វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពតចាប់ផ្តើមបញ្ជូនយុវជនសិក្សាជំនាញនៃកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១,៥ លាននាក់របស់ខ្លួនចុះហាត់ការនៅក្រុមហ៊ុនឯកជន ខណៈយុវជនប្តេជ្ញារចិត្តខិតខំយកចិត្តទុកដាក់ហាត់ការ និងរំពឹងថាក្រុមហ៊ុននឹងទទួលយកជាបុគ្គលិកពេញសិទ្ធិបន្ទាប់ពីការហាត់ការត្រូវបានបញ្ចប់នៅ៣សប្តាហ៍ខាងមុខទៀត។ ការលើកឡើងបែបនេះរបស់សិក្ខាកាមបន្ទាប់ពីពួកគេបានសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ បានជិត៤ខែរួចមកហើយ ដោយឡែកការចុះហាត់ការនៅក្រុមហ៊ុនឯកជនពេលនេះគឺជាវគ្គចុងក្រោយនៃការសិក្សាជំនាញបច្ចេកទេសរបស់សិក្ខាកាម។ យុវជន កឹម ពេជ្យ សិក្ខាកាមនៃដេប៉ាតឺម៉ង់អគ្គិសនី និងអេឡិចត្រូនិច នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត បានលើកឡើងថា៖«បន្ទាប់ពីបានសិក្សាជំនាញបច្ចេកទេសបានជិត៤ខែនៅសាលាមក ពេលនេះខ្ញុំត្រូវបានសាលារបស់ខ្ញុំបញ្ជូនទៅចុះហាត់ការនៅក្រុមហ៊ុនខាងអគ្គិសនីឈ្មោះ ក្រុមហ៊ុនកម្ពុជាចក្រីទីង រយៈពេល៣សប្តាហ៍»។ យុវជនរូបនេះសប្បាយចិត្តនៅពេលបានចុះហាត់ការនៅក្រុមហ៊ុនឯកជន ពីព្រោះការហាត់ការជាឱកាសក្លាយជាបុគ្គលិកពេញសិទ្ធិរបស់ក្រុមហ៊ុនបន្ទាប់ពីហាត់ការត្រូវបានបញ្ចប់ ដូច្នេះហើយខ្លួននឹងខិតខំយកចិត្តទុកដាក់បំផុតអំឡុងពេលធ្វើការនៅក្រុមហ៊ុនឯកជននេះ។ យុវជន ភឿង សំណាង សិក្ខាកាមនៃដេប៉ាតឺម៉ង់អគ្គិសនី និងអេឡិចត្រូនិច នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត បន្តថា៖«អំឡុងពេលសិក្សាជំនាញ រៀនដោយឥតគិតថ្លៃ មានប្រាក់ឧបត្ថម្ភថែមទៀត តែពេលរៀនចប់ ចុះហាត់ការតាមក្រុមហ៊ុន ខ្ញុំទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនចំនួនជាង ២០០ដុល្លារក្នុងមួយខែថែមទៀត។ ខ្ញុំសប្បាយចិត្តពេលមានឱកាសចូលហាត់ការនៅក្រុមហ៊ុនឯកជនពេលនេះ»។ យុវជនរូបនេះបន្តថា ខ្លួនត្រូវបានសាលាបញ្ជូនទៅហាត់ការនៅក្រុមហ៊ុនពូចិន ដែលជាក្រុមហ៊ុនខាងអគ្គិសនី និងសំណង់ រយៈពេលចំនួន៣សប្តាហ៍។ ការហាត់ការនៅក្រុមហ៊ុនឯកជនពេលនេះគឺជាវគ្គសិក្សាចុងក្រោយនៃកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស ដូច្នេះរំពឹងយ៉ាងមុតមាំថានឹងទទួលការជ្រើសរើសជាបុគ្គលិកពេញសិទ្ធិពីសំណាក់ក្រុមហ៊ុនបន្ទាប់ពីការហាត់ការត្រូវបានបញ្ចប់។ ទន្ទឹមនឹងនេះសិក្ខាកាមអរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនេះឡើង ដែលវាឱកាសសម្រាប់យុវជនក្នុងការសិក្សាជំនាញដែលមានរយៈពេលខ្លី ហើយអាចរកការងារបានធ្វើថែមទៀតផង។ គួរបញ្ជាក់ផងដែរថា ចាប់តាំងពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យត្រូវបានដាក់ឱ្យអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានបើកបវេសនកាលវគ្គដំបូងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅ សិក្ខាកាមទូទាំងប្រទេសបាននឹងកំពុងសិក្សាជំនាញនានាដែលខ្លួនពេញចិត្ត ខណៈដែលសិក្ខាកាមមួយចំនួនក៏បាននឹងកំពុងចុះហាត់ការនៅបណ្តាក្រុមហ៊ុនឯកជន ដើម្បីពង្រឹងសមត្ថភាព និងចាប់យកឱកាសការងារនៅក្រុមហ៊ុនឯកជន បន្ទាប់ពីបញ្ចប់វគ្គហាត់ការរួចផងដែរ៕
