វីដេអូថ្មីៗ BEST TV
វីដេអូថ្មីៗ SWIFT NEWS
ព័ត៌មានជាតិ
ឈប់បានឈប់ទៅ អ្នកកំពុងប្រើប្រាស់ថ្នាំសម្រកទម្ងន់! សារធាតុ ៣ ធំៗ ក្នុងថ្នាំសម្រកទម្ងន់ អាចបង្ក គ្រោះថ្នាក់ដល់រាងកាយ ឬឈានទៅបាត់បង់ជីវិត
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤

(សុខភាព)៖ យោងតាមផេក វេជ្ជបណ្ឌិត​កម្ពុជា បានបង្ហោះនូវអត្ថបទមួយ ដែលពាក់ព័ន្ធទៅនឹងសារធាតុ ៣ធំៗ ដែល​មាន​នៅក្នុងថ្នាំសម្រកទម្ងន់ ហើយ​អាចគំរាមកំហែងដល់អាយុជីវិតមនុស្សបាន។ សារធាតុ ៣ ធំៗនោះរួមមានដូចជា៖​១. សារធាតុរំញោចសរសៃប្រសាទសារធាតុទាំងនេះ នឹងជំរុញ​រាងកាយ​ឲ្យ​បង្ក​ឲ្យ​មានរោគសញ្ញាផ្សេងៗ។ ចំពោះ​ផល​ប៉ះពាល់​នៃ​ការ​សម្រក​ទម្ងន់​ដូចជា sibutamine ដែលជាសារធាតុស្រដៀងទៅនឹងគ្រាប់ថ្នាំ​អាហ្វេតាមីន ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ ជា​មេតំហ្វេតាមីន នៅ​ពេល​យើង​ញ៉ាំ វា​នឹង​ជំរុញ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ឃ្លាន។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ វា​នៅ​តែ​មាន​ថាមពល​គ្រប់គ្រាន់​ដើម្បី​បន្ត​ការងារ ហើយ​រាងកាយ​កាន់​តែ​តូចៗ​ទៅ។ ប៉ុន្តែ​សារធាតុ sibutamine នៅ​ពេល​ប្រើ​មួយ​រយៈ ​នឹង​​បង្កើន​សំពាធឈាម ឬ​ធ្វើឲ្យ​ចង្វាក់បេះដូង​លោត​មិន​ទៀងទាត់២ . ថ្នាំជំរុញ​ការ​រំលាយ​អាហារភាគ​ច្រើន​ជា​ញឹកញាប់ វា​គឺជាក្រុមនៃសារធាតុរំញោច ​ដូចដែលបានរៀបរាប់ខាងលើ និង​ថ្នាំ​អរម៉ូន​ទីរ៉ូអ៊ីត។ ក្រពេញ​ទីរ៉ូអ៊ីត ​គឺ​ជា​អរម៉ូន​ដែលជួយពន្លឿន​ដំណើរការមេតាប៉ូលីស​ក្នុង​រាងកាយរួច​ទៅហើយ។ នៅ​ពេល​ដុត​កាន់​តែ​ច្រើន ទម្ងន់​ត្រូវ​បាន​កាត់​បន្ថយ ប៉ុន្តែ​វា​ប៉ះពាល់​ដល់​រាងកាយ ដូចជា​ធ្វើ​ឲ្យ​បេះដូង​លោត​មិន​ទៀងទាត់ ឬ​មាន​ការ​ប្រកាច់​ផង​ដែរ។៣ . ថ្នាំបញ្ចុះទឹកនោមនៅពេលអ្នកញ៉ាំ នោះនឹងនោមញឹកញាប់ នេះ​បណ្ដាល​ឲ្យ​ការ​បញ្ចេញ​ទឹក​ច្រើន ​នៅ​ក្នុង​ខ្លួន​ជាង​ធម្មតា។ នៅពេលដែលរាងកាយបាត់បង់ជាតិទឹកច្រើន ​ទម្ងន់​ត្រូវ​បាន​កាត់​បន្ថយ​យ៉ាង​ឆាប់រហ័ស។ រាងកាយ​នឹង​ស្រូប​យក ហើយ​វិល​មក​រក​ទម្ងន់​ដូច​មុន​ពេល​លេប​ថ្នាំ ដូច្នេះ​បើ​អ្នក​លេប​ថ្នាំ​ប្រភេទ​នេះ​ច្រើន​ពេក វា​នឹង​ធ្វើ​​ឲ្យ​រាងកាយ​ស្ថិត​ក្នុង​ស្ថានភាព​ខ្វះ​ជាតិ​ទឹក រោគសញ្ញា​នៃ​ការ​ហូរឈាមចេញពីរាងកាយ។សារធាតុ​ទាំងបីប្រភេទនេះ អាច​បណ្តាល​ឲ្យ​មាន​ភាព​មិន​ប្រក្រតីនៃអេឡិចត្រូលីតធ្ងន់ធ្ងរ។ ចង្វាក់បេះដូង​លោត​ខុសចង្វាក់ និងការស្លាប់អាចកើត​មានឡើង។ ទោះយ៉ាងណាក៏ដោយ ក៏មានថ្នាំ​សម្រកទំងន់តាម​វេជ្ជសាស្រ្ដ​ផងដែរ។ ប៉ុន្តែមានតម្រូវការមួយចំនួន គឺ​ត្រូវ​បាន​ប្រើ​ជា​ការ​បន្ថែម​ពី​វិធី​ទាំង​ពីរ​នៃ​ការ​ធ្វើ​លំហាត់​ប្រាណ និងការគ្រប់គ្រងរបបអាហារ​ ហើយត្រូវប្រើក្រោមការត្រួត​ពិនិត្យ​របស់គ្រូពេទ្យតែប៉ុណ្ណោះ៕ 

