វីដេអូថ្មីៗ BEST TV
វីដេអូថ្មីៗ SWIFT NEWS
ព័ត៌មានជាតិ
កម្ពុជា អរគុណសាធារណរដ្ឋកូរ៉េចំពោះកិច្ចសហការយ៉ាងល្អលើវិស័យការងារ
ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤

(ព័ត៌មានជាតិ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងអំណរគុណចំពោះឯកឧត្តម LEE Jaeyoo អគ្គស្នងការនៃអគ្គស្នងការដ្ឋានអន្តោប្រវេសន៍នៃក្រសួងយុត្តិធម៌របស់សាធារណរដ្ឋកូរ៉េដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការគាំទ្រយ៉ាងល្អចំពោះវិស័យការងារនៃប្រទេសទាំងពីរប្រកបដោយផ្លែផ្កាសម្រាប់ប្រជាជាតិទាំងសងខាង។ ការបញ្ជាក់យ៉ាងដូចនេះ គឺធ្វើឡើងក្នុងជំនួបទ្វេភាគីនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីចំណងនៃកិច្ចសហការដ៏ល្អរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ចាប់តាំងពីឆ្នាំ២០០៧ដែលបាននិងកំពុងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋទាំងសងខាង។ ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា តាមរយៈកិច្ចគាំទ្រនៃសហប្រតិបត្តិការដ៏ល្អនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយខេត្ត ក្រុង ស្រុករបស់សាធារណរដ្ឋកូរ៉េចំនួន២៦ផ្សេងគ្នាដែលកំពុងដំណើរការដោយរលូននិងទទួលបានការស្វាគមន៍ពីប្រជាពលរដ្ឋ។ ដោយឡែក ឯកឧត្តមអគ្គស្នងការនៃអគ្គស្នងការដ្ឋានអន្តោប្រវេសន៍របស់កូរ៉េខាងត្បូង បានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះ បាននិងកំពុងជួយបំពេញតម្រូវការខ្វះខាតក្នុងខ្សែសង្វាក់ផលិតកម្មដែលជាតម្រូវការសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េ ប៉ុន្តែទន្ទឹមនឹងនេះ ពលរដ្ឋកម្ពុជាក៏ទទួលបានទាំងជំនាញបច្ចេកទេសវិជ្ជាជីវៈ និងចំណូលដើម្បីកែលម្អជីវភាពគ្រួសារផងដែរ។ តាមរយៈជំនួបនៅថ្ងៃនេះ ភាគីទាំងពីរ បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អបន្ថែមទៀតដើម្បីជំរុញឱ្យកាន់តែប្រសើរឡើងនៃវិស័យការងារកម្ពុជា និងកូរ៉េ់ក្នុងគោលបំណងពង្រីកឱកាសទីផ្សារការងារសម្រាប់ពលរដ្ឋកម្ពុជា៕

ឯកឧត្តម ហេង សួរ ជួបវីដេអូផ្ទាល់ជាមួយពលករខ្មែរ និងបានបញ្ជាក់ពីការណែនាំរបស់សម្តេចធិបតី
ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤

(ព័ត៌មានជាតិ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីយប់អាធ្រាត្រម៉ោង ១១៖៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានខលតាមវីឌីអូ ជួបជាមួយបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នក្នុងទីក្រុងJeddah នៃប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។ឯកឧត្តម បន្ថែមថា “ខ្ញុំពិតជាបានធូរស្បើយក្នុងចិត្តពេលបានជួបនិយាយជាមួយបងប្អូនផ្ទាល់ និងក្រោយពេលពិនិត្យឃើញថាសុវត្ថិភាពរបស់បងប្អូនត្រូវបានធានា។ ពេលនេះ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងគែរ ប្រទេសអេហ្ស៊ីបបាននិងកំពុងធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួបជាមួយបងប្អូនដែលនៅតំបន់ផ្សេងទៀតផងដែរ”។ រាជរដ្ឋាភិបាលនឹងចាត់ចែងលើការទិញសំបុត្រយន្តហោះជូនបងប្អូន។ ពេលនេះ សំបុត្រយន្តហោះសម្រាប់បងប្អូនទាំង ២៩នាក់ ដែលកំពុងស្នាក់នៅទីក្រុង Jeddah ត្រូវបានរៀបចំរួច ហើយស្អែកម៉ោង ១០យប់ ម៉ោងនៅអារ៉ាប់ប៊ីសាអូឌីត បងប្អូននឹងឡើងយន្តហោះត្រឡប់មកប្រទេសកម្ពុជាវិញ។ ចំណែកបងប្អូនដែលនៅតំបន់ផ្សេង នឹងរៀបចំចេញដំណើរជាបន្តបន្ទាប់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រីដដែល៕

ក្រសួងការងារ៖ ពលរដ្ឋខ្មែរចំនួន ៧៨ ដែលចាញ់បោកមេខ្យល់នៅអារ៉ាប៊ីសាអូឌីតត្រូវបានជួយសង្គ្រោះ
ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤

(ព័ត៌មានជាតិ)៖ ក្រោយការទទួលបានព័ត៌មាននេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែលមាននិវេសនដ្ឋានទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានទំនាក់ទំនងរកឃើញទីតាំង ហើយ កំពុងរៀបចំសំបុត្រយន្តហោះជូនបងប្អូនឱ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៩ ខែមេសា ចំនួន ២៩នាក់, នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ចំនួន ២៧នាក់, និងថ្ងៃចុងក្រោយគឺថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ចំនួន ២២នាក់។សូមជម្រាបថាបងប្អូនប្រជាពលរដ្ឋទាំង ៧៨នាក់នេះ មានចំនួន ៥១នាក់ កំពុងស្ថិតនៅទីក្រុង Jeddah ចំនួន ១៥នាក់ កំពុងស្ថិតនៅរាជធានី Riyadh និងចំនួន ១២នាក់ កំពុងស្ថិតនៅទីក្រុង Dammam នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត។ បច្ចុប្បន្នបងប្អូនបានស្ថិតនៅក្នុងកន្លែងប្រមូលផ្តុំតាមទីក្រុងនីមួយៗ ដើម្បីរង់ចាំការរៀបចំសំបុត្រយន្តហោះ។ ក្នុងអំឡុងពេលរង់ចាំនេះ ឯកឧត្តម អ៊ុក សារុន អគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអ៊ូឌីត នឹងទទួលសម្របសម្រួលបន្ថែមជាមួយមន្ត្រីអន្តោប្រេវសន៍នៃប្រទេសម្ចាស់ផ្ទះដើម្បីបំពេញឯកសារផ្សេងៗ និងសម្រួលលើការហូបចុក និងស្នាក់នៅរបស់បងប្អូន។សម្រាប់បងប្អូនដែលកំពុងស្ថិតនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ហើយមានបំណងទាក់ទងលម្អិតគឺអាចទំនាក់ទំនងទៅលោក សុះ ហ៊ីម តាមរយៈទូរសព្ទលេខ +966 5804 65578 ឬទាក់ទងទៅឯកឧត្តម អ៊ុក សារុន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអ៊ូឌីតផ្ទាល់តាមរយៈ WhatsApp និង Telegram: +2011 5627 9999 និង +966 56 590 3370។ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនឹងបន្តតាមដាន សម្របសម្រួលការធ្វើមាតុភូមិនិវត្តរបស់បងប្អូនជាបន្តទៀត។អាស្រ័យហេតុនេះ សូមសាធារណជនជ្រាបជាព័ត៌មាន

