វីដេអូថ្មីៗ BEST TV
វីដេអូថ្មីៗ SWIFT NEWS
ព័ត៌មានជាតិ
សេចក្តីប្រកាសព័ត៌មាន៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកម្មករនៅរោងចក្រ RG Footwear
ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីអគ្គីសភ័យឆេះរោងចក្រស្បែកជើងឈ្មោះ RG Footwear (Cambodia) Co., Ltd អស់ទាំងស្រុងនេះបានកើតហេតុនៅថ្ងៃច័ន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៦:៥០នាទី ដែលមានទីតាំងស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងនោះមានកម្មករនិយោជិតធ្វើការចំនួន២ ២០៥ នាក់ (ស្រី១ ០៣៦ នាក់)។ ក្នុងនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសូមសម្ដែងនូវសេចក្តីសោកស្តាយបំផុត ចំពោះឧបទ្ទវហេតុអគ្គិភ័យនេះ ហើយនឹងកំពុងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនកម្មករ និយោជិតនៃរោងចក្រ R.G Footwear ដែលអាចប្រឈមនឹងបញ្ហាមួយចំនួន។ ជាមួយគ្នានេះ ដើម្បីជួយសម្រាលទុក្ខលំបាក របស់បងប្អូន កម្មករនិយោជិត ក្រសួងសូមបញ្ជាក់ថា សម្រាប់អត្ថប្រយោជន៍ ប.ស.ស. រួមមាន ផ្នែកថែទាំសុខភាព អត្ថប្រយោជន៍នៅពេលសម្រាលកូន និងការពិនិត្យផ្ទៃពោះ បងប្អូនកម្មករនិយោជិតនៅតែទទួលបានអត្ថប្រយោជន៍ និងប្រើប្រាស់ ប.ស.ស. ជាធម្មតា។ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានក្រើនរំលឹកសារជាថ្មី ស្តីពីការពង្រឹងការអនុវត្តវិធានការបង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន និងបានណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវចូលរួមពង្រឹងការអនុវត្តនូវវិធានការ បង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាពនិងសុខភាពការងាររបស់កម្មករនិយោជិត សំដៅធានាបាននូវបរិយាកាស នៅកន្លែងធ្វើការប្រកបដោយសុវត្ថិភាព៕