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូ ស្ដាប់បទបង្ហាញពាក់ព័ន្ធវិស័យសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤

(សហព័ន្ធស្វីស) ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី សសុខា បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមស្ដាប់បទបង្ហាញស្ដីពី «ការទទួលខុសត្រូវនិងកិច្ចសហប្រតិបត្តិការពហុកម្រិតក្នុងវិស័យសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ» នៅសាលប្រជុំសណ្ឋាគារប៊េន ក្នុងទីក្រុងប៊េន នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ត្រូវពេលយប់នៅប្រទេសកម្ពុជា។ជុំវិញប្រធានបទស្ដីពី ការទទួលខុសត្រូវនិងកិច្ចសហប្រតិបត្តិការពហុកម្រិតក្នុងវិស័យសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ លោក Daniel Bohne អគ្គលេខាធិការនៃសន្និបាតថ្នាក់ដឹកនាំនគរបាល បានចែករំលែកអំពីប្រព័ន្ធនយោបាយស្វីស កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលសហព័ន្ធ រដ្ឋ និងក្រុង ព្រមទាំងបញ្ហាប្រឈមក្នុងវិស័យសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ នាពេលបច្ចុប្បន្ន។សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ មានការអញ្ជើញចូលរួមពីឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប. ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ គ.ជ.អ.ប និងថ្នាក់ដឹកនាំស្រ្តីនៃរដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួនទៀត៕

ចៅក្រមចេញដីកាឱ្យចាប់ខ្លួន សឿន ចំរើន ហៅ ចោមខ្វាន់ ម្ចាស់ហាងមាសពេជ្រចំរើនសុវត្ថិភាព តាំងតែពីថ្ងៃទី១១ សីហា ឆ្នាំ២០២៣?
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤

(សង្គម)៖ កាលពីអំឡុងឆ្នាំ២០២២កន្លងទៅមានប្រជាពលរដ្ឋ និងអាជីវករមិនតិចនាក់ទេដែលអះអាងថា ចាញ់បោកនាង ចោម ខ្វាន់ ម្ចាស់ហាងមាសពេជ្រចំរើនសុវត្ថិភាព រកស៊ីបោកប្រាស់ទំនុកចិត្តអតិថិជន យកលុយប្រជាពលរដ្ឋដែលជាអាជីវករអស់រាប់ម៉ឺនដុល្លារ ក្រោមរូបភាពចូលជាតំណាង ចែកចាយវេរលុយទៅមុន នឹងប្រគល់របស់តាមក្រោយតែជាក់ស្ដែងសុទ្ធតែជាខ្យល់។ នាង ចោម ខ្វាន់ មានរឿងអាស្រូវរកស៊ីបោកប្រាស់គេ រួមមានការលក់កាបូបប្រេនក្លែងក្លាយ លក់ផលិតថែសម្រស់ ខូចគុណភាព គ្មានថ្ងៃបរិច្ជេទត្រឹមត្រូវ ចុងក្រោយនេះបោកយកលុយអតិថិជន ក្រោមរូបភាពចូលជាតំណាង ចែកចាយ រហូតដល់នាងរត់គេចខ្លួនបាត់ស្រមោលមកដល់បច្ចុប្បន្ននេះ។ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញចេញ ដីកាបង្គាប់ឱ្យចាប់ខ្លួន ជនត្រូវចោទ សឿន ចំរើន ហៅ ចោមខ្វាន់ ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តិនៅចំនុចហាងមាសពេជ្រចំរើនសុវត្ថិភាព មានទីលំនៅបច្ចុប្បន្នផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ខណៈដីកាបង្គាប់ឱ្យចាប់ខ្លួននេះ ចេញតាំងពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ប៉ុន្តែទើបតែមានការលេចធ្លាយឯកសារនាពេលនេះ។ ក្នុងដីកាបង្គាប់ឱ្យចាប់ខ្លួននេះ ចៅក្រមបញ្ជាដល់កម្លាំងសាធារណៈ មន្ត្រីនគរបាលយុត្តិធម៌ ដែលមានសមត្ថកិច្ច ឱ្យស្រាវជ្រាវរកចាប់ខ្លួន នឹងនាំខ្លួនជនត្រូវចោទឈ្មោះ សឿន ចំរើន ហៅ ចោមខ្វាន់ យកមកប្រគល់ឱ្យចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ជុំវីញករណីនេះ មហាជនកំពុងតែរងចាំមើលថា តើដំណើរការផ្លូវច្បាប់នឹងបន្តទៅជាយ៉ាងណា ក្រោយរឿងក្ដីក្ដាំងរបស់នាង ចោមខ្វាន់ ដែលបានរកស៊ីបោកប្រាស់ប្រជាពលរដ្ឋរងគ្រោះជាច្រើននាក់ ហាក់មានភាពស្ងប់ស្ងាត់កាន់ឆ្នាំ និងមិនទាន់ទទួលបានយុត្តិធម៌រហូតមកដល់ពេលនេះ?

