(សង្គម)៖ ថ្មីៗនេះផ្ទុះការចែកចាយនិងគាំទ្រចំពោះការលើកឡើងយ៉ាងព្រោងព្រាតរបស់អាណាព្យាបាលម្នាក់ដែលមានកូនទើបតែឡើងមកសិក្សាបន្តនៅរាជធានីភ្នំពេញ។ ដោយការលើកឡើងនោះគឺជាការសំណូមពរទៅកាន់ប៉ូលីសចរាចរណ៍នៅទីក្រុងភ្នំពេញគួរណាអនុគ្រោះចំពោះសិស្សានុសិស្សដែលទើបតែមកពីខេត្តឬណែនាំម្ដងទៅពីរដងជាមុនសិនមុននឹងផាកពិន័យនៅពេលដែលពួកគេល្មើសឬបើកបរខុសដោយប្រការណាមួយ។យ៉ាងណាមិញយោងតាមគណនីហ្វេសប៊ុកឈ្មោះ បូរ បូរបានបង្ហោះនូវសំណេរមួយមានខ្លឹមសារយ៉ាងដូច្នេះថា«សូមប៉ូលីសទីក្រុងមេត្តាអនុគ្រោះឬធ្វើការណែនាំម្ដងឬ2ដងដល់សិស្សសាលាឡើងពីខេត្តទៅសិក្សានៅក្នុងក្រុងពួកគាត់មិនស្គាល់ផ្លូវច្បាស់ទេ បើផាកថ្លៃៗអស់លុយបង់បន្ទប់ជួលហើយ»។ ក្រោយពីបានឃើញការលើកឡើងក៏ដូចជាការបង្ហោះមួយនេះហើយមានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនជាពិសេសអាណាព្យាបាលដែលទើបតែមានកូនឡើងមកភ្នំពេញដើម្បីបន្តការសិក្សានាំគ្នាគាំទ្រយ៉ាងពេញទំហឹងចំពោះការសំណូមពរបែបនេះ ដោយហេតុថាសិស្សៗដែលទើបតែមកពីបណ្ដាខេត្តភាគច្រើនគឺពួកគេពុំទាន់ស្គាល់ផ្លូវនៅទីក្រុងប៉ុន្នាននោះឡើយ ណាមួយទៀតពួកគេក៏មិនទាន់សាំជាមួយនឹងផ្លាកសញ្ញាមួយចំនួនទៀតដូច្នេះហើយពួកគេគួរណាតែទទួលបានការណែនាំលើកទីមួយឬលើកទីពីរជាមុនសិនមុននឹងត្រូវផាកពិន័យ។ ការណែនាំបែបនេះទៀតសោតគឺដើម្បីទុកពេលឱ្យពួកគេរៀនសូត្រពីច្បាប់ចរាចរណ៍បន្ថែមទៀត ក៏ប៉ុន្តែបើក្នុងករណីណែនាំលើសពីពីរដងហើយពួកគេនៅតែធ្វើខុសទៀតនោះសាកសមហើយដែលត្រូវទទួលនូវការផាកពិន័យតាមច្បាប់។ លើសពីនោះផងដែរភាគច្រើនសិស្សដែលមកពីតាមបណ្ដាខេត្តគឺត្រូវចំណាយទៅលើការបង់ផ្ទះជួលជាចាំបាច់រីឯការផាកពិន័យទៀតសោតគឺត្រូវចំណាយលុយច្រើន ការត្អូញត្អែរបែបនេះមិនមែនចង់បន្ទោសឬដាក់បន្ទុកកាន់ប៉ួលីសនោះទេ តែគ្រាន់តែជាហេតុផលជាក់ស្ដែងហើយចង់ឱ្យមានការសម្រួលសម្រាប់កំហុសដំបូងៗតែប៉ុណ្នោះ។ទោះជាយ៉ាងណាក្ដីទាំងនេះគឺជាការយល់ឃើញនឹងជាការសំណូមពរពីសំណាក់អាណាព្យាបាលសិស្សទៅកាន់ប៉ូលិសចរាចរណ៍នៅទីក្រុងតែប៉ុណ្ណោះ រីឯជាក់ស្ដែងយ៉ាងណាក្ដីគ្រប់គ្នាក៏ទាន់ដឹងដូចគ្នា តែក្នុងនោះក៏មានបណ្ដាមតិយោបល់មួយចំនួនផងដែរដែលពួកគេបានចែករំលែកពីបទពិសោធន៍របស់ខ្លួនថា ធ្លាប់បានជួបប៉ូលីសចរចរណ៍ខ្លះពេលដែលដឹងថាជាសិស្សទើបមកពីខេត្តគឺគាត់មិនបានផាកពិន័យនោះទេតែផ្ទុយទៅវិញគឺគាត់បានពន្យល់ណែនាំ ហើយតាំងពីពេលនោះមកគឺពួកគេមិនដែលត្រូវបានផាកពិន័យទៀតឡើយដោយបានប្រុងប្រយ័ត្ននិងសិក្សាពីច្បាប់ចរាចរណ៍បន្ថែម៕
(អន្តរជាតិ)៖ ម៉ាកយីហោវៀតណាម LSeoUL បានលក់ខោអាវអស់ក្នុងរយៈពេលត្រឹមតែ 15 នាទីប៉ុណ្ណោះ បន្ទាប់ពីម៉ូតរបស់ខ្លួន បង្ហាញខ្លួននៅលើ Jennie មកពីក្រុមចម្រៀងនារីកូរ៉េខាងត្បូង Blackpink។Jennie បានចែករំលែករូបថតជាច្រើនសន្លឹក និងវីដេអូមួយដែលនាងត្រូវបានគេមើលឃើញថា កំពុងផ្សព្វផ្សាយបណ្តុំវ៉ែនតានាពេលខាងមុខ ដោយសហការជាមួយ Gentle Monster នៅលើគណនី Instagram របស់នាង។មិនចំណាយពេលយូរប៉ុន្មានទេសម្រាប់អ្នកតាមដានម៉ូដដែលចង់ដឹងថា សំពត់របស់នាងគឺមកពីម៉ាកយីហោវៀតណាម LSeoUL ដែលលក់រាយក្នុងតម្លៃ 980,000 ដុង (38.5 ដុល្លារ)។ ម៉ាកយីហោនេះក៏ ទទួលបានការពេញចិត្តពីតារាកូរ៉េខាងត្បូងផ្សេងទៀត រួមទាំង Miyeon មកពីក្រុមចម្រៀងនារី (G)I-DLE និងតារាចម្រៀង IU ផងដែរ។បន្ទាប់ពីលក្ខណៈពិសេសរបស់ Jennie, LSeoUL បានរាយការណ៍ពីការកើនឡើងនៃការបញ្ជាទិញ សម្រាប់សំពត់ដែលនាងពាក់ ដោយទាំងអស់ 2000 សំពត់ នៅក្នុងស្តុកត្រូវបានលក់អស់ ក្នុងរយៈពេលប្រហែល 15 នាទី។ អ្នកទិញមិនត្រូវបានកំណត់ចំពោះអតិថិជនវៀតណាមទេ ប៉ុន្តែរួម