វីដេអូថ្មីៗ BEST TV
វីដេអូថ្មីៗ SWIFT NEWS
ព័ត៌មានជាតិ
សិក្ខាកាម Re-Skill, Up-Skill ថាកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស ១,៥ លាននាក់គឺជាឱកាសពង្រឹងសមត្ថភាពបន្ថែម លើជំនាញបច្ចុប្បន្ន
ថ្ងៃទី០៣ ខែឩសភា ឆ្នាំ២០២៤

(ជាតិ)៖ សិក្ខាកាមដែលកំពុងសិក្សាជំនាញបន្ថែម Re-Skill និង Up-Skill បានលើកឡើងថាកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺជាឱកាសក្នុងការបង្កើនសមត្ថភាពជំនាញ អភិវឌ្ឍន៍ខ្លួនឱ្យបានខ្ពស់ជាងមុន ទាំងការងារ និងប្រាក់ចំណូល។ លោក ព្រហ្ម វាសនា បុគ្គលិកនៃក្រមហ៊ុនយ៉ូស ដែលបច្ចុប្បន្នកំពុងសិក្សាជំនាញនៅវិទ្យាស្ថានជាតិពហុបច្ចេកទេស ផ្នែក Automation បានលើកឡើងថា៖«គោលបំណងរបស់ខ្ញុំដែលសម្រេចចិត្តមករៀនជំនាញបន្ថែមនេះពីព្រោះខ្ញុំចង់បង្កើនសមត្ថភាពរបស់ខ្ញុំលើជំនាញដែលមានស្រាប់ ធ្វើយ៉ាងឱ្យមានសមត្ថភាពល្អជាងមុនដើម្បីទទួលបានឱកាសការងារល្អ និងប្រាក់ចំណូលខ្ពស់នៅក្រុមហ៊ុនបច្ចុប្បន្ន»។លោកបន្ថែមថា ការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះគឺមានសារសំខាន់ណាស់សម្រាប់ពលរដ្ឋកម្ពុជា ហើយវាជាឱកាសមួយសម្រាប់ពលរដ្ឋទាំងឡាយណាដែលចង់សិក្សាជំនាញរយៈពេលខ្លី ហើយមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត មានប្រាក់ចំណូលសមរម្យ។ ដោយឡែកលោក ឡេង វណ្ណៈ បុគ្គលិកនៃក្រុមហ៊ុនវីតាល់ដែលបច្ចុប្បន្នកំពុងសិក្សាជំនាញនៅវិទ្យាស្ថានជាតិពហុបច្ចេកទេស ផ្នែក Automation ក៏បានលើកឡើងដែរថា៖«ខ្ញុំសម្រេចចិត្តមកសិក្សាជំនាញបន្ថែមនេះពីព្រោះខ្ញុំចង់អភិវឌ្ឃន៍សមត្ថភាពឱ្យល្អជាងមុន ហើយលើសពីនេះទៅទៀតដើម្បីជាឱកាសក្នុងការចាប់យកអត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀតពីក្រុមហ៊ុនបច្ចុប្បន្ន»។ លោកបន្ថែមថា ការសិក្សាជំនាញបន្ថែមតាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះគឺមានសារសំខាន់ណាស់ក្នុងការអភិវឌ្ឈជំនាញ និងបង្កើតជំនាញ ពីព្រោះការសិក្សាមានរយៈពេលខ្លី និងសិក្សាដោយឥតគិតថ្លៃ លើសពីនេះទៅទៀតការសិក្សាមានគុណភាព ច្បាស់ និងមានការយកចិត្តទុកដាក់។ ទន្ទឹមនឹងនេះសិក្ខាកាមដែលកំពុងរៀនជំនាញនេះបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលអាចបើកឱកាសឱ្យពលរដ្ឋដែលមានការងារធ្វើ និងមិនមានការងារធ្វើមករៀនជំនាញ និងបន្ថែមជំនាញបានដោយឥតគិតថ្លៃ។ គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧បានដាក់ចេញកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ក្នុងនោះដែរកម្មវិធីនេះក៏ត្រូវបានអនុញ្ញាតឱ្យពលរដ្ឋទាំងឡាយណាដែលមានការងារធ្វើក៏មានឱកាសមកសិក្សាជំនាញបន្ថែមទៀត (Re-Skill, Up-Skill) ពីលើការងារបច្ចុប្បន្នដោយឥតគិតថ្លៃ៕

ច្បាប់ថ្មី! យោធាមីយ៉ាន់ម៉ា នឹងហាមមិនឱ្យបុរស ទៅបរទេស
ថ្ងៃទី០៣ ខែឩសភា ឆ្នាំ២០២៤

(​យ៉ាំងហ្គោន)៖ របប​យោធា​មីយ៉ាន់ម៉ា ​បាន​ផ្អាក​ការ​ចេញ​លិខិត​អនុញ្ញាត​ឲ្យ​បុរស​ទៅ​ធ្វើ​ការ​នៅ​បរទេស ប៉ុន្មាន​សប្តាហ៍ ​បន្ទាប់​ពី​បាន​ដាក់​ឱ្យ​ប្រើ​ច្បាប់​កាត្វពកិច្ចយោធា​ដែល​នាំ​ឱ្យ​មនុស្ស​រាប់​ពាន់​នាក់ ​ព្យាយាម​ចាក​ចេញ​ពី​ប្រទេស។របបយោធាដែលកំពុងតស៊ូដើម្បីកម្ទេចក្រុមប្រឆាំងប្រដាប់អាវុធ បាននិយាយថា ខ្លួននឹងអនុវត្តច្បាប់ដែ លអនុញ្ញាត បុរសទាំងអស់ឱ្យបម្រើក្នុងជួរយោធាយ៉ាងហោចណាស់ពីរឆ្នាំ។ការផ្លាស់ប្តូរនេះ ធ្វើឱ្យមនុស្សរាប់ពាន់នាក់តម្រង់ជួរ សុំទិដ្ឋាការនៅខាងក្រៅស្ថានទូតបរទេស នៅទីក្រុង យ៉ាំងហ្គោន និងមួយចំនួនទៀតឆ្លងចូលទៅក្នុងប្រទេសថៃ ដែលជាប្រទេសជិតខាង ដើម្បីគេចពីច្បាប់ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។ក្រសួង​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​បង្ហោះ​ដោយ​ក្រុម​ព័ត៌មាន​របស់​របប​យោធា​ ​ថា ក្រសួង​ការងារ​បាន "ផ្អាក​ជា​បណ្ដោះ​អាសន្ន" ទទួល​យក​ពាក្យ​សុំ​ពី​បុរស​ដែល​ចង់​ធ្វើ​ការ​នៅ​បរទេស។វិធានការនេះគឺត្រូវការជាចាំបាច់ដើម្បី ចំណាយពេលវេលាបន្ថែមទៀតដើម្បី ផ្ទៀងផ្ទាត់ដំណើរ ការចាកចេញ និងយោងទៅតាមបញ្ហាផ្សេងទៀត ដោយមិនផ្តល់ព័ត៌មានលម្អិត។គួរបញ្ជាក់ថា ជនជាតិមីយ៉ាន់ម៉ាជាង ៤ លាននាក់កំពុងធ្វើការនៅបរទេសក្នុងឆ្នាំ ២០២០ នេះបើ យោងតាមការប៉ាន់ប្រមាណរបស់អង្គការពលកម្មអន្តរជាតិដែលដកស្រង់តួលេខពីរដ្ឋាភិបាលនៅពេលនោះ៕