ម្ចាស់ផ្ទះជួលប្រកាសពន្យារពេលបង់ថ្លៃឈ្នួលផ្ទះដល់កម្មកររោងចក្រ Y&W តាមការជូនដំណឹងរបស់ក្រសួងការងារ
ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ម្ចាស់ផ្ទះជួលឱ្យកម្មករ Y&W ប្រកាសពន្យារពេលបង់ថ្លៃឈ្នួលផ្ទះដល់កម្មករទៅតាមការជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរហូតដល់កម្មករនិយោជិតទាំងអស់ទទួលបានការដោះស្រាយជាស្ថាពរក្នុងករណីរោងចក្រ Y&W។ ការពន្យារពេលបែបនេះបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីប្រកាសអំពាវនាវឱ្យម្ចាស់ផ្ទះជួលទាំងអស់ដែលមានកម្មករនិយោជិតនៃរោងចក្រ Y&W កំពុងស្នាក់នៅ សូមធ្វើការពន្យារពេលបង់ថ្លៃផ្ទះឈ្នួលដល់កម្មករមួយរយៈសិន រហូតមានដំណោះស្រាយជាស្ថាពរ។ លោក ផុន សុផាត ដែលជាម្ចាស់ផ្ទះជួលដល់កម្មករ Y&W បានលើកឡើងថាខ្លួនបានពន្យារពេលបង់ថ្លៃផ្ទះជួល រួមទាំងថ្លៃទឹកភ្លើងទៅដល់កម្មករនិយោជិតនៃរោងចក្រ Y&W ដែលកំពុងស្នាក់នៅផ្ទះជួលរបស់ខ្លួនរហូតដល់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោះស្រាយរួចរាល់ជូនកម្មករ។ លោកថា៖«ខ្ញុំបានប្រាប់ពួកគាត់ថាមិនយកថ្លៃផ្ទះជួលទេអំឡុងពេលមានបញ្ហាហ្នឹង លើសពីនេះទៅទៀតប្រសិនបើបងប្អូនមិនទាន់មានការងារធ្វើទេបងប្អូនអាចបន្តស្នាក់នៅបន្តិចទៀតបានក៏ប៉ុន្តែត្រូវចេញថ្លៃទឹកភ្លើងដោយខ្លួនឯង»។ លោកបានពន្យល់ថា ការពន្យារពេលបង់ថ្លៃផ្ទះជួលជូនកម្មករ Y&W នេះបន្ទាប់ពីមានការអំពាវនាវពីសំណាក់ក្រសួងការងារ និងអាជ្ញាធរមូលដ្ឋាន និងលោកបានមើលឃើញអំពីការលំបាករបស់កម្មករ កម្មការិនីដែលត្រូវបានថៅកែរត់ចោល គ្មានលទ្ធភាពក្នុងការបង់ថ្លៃផ្ទះជួលដល់ខ្លួន។ ទន្ទឹមនឹងនេះម្ចាស់ផ្ទះជួលរូបនេះអំពាវនាវឱ្យម្ចាស់ផ្ទះជួលទាំងឡាយណាដែលមានកម្មកររោងចក្រ Y&W សូមពន្យារពេលបង់ថ្លៃផ្ទះជួលទៅដល់កម្មករតាមការណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជួយសម្រាលការចំណាយរបស់កម្មករ រហូតដល់មានដំណោះស្រាយចប់រួចរាល់។ លោកថ្លែងអំណរគុណទៅដល់ក្រសួងការងារដែលមានចំណាត់ការទាន់ពេលវេលាលើករណីថៅកែក្រុម Y&W រត់ចោលកម្មករនេះ ហើយលោកគាំទ្រយ៉ាងពេញទំហឹង និងជឿជាក់លើជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយករណីក្រុមហ៊ុន Y&W ជូនកម្មករនិយោជិតទាំងអស់ឆាប់ៗខាងមុខនេះ។ គួរបញ្ជាក់ផងដែរថាពាក់ព័ន្ធនឹងករណីថៅកែរោងចក្រ Y&W នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្រៅពីប្រកាសឱ្យម្ចាស់ផ្ទះជួលពន្យារពេលបង់ថ្លៃផ្ទះ ក្រសួងការងារក៏បាននាំយកឱកាសការងារជាច្រើនពាន់កន្លែងថ្មីៗដល់កម្មករនិយោជិតនៃរោងចក្រ Y&W ដល់កន្លែងផងដែរ។ លើសពីនេះទៀតកម្មករនិយោជិតនៃរោងចក្រ Y&W អាចបន្តប្រើប្រាស់បណ្ណ ប.ស.ស. បានដដែល ខណៈពេលដែលក្រសួងការងារកំពុងតែដំណើរការនីតិវិធីរបស់ខ្លួនក្នុងការដោះស្រាយសំណងជូនកម្មករនិយោជិតទាំងអស់នាពេលខាងមុខ៕