រដ្ឋលេខាធិការក្រសួងទេសចរណ៍ បកស្រាយរឿងទេសចរ​ដើរកម្សាន្តក្នុងពិធីបុណ្យថ្ងៃចូលឆ្នាំខ្មែររយៈពេល ៤ថ្ងៃ​មានជាង​ ២១លាននាក់
ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ជាការពិតណាស់ ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ៤ ថ្ងៃកន្លងទៅ ក្រសួង​ទេស​ចរណ៍​​ ក៏បានចេញនូវរបាយការណ៍បង្ហាញពីចំនួនប្រជា​ពល​រដ្ឋ​​ភ្ញៀវទេសចរ​ជាតិដែល​បាន​ដើរ​លេង​កម្សាន្ត​​នៅតាមរមណីយដ្ឋាន​នានា​ទូទាំង​ប្រ​ទេស សរុបមាន​ចំនួនជាង​២១លាននាក់។ ក្រោយការបង្ហាញ​នូវ​របាយ​ការណ៍​​ចំនួន​​ភ្ញៀវទេសចរណ៍​ដែលបានដើរលេងកំសាន្តរយៈពេល ៤ ថ្ងៃពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ក៏មានមហាជនជាច្រើនមានការងឿងឆ្ងល់ រហូតដល់អ្នកខ្លះសើចចំអក ទៅកាន់​ក្រ​សួង​ទេស​ចរណ៍​ថា​ ចំនួនភ្ញៀវទេសចរ​ដើរ​លេង​កម្សាន្តនេះបំផ្លើស ភូតកុហក ឬ ស្រង់ទិន្នន័យខុសជាដើម ដោយសា​រ​​តែ​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​មានចំនួន ១៧​លាននាក់ តែ​ពេ​ល​​ចូល​ឆ្នាំខ្មែរ ហេតុអ្វី ក៏ភ្ញៀវ​ទេសចរណ៍ ​ដើរ​លេង​រហូត​ដល់​២១​លាននាក់ទៅវិញ ។ជុំវិញករណីមួយនេះ នៅថ្ងៃទី១៩ ខែ មេសា ឆ្នាំ ២០២៤នេះ ឯកឧត្តម តុប សុភ័ក្រ រដ្ឋលេខាធិការនៃក្រ​សួងទេសចរណ៍ បានបញ្ជាក់ជូនមហាជនយ៉ាងច្បាស់ៗ នៅលើគណនីហ្វេសប៊ុក អំពីចំនួនភ្ញៀវទេសចរណ៍​ដែលបានដើរលេងកម្សាន្តអំឡុងពេល បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឱ្យមហាជនបានជ្រាបកាន់​តែច្បាស់ផង​ដែរ។ ក្នុងនោះដែរ ឯកឧត្តមបានបញ្ជាក់ថា​ ការរាប់និងគិតពីចំនួនទេសចរ មានប្រភេទខុសគ្នា៖ ទី១-ទេសចរអន្តរជាតិ (International Tourist Arrival) ទី២- ទេសចរផ្ទៃក្នុង (Internal Tourist) ចែកជា២គឺ ទេសចរជាតិ(Khmer)និងទេសចរបរទេស(Foreigner)។-ទេសចរ៖ សំដៅដល់អ្នកដែលធ្វើដំណើរចេញពីលំនៅឋានរបស់ខ្លួន ទៅកាន់គោលដៅណាមួយ​និងស្នាក់នៅចាប់ពី១យប់ឡើងទៅ និងមិនលើសពីការកំណត់ណាមួយ(៣០ថ្ងៃ)-អ្នកដើរកម្សាន្ត៖ សំដៅដល់អ្នកធ្វើដំណើរទៅកាន់គោលដៅណាមួយ ហើយមិនស្នាក់នៅទេ ពោលគឺត្រឡប់មកផ្ទះវិញ (វិលល្ងាច - same-day visitor)។សម្រាប់ ចំនួនជាង២១លាននាក់ ក្នុងពេលចូលឆ្នាំកន្លងទៅនេះ គឺគិតទាំងទេសចរនិងអ្នកដើរកម្សាន្ត​(ទេសចរផ្ទៃក្នុង)។ មនុស្សម្នាក់ៗអាចរាប់ច្រើនដង តាមគោលដៅដែលគាត់ធ្វើដំណើរទៅ។ សម្រាប់ទេសចរ១នាក់ បើស្នាក់នៅ១យប់ គិតចំនួន១ដង បើនៅ២យប់ រាប់១ដងទៀត មានន័យថា ទេសចរ១នាក់ ឡើង២នាក់ (២ដង) រីឯអ្នកដើរកម្សាន្ត ក៏គិតដូចគ្នា (មកលេងថ្ងៃទី១ គិត១ដង ថ្ងៃទី២មកទៀត គិត១ដងទៀត...)។ឯកឧត្តម បានបន្តទៀតថា ចុះហេតុអ្វីបានជាគេគិតចំនួនអ្នកដើរកម្សាន្តដូច្នេះ? មូលហេតុគឺ រាល់ការស្នាក់នៅនិងធ្វើដំណើរកម្សាន្ត ត្រូវចំណាយ(ចាយលុយ)លើសោហ៊ុយធ្វើដំណើរ (សាំងឡាន ម៉ូតូ...) ថ្លៃស្នាក់នៅ ហូបចុក និងចំណាយផ្សេងៗទៀត។ ដូច្នេះចំនួន២១លាននាក់នេះ មិនមែនជាចំនួនមនុស្ស ២១លាននាក់ផ្សេងៗគ្នាទេ ពោលគឺចំនួនដងនៃទេសចរនិងអ្នកដើរកម្សាន្ត (២១លានដង/នាក់)។មូលដ្ឋាននៃការគិត៖ ទី១- ទិន្នន័យពីកន្លែងស្នាក់នៅ (សណ្ឋាគារ ផ្ទះសំណាក់) ទី២-ទិន្នន័យពីរមណីយដ្ឋាន (តាមចំនួនសំបុត្រ រាប់ចំនួនឡាន ម៉ូតូ) និងទី៣ គណនាតាមផ្ទៃក្រឡា នៅកន្លែងជួបជុំ (ប្រគំតន្ត្រី...) ដោយក្នុង១ម៉ែត្រការ៉េ ៣ទៅ៤នាក់ តាមមនុស្សតិចច្រើន ដែលជារបៀបប៉ាន់ស្មានជាទូទៅនៃការរាប់ចំនួនមនុស្ស (មិនមែនចាប់រាប់ម្តងមួយៗនោះទេ)។ ឯកឧត្តមក៏បញ្ជាក់ដែរថា ចំនួនអ្នកដើរលេងកម្សាន្ត គឺមិនរាប់អ្នកដំណើរតាមផ្លូវ ឬស្ទះជាប់នៅលើផ្លូវនោះ​ទេ។ ចំពោះចំនួនទេសចរអន្តរជាតិ ទទួលទិន្នន័យពីអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដែលរាប់ទិន្នន័យជាក់លាក់នៃជនបរទេសដែលធ្វើដំណើរចូល​មកប្រទេសយើងតាមគ្រប់ច្រកអន្តរជាតិ (លិខិតឆ្លងដែន ស្កែនក្រយៅដៃ វីសា) ទេសចរ១នាក់ ចូលមក១ដងគិត១នាក់ (មានទេសចរខ្លះ ក្នុង១ឆ្នាំអាចចូលមកលើសពី១ដង)៕ 