យុវជន សិស្ស និស្សិត បានត្រៀម CV រួចហើយឬនៅ? នៅសល់តែ ៦ថ្ងៃទៀតប៉ុណ្ណោះ ពិព័រណ៍ការងារ និងមគ្គទេសក៏អាជីព ឆ្នាំ២០២៤ នឹងចាប់ផ្តើមហើយនៅអគារ KAMPUS
ថ្ងៃទី០៣ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ យុវជន សិស្ស/និស្សិត បានត្រៀម CV រួចហើយឬនៅ? នៅសល់តែ ៦ថ្ងៃ ទៀតប៉ុណ្ណោះ ពិព័រណ៍ការងារ និងមគ្គទេសក៏អាជីព ឆ្នាំ២០២៤ នឹងចាប់ផ្តើមហើយនៅអគារ KAMPUS ជិតស្ពានអាកាសក្បាលថ្នល់។ឱកាសការងារសរុបជាង ៥ពាន់ កន្លែងពីក្រុមហ៊ុនធំៗ ជាង ២០! ដាក់ពាក្យភ្លាម បានសម្ភាសភ្លាម! កុំភ្លេច ត្រៀម CV ឲ្យបានច្រើន ដើម្បីចូលរួមទាំងអស់គ្នាណា៕

ភូមិខ្មែរ នៅប្រទេសជប៉ុន នឹងតាំងបង្ហាញផ្សព្វផ្សាយផលិតផល ម្ហូបអាហារ និងវប្បធម៌ប្រពៃណីរបស់ខ្មែរ!
ថ្ងៃទី០៣ ខែឩសភា ឆ្នាំ២០២៤

(ប្រទេសជប៉ុន)៖ នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដំណើរដោយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចុះពិនិត្យមើលសកម្មភាពសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា និងភូមិខ្មែរ នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន និងជួបប្រជុំពិភាក្សាការងារជាមួយ លោក Takeshi Okami តំណាងក្រុមហ៊ុន Kojima Holdings Co., Ltd ដែលជាអ្នកគ្រប់គ្រង និងដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ផងដែរ។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានកត់សម្គាល់ថា មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាតស៊ូគិ ត្រូវ បានក្រុមការងាររៀបចំបានយ៉ាងល្អ និងប្រកបដោយភាពទាក់ទាញ ព្រោះថានេះជាកន្លែងដ៏មានសារៈសំខាន់មួយសម្រាប់ផ្តល់នូវព័ត៌មានពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសក៏ជា កន្លែងសម្រាប់តាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលខ្មែរ ម្ហូបអាហារខ្មែរ ព្រមទាំងវប្បធម៌ប្រពៃណីខ្មែរ ផងដែរ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ដែលបានរួមចំណែកក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មនិងវិនិយោគរវាងកម្ពុជា-ជប៉ុន និងលើកទឹកចិត្តដល់មជ្ឈមណ្ឌលឱ្យបន្តរៀបចំការបណ្តុះបណ្តាលធនធានមនុស្ស សិក្ខាសាលាផ្គូផ្គងពាណិជ្ជកម្ម ព្រមទាំងជួយសម្រួលធុរកិច្ចពាណិជ្ជកម្មជូនវិនិយោគិនជប៉ុន ដែលមានបំណងចង់ធ្វើពាណិជ្ជកម្មនៅកម្ពុជា៕

ឱកាសការងារជាង ៥ពាន់កន្លែងសម្រាប់យុវជននៅក្នុងពិព័រណ៍ការងារដ៏ធំនៅអគារ KAMPUS
ថ្ងៃទី០៣ ខែឩសភា ឆ្នាំ២០២៤

 ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព រយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី ៩-១០ ខែឧសភា ឆ្នាំ២០២៤ នៅទីតាំង អាគារ KAMPUS ជិតស្ពានអាកាសក្បាលថ្នល់ ដោយនាំយកក្រុមហ៊ុន សហគ្រាសធំៗចំនួន ២០ មកជ្រើសរើសបុគ្គលិកសរុបចំនួន ៥៤០០ នាក់។កញ្ញា តាំង សុខឡេង មន្ត្រីផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន MEKONGNET លើកឡើងថា MEKONGNET បានចូលរួមសហការជាមួយ NEA ជាច្រើនលើកច្រើនសារមកហើយ ក្នុងនោះមានទាំងពិព័រណ៌ការងារថ្នាក់ជាតិ, វេទិកាការងារ និងកិច្ចសម្ភាសការងារជាដើម ។ កញ្ញា បន្តថា៖ «ពេលយើងមានតម្រូវការបុគ្គលិក ពិតណាស់យើងតែងតែនឹកដល់ NEA មុនគេ»។កញ្ញាបញ្ជាក់បន្តថា ជាក់ស្តែងក្នុងឱកាសចូលរួមក្នុងពិព័រណ៌ការងារ និងមគ្គទេសន៍អាជីពនាថ្ងៃទី៩-១០ ខាងមុខនេះ MEKONGNET នឹងនាំយកឱកាសការងារជាច្រើនកន្លែង និងជាច្រើនតួនាទីសម្រាប់ផ្តល់ជូនដល់សាធារណជន ពិសេសអ្នកស្វែងរកការងារធ្វើ។ កញ្ញាបញ្ជាក់បន្ថែមថា ការសហការជាមួយនឹង NEA គឺជួយឱ្យក្រុមហ៊ុនទទួលបានបេក្ខជនល្អៗ និងអាចជួយផ្សព្វផ្សាយពីក្រុមហ៊ុនរបស់យើងដល់សាធារណជនទូទៅឱ្យបានស្គាល់ស្ថាប័នរបស់យើងផងដែរ។លោក ចាប់ ចំណាន មន្ត្រីទំនាក់ទំនងដៃគូពាណិជ្ជករដែលបានចូលរួមក្នុងពិព័រណ៌ការងារនៅ KAMPUS កាលពីឆ្នាំ ២០២៣ កន្លងទៅ ហើយបានសម្ភាសការងារជាប់ជាមួយធនាគារ Wing បានលើកឡើងថា លោកបានចូលរួមក្នុងពិព័រណ៌ការងារ និងមគ្គទេសន៍អាជីព កាលពីឆ្នាំ២០២៣ ហើយបានទទួលការប្រឹក្សាយោបល់ពីមន្ត្រី NEA និងទទួលបានគន្លឹះជាច្រើនក្នុងការត្រៀមខ្លួនដាក់ពាក្យរកការងារ។ ជាលទ្ធផល លោក ចំណាន បានសម្ភាសជាប់ការងារភ្លាមៗជាមួយធនាគារ Wing នាពេលនោះតែម្តងដែរ។លោកបន្ថែមថាព្រឹត្តិការណ៍ពិព័រណ៌ការងារ និងមគ្គុទេសអាជីពដែលរៀបចំឡើងដោយ NEA បានផ្តល់សារៈប្រយោជន៍ជាច្រើនដល់យុវជនដូចជា ការផ្តល់ចំណេះដឹង ផ្តល់ជាឱកាសការងារជាច្រើនកន្លែងជូនទៅដល់បងប្អូនដែលកំពុងស្វែងរកការងារ និងផ្តល់ជាការប្រឹក្សាយោបល់ជូនទៅដល់ប្អូនៗនិស្សិតដើម្បីតម្រង់ទិសការងារ។ លោក អំពាវនាវ ឲ្យយុវជនដែលចង់បានការងារឆាប់រហ័ស សូមអញ្ជើញទៅចូលរួមឲ្យបានច្រើនកុះករ។ពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព ឆ្នាំ២០២៤ នេះ រំពឹងថានឹងទាក់ទាញយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ រាប់ពាន់នាក់មកចូលរួមទស្សនា ស្វែងយល់អំពីទីផ្សារការងារនៅកម្ពុជា និងដាក់ពាក្យសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុន សហគ្រាសធំៗចំនួន ២០។សូមជម្រាបថា ពិព័រណ៍ការងារនេះ ក៏នឹងមានរៀបចំជាវេទិកាចែករំលែកចំណេះដឹង បទពិសោធន៍ និងគន្លឹះសំខាន់ៗដើម្បីត្រៀមខ្លួនចូលទីផ្សារការងារ និងការហាត់ធ្វើកម្មសិក្សាការងារផងដែរ។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

ហេតុការណ៍ផ្ទុះមួយ បណ្តាលឱ្យមនុស្ស៦នាក់បាត់បង់ជីវិត នៅភាគខាងត្បូងប្រទេសវៀតណាម
ថ្ងៃទី០៣ ខែឩសភា ឆ្នាំ២០២៤

(អន្តរជាតិ)៖ មនុស្ស 6 នាក់បានស្លាប់បន្ទាប់ពីការផ្ទុះយ៉ាងខ្លាំងនៅឯក្រុមហ៊ុនផលិតឈើមួយ នៅក្នុងខេត្ត Dong Nai ភាគខាងត្បូងប្រទេសវៀតណាម។នៅវេលាម៉ោង៩ព្រឹក មានការផ្ទុះដ៏ខ្លាំងមួយ ដែលគេជឿថា បណ្តាលមកពីទុស្សេចរន្តអគ្គិសនី បានកើត ឡើងនៅឯក្រុមហ៊ុនផលិតឈើ Binh Minh ក្នុងឃុំ Thien Tan ស្រុក Vinh Cuu ខេត្ត Dong Nai ។ការ​ផ្ទុះ​នេះ​បណ្តាល​ឱ្យ​មនុស្ស​៦​នាក់​ស្លាប់​នៅ​នឹង​កន្លែង ។ បើ​តាម​មន្ត្រី​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​ថា មនុស្ស ៧ នាក់​ផ្សេង​ទៀត​បាន​រង​របួស​ក្នុង​ឧបទ្ទវហេតុ​នេះ។នៅ​កន្លែង​កើត​ហេតុ​គេ​ឃើញ​រោង​ឈើ​មួយ​ផ្នែក​បាន​បាក់​រលំ​ដំបូល​ដែក​ប្រក់​ដំបូល​។បើតាម​ក្រុមគ្រួសារ​ជនរងគ្រោះ​ដែល​ស្លាប់​បាន​និយាយថា កម្មករ​ទើបតែ​ជួសជុល​ឡ​ចំហាយ​ទឹក ហើយ​វា​បាន​ផ្ទុះ​ប្រហែល ៣ នាទី​ក្រោយមក​។លោកវេជ្ជបណ្ឌិត Nguyen Tuong Quang អនុប្រធានមន្ទីរពេទ្យទូទៅ Thong Nhat ក្នុងខេត្ត Dong Nai និយាយថា បច្ចុប្បន្ននេះ ពួកគេកំពុងព្យាបាលអ្នករបួសចំនួន ៥ នាក់ក្នុងហេតុការណ៍ផ្ទុះ ដោយក្នុងនោះ អ្នកជំងឺម្នាក់បានរងរបួសជាច្រើននាក់។ក្រុមហ៊ុនផលិតកម្ម និងជួញដូរឈើ Binh Minh ដែលមានប្រតិបត្តិការជាងមួយទសវត្សរ៍ និងការវិនិយោគ ផ្ទាល់ពីបរទេសបានចូលរួមក្នុងការផលិត និងពាណិជ្ជកម្មផលិតផលឈើ៕

លោក ស៊ី ជិនពីង នឹងធ្វើដំណើរទៅកាន់អឺរ៉ុប ដើម្បីធ្វើរឿងមួយពាក់ព័ន្ធនឹងរុស្សី
ថ្ងៃទី០៣ ខែឩសភា ឆ្នាំ២០២៤