ក្រុមប្រឹក្សាអ្នកច្បាប់ រៀបចំវគ្គបណ្តុះបណ្តាលលើកទី៣ ស្តីពី “ការអភិវឌ្ឍគោលនយោបាយពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់កម្ពុជា៖ ទស្សនវិស័យនិងបញ្ហាប្រឈមផ្នែកច្បាប់នាពេលអនាគត”
ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រុមប្រឹក្សាអ្នកច្បាប់បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី “ការអភិវឌ្ឍគោលនយោបាយពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់កម្ពុជា៖ ទស្សនវិស័យនិងបញ្ហាប្រឈមផ្នែកច្បាប់នាពេលអនាគត” ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត សភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ផ្តល់ជូននូវបទបង្ហាញដល់តំណាងក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់ ថ្នាក់ដឹកនាំ ទីប្រឹក្សា សមាជិក សមាជិកបម្រុង ជំនួយការ និងមន្ត្រីរាជការនៃ ក្រុម ប្រឹក្សាអ្នកច្បាប់ និង ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ទីស្តីការគណៈរដ្ឋមន្រ្តី និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង និងនិស្សិតសាកលវិទ្យាល័យ ន័រតុន មានចំនួនសរុបប្រមាណ៤៦០នាក់ នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។ សូមជម្រាបផងដែរថា បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧ នេះជាវគ្គបណ្តុះបណ្តាលលើកទី៣ ដែលក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តីរៀបចំឡើងបន្តពីវគ្គបណ្តុះបណ្តាលលើកទី១ លើប្រធានបទ “ការរៀបចំគោលនយោបាយសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា” កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ និងលើកទី២ លើប្រធានបទ “ការវិវត្តនៃវិធានពាណិជ្ជកម្មនៅកម្ពុជា” កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ តែងតែមានប្រសាសន៍ណែនាំថា យើងគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ “រៀនមួយជីវិត (Life-long learning) និង ត្រៀមខ្លួនក្នុងការអភិវឌ្ឍចំណេះដឹងនិងជំនាញបន្ថែម (Upskill) ឬចាប់យកចំណេះនិងជំនាញថ្មី (Reskill) ដើម្បីសម្របនឹងបរិបទថ្មីនេះ” ដើម្បីឈានឆ្ពោះទៅពង្រឹងសមត្ថភាព គុណភាព និងចំណេះដឹងឱ្យកាន់តែទូលំទូលាយ សំដៅបង្កើននូវប្រសិទ្ធិភាពនិងផលិតភាពការងារឱ្យកាន់តែប្រសើរជាងមុនទាំងក្នុងក្របខ័ណ្ឌទីស្តីការ គណៈរដ្ឋមន្ត្រី ក៏ដូចតាមបណ្តាក្រសួងស្ថាប័នផ្សេងៗ ព្រមទាំងនិស្សិតនៅតាមសាកលវិទ្យាល័យនានាផងដែរ៕

កូរ៉េខាងត្បូង ព្រមានពីការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង នៅចុងខែមីនា
ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤

(អន្តរជាតិ)៖ ប្រមុខការពារជាតិកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ លើតម្រូវការជំរុញកិច្ចសហប្រតិបត្តិការ សន្តិសុខជាមួយជប៉ុន និងសហរដ្ឋអាមេរិក ចំពេលមានលទ្ធភាពនៃការបាញ់បង្ហោះផ្កាយ រណបកូរ៉េ ខាងជើង មួយទៀតនៅដើមចុងខែមីនានេះ។ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅទីក្រុងសេអ៊ូល រដ្ឋមន្ត្រីការពារជាតិលោក Shin Won-sik បានសំដៅ ទៅលើផ្កាយរណបដែលកូរ៉េខាងជើងបានបាញ់បង្ហោះកាលពីឆ្នាំមុន។ទីក្រុងព្យុងយ៉ាងបាននិយាយថា ខ្លួនបានដាក់ផ្កាយរណបឈ្លបយកការណ៍យោធាដំបូងរបស់ខ្លួន ទៅកាន់ គន្លងតារាវិថីកាលពីខែវិច្ឆិកាឆ្នាំមុន។ មេដឹកនាំ គីម ជុងអ៊ុន បានបង្ហាញផែនការបាញ់បង្ហោះ ផ្កាយរណបចារកម្មចំនួន ៣ បន្ថែមទៀតនៅឆ្នាំ ២០២៤។លោក Shin បានអះអាងថា ផ្កាយរណបដែលកូរ៉េខាងជើងបានបាញ់បង្ហោះកាលពីឆ្នាំមុន មិនដំណើរ ការជាផ្កាយរណបចារកម្មនោះទេ។លោកបានរំលឹកឡើងវិញថា ទីក្រុងព្យុងយ៉ាងអាចនឹងព្យាយាមបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ មួយទៀតនៅដើមចុងខែមីនា ដោយមិនបានផ្តល់ហេតុផលជាក់លាក់ណាមួយសម្រាប់ ការអះអាង របស់លោកឡើយ។លោក Shin បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរបស់កូរ៉េខាងត្បូងជាមួយជប៉ុន និងសហរដ្ឋអាមេរិក គួរតែឈានទៅមុខបន្ថែមទៀត ក្នុងការប្រឈមមុខនឹងការកើនឡើងនៃការ គំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលពីកូរ៉េខាងជើង៕