ណាគេទៅលេងសង្ក្រាន្តថៃខ្លះ? ថៃ ផ្ទុះជំងឺកូវីដ១៩ថ្មី ជាង១ពាន់នាក់ ពីការប្រារព្ធពីធីបុណ្យសង្ក្រាន្ត!
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤

(បាងកក)៖ យោងតាមនាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) នៃប្រទេសថៃបានឱ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដនៅក្នុងប្រទេសថៃបានកើនឡើងបន្ទាប់ពីការប្រារព្ធពិធីបុណ្យ Songkran ខណៈដែលមេរោគ JN.1 នៅតែលេចធ្លោនៅក្នុងប្រទេស។ អគ្គនាយក DDC លោក Thongchai Keeratihattayakorn ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មានអ្នកជំងឺ Covid ថ្មីចំនួន 1,004 នាក់ដែលត្រូវបានរាយការណ៍ថាជាមធ្យមប្រចាំថ្ងៃនៃករណីថ្មីចំនួន 143 និងការស្លាប់ចំនួន 3 នាក់ក្នុងសប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី 20 ខែមេសា។អ្នកស្លាប់ស្ថិតក្នុងក្រុមហានិភ័យដែលគ្របដណ្តប់មនុស្សចាស់ អ្នកដែលមានជំងឺរ៉ាំរ៉ៃ និងស្ត្រីមានផ្ទៃពោះ។ ក្រៅពីពិធីជប់លៀង និងការជួបជុំគ្នាជាច្រើនក្នុងពិធីបុណ្យសង្ក្រាន្ត លោកវេជ្ជបណ្ឌិត ថងឆៃ បាននិយាយថា ករណីអ្នកជំងឺកូវីដកើនឡើង ដោយសារអ្នកជំងឺភាគច្រើនបង្ហាញរោគសញ្ញាស្រាលស្រដៀងនឹងជំងឺផ្តាសាយ ហើយមិនដឹងពីការឆ្លងរបស់ពួកគេ ដូច្នេះហើយមិននៅដាច់ដោយឡែកពីគេ។បំរែបំរួលរង JN.1 នៃវ៉ារ្យ៉ង់ Omicron របស់ Covid នៅតែជាសំពាធលេចធ្លោនៅក្នុងប្រទេសថៃ។វេជ្ជបណ្ឌិត Thongchai បាននិយាយថា ចាប់តាំងពីករណីដំបូងនៃមេរោគ JN.1 ត្រូវបានបញ្ជាក់នៅ ក្នុងប្រទេសថៃកាលពីចុងឆ្នាំមុន វាមិនមានសូចនាករណាមួយដែលថាវានឹងបង្កឱ្យមានរោគសញ្ញា ធ្ងន់ធ្ងរជាងវ៉ារ្យ៉ង់ Omicron នោះទេ។ ប្រធាន DDC បន្ថែមថា អ្នកដែលឆ្លងមេរោគ JN.1 នឹងមានរោគសញ្ញាស្រដៀងនឹងជំងឺផ្លូវដង្ហើមធម្មតា ដូចជាគ្រុនក្តៅ ក្អក ឈឺក ឈឺខ្លួន ឈឺក្បាល និងហៀរសំបោរ៕

វិចិត្រករម្នាក់ប្រកាសលក់ស្នាដៃផ្ទាំងគំនូររបស់ខ្លួនដែលបន្សល់ទុកតាំងពីឆ្នាំ២០០០ ដើម្បីយកថវិការមើលម្ដាយដែលកំពុងមានជំងឺដ៏ធ្ងន់ធ្ងរ!
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤

(សង្គម)៖ បុរសដែលជាវិចិត្រករម្នាក់បានសម្រេចចិត្តប្រកាសលក់នូវស្នាដៃគំនូរដំបូងរបស់ខ្លួនដែលបន្សស់តាំងតែពីឆ្នាំ២០០០មកម្លេះទាំងចិត្តមិនសូវចង់ បើគិតមកទល់ពេលនេះគំនូរនោះគឺមានអាយុ២៤ឆ្នាំឯណោះ។ ការសម្រេចចិត្តដ៏លំបាកមួយនេះគឺដើម្បីតែត្រូវការថវិការដែលលក់បានទាំងនោះទុកមើលថែម្ដាយដែលកំពុងមានជំងឺដុះសាច់ក្នុងថ្លើមនិងសួតដែលជាដំណាក់កាលចុងក្រោយ។យ៉ាងណាមិញនេះយោងតាមរយៈការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះBin Chharann ដោយបានអមមកជាមួយខ្លឹមសាររៀបរាប់យ៉ាងដូច្នេះថា«ស្នាដៃគំនូរលើកតំបូងរបស់ខ្ញុំគូរនៅឆ្នាំ2000មកដល់ពេលនេះមានអាយុកាល24ឆ្នាំ មិនដឹងថារូបគំនូរនេះនិងមាននិស្ស័យបានទៅលើបងប្អូនរូបណាដែលហ៊ានទិញផ្ទាំងគំនូរនេះទេ តម្លៃ៤លានរៀល ទំហំ បណ្តោយ ១ម៉ែត្រ ទទឹង ៧តឹកគំនូរនេះខ្ញុំមិនចង់លក់ទេប៉ុន្តែខ្ញុំលក់ដើម្បីមើលអ្នកម្តាយរបស់ខ្ញុំដែលកុំពុងមានជំងឺដុះសាច់ក្នុងថ្លើមនិងសួតដែលជាដំណាក់កាលចុងក្រោយ សូមបងប្អូនជួយទិញខ្ញុំផង ដោយសេចក្តីគោរពអំពីខ្ញុំប៊ិន ឆារ៉ាន់ លេខតេឡេក្រាម012204022»។ទន្ទឹមនឹងនោះផងដែរម្ចាស់គណនីខាងលើក៏បានភ្ជាប់មកជាមួយរូបភាពផ្ទាំងគំនូរប៉ុន្មានសន្លឹក និងរូបភាពម្ដាយដែលកំពុងសម្រាកក្នុងបន្ទីរពេទ្យផងដែរ។ ទោះជាយ៉ាងណាក្រោយពីបានឃើញរូបគំនូរនោះរួចមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនធំបានពោលពាក្យសរសើរថា ស្អាតណាស់ ដូច្នេះហើយចំពោះបងប្អូនដែលបានពេញចិត្តនិងស្រឡាញ់មានចំណាប់អារម្មណ៍ចំពោះស្នាដៃសិល្បៈរបស់បុរសខាងលើសូមកុំភ្លេចជួយគាំទ្រនិងជួយទិញរូបគាត់ផង នោះលោកអ្នកមិនត្រឹមតែទទួលបាននូវផ្ទាំងគំនូរដ៏ស្អាតផូផង់នោះទេ តែលោកអ្នកក៏អាចជួយសម្រួលបន្ទុកក្នុងការព្យាបាលរបស់ម្ដយគាត់ទៀតផង៕

