(ព័ត៌មានជាតិ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងអំណរគុណចំពោះឯកឧត្តម LEE Jaeyoo អគ្គស្នងការនៃអគ្គស្នងការដ្ឋានអន្តោប្រវេសន៍នៃក្រសួងយុត្តិធម៌របស់សាធារណរដ្ឋកូរ៉េដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការគាំទ្រយ៉ាងល្អចំពោះវិស័យការងារនៃប្រទេសទាំងពីរប្រកបដោយផ្លែផ្កាសម្រាប់ប្រជាជាតិទាំងសងខាង។ ការបញ្ជាក់យ៉ាងដូចនេះ គឺធ្វើឡើងក្នុងជំនួបទ្វេភាគីនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីចំណងនៃកិច្ចសហការដ៏ល្អរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ចាប់តាំងពីឆ្នាំ២០០៧ដែលបាននិងកំពុងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋទាំងសងខាង។ ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា តាមរយៈកិច្ចគាំទ្រនៃសហប្រតិបត្តិការដ៏ល្អនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយខេត្ត ក្រុង ស្រុករបស់សាធារណរដ្ឋកូរ៉េចំនួន២៦ផ្សេងគ្នាដែលកំពុងដំណើរការដោយរលូននិងទទួលបានការស្វាគមន៍ពីប្រជាពលរដ្ឋ។ ដោយឡែក ឯកឧត្តមអគ្គស្នងការនៃអគ្គស្នងការដ្ឋានអន្តោប្រវេសន៍របស់កូរ៉េខាងត្បូង បានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះ បាននិងកំពុងជួយបំពេញតម្រូវការខ្វះខាតក្នុងខ្សែសង្វាក់ផលិតកម្មដែលជាតម្រូវការសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េ ប៉ុន្តែទន្ទឹមនឹងនេះ ពលរដ្ឋកម្ពុជាក៏ទទួលបានទាំងជំនាញបច្ចេកទេសវិជ្ជាជីវៈ និងចំណូលដើម្បីកែលម្អជីវភាពគ្រួសារផងដែរ។ តាមរយៈជំនួបនៅថ្ងៃនេះ ភាគីទាំងពីរ បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អបន្ថែមទៀតដើម្បីជំរុញឱ្យកាន់តែប្រសើរឡើងនៃវិស័យការងារកម្ពុជា និងកូរ៉េ់ក្នុងគោលបំណងពង្រីកឱកាសទីផ្សារការងារសម្រាប់ពលរដ្ឋកម្ពុជា៕
(ព័ត៌មានជាតិ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីយប់អាធ្រាត្រម៉ោង ១១៖៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានខលតាមវីឌីអូ ជួបជាមួយបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នក្នុងទីក្រុងJeddah នៃប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។ឯកឧត្តម បន្ថែមថា “ខ្ញុំពិតជាបានធូរស្បើយក្នុងចិត្តពេលបានជួបនិយាយជាមួយបងប្អូនផ្ទាល់ និងក្រោយពេលពិនិត្យឃើញថាសុវត្ថិភាពរបស់បងប្អូនត្រូវបានធានា។ ពេលនេះ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងគែរ ប្រទេសអេហ្ស៊ីបបាននិងកំពុងធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួបជាមួយបងប្អូនដែលនៅតំបន់ផ្សេងទៀតផងដែរ”។ រាជរដ្ឋាភិបាលនឹងចាត់ចែងលើការទិញសំបុត្រយន្តហោះជូនបងប្អូន។ ពេលនេះ សំបុត្រយន្តហោះសម្រាប់បងប្អូនទាំង ២៩នាក់ ដែលកំពុងស្នាក់នៅទីក្រុង Jeddah ត្រូវបានរៀបចំរួច ហើយស្អែកម៉ោង ១០យប់ ម៉ោងនៅអារ៉ាប់ប៊ីសាអូឌីត បងប្អូននឹងឡើងយន្តហោះត្រឡប់មកប្រទេសកម្ពុជាវិញ។ ចំណែកបងប្អូនដែលនៅតំបន់ផ្សេង នឹងរៀបចំចេញដំណើរជាបន្តបន្ទាប់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រីដដែល៕
(ព័ត៌មានជាតិ)៖ ក្រោយការទទួលបានព័ត៌មាននេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែលមាននិវេសនដ្ឋានទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានទំនាក់ទំនងរកឃើញទីតាំង ហើយ កំពុងរៀបចំសំបុត្រយន្តហោះជូនបងប្អូនឱ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៩ ខែមេសា ចំនួន ២៩នាក់, នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ចំនួន ២៧នាក់, និងថ្ងៃចុងក្រោយគឺថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ចំនួន ២២នាក់។សូមជម្រាបថាបងប្អូនប្រជាពលរដ្ឋទាំង ៧៨នាក់នេះ មានចំនួន ៥១នាក់ កំពុងស្ថិតនៅទីក្រុង Jeddah ចំនួន ១៥នាក់ កំពុងស្ថិតនៅរាជធានី Riyadh និងចំនួន ១២នាក់ កំពុងស្ថិតនៅទីក្រុង Dammam នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត។ បច្ចុប្បន្នបងប្អូនបានស្ថិតនៅក្នុងកន្លែងប្រមូលផ្តុំតាមទីក្រុងនីមួយៗ ដើម្បីរង់ចាំការរៀបចំសំបុត្រយន្តហោះ។ ក្នុងអំឡុងពេលរង់ចាំនេះ ឯកឧត្តម អ៊ុក សារុន អគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអ៊ូឌីត នឹងទទួលសម្របសម្រួលបន្ថែមជាមួយមន្ត្រីអន្តោប្រេវសន៍នៃប្រទេសម្ចាស់ផ្ទះដើម្បីបំពេញឯកសារផ្សេងៗ និងសម្រួលលើការហូបចុក និងស្នាក់នៅរបស់បងប្អូន។សម្រាប់បងប្អូនដែលកំពុងស្ថិតនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ហើយមានបំណងទាក់ទងលម្អិតគឺអាចទំនាក់ទំនងទៅលោក សុះ ហ៊ីម តាមរយៈទូរសព្ទលេខ +966 5804 65578 ឬទាក់ទងទៅឯកឧត្តម អ៊ុក សារុន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអ៊ូឌីតផ្ទាល់តាមរយៈ WhatsApp និង Telegram: +2011 5627 9999 និង +966 56 590 3370។ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនឹងបន្តតាមដាន សម្របសម្រួលការធ្វើមាតុភូមិនិវត្តរបស់បងប្អូនជាបន្តទៀត។អាស្រ័យហេតុនេះ សូមសាធារណជនជ្រាបជាព័ត៌មាន