តារាសម្ដែងជើងចាស់ប្រចាំ TVB រូបនេះ បានទទួលមរណភាពនៅអាយុ ៧៦ ឆ្នាំ
ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤

(ហុងកុង)៖ តារាសម្តែងជើងចាស់របស់ TVB លោក Ti-ko Chen ឬ Chan Dick Hark ដែលត្រូវបានគេស្គាល់ថា សម្តែងជាតួអាក្រក់ តួបងធំក្នុងរឿងភាគហុងកុង បានទទួលមរណភាពនៅថ្ងៃទី ១៥ ខែមីនា ក្នុងអាយុ ៧៦ ឆ្នាំ។ យោងតាមការបោះពុម្ភផ្សាយរបស់ហុងកុង ST Headlines បានរាយការណ៍នៅថ្ងៃទី 18 ខែមីនា បានទទួលមរណភាពដោយដោយសារជំងឺរលាកសួត។ តារាសម្ដែងរូបនេះបានបដិសេធការអញ្ជើញឲ្យចូលរួមអាហារពេលល្ងាចដែលរៀបចំដោយ Hong Kong Performing Artistes Guild ប៉ុន្មានថ្ងៃមុនពេលលោកទទួលមរណភាព។លោក Chan Dick Hark គាត់បានចូលរួមជាមួយទូរទស្សន៍ហុងកុង TVB ក្នុងអំឡុងឆ្នាំ 1979 ហើយគាត់បានបង្ហាញខ្លួននៅក្នុងរឿងភាគ និងភាពយន្តរាប់រយរឿង រួមទាំងរឿង The Legend of the Condor Heroes (1983) និង The Return of the Condor Heroes (1983)។ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ គាត់ត្រូវបានគេស្គាល់ផងដែរសម្រាប់ការសម្ដែងក្នុងរឿង Ghost of Relativity (2015), My Dangerous Mafia Retirement (2016) និង Come Home Love: Lo And Behold (2017)។ តារាសម្ដែងជើងចាស់ Ti-ko Chen ត្រូវបានគេចងចាំដ៏ល្អបំផុតសម្រាប់ការសម្ដែងជាតួអង្គមនុស្សអាក្រក់ និងក្រុមក្មេងទំនើង ជាច្រើននៅក្នុងរឿង TVB ដោយធ្វើឱ្យគាត់ទទួលបានរហស្សនាមថា "御用奸角 (Queen's Traitor)" និង 'Imperial Adulterer។ ពេញមួយជីវិត ជាអាជីតារាសម្ដែងរបស់គាត់ដែលមានរយៈពេលជាងបួនទស្សវត្សរ៍មក Chan បានសម្ដែងក្នុងរឿងភាគទូរទស្សន៍ និងភាពយន្តប្រហែល 280 រឿង។ Dick Hark និងប្រពន្ធរបស់គាត់ត្រូវបានគេរាយការណ៍ថាមានកូនស្រីម្នាក់ ហើយការងារសម្ដែង ចុងក្រោយរបស់គាត់គឺរឿងភាគរបស់ TVB រឿង Sinister Beings 2 ដែលគ្រោងនឹងចាក់ផ្សាយនៅថ្ងៃទី 1 ខែមេសាខាងមុខនេះ។ ទោះជាយ៉ាងណា មិត្តអ្នកសិល្បៈ និងអ្នកគាំទ្ររបស់គាត់ទាំងក្នុងស្រុក និងក្រៅស្រុក ក្រោយបានដឹងអំពីដំណឹងមរណៈភាពរបស់តារាសម្ដែងជើងចាស់រូបនេះ បាននាំគ្នាសម្ដែងការរំលែកទុក្ខទៅកាន់ក្រុមគ្រួសាររបស់គាត់ផងដែរ៕

