(ព័ត៌មានជាតិ)៖ ១៨ មីនា ១៩៧០ ជាចំណុចចាប់ផ្តើមនៃសោកនាដកម្មដ៏អាក្រក់បំផុតសម្រាប់កម្ពុជា។ ប្រជាជាតិកម្ពុជាបានធ្លាក់ក្នុងរណ្តៅនៃភ្លើងសង្រ្គាម ដែលនាំដល់ការបំផ្លិចបំផ្លាញ និងរបបប្រល័យពូជសាសន៍ ស្ទើរតែបាត់បង់ចេញពីផែនទីពិភពលោក។មេរៀនប្រវត្តិសាស្រ្តមួយនេះ បានបង្រៀនយើងឱ្យស្គាល់ច្បាស់ពីឥទ្ធិពលនៃសង្រ្គាម និងគ្រោះថ្នាក់នៃការបែកបាក់ជាតិ។ យើងទាំងអស់គ្នា ជាអ្នកជំនាន់ក្រោយត្រូវស្វែងយល់ពីតម្លៃ នៃសន្តិភាព និងស្រលាញ់សន្តិភាពដែលត្រូវបានកសាងឡើងវិញយ៉ាងលំបាកបំផុត។ប្រភព៖ ឯកឧត្តម ហ៊ុន ម៉ានី
(ប៉េកាំង)៖ សម្ព័ន្ធមិត្តរុស្ស៊ីសំខាន់របស់ចិន បានអបអរសាទរប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន ចំពោះជ័យជម្នះក្នុងការបោះឆ្នោតរបស់លោក។យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA បានឱ្យដឹងថា ជាមួយនឹង 99 ភាគរយនៃការិយាល័យបោះ ឆ្នោត បានបញ្ជូនលទ្ធផល លោកពូទីនទទួលបាន 87.33 ភាគរយនៃសន្លឹកឆ្នោតទាំងអស់ ដែលបានបោះឆ្នោត។អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា "ប្រទេសចិនសម្តែងការ អបអរសាទរចំពោះរឿងនេះ"។លោកបានបន្ថែមថា “ចិន និងរុស្ស៊ី គឺជាអ្នកជិតខាងដ៏ធំបំផុតរបស់គ្នាទៅវិញទៅមក និងជាដៃគូ សហប្រតិបត្តិការយុទ្ធសាស្ត្រដ៏ទូលំទូលាយក្នុងយុគសម័យថ្មី” ។វាជាជ័យជម្នះមួយសម្រាប់លោកពូទីនក្នុងការបោះឆ្នោតប្រធានាធិបតីដែលលោកមិនប្រឈមមុខនឹងការប្រកួតប្រជែងពិតប្រាកដ៕
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ បានណែនាំឱ្យបង្កើនការផ្សព្វផ្សាយពីសកម្មភាពរបស់គណៈកម្មាធិការជាតិ ប្រឆាំងពលកម្មកុមារ ឱ្យទូលំទូលាយដល់សាធារណជនដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការ។ ការជំរុញនេះ គឺធ្វើឡើងក្នុងអំឡុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំលើកទី១របស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤។ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថាការពង្រឹងការផ្សព្វផ្សាយនឹងធ្វើឱ្យសាធារណជន បានដឹងពីកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ បញ្ជ្រាប និងទប់ស្កាត់ សកម្មភាពប្រឆាំងពលកម្មកុមារ ហើយក៏នឹងរួមចំណែកយ៉ាងខ្លាំងដល់កិច្ចការពារកុមារឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់។សូមបញ្ជាក់ថា កិច្ចប្រជុំនៅថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នា២០២៤នេះ គឺជាកិច្ចប្រជុំលើកទី១របស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារដែលមានគោលបំណងបង្ហាញពីសមាសភាពនៅក្នុងសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពរបស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ(គ.ព.ជ.)ក្នុងអាណត្តិថ្មី និងការបង្កើនកិច្ចការសហការអន្តរក្រសួងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ដើម្បីប្រឆាំងនឹងពលកម្មកុមារគ្រប់រូបភាព។ ក្នុងកិច្ចប្រជុំនេះដែរ ក្រោយពីការប្រកាសសមាសភាពក្នុងអាណត្តិថ្មី កិច្ចប្រជុំបានពិភាក្សាយ៉ាងផុសផុលពីសំណាក់ក្រសួងពាក់ព័ន្ធនានាដែលជាអនុប្រធាន និងជាសមាជិកគណៈកម្មាធិការផងដែរ។ ទន្ទឹមនឹងនេះ ក្រៅពីការបង្កើនការផ្សព្វផ្សាយ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យគណៈកម្មាធិការ ត្រូវមានភាពបុរេសកម្ម និងធ្វើសកម្មភាពឱ្យមានប្រសិទ្ធបន្ថែមទៀតដើម្បីបង្ហាញពីវឌ្ឍនភាព និងភាពកាន់តែប្រសើរឡើងបន្ថែមទៀតជុំវិញការប្រឆាំងពលកម្មកុមារ៕