លោកជំទាវ ចម និម្មល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ បើកឯកសារដេញថ្លៃជាសាធារណៈចំនួន ៥គម្រោង
ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការលទ្ធកម្មក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបើកឯកសារដេញថ្លៃជាសាធារណៈចំនួន ៥ គម្រោង ដែលមានវត្តមានចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនដេញថ្លៃ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងតាមកាលបរិច្ឆេទកំណត់ ក្នុងគោលបំណងបើកឯកសារដេញថ្លៃចំនួន ៥ គម្រោងដូចខាងក្រោម៖១. ការផ្គត់ផ្គង់ប្រេងឥន្ធនៈ២. ការផ្គត់ផ្គង់ភេសជ្ជៈសម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិ៣. ការបោះពុម្ពវិក្កយបត្រ វិញ្ញាបនបត្រ កំណត់ត្រាបណ្ណពិន័យ និងសម្ភារៈការិយាល័យ៤. ការជួសជុលឃ្លាំងស្តុកទំនិញក្រសួង មន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប.៥. ការជួសជុលម៉ាស៊ីនត្រជាក់ និងបណ្តាញផ្សេងៗ៕

ត្រៀមអាវភ្លៀង! តំបន់ខ្លះ អាចនឹងមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និង ឧតុនិយម នៅថ្ងៃទី១៩ ខែ​មេសា ឆ្នាំ ២០២៤ បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មក​លើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាង​ទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤៖១. តំបន់វាលទំនាប ៖ -សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់​លើផ្ទៃដី១៥%។២.តំបន់ខ្ពង់រាប ៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៩°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម៣,៥ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ១០%។៣.តំបន់មាត់សមុទ្រ ៖-សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៥°C។ ខ្យល់បក់មកពីទិសនិរតី មានល្បឿន មធ្យម២,៥ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី១៥%។-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕ 