(ប៉េកាំង)៖ លោក ស៊ី ជីនពីង ធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុបនៅថ្ងៃអាទិត្យ ទី៥ ខែឧសភា ដើម្បីការពារ សម្ព័ន្ធភាព "គ្មានដែនកំណត់" របស់ចិនជាមួយរុស្ស៊ី ដែលដំបូងគេនឹងទៅប្រទេសបារាំង ដែលជាអ្នក គាំទ្រដ៏សំខាន់សម្រាប់អ៊ុយក្រែន បន្ទាប់មកទៅកាន់ប្រទេសស៊ែប៊ី និងហុងគ្រី ដែលមានទំនាក់ទំនង ជិតស្និទ្ធជាមួយវិមានរុស្សី។មហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកមួយនេះ កំពុងស្វែងរកការធ្វើឱ្យកាន់តែស៊ីជម្រៅ ទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចនៅអឺរ៉ុប ដើម្បីទប់ទល់នឹងទំនាក់ទំនងដ៏លំបាក ជាមួយគូប្រជែង គឺទីក្រុងវ៉ាស៊ីនតោន។ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា ប្រសិនបើបារាំង និងសម្ព័ន្ធមិត្តអ៊ុយក្រែនផ្សេងទៀតនៅអឺរ៉ុបជឿថា លោក ស៊ី ជិនពីង អាចត្រូវបានបង្រួបបង្រួមឱ្យបោះបង់ចោលមិត្តភាពជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពួកគេនឹងខកចិត្ត។ថ្វីបើប្រធានាធិបតីបារាំងលោក Emmanuel Macron ស្វាគមន៍ដោយកម្រាលព្រំក្រហម សម្រាប់លោក ស៊ី ជិនពីងក៏ដោយ ប៉ុន្តែការពិភាក្សារបស់ពួកគេនឹងនៅឆ្ងាយពីភាពត្រង់។នៅទីក្រុងប៉ារីសនៅថ្ងៃច័ន្ទ លោក Xi និង Macron នឹងជួបពិភាក្សាជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ដែលបានជំរុញទីក្រុងប៉េកាំងឱ្យដើរតួនាទីកាន់តែធំ ក្នុងការបញ្ចប់ សង្គ្រាមអ៊ុយក្រែន។លោក Ding Chun នាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាអឺរ៉ុបនៅសៀងហៃបាននិយាយថា ប្រសិនបើ ភាគី អឺរ៉ុបរំពឹងថាប្រទេសចិននឹងដាក់ទណ្ឌកម្មលើរុស្ស៊ី ឬចូលរួមជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី លោកគិតថារឿងនេះមិនទំនងកើតឡើងនោះទេ។ លោក ស៊ី ជិនពីង កំពុងស្វែងរកការជំរុញត្រឡប់មកវិញលើការស៊ើបអង្កេត របស់សហភាពអឺរ៉ុបនា ពេលថ្មីៗនេះនៅក្នុងឧស្សាហកម្មរបស់ប្រទេសចិន ប៉ុន្តែប្រទេសបារាំងបានបញ្ជាក់យ៉ាងច្បាស់ថា របៀបវារៈទីមួយ និងសំខាន់បំផុត គឺជាសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ប្រទេសចិនអះអាងថាជាភាគីអព្យាក្រឹតនៅអ៊ុយក្រែន ប៉ុន្តែមិនដែលបានថ្កោលទោសការឈ្លានពាន របស់រុស្ស៊ីទេ ខណៈដែលសហរដ្ឋអាមេរិកបាននិយាយថា ទីក្រុងម៉ូស្គូនឹងតស៊ូដើម្បីរក្សាសង្រ្គាម របស់ ខ្លួនដោយគ្មានការគាំទ្រពីទីក្រុងប៉េកាំង៕

ចិន នឹងបាញ់បង្ហោះយានអវកាសទៅឋានព្រះចន្ទ័ ដើម្បីប្រណាំងប្រជែងជាមួយ អាមេរិក
ថ្ងៃទី០៣ ខែឩសភា ឆ្នាំ២០២៤

(អន្តរជាតិ)៖ ប្រទេសចិន គ្រោងនឹងចាប់ផ្តើមបេសកកម្មឋានព្រះច័ន្ទមួយ ដែលមានបំណងនាំយក មកវិញនូវគំរូពីផ្នែកឆ្ងាយនៃព្រះច័ន្ទជាលើកដំបូង នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ សម្រាប់កម្មវិធីអវកាសដ៏មានមហិច្ឆតារបស់ប្រទេសនេះ។យាន Chang'e-6 ដែលជាបេសកកម្មឋានព្រះច័ន្ទដ៏ស្មុគស្មាញបំផុតរបស់ប្រទេសចិន រហូតមក ដល់បច្ចុប្បន្ន គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការជំរុញរបស់ប្រទេសនេះ ដើម្បីក្លាយជាមហាអំណាច អវកាស ជាមួយនឹងផែនការចុះចតអវកាសយានិកនៅលើឋានព្រះច័ន្ទនៅឆ្នាំ 2030 និងសាងសង់ មូលដ្ឋានស្រាវជ្រាវនៅលើប៉ូលខាងត្បូងរបស់ខ្លួន។ ការរំពឹងទុកនៃការបាញ់បង្ហោះរ៉ុក្កែត Long March-5 ពីមជ្ឈមណ្ឌលបង្ហោះយានអវកាស Wenchang នៅកោះ Hainan ភាគខាងត្បូងប្រទេសចិន កើតឡើងនៅពេលដែលប្រទេសមួយចំនួន រួមទាំង សហរដ្ឋអាមេរិក កំពុងសម្លឹងមើលអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រ និងវិទ្យាសាស្រ្តនៃការរុករក តាមច័ន្ទគតិក្នុងការកើនឡើងកាន់តែខ្លាំង។ បេសកកម្មរយៈពេល 53 ថ្ងៃរបស់ប្រទេសចិនដែលបានគ្រោងទុក នឹងឃើញយាន Chang’e-6 ចុះចត នៅក្នុងរណ្ដៅដែលមានចន្លោះប្រហោងនៅផ្នែកឆ្ងាយនៃព្រះច័ន្ទ ដែលមិនដែលប្រឈមមុខនឹងផែនដី។ ប្រទេសចិនបានក្លាយជាប្រទេសដំបូង និងតែមួយគត់ដែលបានចុះចតនៅផ្នែកឆ្ងាយនៃព្រះច័ន្ទ ក្នុងអំឡុងពេលបេសកកម្ម Chang'e-4 របស់ខ្លួនក្នុងឆ្នាំ 2019 ។សំណាកឆ្ងាយណាមួយដែលទាញយកដោយយាន Chang’e-6 អាចជួយអ្នកវិទ្យាសាស្ត្រពិនិត្យ មើលការវិវត្តនៃព្រះច័ន្ទ និងប្រព័ន្ធព្រះអាទិត្យដោយខ្លួនឯង ហើយផ្តល់ទិន្នន័យសំខាន់ៗ ដើម្បីជំរុញមហិច្ឆតាឋានព្រះច័ន្ទ របស់ប្រទេសចិន៕