តារាកំប្លែង នាយ ពែកមី បង្ហោះសារខកចិត្តជាខ្លាំងចំពោះម្ចាស់បុរីម្នាក់ ក្រោយទិញផ្ទះឱ្យកូនតែពេលនេះ ៣ឆ្នាំហើយ នៅមិនទាន់សាងសង់ហើយទៀត
ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំង ពីអ្នកលេងបណ្តាញសង្គម ក្រោយពីតារាកំប្លែងល្បីឈ្មោះ និង កំពុងតែមានប្រជាប្រិយភាពមួយរូបនៅកម្ពុជា គឺនាយ ពែកមី បានបង្ហោះសារនៅលើផេកហ្វេសប៊ុករបស់ខ្លួន ដោយ រៀបរាប់ទាំងខកចិត្តថា ខ្លួន បានទិញផ្ទះពីម្ចាស់បុរីមួយកន្លែង ដែលកមិនបញ្ចេញឈ្មោះ ទុកឱ្យកូនប្រុសរបស់ខ្លួន ដោយកាលពីពេលទិញ គេកុងត្រា១៨ ខែ សាងសង់ឱ្យរួចរាល់ តែពេ ល នេះ រយៈ ពេល ជាង ៣ឆ្នាំហើយនៅមិនទាន់ធ្វើហើយទៀត ។ជាក់ស្តែង យោងតាមផេកហ្វេសប៊ុកផ្លូវការ របស់ លោក ចែម ចាន់រ៉ា ហៅ នាយ ពែកមី បានបង្ហោះ នូវរូបភាពផ្ទះ ដែលមិនទាន់សាងសង់រួច រួមទាំង បានភ្ជាប់នូវខ្លឹមសារអមជាមួយថា ៖ ផ្ទះ ទិញ អោយអាតួ កុងត្រា18ខែ ទិញដាច់បង់លុយដាច់ តែជាង3ឆ្នាំហើយ នៅ ធ្វើ មិន ទា ន់ហើ យ ទៀត សូមម្ចាស់បូរី ជួយធ្វើ អោយ ផង ជាពិសេសសូមដាក់ជាងដែលមានជំនាញមកធ្វើផង ។នាយ ពែកមី បានរៀបរាប់បន្តទៀតថា ដីខ្ពស់ជាងផ្ទះ សរសរចាក់មិនត្រង់ជួរគ្នា ការ៉ូក្រាលខ្ពស់ទាប និងនៅមានជាច្រើនទៀត ។ លោកថា ៖« ខ្ញុំ ជា អ្នកធ្លាប់ធ្វើ សំណង់ដែ រ ខ្ញុំយល់ច្បាស់ពីសំណង់ ដល់ពេលដាក់ជាងគ្មានជំនាញ ធ្វើផ្ទះខ្ញុំចឹង ដូច មើលងាយខ្ញុំណាស់  ខ្ញុំប្រាប់ហើយថា ផ្ទះនេះ ខ្ញុំទិញទុកអោយកូននៅ មិនមែនទិញទុកលក់វិញទេ សូម យក ចិត្តទុក្ខដាក់លើជាងផង » ។ទោះជាយ៉ាងណាក៏ដោយ តាមរយៈការបង្ហោះសំណេរ របស់លោកពែកមី ក៏មិនបាន បង្ហាញឈ្មោះ អត្តសញ្ញាណរបស់ ម្ចាស់គម្រោង ឬ ម្ចាស់បុរីមួយណានោះទេ ប៉ុន្តែស្របពេលជាមួយគ្នានោះ ក៏មានមហាជនមួយចំនួនបានចូលទៅខំមិន និង ទាយដឹងខ្លះៗដែរថាជារបស់នរណា ព្រោះកាលពីពេលទិញដំបូង នាយ ពែកមី ក៏ធ្លាប់បានបង្ហោះ ម្តងរួចមកហើយ ថា រូបលោក បានទិញពីគម្រោងរបស់ឧកញ៉ារូបណានោះ។សូមរំលឹកផងដែរថា នារយៈពេលចុងក្រោយនេះពលរដ្ឋដែលជា អតិថិជន ជាច្រើនដែលបានទិញផ្ទះ ទិញបុរី ម្ចាស់គម្រោង ម្ចាស់បុរីដែលមានងារឧកញ៉ា មួយចំនួនៅ កំពុងរងទុក្ខ យ៉ាងច្រើន ក្រោយពី ប្រគល់លុយរាប់ឆ្នាំហើយ ប៉ុន្តែម្ចាស់បុរី មិនព្រមសាងសង់ផ្ទះ ពោលគឺ ចាញ់បោក ម្ចាស់បុរីជាហូហែរតែម្តង ។ ទន្ទឹមនឹងនោះមិនមែនត្រឹមតែ ពលរដ្ឋធម្មតាប៉ុណ្ណោះនោះទេ ដែលត្រូវចាញ់បោកនោះ ពោលក្នុង នោះ ក៏មានសិសល្បៈករ សិល្បៈការីខ្មែរ ខណៈកាលពីពេលកន្លងទៅថ្មីៗនេះ គឺតារាកំប្លែង អ្នកនាង កាតុ ក៏ធ្លាប់ បានបង្ហោះសារ បង្ហាញការខកចិត្ត ដែលបានទិញគម្រោង ផ្ទះពីឧកញ៉ាមួយចំនួន ហើយលទ្ធផល ចុងក្រោយ បានត្រឹមដេកឈឺចិត្ត ហូរទឹកភ្នែកតែប៉ុណ្ណឹងឯង ៕