Land Rover Cambodia ធ្វើសន្និសីទកាសែតអំពី «រថយន្តឆេះតាមដងផ្លូវ»
ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រុមហ៊ុន RMA Cambodia គឺជាក្រុមហ៊ុនដែលនាំចូលនូវរថយន្តនូវម៉ាកល្បីៗ លើពិភពលោក និង ចែកចាយផ្តាច់មុខសម្រាប់រថយន្ត Land Rover ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុត របស់ពិភពលោក។ Land Rover គឺផ្អែកលើម៉ាករថយន្តដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស Land Rover ដែលជាក្រុមហ៊ុន ផលិតរថយន្តទំនើបគ្រប់ស្ថានភាពផ្លូវឈានមុខគេលើពិភពលោក។ ថ្ងៃនេះ ក្រុមហ៊ុន Land Rover Cambodia នឹងធ្វើ សន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញអំពីការប្រើប្រាស់រថយន្ត Range Rover អោយកាន់តែប្រសើរឡើង។ ក្រុមហ៊ុន Land Rover តែងតែនាំមុខគេជានិច្ចនូវបច្ចេកវិទ្យា និង​ការបង្កើតថ្មីដោយផ្តោតលើការយកចិត្តទុកដាក់ អតិថិជនជាស្នូល។យោងតាមព័ត៌មានក្នុងស្រុក មានករណីឆេះរថយន្ត Range Rover ម្តងទៀតនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុន Land Rover Cambodia នឹងធ្វើសន្និសីទសារព័ត៌មាន បង្ហាញនិង ស្វែងយល់ពីរបៀបថែទាំយានយន្តឲ្យបានត្រឹមត្រូវមុនពេលបើកបរផ្លូវឆ្ងាយជាថ្មីម្តងទៀត។តាមការពន្យល់របស់ប្រធានផ្នែកសេវាកម្មជួលជុលរបស់ក្រុមហ៊ុន Land Rover Cambodia លោក Sajai Nalupurakkal តាមរយះសំនួរនានាដូចខាងក្រោមថា៖ហេតុអ្វីបានជារថយន្តឆេះ? មានហេតុផលជាច្រើនដែលកើតចេញពីកត្តារួមផ្សំគ្នាដូចជា ការធ្វេសប្រហែសក្នុងការថែទាំរថយន្តរបស់អ្នក ការខូចទ្រនាប់ការពារ លេចធ្លាយ (មិនថាទ្រនាប់ប្រេងឥន្ធនៈ ឬទ្រនាប់ការពារប្រេងរអិល) ឬប្រព័ន្ធខ្សែភ្លើងដែលមានបញ្ហាហានិភ័យកើនឡើង។​ ការកែឆ្នៃរថយន្តខុសបច្ចេកទេស ការកែប្រែប្រព័ន្ធខ្សែភ្លើង ដោយអ្នកបច្ចេកទេសដែលគ្មានជំនាញច្បាស់លាស់ ការនាំយកយានជំនិះពីស្តង់ដារអឺរ៉ុប និងការកែប្រែប្រព័ន្ធបង្ហូរប្រេង (ចំហេះ) ដើម្បីដំណើរការជាមួយនិងលក្ខខណ្ឌ ប្រេងឥន្ធនៈរបស់ប្រទេសយើង អាចនាំឱ្យឡើងកំដៅ។នៅពេលដែលម៉ាស៊ីនឡើងកំដៅខ្លាំង សារធាតុរាវរបស់វាដូចជាប្រេង និងទឹកស្អំម៉ាស៊ីនកើនឡើងដល់សីតុណ្ហភាពខ្ពស់ ហើយចាប់ផ្តើមហៀរចេញ ដែលអាចបញ្ឆេះលើផ្នែកម៉ាស៊ីនក្តៅ ឬប្រព័ន្ធបង្ហូរប្រេង​​​​​​​​​​(ចំហេះ)ដែលជាហេតុនាំឲ្យមានភ្លើងឆេះ​​​​។ ជាចុងក្រោយ ការប្រើប្រាស់គ្រឿងបន្លាស់ដែលមានតម្លៃទាប មិនមែនជារបស់ពិតក៏អាចរួមចំណែកដល់ហានិភ័យផងដែរ។  បច្ចុប្បន្ន Land Rover ទទួលបានការគាំទ្រជាខ្លាំងក្នុងចំណោមរថយន្តប្រណិតទាំងអស់ ជាមួយនិងតម្រូវការខ្ពស់សម្រាប់អតិថិជនកម្ពុជា ហើយប្រជាប្រិយភាព និងមានការចាប់អារម្មណ៍ពីសាធារណៈជន លើ ម៉ាកយីហោនេះ ដែលធ្វើអោយមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៃព័ត៌មានដែលទាក់ទងនិង Land Rover ។  ហេតុអ្វីបានជាបញ្ហានៅតែបន្តកើតមានឡើង បើទោះជាមានសន្និសីទសារព័ត៌មានកាលពីឆ្នាំមុន?  ពួកយើងបានយកចិត្តទុកដាក់ចំពោះរឿងនេះជានិច្ច ហើយយើងបានអនុវត្តយុទ្ធនាការត្រួតពិនិត្យដោយឥតគិតថ្លៃ សម្រាប់រថយន្ត Land Rover គ្រប់ប្រភេទ ដើម្បីធានាថារថយន្ត Land Rover ទាំងអស់មានសុវត្ថិភាពនៅលើដងផ្លូវ។ យើងបានខិតខំប្រឹងប្រែងដើម្បីចែករំលែកព័ត៌មានសំខាន់ៗនឹងចំណេះដឹងទៅកាន់អតិថិជន Land Rover ទាំងអស់បន្ទាប់ពីរថយន្ត Land Rover ដំបូងបានឆាបឆេះនៅលើដងផ្លូវល្បឿនលឿន។ ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីឆ្នាំមុន យើងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រើប្រាស់គ្រឿងបន្លាស់ពិតប្រាកដ និងការជួសជុលដែលធ្វើឡើងដោយអ្នកបច្ចេកទេសទទួលការបណ្តុះបណ្តាលពីចក្រភពអង់គ្លេស។ យើងពិតជាចង់ត្រួតពិនិត្យរថយន្តដែលបានឆេះទាំងនោះដើម្បីស្វែងរកមូលហេតុដែលបានកើតឡើង ប៉ុន្តែគួរអោយសោកស្តាយ ដែលរថយន្តទាំងនោះ មិនធ្លាប់បានទទួលសេវាកម្មរបស់យើងឡើយ​ ដូច្នេះហើយ យើងពុំមានទិន្នន័យក្នុងប្រព័ន្ធដើម្បីត្រួតពិនិត្យពីមូលហេតុ ដែលបានកើតឡើងនោះទេ។តើមានវិធីអ្វីការពាររថយន្តពីការឆាបឆេះ? ដើម្បីការពារសុវត្តិភាពយានយន្ត និងសុវត្តិភាពរបស់លោកអ្នក សូមអញ្ចើញយករថយន្ត មកត្រួតពិនិត្យឲ្យបានទៀងទាត់សម្រាប់ការថែទាំ តាមកាលកំណត់ដោយប្រើប្រាស់គ្រឿងបន្លាស់ពិតប្រាកដរបស់ Land Rover និងការផ្ដល់សេវាកម្មដោយអ្នកបច្ចេកទេសដែលបានទទួលការបណ្តុះបណ្តាលយ៉ាងច្បាស់លាល់។នៅពេលលោកអ្នកមកទទួលសេវាកម្មពីមជ្ឈមណ្ឌលតំហែទាំរថយន្ត Land Rover Cambodia យើងចាប់ផ្តើមតាមដានស្ថានភាពសុខភាពរបស់រថយន្តតាមស្តង់ដារបស់ មជ្ឈមណ្ឌលតំហែទាំរថយន្តយើង ជាមួយនឹងកំណត់ត្រានៃប្រវត្តិសេវាកម្មរបស់រថយន្ត និងណែនាំការជួសជុលចាំបាច់ណាមួយ ដើម្បីបង្ការពីហានិភ័យណាមួយដែលនឹកស្មានមិនដល់នៅលើដងផ្លូវ។ ខាងក្រោមនេះជាការចែករំលែកពី លោក សៀង រិទ្ធ ប្រធានផ្នែករោងជាង លោកមានប្រសាសន៍ថា៖ចែករំលែកអំពីទំនុកចិត្តរបស់គាត់ក្នុងការជួសជុលរថយន្តយើងមានក្រុមជំនាញដែលមានតុល្យភាពនៅក្នុងសេវាកម្មមេកានិក និងផ្នែករោគវិនិច្ឆ័យនៃកំហូចរថយន្ត អ្នកបច្ចេកទេសរបស់យើងទាំងអស់ត្រូវបានចុះឈ្មោះនៅក្នុងវេទិកាបណ្តុះបណ្តាល Land Rover ដោយបន្តការបណ្តុះបណ្តាលជាប្រចាំតាមរយៈថ្នាក់អនឡាញ និង រៀនផ្ទាល់នៅក្នុងថ្នាក់នៅសាលាបណ្តុះបណ្តាល Land Rover ក្នុងប្រទេសសិង្ហបុរី និងចក្រភពអង់គ្លេស។ នេះធានាថាក្រុមបច្ចេកទេសរបស់យើងរក្សាបាននូវចំណេះដឹង និងបច្ចេកវិទ្យាចុងក្រោយបំផុត។ ការរួមបញ្ចូលគ្នានៃបទពិសោធន៍របស់ពួកគេជាមួយនឹងការប្រើប្រាស់ឧបករណ៍វិនិច្ឆ័យពិតប្រាកដដែលមានប្រភពផ្ទាល់ពីរោងចក្រ Land Rover UK យើងអាចផ្តល់ឱ្យអ្នកនូវសេវាកម្មស្តង់ដារពិភពលោក Land Rover នៅក្នុងប្រទេសកម្ពុជា។ របៀបទំនាក់ទំនងជាមួយអតិថិជនជាមុនរបស់ក្រុមហ៊ុន Land Rover Cambodia ក្រុមការងារផ្នែកទំនាក់ទំនងរបស់ពួកយើងគឺតែងតែរៀបចំរួចរាល់ជានិច្ចសម្រាប់ការទំនាក់ទំនងទៅកាន់អតិថិជន។ ពួកគាត់តែងតែផ្ដល់ព័ត៌មានថ្មីៗដែលបានបញ្ចូលពីខាងរោងចក្រដូចជា Software Update ឬ ក៏មានការតម្លើងថ្មីនៃផ្នែកណាមួយនៃរថយន្តដែលបានណែនាំពីខាងរោងចក្រពីចក្រភពអង់គ្លេសផ្ទាល់។ ក្រុមការងាររបស់ពួកយើងធានាថារថយន្តរបស់លោកអ្នកគឺស្ថិតនៅក្នុងស្ថានភាពល្អបំផុត។ការយល់ឃើញពីសំណាក់អតិថិជនដែលយករថយន្តមកជួសជុលផ្ទាល់នៅក្រុមហ៊ុន Land Rover Cambodiaលោក គួច លេងឃាង ៖​ “ខ្ញុំទិញឡាន Defender ពី RMA ព្រោះខ្ញុំជឿជាក់ និងទុកចិត្តលើគុណភាព និងសេវាកម្មរបស់ក្រុមហ៊ុន! ហើយខ្ញុំតែងតែទទួលបានការយកចិត្តទុកដាក់ពីផ្នែកសេវាកម្មរបស់ក្រុមហ៊ុន ដើម្បីត្រួតពិនិត្យឡាន ផ្លាស់ប្តូរប្រេងម៉ាស៊ីន និងការឆែកប្រព័ន្ធសុវត្ថិភាពជាដើម ជាពិសេសពេលត្រូវដល់ពេលមកឆែក រឺពេលត្រូវទៅឆ្ងាយម្តងៗ! ខ្ញុំមិនដែរបារម្ភទេ សឹងតែទិញឡានហើយចាំតែចាក់សាំង និងដូរប្រេងម៉ាស៊ីន តែប៉ុណ្ណឹង ។ មកកន្លែងរងចាំជួសជុលរថយន្តវិញស្ងាត់ល្អមានអាហារសំរន់ កាហ្វេ កន្លែងអង្គុយរងធំទូលាយស្អាត ខ្ញុំអាចអង្គុយរងចាំបណ្តើរធ្វើការបណ្តើរមិនខាតពេលពីមុនខ្ញុំយកឡានទៅធ្វើខាងក្រៅគិតថាធូរថ្លៃជាង ហើយហើយឥឡូវបន្ទាប់ពីខ្ញុំមកទទួលសេវាកម្មជាមួយក្រុមហ៊ុន Land Rover Cambodia គឺខ្ញុំអស់កង្វល់តែម្តង ហើយខ្ញុំតែងតែមកត្រួតពិនិត្យពេលដែលខ្ញុំធ្វើដំណើរផ្លូវឆ្ងាយជាមួយ តំលៃសមរម្យ ជាងល្អ គ្រឿងបន្លាស់ទុកចិត្ត ហើយឃើញរឿងឆេះថ្មីៗកាន់តែចង់មកអោយជាងជំនាញមើលអោយ ព្រោះថាសុវត្ថិភាពឡានមួយរឿង តែសុវត្ថិភាពអ្នកជិះ គ្រួសារយើងកាន់តែសំខាន់”មធ្យោបាយដ៏ល្អបំផុត ធ្វើការជាវរថយន្តពី Land Rover Cambodia នាំចូលផ្តាច់មុខដោយ RMA Cambodia និងទទួលសិទ្ធចែកចាយផ្ទាល់ពីរោងចក្រ Land Rover United Kingdom និងបំពាក់ដោយស្តង់ដារធានាពីរោងចក្ររយៈពេល 3 ឆ្នាំ ឫ ១០០,០០០ គីឡូ។ ទំនាក់ទំនងផ្នែកលក់ - 070999111ទំនាក់ទំនងផ្នែកសេវាកម្ម - 070999222