ត្រី២០០តោនងាប់ នៅអាងស្តុកទឹក ក្នុងប្រទេសវៀតណាម
ថ្ងៃទី០៣ ខែឩសភា ឆ្នាំ២០២៤

(អន្តរជាតិ)៖ ត្រីរាប់សែនក្បាលបានងាប់នៅក្នុងអាងស្តុកទឹកមួយ ក្នុងប្រទេសវៀតណាម ដោយសារតែ កម្រិតទឹកធ្លាក់ចុះ ចំពេលមានរលកកម្តៅខ្លាំងនៅក្នុងតំបន់ ដែលកម្តៅបានបំបែកកំណត់ត្រា និងបិទ សាលារៀន។ត្រីងាប់បានគ្របដណ្តប់ទិដ្ឋភាពទាំងមូល នៃអាងស្តុកទឹក Song May លើផ្ទៃដី 300 ហិចតា ក្នុងខេត្ត Dong Nai ក្នុងសប្តាហ៍នេះ។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ត្រីយ៉ាងហោចណាស់ 200 តោនអាចងាប់ក្នុងរយៈ ពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។តំបន់​នេះ​កំពុង​ប្រឈម​នឹង​កម្ដៅ​ខ្លាំង​ដូច​តំបន់​អាស៊ីអាគ្នេយ៍ និង​អាស៊ី​ខាង​ត្បូង ដោយ​មិន​មាន​ភ្លៀង​ធ្លាក់​ប៉ុន្មាន​សប្តាហ៍​មក​ហើយ។របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាន ស្តីបន្ទោសសីតុណ្ហភាពក្តៅខ្លាំង និងការគ្រប់គ្រងមិន ត្រឹមត្រូវនៃទំនប់សម្រាប់បានបញ្ហាត្រីងាប់ច្រើនបែបនេះ។កម្រិតទឹកនៅក្នុងអាងស្តុកទឹក កំពុងធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ បើយោងតាមកាសែត Tuoi Tre ក្រុមហ៊ុនទទួលបន្ទុកគ្រប់គ្រងបឹងនេះ បានចាប់ផ្តើមការបូមខ្សាច់នៅដើមឆ្នាំ 2024 ដោយ គ្រោងនឹង បញ្ចេញទឹកបន្ថែមទៅក្នុងអាងស្តុកទឹកសម្រាប់ត្រី និងសម្អាតដីល្បាប់ និងកំទេចកំទី។ ទោះជាយ៉ាងណា ក៏ដោយ ដោយសារសីតុណ្ហភាពនៅតែបន្តកើនឡើង ក្រុមហ៊ុនបានសម្រេចចិត្ត បញ្ចេញទឹកដែលបានបូម ចេញពីអាងស្តុកទឹកចូលទៅក្នុងតំបន់ខាងក្រោម ជំនួសឲ្យត្រឡប់ទៅអាង ស្តុកទឹកវិញ ដែលនាំឱ្យកម្រិតទឹកធ្លាក់ចុះ។កាសែត​បាន​រាយការណ៍​ថា​ «​ជា​លទ្ធផល ត្រី​បាន​ងាប់​យ៉ាង​ច្រើនសន្ធឹក។ អ្នក​ស្រុក​និយាយ​ថា ក្លិន​ស្អុយ​ចេញ​ពី​អាង​ស្តុក​ទឹក​បន្ទាប់​ពី​មាន​ត្រីងាប់ ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។នៅក្នុងខេត្ត Dong Nai តែមួយប៉ុណ្ណោះ សីតុណ្ហភាពបានកើនឡើងដល់ 40C ដែលបំបែកកំណត់ត្រា ដែលបានកំណត់កាលពីពីរទសវត្សរ៍មុន។បណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង កំពុងឆ្លងកាត់រលកកំដៅប្រវត្តិសាស្ត្រ" ជាមួយនឹង លក្ខខណ្ឌដ៏ក្តៅគគុក ដែលជំរុញឱ្យមានវិធានការសង្គ្រោះបន្ទាន់នៅទូទាំងតំបន់៕

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រារព្ឋទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារលើកទី១៩ក្រោមប្រធានបទផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើផ្នែកសុវត្ថិភាព និងសុខភាពការងារ
ថ្ងៃទី០៣ ខែឩសភា ឆ្នាំ២០២៤

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ២៨ មេសា ក្រោមប្រធានបទ “ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ លើផ្នែកសុវត្ថិភាព និងសុខភាពការងារ”ដែលធ្វើឡើងនៅក្នុងក្រុមហ៊ុន ថូភេក អេឡិកទ្រិកឯ.ក ឯខេត្តពោធិ៍សាត់ដោយមានការចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ តំណាងអង្គការអន្តរជាតិខាងការងារ(ILO) តំណាងភាគីនិយោជក និងតំណាងភាគីសហជីព។ ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រី បានពន្យល់ និងរំលឹកពីសារសំខាន់នៃការប្រារព្ឋទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារដែលជាយន្តការអន្តរជាតិដើម្បីរំលឹកដល់កម្មករនិយោជិតដែលបានបាត់បង់ជីវិត រងគ្រោះថ្នាក់ដោយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ និងដើម្បីលើកកម្ពស់ការងារសមរម្យប្រកបដោយសុវត្ថិភាព និងសុខភាពការងារ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ទៅកាន់អង្គពិធីដែរថា ប្រទេសកម្ពុជាបានប្រារព្ឋរយៈពេល១៩លើកមកហើយដែលជាការបញ្ជាក់ពីជំហរ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលលើការគិតគូរជាអាទិភាពលើសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញឱ្យវិស័យឯកជនបន្ត និងខិតខំវិនិយោគបន្ថែមលើបច្ចេកវិទ្យាថ្មីៗនៅតាមរោងចក្រសហគ្រាសដែលមិនបង្កផលប៉ះពាល់ដល់បរិយាកាសក្នុងពេលបំពេញការងាររបស់កម្មករនិយោជិត ក៏ដូចជាការបន្តអនុវត្តឱ្យបានល្អបំផុតទៅតាមបទដ្ឋានបច្ចេកទេសស្តីពីសុវត្ថិភាពនៅកន្លែងការងារដែលក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈបានណែនាំដើម្បីសុវត្ថិភាពការងារដល់កម្មករ។ បន្ថែមពីនេះ រោងចក្រសហគ្រាសត្រូវតែមានក្រុមគ្រូពេទ្យការងារដើម្បីអាចពិនិត្យមើលលើស្ថានភាពសុខភាពជាក់ស្តែងរបស់កម្មករផង និងដើម្បីត្រៀមសង្គ្រោះបឋមពេលមានបញ្ហាសុខភាពណាមួយផងដែរដែលជាផ្នែកមួយនៃស្តង់ដារសុវត្ថិភាពការងារ។ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមហេង សួរ បានគូសបញ្ជាក់ថា ការបង្កើតបាននូវ សុខសុវត្ថិភាព ដែលមាន លក្ខណៈស្តង់ដារ នៅតាមរោង ចក្រសហគ្រាស នឹងផ្តល់ផលប្រយោជន៍យ៉ាងពិតប្រាកដជូនទាំងកម្មករនិយោជិត និងនិយោជក ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតដែលជាក្តីប្រាថ្នាចង់បានរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ពលរដ្ឋជាង២១ម៉ឺននាក់ ចុះឈ្មោះជាសមាជិករបបសន្តិសុខផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត
ថ្ងៃទី០៣ ខែឩសភា ឆ្នាំ២០២៤