(ជាតិ)៖ យុវជននៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ លើកឡើងថាខ្លួនសប្បាយចិត្តនៅពេលមានឱកាសចូលហាត់ការនៅក្រុមហ៊ុនឯកជន ពីព្រោះវាជាឱកាសក្នុងការពង្រឹងសមត្ថភាពបន្ទាប់ពីបានសិក្សានៅក្នុងថ្នាក់អស់ជិត៤ខែកន្លងទៅ និងអាចចាប់យកឱកាសការងារក្លាយជាបុគ្គលិកពេញសិទ្ធិនៅក្រុមហ៊ុនឯកជននោះផ្ទាល់តែម្តងក្រោយបញ្ចប់វគ្គហាត់ការ។ យុវជន ជុំ ចំរើន សិក្ខាកាមសិក្សាផ្នែកសំណង់ ជំនាញដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានលើកឡើងថា៖«ខ្ញុំសប្បាយចិត្តណាស់ដែលបានមានឱកាសចុះហាត់ការនៅក្រុមហ៊ុន ឯកជនឈ្មោះ Lotus ដែលជាក្រុមហ៊ុនផ្នែកសំណង់ ព្រោះខ្ញុំបានរៀនជំនាញនៅក្នុងថ្នាក់ហើយ បន្ទាប់មកបានចុះអនុវត្តផ្ទាល់នៅក្រុមហ៊ុនឯកជនថែមទៀត»។ យុវជនរូបនេះបន្ថែមថា នៅវគ្គចុះហាត់ការនេះខ្លួនរំពឹងយ៉ាងមុតមាំថានឹងមានឱកាសក្នុងការបម្រើការងារជាបុគ្គលិកពេញសិទ្ធិនៅក្រុមហ៊ុនដែលកំពុងចុះហាត់ការនេះផ្ទាល់តែម្តង ពីព្រោះការហាត់ការរយៈពេល១ខែមកនេះមានភាពល្អប្រសើរ ហើយមានការចាប់អារម្មណ៍ពីសំណាក់ក្រុមហ៊ុនផ្ទាល់តែម្តង។ ដោយឡែកយុវជន សូ កក្កដា សិក្ខាកាមម្នាក់ទៀតសិក្សា ផ្នែកសំណង់ ជំនាញដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក៏បានលើកឡើងដែរថា៖«ខ្ញុំរីករាយណាស់ដែលបានរៀនជំនាញក្នុងថ្នាក់បានយ៉ាងល្អ ហើយមានឱកាសចុះហាត់ការនៅក្រុមហ៊ុនឯកជនឈ្មោះ A2Z ដែលជាក្រុមហ៊ុនផ្នែកសំណង់ ពីព្រោះវាជាឱកាសរៀនសូត្របន្ថែម ពង្រឹងសមត្ថភាព និងជាពិសេសនឹងអាចមានឱកាសធ្វើការនៅក្រុមហ៊ុនដ៏ល្អនេះផងដែរ»។យុវជនរូបនេះបន្ថែមថា ខ្លួនបានចុះហាត់ការបានរយៈពេល១ខែហើយ បន្ទាប់ពីសិក្សាជំនាញអស់រយៈពេលជិត៤ខែនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ហើយរំពឹងថាក្រុមហ៊ុននឹងអាចជ្រើសរើសខ្លួនក្លាយជាបុគ្គលិកពេញសិទ្ធិបន្ទាប់ពីបញ្ចប់ការហាត់ការនៅទីនេះ។ ទន្ទឹមនឹងនេះសិក្ខាកាមអរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនេះឡើង ដែលវាឱកាសសម្រាប់យុវជនក្នុងការសិក្សាជំនាញដែលមានរយៈពេលខ្លី ហើយអាចរកការងារបានធ្វើថែមទៀតផង។ គួរបញ្ជាក់ផងដែរថា ចាប់តាំងពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យត្រូវបានដាក់ឱ្យអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានបើកបវេសនកាលវគ្គដំបូងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅ សិក្ខាកាមទូទាំងប្រទេសបាននឹងកំពុងសិក្សាជំនាញនានាដែលខ្លួនពេញចិត្ត ខណៈដែលសិក្ខាកាមមួយចំនួនក៏បាននឹងកំពុងចុះហាត់ការនៅបណ្តាក្រុមហ៊ុនឯកជន ដើម្បីពង្រឹងសមត្ថភាព និងចាប់យកឱកាសការងារនៅក្រុមហ៊ុនឯកជន បន្ទាប់ពីបញ្ចប់វគ្គហាត់ការរួចផងដែរ៕