NEA នឹងរៀបចំវេទិកាការងារដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតជិត៨០០ កន្លែង ពីក្រុមហ៊ុនធំៗចំនួន ១៣ សម្រាប់ផ្តល់ជូនយុវជន
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤

វេទិកាការងារ និងកម្មសិក្សាការងារ សហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានការចូលរួមពីក្រុមហ៊ុនធំៗចំនួន១៣ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៧៤៣ កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារដោយផ្ទាល់ភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំងនោះបានចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ក្រុមហ៊ុន និងស្ថាប័នធំៗទាំង១៣ ដែលនឹងចូលរួមវេទិកាការងារនាថ្ងៃទី២៨ខាងមុខនេះរួមមាន៖ ធនាគារឯកទេស AEON, ក្រុមហ៊ុន NOVA, ក្រុមហ៊ុន លីហួរ, បុរីឡាយ គង់, មីក្រូហិរញ្ញវត្ថុ ជោគជ័យ, ធនាគារ LOLC, ក្រុមហ៊ុន EMD(F&D) Co,ltd, ក្រុមហ៊ុន MEKONGNET, ក្រុមហ៊ុន FORT Life Assurance, មីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន គួចម៉េងលី គ្រុប, ក្រុមហ៊ុន SNKRP, និងក្រុមហ៊ុន Forward International Investment។ឈ្មោះ រ៉េត សាគា ប្រធានផ្នែកជ្រើសរើសបុគ្គលិក និងផ្សព្វផ្សាយរបស់ធនាគារ AEON បានលើកឡើងថា NEA តែងតែផ្តល់ឱកាសដល់ធនាគារ AEON ចូលរួមក្នុងវេទិកាផ្សេងៗដែល NEA រៀបចំមិនថាជាវេទិកាការងារ ពិព័ណ៌ការងារ ឬកិច្ចសម្ភាសការងារជាដើម។ ព្រឹត្តិការណ៍ដែល NEA រៀបចំឡើងគឺពិតជាបានរួមចំណែកធំធេងណាស់ក្នុងការជួយដល់និយោជកក្នុងការជ្រើសរើសបុគ្គលិក។លោកបញ្ជាក់បន្ថែមទៀតថា ប្រសិនជាសិស្សនិស្សិត ឬអ្នកមានបំណងចង់ស្វែងរកការងារធ្វើសូមកុំភ្លេច NEA ដែលជាមជ្ឈមណ្ឌលព័ត៌មានការងារយ៉ាងសំបូរបែប។ លោកក៏សូមថ្លែងអំណរអគុណដល់ NEA ដែលតែងតែសម្របសម្រួលដល់ធនាគារ AEON ក៏ដូចជាក្រុមហ៊ុនដទៃផ្សេងទៀត ក្នុងចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗ។ លោកបានអំពាវនាវចំពោះយុវជនដែលពុំទាន់មានការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារសូមតាមដាន page ឬ telegram របស់ NEA នោះនឹងទទួលបានព័ត៌មានពីឱកាសការងារយ៉ាងច្រើន នឹងមកចូលរួមនៅវេទិការងារការងារថ្ងៃទី២៥ ខាងមុខនេះឱ្យបានច្រើនកុះករ។ឮព័ត៌មានបន្ថែមអំពីការចូលរួមវេទិកាការងារ សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

ក្រោយទឹកជំនន់វាយប្រហារ ផ្នែកខ្លះនៃទីក្រុងឌូបៃស្រកទឹកទៅវិញ ខណៈផ្នែកខ្លះនៅតែលិច
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤

(អន្តរជាតិ)៖ ទីក្រុងឌូបៃ ជាទីក្រុងនៅវាលខ្សាច់​ ដែលត្រូវបានវាយប្រហារដោយទឹកជំនន់កាលពី សប្តាហ៍មុន កំពុងធ្វើការសម្អាតផ្លូវទ្រង់ទ្រាយធំ បន្ទាប់ពីមានភ្លៀងធ្លាក់ដ៏អាក្រក់បំផុតមិនធ្លាប់មាន។អាកាសយានដ្ឋានអន្តរជាតិឌូបៃ ដែលជាមជ្ឈមណ្ឌលធ្វើដំណើរដ៏សំខាន់មួយ បានជួបការលំបាក ក្នុងការលុបចោលជើងហោះហើរ ហើយផ្លូវជាច្រើននៅតែត្រូវបានជន់លិច បន្ទាប់ពីទឹកជំនន់ កាលពីថ្ងៃអង្គារសប្តាហ៍មុន។នេះជាភ្លៀងធ្លាក់ខ្លាំងជាងគេបំផុតក្នុងប្រទេសអារ៉ាប់រួម ក្នុងរយៈពេល 75 ឆ្នាំ។ ទឹកជំនន់ បានធ្វើឱ្យ ប្រទេស ជាប់គាំង និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ។ទឹក​ជំនន់​បាន​ធ្វើ​ឲ្យ​អ្នក​ស្រុក​ជាប់​ក្នុង​ចរាចរណ៍ ការិយាល័យ និង​ផ្ទះ។ វីដេអូដែលបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា​ផ្សារទំនើបត្រូវបានគ្រប ដណ្តប់ ទៅដោយទឹកជំនន់។នៅទីក្រុងឌូបៃ ដែលជាប្រទេសអេមីរ៉ាតដែលមានប្រជាជនច្រើនជាងគេរបស់អេមីរ៉ាតអារ៉ាប់រួម ចរាចរណ៍ នៅតែត្រូវបានរំខាន ទោះបីជាសេវាដឹកជញ្ជូនសាធារណៈបានដំណើរការឡើងវិញក៏ដោយ។ការបិទផ្លូវ ផ្លូវវាង និងផ្លូវដែលលិចទឹកមួយផ្នែក បណ្តាលឱ្យមានការកកស្ទះយ៉ាងខ្លាំង។ផ្លូវហាយវេឆ្លងកាត់ទីក្រុងឌូបៃត្រូវបានកាត់បន្ថយមកត្រឹមផ្លូវតែមួយក្នុងទិសដៅតែមួយ ខណៈដែល ផ្លូវធំដែលតភ្ជាប់ទីក្រុងឌូបៃជាមួយរដ្ឋធានី Abu Dhabi ត្រូវបានបិទមួយផ្នែកក្នុងទិសដៅទាំងពីរ។យានជំនិះ រួមទាំងឡានក្រុង ត្រូវបានបោះបង់ចោលនៅតាមដងផ្លូវ ហើយខ្លះអាចត្រូវបា នគេមើលឃើញថា លិចក្នុងទឹក។ នៅទីក្រុង Abu Dhabi ផ្សារទំនើប និងភោជនីយដ្ឋានមួយចំនួន ប្រឈមនឹងការខ្វះខាតផលិតផល ដោយមិនអាចទទួលបានការដឹកជញ្ជូនពីទីក្រុងឌូបៃ។អាកាសយានដ្ឋានឌូបៃមិនទាន់អាចដំណើរការធម្មតាឡើងវិញបានទេ បន្ទាប់ពីព្យុះបានជន់លិចផ្លូវតាក់ស៊ី ដោយបង្ខំឱ្យមានការបង្វែរជើងហោះហើរ ការពន្យារពេល និងការលុបចោល។លោក Majed Al Joker ប្រធានផ្នែកប្រតិបត្តិការរបស់អាកាសយានដ្ឋានឌូបៃបានប្រាប់ទូរទស្សន៍ Al Arabiya ថា លោករំពឹងថាអាកាសយានដ្ឋានអន្តរជាតិឌូបៃនឹងឈានដល់សមត្ថភាព 60-70% នៅចុង សប្តាហ៍មុន និងសមត្ថភាពប្រតិបត្តិការពេញលេញក្នុងរយៈពេល 24 ម៉ោង។ សារព័ត៌មានមួយចំនួនបានរាយការណ៍ថា ទឹកជំនន់នៅទីក្រុងឌូបៃ ក្រស្រកទៅវិញ ជាហេតុធ្វើឱ្យ មានការលំបាកក្នុងការបោសសំអាត ប៉ុន្តែផ្នែកខ្លះក្នុងទីក្រុងបានស្រកទៅវិញអស់ និងមានសភាព ស្ងួតធម្មតាវិញ៕ 

តើការផឹកទឹកដូង អាចជំនួសទឹកធម្មតាបានទេ?
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤

(សុខភាព)៖ នារដូវក្តៅនេះ ទឹកដូង បានក្លាយជាភេសជ្ជះពេញនិយម សម្រាប់មនុស្សភាគច្រើន ដោយសារតែគេគិត ទឹកដូង អាចជួយបំពេញជាតិ ទឹកក្នុងខ្លួន និងជួយទប់ទល់ទៅនឹងអាកាសធាតុ ក្តៅខ្លាំង។ ក្រោយមានការពេញនិយមបែបនេះ មានសំណួរលើកឡើងថា តើការផឹកទឹកដូង អាចជំនួសទឹកធម្មតាបានទេ?តើវាត្រូវបានណែនាំឱ្យទទួលទានទឹកដូងជារៀងរាល់ថ្ងៃជំនួសទឹកធម្មតា ដើម្បីស្ដារកម្រិតប៉ូតាស្យូម និងរក្សាភាពត្រជាក់ក្នុងកំដៅដែរឬទេ? លោកបណ្ឌិត Bui Dac Sang បណ្ឌិតសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម សមាគមឱសថបុរាណ បូព៌ាហាណូយ បាននិយាយថា ទឹកដូងស្រស់ គឺជាភេសជ្ជៈធម្មជាតិដែលមានសុវត្ថិភាព និងពេញនិយម សម្រាប់បំបាត់ការស្រេកទឹក។ វាមិនត្រឹមតែមានកាឡូរី និងជាតិខ្លាញ់ទាបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង សំបូរទៅដោយវីតាមីន សារធាតុរ៉ែ និងសារធាតុចិញ្ចឹមជាច្រើនដូចជាអាស៊ីតlauric ក្លរួ ជាតិដែក ប៉ូតាស្យូម ម៉ាញ៉េស្យូម កាល់ស្យូម និងសូដ្យូម។ វាជួយដល់តុល្យភាពអេឡិចត្រូលីត ពង្រឹងសុខភាព ស្បែក បង្កើនកម្រិតថាមពល និងជួយគ្រប់គ្រងសម្ពាធឈាម។ដោយសារតែបរិមាណប៉ូតាស្យូមច្រើនរបស់វា ទឹកដូងគឺល្អសម្រាប់ផ្តល់ជាតិទឹក និងបំពេញបន្ថែម ដល់រាងកាយ។ វាមានប្រយោជន៍ជាពិសេសក្នុងអំឡុងពេលរដូវក្តៅ ឬបន្ទាប់ពីសកម្មភាពរាង កាយយ៉ាងម៉ត់ចត់ ព្រោះវាផ្តល់ជាតិទឹកដល់រាងកាយយ៉ាងឆាប់រហ័ស ព្យាបាលរាគ និងជួយបញ្ហា ក្រពះពោះវៀន។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់បញ្ហាក្រពះពោះវៀន ការប្រើប្រាស់របស់វា គួរតែមានរយៈពេលខ្លី និងក្រោមការណែនាំពីគ្រូពេទ្យ ដើម្បីការពារការពឹងផ្អែក។ទោះជាយ៉ាងណាក៏ដោយ វាមិនត្រូវបានណែនាំឱ្យប្រើទឹកដូង ជាការជំនួសទឹលធម្មតា ទាំងស្រុង នោះទេ។ការប្រុងប្រយ័ត្ននេះ កើតចេញពីកំហាប់ប៉ូតាស្យូមខ្ពស់នៅក្នុងទឹកដូង។ ការប្រើប្រាស់ច្រើនពេក អាចបណ្តាលឱ្យមានការថយចុះសម្ពាធឈាម អតុល្យភាពអេឡិចត្រូលីត និងអាចបង្កគ្រោះថ្នាក់ដល់ តម្រងនោម។ បុគ្គលដែលមានកម្រិតប៉ូតាស្យូមខ្ពស់ ឬទទួលរងពីជំងឺតម្រងនោម ត្រូវបានគេណែនាំអោ យឈប់ទទួលទានភេសជ្ជៈនេះ។លើសពីនេះ ទឹកដូងមានបរិមាណកាបូអ៊ីដ្រាតច្រើនសន្ធឹកសន្ធាប់ ដែលអាចធ្វើឱ្យបញ្ហារំលាយ អាហារកាន់តែធ្ងន់ធ្ងរសម្រាប់អ្នក​ដែលមានជម្ងឺពោះវៀន ។សម្រាប់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ដែល​តែង​ជួប​ប្រទះ​បញ្ហា​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម ការ​ទទួល​ទាន​ទឹក​ដូង​ច្រើន​គួរ​ត្រូវ​បាន​ជៀសវាង៕

ថៃមើលឃើញផ្កាយដុះកន្ទុយមួយប្រភេទ ដែលបង្ហាញខ្លួនម្តងទៀតនៅ៧១ឆ្នាំក្រោយ
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤

(អន្តរជាតិ)៖ ប្រជាជនថៃអាចសង្កេតមើលផ្កាយដុះកន្ទុយ 12P/Pons-Brooks កាលពីល្ងាចថ្ងៃអាទិត្យ ខណៈដែលវាខិតជិតព្រះអាទិត្យបំផុតជាលើកចុងក្រោយ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច បច្ចុប្បន្ន របស់ផ្កាយដុះកន្ទុយ។អ្នកសង្កេតការណ៍អាចចាប់វាបានភ្លាមៗ បន្ទាប់ពីព្រលប់នៅលើមេឃខាងលិចរហូតដល់ម៉ោងប្រហែល 8 យប់ ម៉ោងនៅប្រទេសថៃនៅថ្ងៃអាទិត្យទី 21 ខែមេសា។ ការខកខានព្រឹត្តិការណ៍នេះមានន័យថា ត្រូវរង់ចាំរហូតដល់ឆ្នាំ 2095 ប្រហែល 71 ឆ្នាំពីពេលនេះសម្រាប់ឱកាសមួយផ្សេងទៀត។វិទ្យាស្ថានស្រាវជ្រាវតារាសាស្ត្រជាតិនៃប្រទេសថៃ (NARIT) បាននិយាយថា ផ្កាយដុះកន្ទុយ 12P/Pons-Brooks ដែលមានព័ត៌មានតាំងពីដើមខែមីនា ឥឡូវនេះកំពុងឈានចូលដំណាក់កាលដ៏ល្អ ប្រសើរសម្រាប់ ការសង្កេតមើល។ នៅថ្ងៃអាទិត្យ វាបានចូលទៅជិតព្រះអាទិត្យបំផុតនៅចម្ងាយប្រហែល 116 លានគីឡូ ម៉ែត្រ។មានឱកាសដែលផ្កាយដុះកន្ទុយនឹងកាន់តែភ្លឺខ្លាំង មុនពេលស្រកចុះបន្តិចម្តងៗពីព្រះអាទិត្យ ហើយនៅ ទីបំផុតនឹងរលត់រហូតដល់ចំណុចដែលវាមិនអាចមើលឃើញបាន។បច្ចុប្បន្ន ផ្កាយដុះកន្ទុយ 12P/Pons-Brooks ស្ថិតនៅចន្លោះក្រុមតារានិករ Taurus និង Aries។ យោងតាមទិន្នន័យរបស់ Comet Observers Database ផ្កាយដុះកន្ទុយបច្ចុប្បន្នមានរ៉ិចទ័រជាក់ស្តែងប្រហែល 4.3 មានន័យថា វាអាចមើលឃើញដោយភ្នែកទទេក្នុងទីងងឹតគ្មានការបំពុលពន្លឺ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានព្រឹទ្ធសភា
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃ ទី២៣ ខែមេសា ឆ្នាំ២០២៤នេះ អញ្ជើញជួបពិភាក្សាការងារ ជាមួយឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoutlith) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់២៤ ខែមេសា ឆ្នាំ២០២៤៕

