ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧ ប្រទេសស្វីស នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ។
តាមរយៈការផ្សាយពិសេសនៅលើFacebook Page របស់សម្ដេចសម្ដេចបានមានប្រសាសន៍ថា រយៈពេល៣៨ឆ្នាំហើយដែលសម្ដេចចំណាយពេលវេលាដើម្បីដឹកនាំពាក្យប្រទេស តាំងពីសម្ដេចធ្វើជារដ្ឋមន្រ្តីការបរទេស។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំមកដល់ពេលនេះគឺឆ្លងកាត់កាន់តួនាទីជានាយករដ្ឋមន្រ្តីរយៈពេល៣២ឆ្នាំ និង៣ថ្ងៃ ហើយបើគិតសរុបទាំងរដ្ឋមន្រ្តីការបរទេស ទាំងឧបនាយករដ្ឋមន្រ្តី និងនាយករដ្ឋមន្រ្តី៣៨ឆ្នាំ ទាំងថាយូរជ្រុលហើយ ប៉ុន្តែនេះជាដំណើរធម្មតានៃប្រទេស ប្រជាធិបតេយ្យដែលត្រូវការបោះឆ្នោត ដោយប្រជាជន ប្រសិនបើប្រជាជនត្រូវការ យើងក៏នៅតែបំរើប្រជាជន, អ្នកដែលចង់បានតំណែងនាយករដ្ឋមន្រ្តីនៅកម្ពុជា មានអាយុច្រើនជាងខ្ញុំទៅទៀត ប៉ុន្តែគេនៅតែចង់ធ្វើនាយករដ្ឋមន្រ្តី»។
សូមជំរាបថា នៅថ្ងៃទី១៧ ខែមករានេះជាថ្ងៃដំបូង ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧ នៅប្រទេសស្វីស រយៈពេល៤ថ្ងៃ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ ចាប់ពីថ្ងៃទី១៧ ដល់២០ ខែមករា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ការរៀបចំប្រព័ន្ធ ពិភពលោកប្រឈមនឹងភាពមិនច្បាស់លាស់នៃនយោបាយ និងសេដ្ឋកិច្ច»៕
មតិយោបល់