បញ្ចូលអ្នកចូលចិត្តម៉ូដថៃផងដែរ។Jennie ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយ ជាអ្នកមានឥទ្ធិពល ដោយមាននិន្នាការជាច្រើនដែលនាងទទួលយកលក់ចេញយ៉ាងឆាប់រហ័ស។របាយការណ៍ពី Vogue Korea និង Vogue Business បង្ហាញថា ការបង្ហាញខ្លួនជាសាធារណៈរបស់ Jennie បង្កើនចំណាប់អារម្មណ៍លើការស្វែងរក ការលក់ និងការចូលរួមប្រព័ន្ធផ្សព្វផ្សាយសង្គម សម្រាប់ម៉ាក ដែល នាងតំណាង។Kim Jennie កើតនៅទីក្រុងសេអ៊ូល តារាចម្រៀងវ័យ 28 ឆ្នាំរូបនេះបានចំណាយពេល 5 ឆ្នាំនៅប្រទេស នូវែលសេឡង់សម្រាប់ការអប់រំរបស់នាង មុនពេលត្រលប់មកកូរ៉េខាងត្បូងដើម្បីបង្ហាញមុខជាមួយ Blackpink ក្នុងឆ្នាំ 2016 ៕
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានថ្លែងបញ្ជាក់ទៅកាន់សមាជិកសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា(EuroCham) អំពីការកែសម្រួលសេវារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅអាណត្តិទី៧ថ្មីនេះដើម្បីបន្តជួយគាំទ្រ និងបង្កើនបរិយាកាសអាជីវកម្មនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រីយ៉ាងដូចនេះ គឺនៅពេលដែលឯកឧត្តមបានអញ្ជើញជាអធិបតីក្នុងវេទិកាធនធានមនុស្សប្រចាំឆ្នាំរបស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា(EUROCHAM) ដែលបានធ្វើឡើងនៅ សណ្ឋាគារអ៊កវ៉ូត(Oakwood) ក្នុងរាជធានីភ្នំពេញ។ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា សេវាមិនតិចជាង១០ប្រភេទនោះទេដែលក្រសួងនឹងត្រូវកែសម្រួលមិនយកថ្លៃ ឬកាត់បន្ថយថ្លៃ និងពេលវេលាដែលជាការអនុវត្តតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានលើកឡើងក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ ដើម្បីសម្រួលដល់វិស័យឯកជន។ ជាមួយនឹងការអបអរសាទរដោយសំឡេងទះដៃពីអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការកែសម្រួលសេវានឹងអាចប្រកាសនៅដើមសប្តាហ៍ក្រោយនៃខែមេសា ឆ្នាំ២០២៤នេះ។ បន្ថែមពីនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម បានជំរុញឱ្យសមាជិកសភាពាណិជ្ជកម្មអឺរ៉ុបដែលចង់បណ្តុះបណ្តាល ឬបង្កើនសមត្ថភាពបុគ្គលិក មកចុះឈ្មោះបណ្តុះបណ្តាលតាមគ្រឹះស្ថានអប់រំសិក្សារបស់ក្រសួងដែលនឹងផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃតាំងពីកម្រិតបច្ចេកទេសវិជ្ជាជីវៈកម្រិត១ រហូតដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស(ឌីប្លូម៉ា)។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានរំលឹកពីកម្មវិធីថ្នាក់ជាតិរបស់ប្រមុខរាជរដ្ឋាភិបាលលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់ដែលទទួលបានការបណ្តុះបណ្តាលដោយឥតគិតថ្លៃនិងប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាលចំនួន២៨ម៉ឺនរៀលក្នុងមួយខែ។ សូមបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់យកការបណ្តុះបណ្តាលជំនាញគឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងចំណោមយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំដើម្បីជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព គុណធម៌ សីលធម៌ ចរិយាមារយាទ មនសិការវិជ្ជាជីវៈ ស្មារតីទទួលខុសត្រូវដែលមានផលិតភាពខ្ពស់ មានភាពធន់ បត់បែនដែលអាចឆ្លើយតបតាមតម្រូវការនៃការវិវត្តយ៉ាងឆាប់រហ័សនៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម បច្ចេកវិទ្យាឌីជីថលក្នុងទិសដៅធានាថា ពលរដ្ឋម្នាកក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត៕