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា នៅសាកលវិទ្យាល័យការពារជាតិ
ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាន នៅសាកលវិទ្យាល័យការពារជាតិ ព្រមទាំងសម្ពោធដាក់ឱ្យប្រើប្រាស់អគារនានាហើយនោះ ក៏មានការបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ និងបើកវគ្គសិក្សាសម្រាប់ឆ្នាំ២០២៤ផងដែរ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។គួរបញ្ជាក់ថា អគារសាលសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋានដែលសម្ពោធដាក់ ឱ្យប្រើប្រាស់ ជាផ្លូវការនេះ ជាអំណោយដល់ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយចាប់ផ្តើមសាងសង់នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ និងបានបញ្ចប់ នៅ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣៕

អ្នកឧកញ៉ា លី ហួរ ផ្ញើសាររំលែកមរណៈទុក្ខជូនចំពោះអ្នកឧកញ៉ា លាង ម៉េង និង លោកជំទាវ គឹម ចាន់ណា ព្រមទាំងក្រុមគ្រួសារនៃសព ចំពោះមរណៈភាពរបស់មហាឧបាសក អ្នកឧកញ៉ា គឹម ចំរើន (លឹម តេកអៀក)
ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ផ្ញើសារលិខិតរំលែកមរណៈទុក្ខជូនចំពោះអ្នកឧកញ៉ា លាង ម៉េង អនុប្រធាននៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និង លោកជំទាវ គឹម ចាន់ណា ព្រមទាំងក្រុមគ្រួសារនៃសព។តាងនាមប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកាទាំងអស់ សូម សម្តែងនូវសេចក្តីសោកស្តាយជាពន់ពេក ចំពោះមរណៈភាពរបស់ មហាឧបាសក អ្នកឧកញ៉ា គឹម ចំរើន (លឹម តេកអៀក) ជាឪពុកក្មេក អ្នកឧកញ៉ា លាង ម៉េង អនុប្រធាននៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និង លោកជំទាវ គឹម ចាន់ណា ដែលបានទទួលមរណភាពក្នុងជន្មាយុ៨៣ឆ្នាំ ដោយជរាពាធ នៅថ្ងៃទី១៧ខែ មេសា ឆ្នាំ២០២៤។នាឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំជាទីបំផុតនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវសេចក្តីរំលែកទុក្ខជា មួយក្រុមគ្រួសារនៃសព ដែលនេះជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់មួយរូប បាត់បង់ស្វាមី បាត់បង់ឪពុក ប្រកប ដោយព្រហ្មវិហារធម៌ មានទឹកចិត្តសណ្តោសប្រណី ដែលតែងតែលះបង់ទាំងកម្លាំងកាយចិត្ត បញ្ញាស្មារតី បម្រើកិច្ចការដែល ជាប្រយោជន៍សង្គមជាតិ និងក្រុមគ្រួសារដោយមិនខ្លាចនឿយហត់។ យើងខ្ញុំទាំងអស់គ្នាពិតជាមានសេចក្តីរន្ធត់ និងអាឡោះ អាល័យ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ អ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវ គឹម ចាន់ណា ព្រមទាំងក្រុមគ្រួសារនៃសព និងសូមឧទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ជួយពាំនាំវិញ្ញាណក្ខន្ធ មហាឧបាសក អ្នកឧកញ៉ា គឹម ចំរើន (លឹម តេកអៀក) ទៅកាន់ទីឋានបរមសុខ សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ព្រលានយន្តហោះប្រណិតបំផុតលើពិភពលោក ត្រូវបានគ្របដណ្តប់ដោយទឹកជំនន់
ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤

(អន្តរជាតិ)៖ អាកាសយានដ្ឋានអន្តរជាតិឌូបៃបានបង្វែរជើងហោះហើរចូលជាច្រើនកាលពីថ្ងៃអង្គារ ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារប្រទេសអារ៉ាប់រួម ដែលបណ្តាលឱ្យមានទឹកជំនន់រីករាល ដាលនៅជុំវិញប្រទេសវាលខ្សាច់។មជ្ឈមណ្ឌលអាកាសដ៏មមាញឹកបំផុតរបស់ពិភពលោកសម្រាប់អ្នកដំណើរអន្តរជាតិ ដែលត្រូវបានបោះ ឆ្នោតឱ្យថា ជាព្រលានយន្តហោះប្រណីតបំផុតរបស់ពិភពលោកដោយក្រុមហ៊ុន ធានារ៉ាប់រងការធ្វើ ដំណើររបស់ចក្រភពអង់គ្លេស AllClear បានបញ្ជាក់ពីការបញ្ឈប់ការមកដល់របស់ជើង ហោះហើរ នៅម៉ោង 7:26 យប់។ មុននេះ អាកាសយានដ្ឋានដែលរំពឹងថានឹងមានជើងហោះហើរជាង 100 មកដល់នៅល្ងាចថ្ងៃអង្គារនោះ បានបោះជំហានមិនធម្មតា នៃការបញ្ឈប់ប្រតិបត្តិការរបស់ខ្លួនក្នុងរយៈពេលខ្លី នៅក្នុងភាពវឹកវរ ដែលបណ្តាលមកពីព្យុះ។ទីក្រុងឌូបៃ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅមជ្ឈិមបូព៌ា បានជាប់គាំងដោយសារភ្លៀងធ្លាក់ខ្លាំង ដែល បណ្តាលឱ្យមានទឹកជំនន់នៅទូទាំង UAE និង Bahrain ហើយបានបណ្តាលឱ្យមនុស្ស 18 នាក់ស្លាប់នៅ ក្នុងប្រទេសអូម៉ង់កាលពីថ្ងៃអាទិត្យ និងថ្ងៃច័ន្ទ។ទាំងប្រទេសអូម៉ង់ និង UAE ដែលជាម្ចាស់ផ្ទះកិច្ចពិភាក្សាស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP28 កាលពីឆ្នាំមុន បានព្រមានថាការឡើងកំដៅផែនដីទំនងជានឹងនាំឱ្យមានទឹកជំនន់កាន់តែច្រើន៕

ល្បែងប្រជាប្រិយវាយខែលកំពុងក្លាយជាប្រធានបទវែកញែក រហូតមានមតិលើកឡើងពីរផ្សេងគ្នាយ៉ាងដូច្នេះ!
ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤

(កម្សាន្ត)៖ វីដេអូមួយដែលបង្ហោះដោយទំព័រផេកឈ្មោះ Stung Treng Natural Life និងបានអមមកជាមួយខ្លឹមសារថា«កម្មវិធីវាយខែល បងប្អូនប្រហែលកម្របានឃើញ» កំពុងទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាខ្លាំង។ យ៉ាងណាមិញក្រោយពីមហាជនបានឃើញនិងទស្សនានូវវីដេអូរួចឃើញថាល្បែងប្រជាប្រិយវាយខែលមួយនេះកំពុងក្លាយជាប្រធានបទវែកញែក រហូតមានមតិលើកឡើងពីរផ្សេងគ្នា។ ជាក់ស្ដែងយោងតាមរយៈការបង្ហោះវីដេអូខាងលើមានមតិមហាជនចម្រូងចម្រាសជាច្រើនដោយខ្លះបានលើកឡើងដោយពុំពេញចិត្តនូវល្បែងបែបនេះនោះទេដោយហេតុថាមើលទៅដូចជាការប្រើប្រាស់អំពើហិង្សា ឯខ្លះទៀតបានគាំទ្រយ៉ាងពេញទំហឹងព្រោះថានេះគ្រាន់តែល្បែងប្រជាប្រិយដែលបន្សល់ពីបុរាណ។ ទន្ទឹមនឹងនោះមតិទីមួយដែលពុំគាំទ្របានលើកឡើងនឹងអះអាងផ្សេងៗគ្នាថា៖-ល្បែងបែបនេះមិនបាច់គាស់រលីងយកមកលេងក៏បាន ព្រោះមើលទៅយកប្រាក់រង្វាន់ទៅទិញថ្នាំលាបរបួសមិនគ្រប់ទេ-ទោះជាប្រពៃណីក៏ដោយ បើយើងគិតក្នុងលំហូហេតុផល សមមិនសម ឆ្គងមិនឆ្គង មានប្រយោជន៍ឬអត់ប្រយោជន៍ នោះយើងនឹងដឹងថាប្រពៃណីណាគួររក្សារឬមិនគួររក្សារ-ល្បែងលេងបែបហ្នឹងទោះបីចាស់ពីដើមបង្កើតមកលេងតែខ្ញុំយល់ថាវាមិនត្រូវយកលេងទេ។មិនមែនអោយតែរបស់ពីដើមសុទ្ធតែត្រូវទាំងអស់នោះទេ។-ល្បែងបែបនេះដូចជាគ្មានអ្វីគួអោយចាប់អារម្មណ៍ទេដូចជាគ្មានអ្វីដែលទំនងសោះ វ៉ៃគ្នាឈឺតែសាច់នឹង។ដោយឡែកមតិទីពីរដែលបានគាំទ្រចំពោះល្បែងប្រជាប្រិយបែបនេះវិញនោះពួកគេបានព្យាយាមពន្យល់ក៏ដូចជាប្រាប់ពីប្រវត្តិនៃល្បែងមួយនេះយ៉ាងដូច្នេះថា៖-បេីកចិត្តឲ្យទូលាយ វាជាប្រពៃណី តាំងពីបូរាណកាលមក របស់ជនជាតិភាគតិច ! ហេីយគេក៏មានប្រទាល សម្រាប់ញុំា ការពារផងដែរ -នេះជាទំនាមទំម្លាប់នៅខាងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងល្បែងនេះគេហៅថាវាយខែលគេលេងនៅពេលគេធ្វើបុណ្យប្រាសាទព្រះគោហើយបុណ្យប្រាសាទព្រះគោគេធ្វើជារាងរាល់ឆ្នាំហើយ អ្នកដែលឡើងលេងល្បែងនេះវាយអត់ចេះឈឺទេ នេះបើតាមខ្ញុំធ្លាប់លឺចាស់ៗនិយាយព្រោះអ្នកដែលលេងល្បែងនេះគឺចេះបាលីវាយអត់ចេះឈឺ។-ល្បែងប្រជាប្រិយរបស់បងប្អូនជនជាតិដើមភាគតិចគួយមានតាំងពីយូរលង់ណាស់មកហើយ ល្បែងប្រជាប្រិយមួយប្រភេទនេះមិនចាត់ទុកជាកីឡាទេព្រោះវាយមានលក្ខណៈជាប្រពៃណី លេងនៅពេលមានកម្មវិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីញុាំងកម្មវិធីអោយកាន់តែអូរអរសប្បាយរីករាយក្នុងឆ្នាំថ្មី ក្នុងនោះទៀតសោតការប្រយុទ្ធគ្នា១ទល់១ដោយប្រើរំពាត់វិញធ្វើពីវល្លិ៍ផ្ដៅរីឯខែលធ្វើពីស្លឹកខ្ចៀញឬស្លឹកទ្រាំង បងប្អូនអ្នកស្រុកឆែបក៏ដូចជាអ្នកស្រុកថាឡាបរិវ៉ាត់តែងតែឃើញរៀបចំការប្រកួតវៃខែលជារៀងរាល់ឆ្នាំ ហើយការប្រកួតមិនខុសពីប្រដាល់ទេលើសង្វៀនគឺជាសត្រូវស៊ីសាច់ហុតឈាមចុះមកក្រោមវិញគឺជាបងប្អូនឬមិត្តភក្តិដ៏ល្អ ការវៃបែបនេះក៏មិនដែលឃើញបងប្អូនណាចូលពេទ្យដែរ ខ្ញុំជាអ្នកនៅស្រុកនិងផ្ទាល់ហើយក៏ជាកូនជនជាតិគួយមួយរូបដែរ។ទោះជាយ៉ាងណាក្ដីទាំងនេះគឺសុទ្ធតែជាការលើកឡើងនឹងយល់ឃើញទៅតាមគំនិតបុគ្គលនីមួយៗតែប៉ុណ្ណោះ លើសពីនោះផងដែរមហាជនដែលពុំគាំទ្រក៏មិនមែនមានន័យថារើសអើងនូវល្បែងប្រជាប្រិយប្រភេទមួយនេះផងដែរដោយគ្រាន់តែពួកគេមានហេតុផលនិងការយល់ឃើញផ្សេគ្នាតែប៉ុណ្នោះ៕

មនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញ ខណៈភ្នំភ្លើងឥណ្ឌូណេស៊ីផ្ទុះ បង្កការគំរាមកំហែងរលកយក្សស៊ូណាមិ
ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤

(អន្តរជាតិ)៖ ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូណេស៊ី បានជម្លៀសមនុស្សរាប់ពាន់នាក់ បន្ទាប់ពីភ្នំភ្លើងមួយ បានផ្ទុះឡើងចំនួន ៥ ដង ដោយបង្ខំឱ្យអាជ្ញាធរបិទព្រលានយន្តហោះនៅក្បែរនោះ និងចេញការព្រមាន អំពីការធ្លាក់កម្ទេចកម្ទីដែលអាចបង្កឱ្យមានរលកយក្សស៊ូណាមិ។រណ្ដៅភ្នំភ្លើង Ruang បានឆាបឆេះដោយកម្អែលភ្នំភ្លើងប្រឆាំងនឹងផ្ទៃខាងក្រោយ បន្ទាប់ពីបានផ្ទុះឡើង ចំនួនបួនដងកាលពីថ្ងៃពុធ ដោយបង្ខំឱ្យអាជ្ញាធរបង្កើនកម្រិតប្រកាសអាសន្នរបស់ខ្លួន ដល់កម្រិតខ្ពស់ បំផុត។ភ្នំភ្លើងនៅតំបន់ខាងក្រៅបំផុតរបស់ប្រទេសឥណ្ឌូណេស៊ី នៅតែបញ្ចេញផ្សែងនៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយជំរុញឱ្យអាជ្ញាធរបិទអាកាសយានដ្ឋានអន្តរជាតិដែលនៅជិតបំផុតក្នុងទីក្រុង Manado លើកោះ Sulawesi រយៈពេល 24 ម៉ោង។អាជ្ញាធរបាននិយាយថា ពួកគេកំពុងប្រញាប់ប្រញាល់ជម្លៀសអ្នកស្រុកចំនួន 11000 នាក់ពីតំបន់ ក្បែរនោះ ដែលរាប់បញ្ចូលទាំងកោះដាច់ស្រយាលនៃ Tagulandang ដែលមានប្រជាជនប្រហែល 20000 នាក់។នេះ​បើ​តាម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា អ្នក​ស្រុក​មួយ​ចំនួន​បាន​ព្យាយាម​រត់​គេច​ខ្លួន​ដោយ​ភ័យ​ស្លន់ស្លោ។អ្នកទេសចរ និងអ្នកស្រុកត្រូវបានព្រមានឱ្យនៅក្រៅតំបន់ហាមឃាត់ចម្ងាយ 6 គីឡូម៉ែត្រ។មនុស្សជាង 800 នាក់ត្រូវបានបញ្ជូនទៅកាន់ទីសុវត្ថិភាពពី Ruang ទៅកាន់កោះ Tagulandang ក្បែរនោះ បន្ទាប់ពីការផ្ទុះលើកដំបូងកាលពីល្ងាចថ្ងៃអង្គារ មុនពេលមានការផ្ទុះចំនួនបួនបន្ថែមទៀតនៅថ្ងៃពុធ៕

អបអរសាទរ! ទីបំផុត ប្រាក់រៀលខ្មែរ ត្រូវបានដាក់បញ្ជូលទៅក្នុងតារាងជួញដូររូបិយប័ណ្ណនៅព្រលានយន្តហោះ ប្រទេសជប៉ុនជាលើកដំបូងហើយ
ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤

(ជាតិ)៖ ប្រាក់រៀលខ្មែរ ត្រូវបានដាក់បញ្ជូលទៅក្នុងតារាងជួញដូររូបិយប័ណ្ណនៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅអាកាសយានដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន។ នេះបើយោងតាមការចុះផ្សាយពីសំណាក់ក្រសួងព័ត៌មាន។ធនាគារជាតិនៃកម្ពុជា បានចូលរួមពិធីកាត់ខ្សែបូសម្ភោធដាក់បញ្ចូលប្រាក់រៀលក្នុង តារាងជួញដូររូបិយប័ណ្ណនៅបញ្ជរប្តូរ ប្រាក់របស់ក្រុមហ៊ុន Travelex នៅអាកាសយានដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន នៅ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ ក្រោមវត្តមាន អគ្គនាយកប្រតិបត្តិការនៃធនាគារជាតិនៃកម្ពុជា និង នាយកផ្នែកលក់ដុំសកល និងជាអគ្គនាយកប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Travelex និងវត្តមានភ្ញៀវកិត្តិយស ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។វត្តមាននៃប្រាក់រៀលជាលើកដំបូងនៅប្រទេសជប៉ុននេះ នឹងជួយសម្រួលទេសចរជប៉ុនដែលមកទស្សនា ប្រទេសកម្ពុជាឱ្យមានកន្លែងប្ដូរយកប្រាក់រៀលបានដោយងាយស្រួល ព្រមទាំងជួយជំរុញភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនជាងមុន។ សំខាន់ជាងនេះទៀត វត្តមានប្រាក់រៀលនៅលើតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដូចជា នៅទីក្រុងតូក្យូនៃប្រទេសជប៉ុន ជាសក្ខីភាពបញ្ជាក់ថា ប្រាក់រៀល អាចជួញដូរជាលក្ខណៈអន្តរជាតិ ព្រមទាំងឆ្លុះបញ្ចាំងអំពីកំណើននៃជំនឿទុកចិត្ត និងការទទួលស្គាល់ប្រាក់រៀល កាន់តែទូលំទូលាយកម្រិតពិភពលោក។ នេះជាលទ្ធផលនៃកិច្ចប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជាក្នុងការរក្សា ស្ថិរភាពប្រាក់រៀលក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។គួរបញ្ជាក់ថា នេះជាលើកទីពីរហើយដែលធនាគារជាតិនៃកម្ពុជា បានសហការជាមួយក្រុមហ៊ុន Travelex ក្នុងការដាក់បញ្ចូលប្រាក់រៀលនៅលើតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ បន្ទាប់ពីបានដាក់បញ្ចូលនៅបញ្ជរក្នុងអាកាសយានដ្ឋានអន្តរជាតិ Changi ប្រទេសសិង្ហបុរី កាលពីឆ្នាំ២០២៣។ នៅពេលខាងមុខ ធនាគារជាតិនៃកម្ពុជា នឹងបន្តសហការជាមួយក្រុមហ៊ុន Travelex ដើម្បីដាក់ប្រាក់រៀលនៅលើតារាងជួញដូរនៅមជ្ឈមណ្ឌល ហិរញ្ញវត្ថុអន្តរជាតិជាច្រើនទៀតនៅលើពិភពលោក៕