គិតត្រឹមខែមេសា ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះឈ្មោះសមាជិករបបសន្តិសុខផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសរុបចំនួន ២១៣ ១៤៨នាក់។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។  បើតាមឯកឧត្តម ក្នុងចំណោមសមាជិករបបសន្តិសុខផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសរុប ក្នុងនោះមានបុគ្គលស្វ័យនិយោជន៍ចំនួន ១៦៧ ៩១៣នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ៤៥ ២៣៥នាក់។ឯកឧត្តម ហេង សុផាន់ណារិទ្ធ បន្ថែមថា រហូតមកទល់ពេលនេះសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តបានទៅប្រើប្រាស់សេវាមានចំនួន ១៨៤ ១៨៦ដង។ ដោយឡែក ការចំណាយតាវកាលិកទូទាត់មូលដ្ឋានសុខាភិបាល មានចំនួន ៨ ៤៤០លានរៀល។ឯកឧត្តមលើកឡើងថា ចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រសួងការងារ បានការផ្សព្វផ្សាយតាមបណ្តាញសង្គម និងបានចុះយុទ្ធនាការតាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនយ៉ាងសកម្មផងដែរ។ក្នុងនោះក្រុមការងារបានចុះយុទ្ធនាការតាមក្រសួង ស្ថាប័ន រោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនសរុបចំនួន ៤ ៨៥០លើក ដែលមានអ្នកចូលរួមចំនួន ១ ៤០៨ ៩៧៥នាក់ និងការផ្សព្វផ្សាយតាមបណ្តាញសង្គមផ្លូវការ Facebook, Telegram, YouTube, TikTok និងតាមបណ្តាញសង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គម ដោយមានចំនួនចែករំលែកបន្ត ៦១ ៤១៣ដង និងចំនួនចូលទស្សនា ៥ ២៩៧ ១៤០ដង។ឯកឧត្តមបានគូសបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏ទទួលកុមារចូលជាសមាជិកផងដែរ ក្នុងនោះសម្រាប់កុមារ (អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.) ទទួលបានអត្ថប្រយោជន៍ជាច្រើនពេលក្លាយជាសមាជិក ប.ស.ស. ដែលអត្ថប្រយោជន៍ទាំងនោះមានដូចជា ការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ទូទាំងប្រទេស ទាំងមន្ទីរពេទ្យសាធារណ និងឯកជន។ បន្ថែមពីនេះក្នុងករណីប្រសិនបើកុមារជួបគ្រោះថ្នាក់ និងជំងឺជាអកុសលរហូតដល់ស្លាប់បាត់បង់ជីវិត បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារនឹងផ្តល់ប្រាក់វិភាជន៍បូជាសពផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានគូសបញ្ជាក់ថា ការអនុវត្តន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពលើកុមារគឺជាការគិតគួរដល់សុខមាលភាពរបស់កុមារ ជាពិសេសជួយឱ្យសុខភាពរបស់កុមារល្អប្រសើរជាងមុនដែលអាចជួយទៅដល់ធនធានមនុស្សប្រកបដោយសក្តានុពលភាពនាពេលអនាគត៕

ច្បាស់ការហើយ! ភ្លៀង នឹងចាប់ផ្ដើមធ្លាក់ ពីថ្ងៃទី៣ ដល់ថ្ងៃទី ៥ ឧសភា គ្របដណ្ដប់លើផ្ទៃដីពី១០-១៥%
ថ្ងៃទី០២ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖​ ក្រសួងធនធានទឹក និង ឧតុនិយម នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ បានចេញនូវសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជាឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប ៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៩°C ។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និង ទិសនិរតី មានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១០%។២.តំបន់ខ្ពង់រាប ៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៩°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥%។៣.តំបន់មាត់សមុទ្រ ៖-សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសនិរតី មានល្បឿន មធ្យម២,៥ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី១៥%។-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចុះសួរសុខទុក្ខយោធិន នៃកងពលធំអន្តរាគមន៍លេខ៣ នៅខេត្តព្រះវិហារ
ថ្ងៃទី០២ ខែឩសភា ឆ្នាំ២០២៤