ឧទ្ធម្ភាគចក្រ២គ្រឿងបុកគ្នា បណ្តាលឱ្យមនុស្ស១០នាក់បាត់បង់ជីវិត
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤

(គូឡាឡាំពួរ)៖ បុគ្គលិកយោធាម៉ាឡេស៊ី១០នាក់ នៅលើឧទ្ធម្ភាគចក្រកងទ័ពជើងទឹកពីរគ្រឿង បានស្លាប់ បន្ទាប់ពីយន្តហោះរបស់ពួកគេ បានបើកបុកគ្នានៅកណ្តាលអាកាស លើមូលដ្ឋានទ័ពជើងទឹក នៅទីក្រុង Lumut រដ្ឋ Perak ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានCNAនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៤។មូលដ្ឋានកងទ័ព Royal Malaysian Navy (RMN) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧទ្ធម្ភាគចក្រប្រតិបត្តិការដែនសមុទ្រ HOM និងឧទ្ធម្ភាគចក្រ Fennec បានធ្លាក់នៅម៉ោង 9.32 ព្រឹក។យោងតាមសារផ្ញើដោយកងទ័ពជើងទឹកបានឱ្យដឹងថា ឧទ្ធម្ភាគចក្របានហោះឡើងនៅម៉ោង ៩ និង០៣នាទីព្រឹក។ សារនោះបាននិយាយថា ឧទ្ធម្ភាគចក្រ HOM បានធ្លាក់ នៅលើជណ្តើរ នៃកីឡដ្ឋានមួយ ខណៈដែលឧទ្ធម្ភាគចក្រ Fennec បានធ្លាក់ចូលទៅក្នុងអាងទឹក។កងទ័ពជើងទឹកបាននិយាយថា ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជាក់ថាស្លាប់នៅកន្លែងកើតហេតុ ហើយ បានបញ្ជូនទៅមន្ទីរពេទ្យកងកម្លាំងប្រដាប់អាវុធមូលដ្ឋានទ័ពជើងទឹក Lumut សម្រាប់ដំណើរការ កំណត់អត្តសញ្ញាណ ដោយបន្ថែមថា នាបសមាជិកនាវិក 7 នាក់នៅលើឧទ្ធម្ភាគចក្រ HOM និង 3 នាក់ ទៀតនៅលើឧទ្ធម្ភាគចក្រ Fennec ។មេប៉ូលីសរដ្ឋ Perak លោក Mohd Yusri Hassan Basri បានបញ្ជាក់ថាមនុស្ស 10 នាក់បានស្លាប់។ការហ្វឹកហ្វឺននេះគឺជាផ្នែកមួយនៃការហាត់សមសម្រាប់ព្យុហយាត្រាទិវាកងទ័ពជើងទឹកលើកទី 90 ។កងទ័ពនឹងបង្កើតក្រុមប្រឹក្សាស៊ើបអង្កេតដើម្បីកំណត់អត្តសញ្ញាណមូលហេតុនៃឧប្បត្តិហេតុនេះ។វីដេអូនៃឧបទ្ទវហេតុដែលត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីឧទ្ធម្ភាគចក្រចំនួន ៧គ្រឿងបានហោះពីលើមូលដ្ឋាន បន្ទាប់មកឧទ្ធម្ភាគចក្រ​ពីរគ្រឿងបាន​បុក​គ្នា ដែល​ចេញ​នូវ​ផ្សែង និង​កម្ទេចកម្ទី មុន​នឹង​ធ្លាក់​មក​ដី។នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានផ្ញើសាររំលែកទុក្ខ ដល់ក្រុមគ្រួសារជនរងគ្រោះ៕

អបអរសមាជិកថ្មី! ប្រទះឃើញកូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ហើយជាកូនផ្សោតទី៧ ដែលបានកើតនៅដើមឆ្នាំ២០២៤នេះ!
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤

(ក្រចេះ)៖ ជាការពិតណាស់នេះអាចចាត់ទុកថាជាដំណឹងមួយដ៏រីករាយផងដែរ ដោយកាលពីពេលថ្មីៗនេះគេបានប្រទះឃើញកូនផ្សោតទើបនឹងកើតថ្មីបានមួយក្បាលថែមទៀតនៅអន្លង់កាំពី ខេត្តក្រចេះ។ វត្តមានសមាជិកថ្មីនេះផងដែរនឹងកាន់តែធ្វើឱ្យតំបន់ទេសចរណ៍ក្នុងខេត្តក្រចេះកាន់តែមានភាពទាក់ទាញនូវទស្សនីយភាពទាំងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។យ៉ាងណាមិញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង១៥:១០នាទី នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅអន្លង់កាំពី ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រៃប្រសព្វ ខេត្តក្រចេះ។ កូនផ្សោតនេះ ស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន ៣ក្បាលផ្សេងទៀត។សូមជម្រាបថា នេះគឺជាកូនផ្សោតទី៧ ដែលបានកើតនៅដើមឆ្នាំ២០២៤នេះ។ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនឆ្នាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។ ទន្ទឹមនេះ ប្រសិនបើបងប្អូនប្រជានេសាទបានប្រទះឃើញវត្តមានសត្វផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ច ជលផល ដែលមានលេខទូរស័ព្ទ ០១២ ៨៩៧ ៩៤៣, ០១១ ៣៥៥ ៨៨៣, ០៩៩ ៧៩១ ៩១៩, ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២៕

