ព្យុងយ៉ាង ៖ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ប្រទេសកូរ៉េខាងជើងបាននិយាយនៅថ្ងៃពុធនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាឲ្យផលិតម៉ាស៊ីនរ៉ុក្កែត និងក្បាលគ្រាប់រ៉ុក្កែតបន្ថែមទៀតនៅក្នុងន័យបញ្ជូនសារគំរាមកំហែងយ៉ាងខ្លាំងប្រឆាំងទៅនឹងសហរដ្ឋអាមេរិក បន្ទាប់ពីភាពតានតឹងបានកើនឡើងខ្លាំងជាច្រើនសប្តាហ៍មកនេះ ។
ទូរទស្សន៍រដ្ឋរបស់ប្រទេសកូរ៉េខាងជើងបាននិយាយថា លោក គីម ជុងអ៊ុន បានបញ្ជាឲ្យវិទ្យាស្ថានផ្នែកសម្ភារគីមីផលិតម៉ាស៊ីនរ៉ុក្កែត និងក្បាលគ្រាប់រ៉ុក្កែតបន្ថែមទៀតតាមរយៈការពង្រីកដំណើរការផលិតកម្មម៉ាស៊ីន និងសមត្ថភាពនៃការផលិតក្បាលគ្រាប់រ៉ុក្កែតដែលត្រូវបានបង្កើតឡើងដោយវត្ថុធាតុដើមកាបូន ។
សូមរំឭកថា ប្រទេសកូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងនុយក្លេអ៊ែរពីរលើក និងមីស៊ីលជាច្រើនលើកចាប់តាំងពីដើមឆ្នាំ ២០១៦ មក ហើយកាលពីខែកក្កដាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបពីរលើកដោយជោគជ័យ ដែលបង្កឲ្យមានការថ្កោលទោស និងការដាក់ទណ្ឌកម្មយ៉ាងច្រើនពីអន្តរជាតិប្រឆាំងទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់គេនៅក្នុងការផលិតក្បាលគ្រាប់នុយក្លេអ៊ែរ ៕ (មាលីកា)
មតិយោបល់