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និង ពលទាហាន នៃកងពលធំអន្តរាគមន៍លេខ៣ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក, ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនគរបាលទិសភូមិភាគទី៣, ទី៤ និងទី៥ និងលោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំនៃទីស្តីការគណៈរដ្ឋមន្រ្តី ដែលអមដំណើរ។ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសំដែងនូវក្តីសោមនស្សរីករាយដោយបានមកជួបកងទ័ពជួរមុខ ដែលកំពុងបំពេញភារកិច្ចការពារខ្សែបន្ទាត់ព្រំដែនសារជាថ្មីម្តងទៀត ជាពិសេសនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងពលធំអន្តរាគមន៍លេខ៣ ដែលជាសម្ព័ន្ធមេត្រីភាពរបស់ទីស្តីការគណៈរដ្ឋមន្រ្តី។ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ការចុះមកជួបបងប្អូនយោធិនដោយផ្ទាល់ ក្នុងពេលនេះ គឺក្នុងស្មារតីគោរព ស្រលាញ់ ផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់កងទ័ពដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងបុព្វហេតុការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិសុខរបស់ប្រទេសជាតិទាំងមូល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ក្នុងស្មារតីផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ នៅក្នុងក្របខ័ណ្ឌនៃសម្ព័ន្ធមេត្រីភាព, ទីស្តីការគណៈរដ្ឋមន្រ្តីមានការប្តេជ្ញាចិត្តខ្ពស់ ហើយនឹងខិតខំជួយកងពលធំអន្តរាគមន៍លេខ៣ ទាំងស្មារតី និងសម្ភារៈ តាមសមត្ថភាព និងលទ្ធភាពជាក់ស្តែងជាអតិបរមា ដើម្បីជួយធ្វើឱ្យបងប្អូនយើងអាចឈរជើងកាន់តែរឹងមាំ និងអាចបំពេញនូវភារកិច្ចការពារជាតិ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយអង្គភាពកាន់តែមានការអភិវឌ្ឍ និងមានការប្រែប្រួលមុខមាត់ជាលំដាប់ ជាពិសេសបងប្អូនយោធិន និងក្រុមគ្រួសារទាំងអស់ ឱ្យកាន់តែមានជីវភាពធូរធារ ដូចជាតាមរយៈការបង្កបង្កើនផលផ្សេងៗជាដើម។ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង ជាប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាពិសេសពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងបានគិតគូរជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ព និងក្រុមគ្រួសារកងទ័ព។ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តលើកឡើងថា ពិតណាស់ការចុះសាកសួរសុខទុក្ខបងប្អូនយោធិនកងពលធំអន្តរាគមន៍លេខ៣ នាពេលនេះ គឺជាលើកទី១ ក្នុងក្របខ័ណ្ឌនៃសម្ព័ន្ធមេត្រីភាពរវាងទីស្តីការគណៈរដ្ឋមន្រ្តី បន្ទាប់ពីរូបលោកត្រូវបានរាជរដ្ឋាភិបាលនីតិកាលទី៧ ផ្តល់សេចក្តីទុកចិត្តឱ្យដឹកនាំស្ថាប័ននេះ ក៏ប៉ុន្តែក្នុងរយៈកាលកន្លងមក ឯកឧត្តមក៏ធ្លាប់បានចូលរួមកិច្ចការនេះច្រើនផងដែរ ជាពិសេសគឺឯកឧត្តមមានភ័ព្វសំណាងបានចូលរួមបំពេញបេសកកម្មការងាររួមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងក្របខណ្ឌក្រុមការងារតាមដានការអនុវត្តគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល តាមបណ្តោយខ្សែក្រវាត់ព្រំដែន ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីលើកកម្ពស់ជីវភាព និងការហ្វឹកហ្វឺន ព្រមទាំងដោះស្រាយការខ្វះខាត និងលំបាកផ្សេងៗរបស់កងទ័ព ទាំងថវិកា សំលៀកបំពាក់ សម្ភារៈបរិក្ខារ ស្បៀងអាហារ ទាំងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យយុទ្ធសាស្រ្តការពារជាតិ សំដៅបង្កើនសមត្ថភាពវិជ្ជាជីវៈរបស់កងទ័ព ដែលពេលនោះ សម្តេចធិបតី គឺជានាយរងសេនាធិការចំរុះនៃកងយោធពលខេមរភូមិន្ទ, មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម។ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏មានប្រសាសន៍ឡើងផងដែរថា ក្នុងនាមជាថ្នាក់ដឹកនាំមួយរូប និងជាប្រជាពលរដ្ឋម្នាក់, ឧបនាយករដ្ឋមន្រ្តី ចង់ឃើញកងទ័ពយើងកាន់តែរឹងមាំរីកចម្រើន, មានជំនាញឯកទេសកាន់តែខ្ពស់ និងមានសមត្ថភាពកាន់តែខ្លាំងជាងមុន ព្រោះកងទ័ពជាកម្លាំងស្នូលមិនអាចខ្វះបានរបស់ប្រទេសជាតិ ទាំងនៅក្នុងក្របខណ្ឌនៃខឿនការពារជាតិ ការពារអធិបតេយ្យ បូរណភាពដែនដី និងសន្តិសុខរបស់ប្រទេសជាតិទាំងមូល ក៏ដូចជាទាំងនៅក្នុងការជួយប្រទេសជាតិ និងប្រជាជនដែលជួបគ្រោះមហន្តរាយ ឧបទ្ទវហេតុ ឬ វិបត្តិ និងពេលមានគ្រោះអាសន្នផ្សេងៗជាដើម។ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះនាយទាហាន នាយទាហានរង និងពលទាហានទំាងអស់ នៃកងពលធំអន្តរាគមន៍លេខ៣ ដែលកន្លងមក បានខិតខំយកអស់កម្លាំងកាយ និងកម្លាំងចិត្ត ក្នុងស្មារតីឥតរាថយយ៉ាងអង់អាចក្លាហាន និងហ៊ានពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារអធិបតេយ្យជាតិកម្ពុជាមិនឱ្យមានការបាត់បង់។

ក្រុមហ៊ុន ២០ នឹងផ្តល់ឱកាសការងារជាង ៥ពាន់កន្លែងសម្រាប់យុវជននៅក្នុងពិព័រណ៍ការងារដ៏ធំនៅអគារ KAMPUS
ថ្ងៃទី០២ ខែឩសភា ឆ្នាំ២០២៤