(ជាតិ)៖ សិក្ខាកាមដែលកំពុងសិក្សាជំនាញបន្ថែម Re-Skill និង Up-Skill បានលើកឡើងថាកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺជាឱកាសក្នុងការបង្កើនសមត្ថភាពជំនាញ អភិវឌ្ឍន៍ខ្លួនឱ្យបានខ្ពស់ជាងមុន ទាំងការងារ និងប្រាក់ចំណូល។ លោក ព្រហ្ម វាសនា បុគ្គលិកនៃក្រមហ៊ុនយ៉ូស ដែលបច្ចុប្បន្នកំពុងសិក្សាជំនាញនៅវិទ្យាស្ថានជាតិពហុបច្ចេកទេស ផ្នែក Automation បានលើកឡើងថា៖«គោលបំណងរបស់ខ្ញុំដែលសម្រេចចិត្តមករៀនជំនាញបន្ថែមនេះពីព្រោះខ្ញុំចង់បង្កើនសមត្ថភាពរបស់ខ្ញុំលើជំនាញដែលមានស្រាប់ ធ្វើយ៉ាងឱ្យមានសមត្ថភាពល្អជាងមុនដើម្បីទទួលបានឱកាសការងារល្អ និងប្រាក់ចំណូលខ្ពស់នៅក្រុមហ៊ុនបច្ចុប្បន្ន»។លោកបន្ថែមថា ការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះគឺមានសារសំខាន់ណាស់សម្រាប់ពលរដ្ឋកម្ពុជា ហើយវាជាឱកាសមួយសម្រាប់ពលរដ្ឋទាំងឡាយណាដែលចង់សិក្សាជំនាញរយៈពេលខ្លី ហើយមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត មានប្រាក់ចំណូលសមរម្យ។ ដោយឡែកលោក ឡេង វណ្ណៈ បុគ្គលិកនៃក្រុមហ៊ុនវីតាល់ដែលបច្ចុប្បន្នកំពុងសិក្សាជំនាញនៅវិទ្យាស្ថានជាតិពហុបច្ចេកទេស ផ្នែក Automation ក៏បានលើកឡើងដែរថា៖«ខ្ញុំសម្រេចចិត្តមកសិក្សាជំនាញបន្ថែមនេះពីព្រោះខ្ញុំចង់អភិវឌ្ឃន៍សមត្ថភាពឱ្យល្អជាងមុន ហើយលើសពីនេះទៅទៀតដើម្បីជាឱកាសក្នុងការចាប់យកអត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀតពីក្រុមហ៊ុនបច្ចុប្បន្ន»។ លោកបន្ថែមថា ការសិក្សាជំនាញបន្ថែមតាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះគឺមានសារសំខាន់ណាស់ក្នុងការអភិវឌ្ឈជំនាញ និងបង្កើតជំនាញ ពីព្រោះការសិក្សាមានរយៈពេលខ្លី និងសិក្សាដោយឥតគិតថ្លៃ លើសពីនេះទៅទៀតការសិក្សាមានគុណភាព ច្បាស់ និងមានការយកចិត្តទុកដាក់។ ទន្ទឹមនឹងនេះសិក្ខាកាមដែលកំពុងរៀនជំនាញនេះបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលអាចបើកឱកាសឱ្យពលរដ្ឋដែលមានការងារធ្វើ និងមិនមានការងារធ្វើមករៀនជំនាញ និងបន្ថែមជំនាញបានដោយឥតគិតថ្លៃ។ គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧បានដាក់ចេញកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ក្នុងនោះដែរកម្មវិធីនេះក៏ត្រូវបានអនុញ្ញាតឱ្យពលរដ្ឋទាំងឡាយណាដែលមានការងារធ្វើក៏មានឱកាសមកសិក្សាជំនាញបន្ថែមទៀត (Re-Skill, Up-Skill) ពីលើការងារបច្ចុប្បន្នដោយឥតគិតថ្លៃ៕