ធនាគារជាតិនៃកម្ពុជា ជូនដំណឹងស្ដីពី«យុទ្ធនាការស្រឡាញ់ប្រាក់រៀល»
ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា មានកិតិ្តយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា សាធារណជនអាចអញ្ជើញមកប្ដូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវា នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា និងសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរាជធានី-ខេត្តទូទាំងប្រទេស នៅក្នុងយុទ្ធនាការ "ស្រឡាញ់ប្រាក់រៀល" ចាប់ពីថ្ងៃទី២០-២៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០ នាទីព្រឹក ដល់ម៉ោង ៣:០០ នាទីរសៀល៕

Apple ត្រូវសងសំណង៤៩០លានដុល្លារ ក្នុងរឿងក្តីមួយទាក់ទងនឹងប្រទេសចិន
ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤

(អន្តរជាតិ)៖ ក្រុមហ៊ុន Apple បានយល់ព្រមបង់ប្រាក់ចំនួន 490 លានដុល្លារ ដើម្បីដោះស្រាយ បណ្តឹងសកម្មភាពថ្នាក់មួយ ដែលបានចោទប្រកាន់ នាយកប្រតិបត្តិ លោក Tim Cook បានបោកប្រាស់ ម្ចាស់ភាគហ៊ុនដោយលាក់បាំងការធ្លាក់ចុះ នៃតម្រូវការ iPhone នៅក្នុងប្រទេសចិន។ការ​ដោះស្រាយ​បឋម​ធ្វើឡើង ​ជាមួយ​តុលាការ​ស្រុក​សហរដ្ឋ​អាមេរិក ​ក្នុង​ទីក្រុង Oakland រដ្ឋ California ហើយ​ទាមទារ​ការ​យល់ព្រម​ពី​ចៅក្រម​ស្រុក​អាមេរិក Yvonne Gonzalez Rogers។រឿងក្តីនេះ កើតឡើងពីការប្រកាសដែលមិនរំពឹងទុករបស់ Apple នៅថ្ងៃទី 2 ខែមករា ឆ្នាំ 2019 ថា ក្រុមហ៊ុនផលិត iPhone នឹងកាត់បន្ថយការព្យាករណ៍ប្រាក់ចំណូលប្រចាំត្រីមាសរបស់ខ្លួនរហូតដល់ 9 ពាន់ លានដុល្លារ ដោយបន្ទោសភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។លោក Cook បានប្រាប់វិនិយោគិន កាលពីថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2018 ថា ទោះបីជាក្រុមហ៊ុន Apple ប្រឈមមុខនឹងសម្ពាធនៃការលក់នៅក្នុងទីផ្សារដូចជាប្រទេសប្រេស៊ីល ឥណ្ឌា រុស្ស៊ី និងទួរគី ដែល រូបិយប័ណ្ណបានធ្លាក់ចុះក៏ដោយ  "ក៏ការលក់នៅក្នុងប្រទេសគ្មានបញ្ហាអ្វីដែរ។  Apple បានប្រាប់អ្នកផ្គត់ផ្គង់ពីរបីថ្ងៃក្រោយមកឱ្យទប់ស្កាត់ការផលិត។ការ​ព្យាករ​ប្រាក់​ចំណូល​ទាប​នេះ​ គឺ​ជា​លើក​ដំបូង​របស់ Apple ចាប់​តាំង​ពី​ការ​ចេញ​លក់ iPhone ក្នុង​ឆ្នាំ 2007។ ភាគហ៊ុន​របស់ Apple បាន​ធ្លាក់​ចុះ 