ថែសុខភាព! ចាប់ពីថ្ងៃទី ២៣-២៥ ខែមេសា តំបន់ខ្លះនឹងឡើងកម្តៅដល់ ៣៨អង្សារសេ
ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ យោងតាមការចុះផ្សាយពីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថាសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា និងសមុទ្រចិនខាងត្បូង។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤៖១. តំបន់វាលទំនាប ៖ -សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតីមាន​ល្បឿនមធ្យម ៣,៥ម៉ែត្រ/វិនាទី។ ២.តំបន់ខ្ពង់រាប ៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិស​និរតីមានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី២%។ ៣.តំបន់មាត់សមុទ្រ ៖-សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសនិរតីមានល្បឿន មធ្យម ២,៥ម៉ែត្រ/វិនាទី។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕ 

ក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងបុគ្គលិក ទទួលបណ្តឹងសាធារណៈ និងសោធននិវត្តន៍ នៃសាធារណរដ្ឋឥណ្ឌា
ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤

(ព័ត៌មានជាតិ)៖ ក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបុគ្គលិក ទទួលបណ្តឹងសាធារណៈ និងសោធននិវត្តន៍ នៃសាធារណរដ្ឋឥណ្ឌា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវបណ្ឌិត Devyani Uttam Khobragrade ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។មានប្រសាសន៍ក្នុងពិធីចុះអនុស្សរណៈនេះ ឯកឧត្តម ប៉ូល ពីឌូ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានលើកឡើងថា ពិធីចុះអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងនាពេលនេះ ពិតជាមានសារៈសំខាន់ក្នុងការជំរុញទំនាក់ទំនងជាដៃគូនៃប្រទេសទាំងពីរ ក្នុងការចូលរួមចំណែកការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការនៅកម្ពុជា លើសពីការផ្លាស់ប្តូរចំណេះដឹង អនុស្សរណៈនេះផ្តោតលើការរៀនសូត្រទៅវិញទៅមក ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សក្នុងមុខងារស៊ីវិល ដែលរួមចំណែកដល់ការកែលម្អអភិបាលកិច្ច ការផ្តល់សេវាសាធារណៈ និងការអនុវត្តគោលនយោបាយក្នុងប្រទេសទាំងពីរ។ អនុស្សរណៈនៃការយោគយល់គ្នានេះសង្កត់ធ្ងន់លើការអនុវត្តជាក់ស្តែង និងធ្វើជាឧទាហរណ៍នៃកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាពក្នុងវិស័យសេវាកម្មស៊ីវិល។ឯកឧត្តមបានបន្តថា ក្នុងរយៈពេលចុងក្រោយនេះ ជាពិសេសក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី ក្រសួងមុខងារសារធារណៈ សម្រេចបាននូវសមិទ្ធផលនានាជាច្រើន រួមទាំងការរៀបចំរចនាសម្ព័ន្ធអង្គភាពឡើងវិញ ដើម្បីឱ្យស្របតាមការងារអាទិភាព និងគោលនយោបាយ កែលម្អការគ្រប់គ្រងមន្ត្រីរាជការ តាមរយៈឯកសារច្បាប់ ការដំឡើងប្រាក់បៀវត្សរ៍ ប្រាក់ឧបត្ថម្ភ និងការលើកកម្ពស់សមភាពយេនឌ័រ ព្រមទាំងការដាក់បញ្ចូលជនពិការ គាំទ្រដល់ការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការតាមរយៈការបណ្តុះបណ្តាល និងសិក្ខាសាលា ការបង្កើតប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងមន្ត្រីរាជការ និងការអនុវត្តវិធានការសំខាន់ៗ។គួរបញ្ជាក់ផងដែរថា ក្រសួងមុខងារសាធារណៈ បានចាប់ផ្ដើមសហការការងារជាមួយស្ថានទូតឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាភាគីនៃសាធារណរដ្ឋឥណ្ឌា ចាប់តាំងពីឆ្នាំ២០១៥ មក ក្នុងកិច្ចសហប្រតិបត្តិការដើម្បីលើកកំពស់វិស័យមុខងារសាធារណៈ នៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង៕

ថែសុខភាព! ចាបពីថ្ងៃទី ២៣-២៥ ខែមេសា តំបន់ខ្លះនឹងឡើងកម្តៅដល់ ៣៨អង្សារសេ
ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ យោងតាមការចុះផ្សាយពីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថាសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា និងសមុទ្រចិនខាងត្បូង។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤៖១. តំបន់វាលទំនាប ៖ -សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតីមាន​ល្បឿនមធ្យម ៣,៥ម៉ែត្រ/វិនាទី។ ២.តំបន់ខ្ពង់រាប ៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិស​និរតីមានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី២%។ ៣.តំបន់មាត់សមុទ្រ ៖-សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសនិរតីមានល្បឿន មធ្យម ២,៥ម៉ែត្រ/វិនាទី។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕ 

បណ្តាញសង្គម