(អន្តរជាតិ)៖ យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី ជាច្រើន គ្រាប់ឆ្ពោះទៅកាន់សមុទ្រជប៉ុន។ ជាមួយគ្នានេះ អ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ប្រទេសជប៉ុន បាននិយាយថា មិនមានការចង្អុល បង្ហាញថា មីស៊ីលមួយបានធ្លាក់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុននោះទេ។លោក Hayashi Yoshimasa បាននិយាយថា លោកទទួលស្គាល់ការប្រកាសរបស់កូរ៉េខាងត្បូង។ លោកក៏បាននិយាយដែរថា រដ្ឋាភិបាលមិនបានទទួលព័ត៌មានណាមួយពីអង្គការពាក់ព័ន្ធទាក់ទងនឹងការខូចខាត។លោកបានបន្ថែមថា រដ្ឋាភិបាលនឹងបន្តប្រមូល និងវិភាគព័ត៌មាន ខណៈពេលដែលធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ថ្មីៗនេះ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងយ៉ាងហោចណាស់មួយគ្រាប់ កាលពីថ្ងៃទី ២២ ខែមេសា៕
(ស្វាយរៀង)៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៤៥នាក់ ស្រី០៦នាក់ ពាក់ព័ន្ធករណី លួចឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន នេះបើយោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍។នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៤៥នាក់ ស្រី០៦នាក់ ពាក់ព័ន្ធករណី លួចឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។ក្នុងនោះបានធ្វើការឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចំនួន ៦នាក់ បានទទួលពីអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន ២៨នាក់ ស្រី០៦នាក់ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត ចំនួន ១១នាក់ បានត្រូវបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង៕
(កម្សាន្ត)៖ សម្រស់ខ្លោងជ័យរបស់ខ្លោងទ្វារក្រុងអង្គរ ក្រោមដំណក់ទឹកភ្លៀងស្រស់ស្អាតម្យ៉ាង ថែមទាំងទាក់ទាញចំណាប់អារម្មណ៍អ្នកទេសចរណ៍ជាច្រើនចង់សាកល្បងទៅទស្សនាកម្សាន្តប្រាសាទក្រោមដំណក់ទឹកភ្លៀង។ ដោយហេតុថាមហាជនខ្លះធ្លាប់មានបទពិសោធទៅទស្សនាប្រាសាទតែពេលធម្មតា ពោលគឺពុំដែលធ្លាប់មានបទពិសោធទៅទស្សនាប្រសាទស្របពេលមានដំណក់ភ្លៀងធ្លាក់បែបនេះឡើយ។ជាក់ស្ដែងយោងតាមទំព័រហ្វេសប៊ុកផេក អាជ្ញាធរជាតិអប្បរា បានបង្ហោះនូវរូបភាពមួយចំនួន ព្រមទាំងអមមកជាមួយខ្លឹមសារថា «សម្រស់ខ្លោងជ័យរបស់ខ្លោងទ្វារក្រុងអង្គរ ក្រោមដំណក់ទឹកភ្លៀងដំបូងនារដូវវស្សាក្នុងដើមឆ្នាំ២០២៤។ តើបងប្អូនទាំងអស់គ្នានឹករលឹក រង់ចាំភ្លៀងធ្លាក់យូរប៉ុណ្ណា និងចង់មកទស្សនាប្រាសាទក្រោមដំណក់ភ្លៀង ដែលមានសម្រស់ស្រស់ស្អាតម្យ៉ាង ខុសពីពេលធម្មតាយ៉ាងណាដែរ? សូមភ្ញៀវទេសចរជាតិ និងអន្តរជាតិធ្វើដំណើរ និងទស្សនាដោយមានការប្រុងប្រយ័ត្ន ព្រមទាំងគោរពទៅតាមក្រមប្រតិបត្តិអង្គរ ដើម្បីជៀសវាងគ្រោះថ្នាក់ និងរក្សាសណ្តាប់ធ្នាប់ល្អនៅក្នុងរមណីយដ្ឋានអង្គរ»។ដោយរូបភាពទាំងនោះផងដែរគឺបានបង្ហាញពីទិដ្ឋភាពខ្លោងទ្វាស្របពេលជាមួយភ្លៀងធ្លាក់ដែលមើលទៅហាក់ត្រជាក់ភ្នែក និងពិតជាគួរឱ្យចង់ទៅគយគន់ផ្ទាល់ជាខ្លាំង។ យ៉ាងណាមិញតាមរយៈរូបភាពប៉ុន្មានសន្លឹកនេះផងដែរត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែកចាយយ៉ាងព្រោង ហើយខ្លះថែមទាំងបានបង្ហាញចំណាប់អារម្មណ៍ដោយចង់សាកល្បងបទពិសោធថ្មីក្នុងការទស្សនាប្រសាទនារដូវវស្សាទៀតផង៕