(ព័ត៌មានជាតិ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព រយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី ៩-១០ ខែឧសភា ឆ្នាំ២០២៤ នៅទីតាំង អាគារ KAMPUS ជិតស្ពានអាកាសក្បាលថ្នល់ ដោយនាំយកក្រុមហ៊ុន សហគ្រាសធំៗចំនួន ២០ មកជ្រើសរើសបុគ្គលិកសរុបចំនួន ៥៤០០ នាក់។កញ្ញា តាំង សុខឡេង មន្ត្រីផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន MEKONGNET លើកឡើងថា MEKONGNET បានចូលរួមសហការជាមួយ NEA ជាច្រើនលើកច្រើនសារមកហើយ ក្នុងនោះមានទាំងពិព័រណ៌ការងារថ្នាក់ជាតិ, វេទិកាការងារ និងកិច្ចសម្ភាសការងារជាដើម ។ កញ្ញា បន្តថា៖ «ពេលយើងមានតម្រូវការបុគ្គលិក ពិតណាស់យើងតែងតែនឹកដល់ NEA មុនគេ»។កញ្ញាបញ្ជាក់បន្តថា ជាក់ស្តែងក្នុងឱកាសចូលរួមក្នុងពិព័រណ៌ការងារ និងមគ្គទេសន៍អាជីពនាថ្ងៃទី៩-១០ ខាងមុខនេះ MEKONGNET នឹងនាំយកឱកាសការងារជាច្រើនកន្លែង និងជាច្រើនតួនាទីសម្រាប់ផ្តល់ជូនដល់សាធារណជន ពិសេសអ្នកស្វែងរកការងារធ្វើ។ កញ្ញាបញ្ជាក់បន្ថែមថា ការសហការជាមួយនឹង NEA គឺជួយឱ្យក្រុមហ៊ុនទទួលបានបេក្ខជនល្អៗ និងអាចជួយផ្សព្វផ្សាយពីក្រុមហ៊ុនរបស់យើងដល់សាធារណជនទូទៅឱ្យបានស្គាល់ស្ថាប័នរបស់យើងផងដែរ។លោក ចាប់ ចំណាន មន្ត្រីទំនាក់ទំនងដៃគូពាណិជ្ជករដែលបានចូលរួមក្នុងពិព័រណ៌ការងារនៅ KAMPUS កាលពីឆ្នាំ ២០២៣ កន្លងទៅ ហើយបានសម្ភាសការងារជាប់ជាមួយធនាគារ Wing បានលើកឡើងថា លោកបានចូលរួមក្នុងពិព័រណ៌ការងារ និងមគ្គទេសន៍អាជីព កាលពីឆ្នាំ២០២៣ ហើយបានទទួលការប្រឹក្សាយោបល់ពីមន្ត្រី NEA និងទទួលបានគន្លឹះជាច្រើនក្នុងការត្រៀមខ្លួនដាក់ពាក្យរកការងារ។ ជាលទ្ធផល លោក ចំណាន បានសម្ភាសជាប់ការងារភ្លាមៗជាមួយធនាគារ Wing នាពេលនោះតែម្តងដែរ។លោកបន្ថែមថាព្រឹត្តិការណ៍ពិព័រណ៌ការងារ និងមគ្គុទេសអាជីពដែលរៀបចំឡើងដោយ NEA បានផ្តល់សារៈប្រយោជន៍ជាច្រើនដល់យុវជនដូចជា ការផ្តល់ចំណេះដឹង ផ្តល់ជាឱកាសការងារជាច្រើនកន្លែងជូនទៅដល់បងប្អូនដែលកំពុងស្វែងរកការងារ និងផ្តល់ជាការប្រឹក្សាយោបល់ជូនទៅដល់ប្អូនៗនិស្សិតដើម្បីតម្រង់ទិសការងារ។ លោក អំពាវនាវ ឲ្យយុវជនដែលចង់បានការងារឆាប់រហ័ស សូមអញ្ជើញទៅចូលរួមឲ្យបានច្រើនកុះករ។ពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព ឆ្នាំ២០២៤ នេះ រំពឹងថានឹងទាក់ទាញយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ រាប់ពាន់នាក់មកចូលរួមទស្សនា ស្វែងយល់អំពីទីផ្សារការងារនៅកម្ពុជា និងដាក់ពាក្យសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុន សហគ្រាសធំៗចំនួន ២០។សូមជម្រាបថា ពិព័រណ៍ការងារនេះ ក៏នឹងមានរៀបចំជាវេទិកាចែករំលែកចំណេះដឹង បទពិសោធន៍ និងគន្លឹះសំខាន់ៗដើម្បីត្រៀមខ្លួនចូលទីផ្សារការងារ និងការហាត់ធ្វើកម្មសិក្សាការងារផងដែរ។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

ស្តែងៗ! បាក់ផ្លូវហាយវេ បណ្តាលឱ្យមនុស្ស៣៦នាក់បាត់បង់ជីវិត Death toll from south China road collapse rises to 36
ថ្ងៃទី០២ ខែឩសភា ឆ្នាំ២០២៤

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការបាក់ផ្លូវហាយវេ ក្នុងខេត្ត ក្វាងទុង ភាគខាងត្បូងប្រទេសចិន បានកើនឡើងដល់៣៦នាក់ហើយ ខណៈការងារជួយសង្គ្រោះនៅតែ បន្ត។យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យផ្លូវលាត សន្ធឹងពីទីក្រុង Meizhou ឆ្ពោះទៅកាន់ស្រុក Dabu ទៅកាន់រូងភ្នំបានបាក់រលំ។រថយន្តបានបើកចូលទៅក្នុងប្រឡាយប្រវែងជិត១៨ម៉ែត្រ ហើយធ្លាក់ចុះចំណោតខាងក្រោម ។ក្វាងទុង ដែលជារោងចក្រថាមពលឧស្សាហកម្មដែលមានប្រជាជនរស់ច្រើន បានទទួលរងនូវគ្រោះ មហន្តរាយជាច្រើន ដែលបណ្តាលមកពីព្រឹត្តិការណ៍អាកាសធាតុខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ព្យុះនេះមានទម្ងន់ធ្ងន់ជាងការរំពឹងទុកនៅពេលនេះនៃឆ្នាំនេះ ហើយមានទំនាក់ទំនងនឹងការប្រែប្រួលអាកាសធាតុ។យោងតាមស៊ីនហួរ បានឱ្យដឹងថា ការបាក់រលំផ្លូវហាយវេបានជាប់រថយន្តជាង20 គ្រឿង និងមនុស្ស ចំនួន 54 នាក់។ស៊ីនហួបាននិយាយថា មនុស្ស 36 នាក់បានស្លាប់ហើយ 30 នាក់បានរងរបួស" ដោយបន្ថែមថា ការរង របួសមិនគំរាមកំហែងដល់អាយុជីវិតនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានហៅការបាក់ផ្លូវនេះថាជា "គ្រោះមហន្តរាយភូមិសាស្ត្រធម្មជាតិ" ដែលបង្កឡើង ដោយ "ឥទ្ធិពលនៃភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់"។ CCTV បាននិយាយកាលពីថ្ងៃពុធថាមនុស្សប្រហែល 500 នាក់ត្រូវបានជួយសង្គ្រោះ ក្នុងប្រតិបត្តិការ ជួយសង្គ្រោះ៕

បណ្តាញសង្គម