ពីធីបុណ្យចូលឆ្នាំថ្មីក្នុងឆ្នាំ២០២៤នេះ ខេត្តទាំង៥នេះ សុំវ៉ាដាច់ខេត្តសៀមរាបហើយ មានភ្ញៀវទេសចរណ៍ច្រើនជាងគេ!
ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤

(ព័ត៌មានជាតិ)៖ ពេលវេលាដ៏មានតម្លៃ និងសប្បាយរីករាយឥតឧបមា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ខ្មែររយៈពេល៤ថ្ងៃ គឺនៅថ្ងៃទី១៣-១៦ មេសា ឆ្នាំ២០២៤ បានបិទបញ្ចប់ដោយរលូន បានបន្សល់ទុកនូវស្នាមញញឹម និងអនុស្សាវរីយ៍រាប់មិនអស់ ជាពិសេសនៅតាមបណ្ដាខេត្ត និងរមណីដ្ឋាននានា មានភ្ញៀវទេសចរសរុបជាង ២១,៧០លាននាក់ គឺរដ្ឋបាលរាជធានីខេត្ត រាប់បញ្ជូលចំនួនភ្ញៀវទេសចរ ដែលបានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស។ប៉ុន្តែអ្វីដែលគួរកត់សម្គាល់នោះ ខេត្តចំនួន៥ ដែលទទួលបានចំណាត់ថ្នាក់ជើងឯក មានភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេបំផុតមានដូចជា៖ ១/ ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរចំនួន 5349 811នាក់២/ ខេត្តព្រៃវែង ទទួលបានភ្ញៀវទេសចរចំនួន 2 298 402នាក់៣/ ខេត្តកំពង់ស្ពឺ ទទួលបានភ្ញៀវទេសចរចំនួន 2 103 915នាក់៤/ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរចំនួន 1 734 629នាក់៥/ ខេត្តកំពត ទទួលបានភ្ញៀវទេសចរចំនួន 1 403 497នាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍៕

អាសូរណាស់! ក្មេងស្រី២នាក់ ដែលត្រូវបានម្ដាយបោះបង់ចោល រហូតមកដល់ពេលនេះគ្មានសាច់ញាតិមកទទួលទេ
ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤

(សង្គម)៖ ក្មេងស្រីដ៏ស្រស់ស្អាត២នាក់ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ ចំថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរថ្ងៃទី៣ វេលាម៉ោងប្រមាណជា៦ល្ងាច ត្រូវបានស្ត្រីម្នាក់ដែលគេស្គាល់ថា ជាម្ដាយ បានយកមកបោះបង់ចោលក្នុងសួនកម្សាន្ត Sunshine Family ក្បែរបឹងកក់ រហូតមកដល់ពេលនេះហើយ នៅតែមិនទាន់ឃើញមានអាណាព្យាបាល ឬសាច់ញាតិណាម្នាក់មកទទួលក្មេងស្រីរង គ្រោះត្រឡប់ទៅផ្ទះវិញនោះទេ។ ជាក់ស្ដែង បើយោងតាមផេកហ្វេសបុករបស់សួនកម្សាន្ត Sunshine Family Park បានធ្វើការបង្ហោះរូបភាពអមដោយខ្លឹមសារថា « សេចក្ដីជូនដំណឹង កុមារតូចពីរនាក់ត្រូវបានស្រ្តីម្នាក់ បានយកមកទុកចោលនៅ សួនកម្សាន្ត Sunshine Family កាលពីថ្ងៃ 15 ខែ មេសា នៅវេលាម៉ោង ប្រហែល 6 ល្ងាច មកដល់ពេលហើយមិនមានមាតាបិតា ឬ អាណាព្យាបាលណាម្នាក់បានទាក់ទងមកទេ។ អំឡុងពេលនេះ អ្នកគ្រប់គ្រងសួនកម្សា្តនបានយកពួកគេទៅផ្ទះផ្ទាល់ខ្លួន ដើម្បីមើលថែយ៉ាងឌិតដល់។សង្ឃឹមថាបងប្អូនទាំងអស់ជួយផ្សាព្វផ្សាយដើម្បីរកមាតាបិតារបស់ពួកគេសូមទាក់ទង មកកាន់ ក្រុមការងារ Sunshine Family Park តាមលេខ ០៩៦ ២៦ ៧៤ ០០១។ជុំវិញករណីនេះ ធ្វើឱ្យមហាជនរំជួលចិត្តជាខ្លាំង និងបង្ហាញក្ដីអាណិតអាសូរដល់ក្មេងស្រីរងគ្រោះទាំង២ ខណៈ វ័យកំពុងត្រូវការការថ្នាក់ថ្នម បីបាច់មើលថែរក្សា បែរជាមកត្រូវម្ដាយបោះបង់ចោល ទាំងគ្នាមិនដឹងអ្វីសោះ។ ស្ត្រីជាម្ដាយគ្រប់រូបបាននាំគ្នាលើកឡើងថា មីម្តាយចិត្តវាមិនដឹងសាងពីអី? បើមានរឿងបញ្ហាក្នុងគ្រួសារប្តីប្រពន្ធ ក៏មិនត្រូវយកកូនមកទុកចោលបែបនេះដែល .ចេះម្ចាស់សួនគេល្អ ចុះបើប៉ះមនុស្សមិនល្អគេយកកូនយើងទៅធ្វើបាបវិញ តើចិត្តវាជាម្តាយឈឺពិនណា? បើជាកូនខ្ញុំវិញហា មិនចោលទេកូន ទោះពិបាកអត់សីុអត់ឃ្លានក៏មិនយកកូនបោះចោលដែល ខំពពោះ9ខែ10ថ្ងៃ ពិបាកហើយកើតមកបានពិននេះហើយខ្ញុំមិនភ្លើទេ វើយ ចង់ប្តីមិនត្រូវការ ក៏មានកូនជាកំម្លាំងចិត្ត។ មហាជនបានកោតសរសើរដល់ម្ចាស់ អ្នកគ្រប់គ្រងសួនកម្សាន្ត Sunshine Family Park និងសម្ដែងការអរគុណដល់ម្ចាស់សួនកម្សាន្តខាងលើដែលបានជួយមើលថែក្មេងទាំងពីរបានយ៉ាងល្អ៕

បណ្តាញសង្គម