(ព្រះសីហនុ)៖ ឆ្លៀតក្នុងឱកាសចូលរួមក្នុងពិធីបុណ្យទន្លេ លើកទី៨ ឆ្នាំ២០២៤ ក្រុមបវរកញ្ញា Universal Women ក៏បានទៅកម្សាន្តនៅតារារះនៃទិសនិរតីរបស់កម្ពុជា គឺខេត្តព្រះសីហនុ ។ ក្នុងនោះ ក្រុមបវរកញ្ញា Universal Women បានចូលរួមបង្ហោះគោម និងបាញ់កាំជ្រួចនៅឆ្នេរអូរត្រែះនាវេលាយប់ថ្ងៃទី១៧ មីនា ។ នាព្រឹកថ្ងៃទី១៨ មីនា ក្រុមបវរកញ្ញា Universal Women បានបន្តដំណើរកម្សាន្តទៅកាន់កោះរ៉ុង អមជាមួយនឹងការលេងល្បែងប្រជាប្រិយខ្មែរនៅលើឆ្នេរខ្សាច់សក្បុសនៃកោះរ៉ុង មុននឹងបន្តដំណើរមកទស្សនារូបសំណាកព្រះថោងនាងនាគ ដែលជាតំណាងដល់ការកកើតទឹកដីព្រះរាជាណាចក្រកម្ពុជា៕
(ភ្នំពេញ)៖ រោងចក្រចំនួន៦ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស នៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ស្ថិតនៅលើផ្លូវជាតិលេខ៤ សង្កាត់ភ្លើងឆេះរទេស ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នេះបានមកប្រកាសជ្រើសរើសកម្មករនិយោជិតនៃរោងចក្រ Y & W ចំនួន៣៤០ ចូលបម្រើការងារភ្លាមៗ។ លោក អ៊ន ប៊ុនណា មន្រ្តីជ្រើសរើសបុគ្គលិកតំបន់សេដ្ឋកិច្ចពិសេសបានលើកឡើងថាឱកាសការងារជាច្រើនរយកន្លែងបានយកមកធ្វើការផ្សព្វផ្សាយជូនបងប្អូនកម្មករនិយោជិតនៃរោងចក្រ Y&W នៅថ្ងៃនេះ ហើយកម្មករនិយោជិតទាំងអស់អាចមកដាក់ពាក្យ និងសម្ភាសភ្លាមៗតែម្តង។ លោកបន្ថែមថា កម្មករនិយោជិតនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនក្នុងនោះ កម្មករនិយោជិតទទួលបានប្រាក់ខែចំនួន ២០២ ដុល្លារ (សាកល្បង៣ខែ) និង២០៤ ដុល្លារក្នុងមួយខែ (ពេញសិទ្ធិ), ផ្តល់លុយព្រីម ១៥ដុល្លារក្នុង១ខែ, ប្រាក់ស្នាក់នៅ និងធ្វើដំណើរ ១០ដុល្លារក្នុងមួយខែ, ប្រាក់បាយថ្ងៃត្រង់ ៣២០០រៀលក្នុងមួយថ្ងៃ, ផ្តល់ប្រាក់បាយថែមម៉ោង ២ម៉ោងចំនួន៣០០០រៀលរាល់ពេលថែមម៉ោងក្នុង១ថ្ងៃ។ ក្រៅពីនេះកម្មករនិយោជិតក៏នឹងមានប្រាក់រង្វាន់ពេលដេរលើសចំនួន, ផ្តល់ប្រាក់ជំនាញ, ផ្តល់ប្រាក់៥% និងប្រាក់អតីតភាពការងារស្របតាមច្បាប់ស្តីពីការងារ និងមធ្យោបាយធ្វើដំណើរ។ លោកស្រី ឆាត ចាន់ថន ដែលជាកម្មការិនីនៃរោងចក្រ Y & W បានលើកឡើងថា៖ «ខ្ញុំសម្រេចចិត្តមកដាក់ពាក្យរកការងារថ្មីធ្វើនៅពេលនេះ ពីព្រោះឱកាសការងារបានមកដល់កន្លែងហើយតាមរយៈក្រសួងការងារ ដូច្នេះខ្ញុំត្រូវតែឆ្លៀតពេលមករកការងារថ្មីដើម្បីទទួលបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារបន្តទៀត»៕
(ភ្នំពេញ)៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាអំពីការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះសពសម្តេច ព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន, សម្តេចព្រះមង្គលមុនីរង្សី ហូរ ឈីវ នាថ, សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល, សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត, ឯកឧត្តម ឈិន កេតនា, ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា, ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង, ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់, ព្រមទាំងសមាជិកសមាជិការ នៃគណៈកម្មការ និងអនុគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានប្រគេនថ្វាយនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះសម្តេចព្រះរាជាគណៈ មន្រ្តីសង្ឈ និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ព្រមទាំងរដ្ឋបាលរាជធានីភ្នំពេញ ដែលចូលរួមរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា គិតចាប់តាំងពីថ្ងៃព្រះអង្គយាងចូលព្រះទិវង្គត នាថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០២៤ រហូតដល់ពេលនេះ បានប្រព្រឹត្តទៅប្រកបដោយភាពអធិកអធមខ្ពង់ខ្ពស់ និងជាទីសក្ការៈ ស្របតាមប្រពៃណីជាតិ ព្រមទាំងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ស័ក្តិសមនឹងព្រះកិត្តិនាម និងព្រះកិត្តិយសរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។អង្គប្រជុំបានធ្វើការបូកសរុបផែនការសកម្មភាព និងពិភាក្សាដោយលំអិតលើផែនការសកម្មភាពសំខាន់ៗមួយចំនួន ដែលបានរៀបចំដោយអនុគណៈកម្មការនានា ពិសេសពាក់ព័ន្ធនឹងការរៀបចំព្រះរាជពិធីដង្ហែរព្រះសព ការរៀបចំព្រះមេរុ និងការថ្វាយព្រះភ្លើងព្រះសព ព្រមទាំងកិច្ចការបច្ចេកទេសមួយចំនួនទៀត ដើម្បីឱ្យស័ក្តិសមនឹងព្រះកិត្តិនាម និងព្រះកិត្តិយសរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងការទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនានៅកម្ពុជា៕