10% នៅ​ថ្ងៃ​បន្ទាប់ ដោយ​បាត់បង់​តម្លៃ​ទីផ្សារ 74 ពាន់​លាន​ដុល្លារ។Apple និងមេធាវីរបស់ខ្លួនមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយ លើសេចក្តី សម្រេចនេះទេ។ឯកសាររបស់តុលាការបង្ហាញថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ា បានបដិសេធការទទួលខុសត្រូវ ប៉ុន្តែបានដោះស្រាយដើម្បីជៀសវាងការចំណាយ និងការរំខាននៃវិវាទ។ការ​ទូទាត់​នេះ​គ្រប​ដណ្តប់​លើ​វិនិយោគិន​ដែល​បាន​ទិញ​ភាគហ៊ុន Apple ក្នុង​រយៈ​ពេល​ពីរ​ខែ​រវាង​ការ​អត្ថាធិប្បាយ​របស់ លោក Cook និង​ការ​ព្យាករ​ប្រាក់​ចំណូល។ក្រុមហ៊ុន Apple បានប្រកាសប្រាក់ចំណូលសុទ្ធចំនួន 97 ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធចុងក្រោយ របស់ខ្លួន ហើយការទូទាត់របស់ប្រាក់សំណងនេះ ស្មើនឹងប្រាក់ចំណេញតិចជាងពីរថ្ងៃ៕

លោក Justin Trudeau ចង់លាលែងពីតំណែងជានាយករដ្ឋមន្ត្រីកាណាដា និងហៅការងារនេះ ជាការងារ «ឆ្កួតឡប់»
ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤

(អន្តរជាតិ)៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយថា លោកគិតចង់ ឈប់ពីការងារ ឆ្កួតឡប់មួយនេះ ជារៀងរាល់ថ្ងៃ ប៉ុន្តែបានទទូចថា លោកនឹងបន្តកាន់តំណែងរហូតដល់ ការបោះឆ្នោតក្រោយ។ការបោះឆ្នោតនោះ ត្រូវតែធ្វើឡើងនៅខែតុលា ឆ្នាំ 2025 ហើយការស្ទាបស្ទង់មតិសាធារណៈថ្មីៗ បង្ហាញថា បក្សសេរីនិយមនឹងត្រូវបានយកឈ្នះដោយពួកអភិរក្សនិយមកណ្តាល។ អ្នក​បោះឆ្នោត​និយាយ​ថា អ្នក​បោះឆ្នោត​កំពុង​ធុញទ្រាន់ ​ចំពោះ​លោក Trudeau ដែល​បាន​ចូល​កាន់​តំណែង​ដំបូង​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៥។លោកបានប្រាប់វិទ្យុបារាំង Radio-Canada ក្នុងបទសម្ភាសន៍ដ៏វែងមួយថា "ខ្ញុំមិនអាចក្លាយជាមនុស្សដែល ខ្លួនឯងចង់បាន ហើយបោះបង់ចោលការប្រយុទ្ធនៅពេលនេះទេ។ពេល​សួរ​ថា​គាត់​គិត​ចង់​ឈប់​ឬ​អត់ គាត់​សើច​ឆ្លើយ​ថា៖ «ខ្ញុំ​គិត​ថា ចង់ឈប់ពីការងារនេះជារៀង ​រាល់​ថ្ងៃ វា​ជា​ការងារ​ឆ្កួត​ដែល​ខ្ញុំ​កំពុង​ធ្វើ គឺ​ធ្វើ​ការ​លះបង់​ផ្ទាល់ខ្លួន។លោកTrudeau បានបន្តទៀតថា ជាការពិតណាស់ វាពិតជាលំបាកខ្លាំងណាស់ ពេលខ្លះវាមិនអស្ចារ្យទេ។ គួរបញ្ជាក់ថា កាលពីឆ្នាំមុនលោក Trudeau និងប្រពន្ធរបស់លោក គឺលោកស្រី Sophie បានប្រកាសថា ពួកគេបានបែកគ្នាបន្ទាប់ពីរៀបការបាន 18 ឆ្នាំ៕

