដែរ។ សូមបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្ត្រី កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ធ្លាប់បានទៅទស្សនកិច្ចដល់ទីតាំងដើម្បីពិនិត្យមើលការផ្តើមការសាងសង់។ ដើម្បីធ្វើឱ្យទីតាំងមានសោភណ្ឌភាពជាខ្មែរ ក្រសួងការងារ និងបណ្តុះបណ្តាលបណ្តាលវិជ្ជាជីវៈ បានផ្គត់ផ្គង់សម្ភារមួយចំនួនដើម្បីប្រើប្រាស់ និងដាក់តាំងបង្ហាញនៅក្នុងភូមិដែលរួមមានស្គរឆៃយ៉ាំ ទ្រ មុខស្វា មុខត្លុកជាដើម។យ៉ាងណាក៏ដោយភាគីជប៉ុនបានលើកឡើងថា ភូមិខ្មែរនេះ នឹងអាចបើកឱ្យដំណើរការនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ៕

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ រៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មហាសង្រ្កាន្តខ្មែរនៅកូរ៉េ
ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤

(សាធារណរដ្ឋកូរ៉េ)៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានសហការជាមួយក្រុមការងារ ESEA រៀបចំកម្មវិធី “មហាសង្ក្រាន្តខ្មែរនៅកូរ៉េ” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នៅក្រុងអានសាន នៃសាធារណរដ្ឋកូរ៉េ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ គណៈប្រតិភូក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: តំណាង ឯកឧត្តមរដ្ឋមន្ត្រី អភិបាលរងក្រុងអានសាន បងប្អូនអនិកជនខ្មែរ ពលករ សិស្ស-និស្សិត និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនកុះករ។ការៀបចំពិធីសង្ក្រាន្តខ្មែរឆ្នាំថ្មីជូនសហគមន៍ខ្មែរដែលកំពុងធ្វើការ ស្នាក់នៅ និងសិក្សានៅសាធារណរដ្ឋកូរ៉េ នាពេលនេះ គឺអនុវត្តន៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ បើទោះបីស្ថិតនៅក្រៅប្រទេសក្តីក៏បងប្អូនអាចជួបជុំចូលរួមរីករាយអបអរសាទរបុណ្យប្រពៃណីជាតិរបស់ខ្លួនបាន។ កម្មវិធីមហាសង្ក្រាន្តខ្មែរនៅកូរ៉េ ដ៏អធិកអធមនាឆ្នាំនេះ ចាប់ផ្តើមដោយពិធីសាសនា ស្របទៅតាមប្រពៃណីទំនៀមទម្លាប់ ព្រះពុទ្ធសាសនារបស់ខ្មែរ ការលេងល្បែងប្រជាប្រិយដូចជា បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ និងលាក់កន្សែងប្រកបដោយបរិយាកាសស្និទ្ធស្នាល សប្បាយរីករាយ និងសាមគ្គីភាព។ បន្ថែមពីនេះ កម្មវិធី ក៏មានការដាក់បង្ហាញស្តង់ម្ហូបអាហារខ្មែរ សម្លៀកបំពាក់ប្រពៃណីខ្មែរ ផលិតផលខ្មែរជាច្រើន ជាពិសេសមានការប្រគំតន្រ្តីដោយមានការចូលរួមសម្តែងពីក្រុមសិល្បៈពីព្រះរាជាណាចក្រកម្ពុជារាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ។ កម្មវិធីនេះមានការចូលរួមពីសំណាក់សហគមន៍ខ្មែរ សិស្ស-និស្សិត និងពលករខ្មែរប្រមាណជាង ១ម៉ឺននាក់។សូមបញ្ជាក់ជូនថា សាធារណរដ្ឋកូរ៉េ គឺជាទីផ្សារការងារល្អមួយ មានលក្ខខណ្ឌការងារប្រសើរ និងប្រាក់ខែខ្ពស់ ដែលមានប្រទេសជាច្រើនប្រកួតប្រជែងចង់បាន។ បងប្អូនពលករដែលមានឱកាសមកធ្វើការនៅសាធារណរដ្ឋកូរ៉េ ក៏ដោយសាររាជរដ្ឋាភិបាលកម្ពុជាដែលបានកសាងទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋកូរ៉េ តាំងពីឆ្នាំ១៩៩៧មកម្ល៉េះ។ ចាប់តាំងពីពេលនោះមក កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានភាពរីកចម្រើន ទាំងវិស័យការទូត សេដ្ឋកិច្ច ទេសចរណ៍ និងការងារ៕

អ្នកឧកញ៉ា លី សេងឃាង និងលោកជំទាវ ចាន់ ដានី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន BS LAND & HOME និងជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា បរិច្ចាគថវិកា ២ម៉ឺនដុល្លារ ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤
ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ អ្នកឧកញ៉ា លី សេងឃាង និងលោកជំទាវ ចាន់ ដានី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន BS LAND & HOME និងជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា បានបរិច្ចាគថវិកាចំនួន ២ម៉ឺនដុល្លារអាមេរិក ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤។អ្នកឧកញ៉ា លី សេងឃាង និងលោកជំទាវ ចាន់ ដានី តែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំ ជាមួយកាកបាទក្រហមកម្ពុជាក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ហើយក៏តែងតែបានចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗ របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។សូមជម្រាបថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកា ជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ដើម្បីឱ្យសមាគមជាតិមួយនេះមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៕

បុរសម្នាក់ចែករំលែកចំណេះដឹងសម្រាប់អ្នកបើកបររថយន្តកង់បីដែលកំពុងមានបញ្ហាខូចសោ មិនចាំបាច់ទៅរកជាងកង់បីនោះទេ តែគួរទៅកន្លែងមួយនេះវិញអាចអស់លុយតិចនិងចំណេញជាង!
ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤

(ចំណេះដឹង)៖ ឃើញថាបងប្អូនដែលប្រកបការងារបើកបរកង់បីមិនតិចនោះទេដែលធ្លាប់បានជួបនូវបញ្ហាខូចសោ ដេរមិនឆេះហើយរលត់ជាញឹកញយ ដោយបញ្ហានេះផងដែរត្រូវបានរំខានដល់អ្នកបើកបរកង់បីជាច្រើនដោយហេតុថារាល់ពេលដែលយកទៅធ្វើនៅកន្លែងជាង គឺតែងត្រូវបានជាងជួសជុលកង់បីថាធ្វើមិនកើតនិងទាមទាឱ្យដូរថ្មី ដែលតម្រូវឱ្យពួកគាត់ត្រូវចំណាយថវិការជាច្រើន។ យ៉ាងណាមិញបញ្ហាមួយនេះគឹនៅតែមានដំណោះស្រាយចំពោះអ្នកដែលពុំចង់ចំណាយថវិការដូរថ្មីជាញឹកញាប់ ដោយគ្រាន់តែយកទៅកន្លែងដែលមានជាងសោរវិញ មិនត្រឹមតែងាយស្រួលតែប៉ុណ្នោះនោះទេថែមទាំងត្រូវចំណាយតិចទៀតផង។ជាក់ស្ដែងនេះគឺជាវិធីសាស្រ្តក៏ដូចជាចំណេះដឹងនិងបទពិសោទរបស់បុរសម្នាក់ដែលបានធ្វើការចែករំលែកកាលពីពេលថ្មីៗនេះ រូបគាត់ទៀតសោតក៏ទំនងជាអ្នកបើកបរកង់បីមួយរូបផងដែរ។ ដោយសំណេរបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះពូ លីនមានខ្លឹមសារយ៉ាងដូច្នេះថា« បងប្អូនដែលមានបញ្ហា ខូចសោ មិនបាច់ទៅជាងកង់បីទេ ត្រូវទៅរកជាងធ្វើសោ បើទៅកន្លែងជាងកង់បី គេថាធ្វើអត់កើត តម្រូវឱ្យយើងដូរចេញ ហើយមានតម្លៃថ្លៃ បើទៅជាងធ្វើសោធ្វើអស់ 15000៛ ទេ អាចប្រើបានវិញហើយ ។ ខ្ញុំផុសគ្រាន់តែចង់ចែករំលែកដល់បងប្អូនយើងអ្នករត់កង់បី កុំឱ្យមានការចំណាយច្រើន ព្រោះលុយពិបាករកណាស់»។ទោះជាយ៉ាងណាការបង្ហោះខាងលើគឺគ្រាន់តែជាចែករំលែកចំណេះដឹងមួយចំនួនទាក់ទងទៅនឹងបងប្អូនដែលជាអ្នកប្រកបការងាររត់កង់បីដើម្បីកុំឱ្យមានការចំណាយច្រើនតែប៉ុណ្នោះ ពុំមែនមានន័យថាចង់បិទផ្លូវឬប៉ះពាល់ដល់អ្នកជួសជុលកង់បីនោះទេ។ ដូចដែលការលើកឡើងរបស់បុរសខាងលើអញ្ជឹងលុយពិបាករកណាស់បើខូចតិចតួចហើយដូរថ្មីរហូតនោះច្បាស់ជាបាត់បង់ប្រាក់ចំណេញជាមិនខាន៕

ហ្វីលីពីន និងអាមេរិក ចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នា
ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤

(ម៉ានីល)៖ ទាហានហ្វីលីពីន និងអាមេរិករាប់ពាន់នាក់ បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នា នៅក្នុង ប្រទេសហ្វីលីពីន ខណៈដែលការអះអាងកាន់តែខ្លាំងឡើងរបស់ទីក្រុងប៉េកាំង នៅក្នុងតំបន់ បង្កើនការ ភ័យខ្លាចនៃជម្លោះ។សមយុទ្ធប្រចាំឆ្នាំដែលត្រូវបានគេហៅថា Balikatan នឹងត្រូវប្រមូលផ្តុំនៅតំបន់ភាគខាងជើង និងខាងលិច នៃប្រទេសប្រជុំកោះ នៅជិតចំណុចសំខាន់ៗនៃសមុទ្រចិនខាងត្បូង និងតៃវ៉ាន់។ប្រទេសចិនទាមទារផ្លូវទឹកស្ទើរតែទាំងស្រុង ដែលជាផ្លូវសំខាន់សម្រាប់ពាណិជ្ជកម្មអន្តរជាតិ ហើយថែម ទាំងចាត់ទុកតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងថាជាផ្នែកនៃទឹកដីរបស់ខ្លួន។ឧត្តមសេនីយឯក William Jurney មេបញ្ជាការកងម៉ារីនអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បាននិយាយនៅ ក្នុងពិធីថា "យើងនឹងបង្ហាញប្រជាជនហ្វីលីពីន និងពិភពលោកថា យើងមានភាពប្រសើរឡើង ហើយយើងនឹងមិនឈប់ធ្វើដូច្នេះឡើយ"។«​នៅ​ពេល​យើង​កាន់​តែ​ល្អ ហ្វីលីពីន​កាន់​តែ​រឹង​មាំ សុវត្ថិភាព និង​កាន់​តែ​មាន​សុវត្ថិភាព»។ជាការឆ្លើយតបទៅនឹងការកើនឡើងនៃឥទ្ធិពលរបស់ប្រទេសចិន សហរដ្ឋអាមេរិក កំពុងពង្រឹង សម្ព័ន្ធភាពជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងហ្វីលីពីនផងដែរ៕

បណ្តាញសង្គម