ប្រជាជនចិនរៀបការ ច្រើនបំផុតជាលើកដំបូង ក្នុងរយៈពេល៩ឆ្នាំ
ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤

(អន្តរជាតិ)៖ ចំនួនអាពាហ៍ពិពាហ៍ថ្មីនៅក្នុងប្រទេសចិនបានកើនឡើង 12.4 ភាគរយក្នុងឆ្នាំ 2023 ធៀបនឹងឆ្នាំមុន ដែលផ្ទុយពីការធ្លាក់ចុះដែលបានអូសបន្លាយជិតមួយទសវត្សរ៍ ខណៈដែលយុវជន កាន់តែច្រើនបានរៀបការ បន្ទាប់ពីការពន្យារពេលអាពាហ៍ពិពាហ៍របស់ពួកគេដោយសារតែជំងឺរាតត្បាត COVID-19 ។ ចំនួនគូស្វាមីភរិយាថ្មីថ្មោងបានកើនឡើងដល់ 7.68 លាននាក់កាលពីឆ្នាំមុន នេះបើយោងតាមទិន្នន័យ ដែល ចេញផ្សាយដោយក្រសួងកិច្ចការស៊ីវិលកាលពីសប្តាហ៍មុន។ នេះគឺកើនឡើងចំនួន 845000 គូពីឆ្នាំ 2022 ប៉ុន្តែនៅតែទាបជាងចំនួនគូស្វាមីភរិយាចំនួន 13.47 លានគូក្នុងឆ្នាំ 2013 ។ទិន្នន័យនេះកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីចិន លោក Li Qiang បានសន្យាកាលពីខែមីនាថា រដ្ឋាភិបាល នឹងធ្វើការឆ្ពោះទៅរក "សង្គមដែលងាយនឹងបង្កើតកូន និងលើកកម្ពស់ការអភិវឌ្ឍប្រជាជន ដែលមានតុល្យភាព និងយូរអង្វែង ក៏ដូចជាកាត់បន្ថយការចំណាយលើការសម្រាលកូន ឪពុកម្តាយ និងការអប់រំ។អ្នកបង្កើតគោលនយោបាយ កំពុងដោះស្រាយជាមួយនឹងវិធីដើម្បីបន្ថយចំនួនប្រជាជនដែលធ្លាក់ចុះ ដែលអត្រាកំណើតកំពុងធ្លាក់ចុះ ហើយសង្គមមនុស្សចាស់ច្រើន។ ជនជាតិចិនប្រហែល 300 លាននាក់ ត្រូវបានគេរំពឹងថានឹងចូលនិវត្តន៍ក្នុងទសវត្សរ៍ខាងមុខនេះ ដែលស្មើនឹងស្ទើរតែចំនួនប្រជាជន សហរដ្ឋអាមេរិកទាំងមូល។ចំនួនប្រជាជនរបស់ប្រទេសចិនបានធ្លាក់ចុះជាលើកទីពីរជាប់ៗគ្នាក្នុងឆ្នាំ 2023 ដោយសារអត្រាកំណើត និងមរណភាពទាប ដោយសារ COVID-19 បានពន្លឿនការធ្លាក់ចុះដែលមន្ត្រីបារម្ភថា នឹងមានផលប៉ះ ពាល់រយៈពេលវែងយ៉ាងខ្លាំងទៅលើសក្ដានុពលនៃកំណើនសេដ្ឋកិច្ច៕

តើ «Bitcoin» គឺជាអ្វី?
ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤

(ទីផ្សារ)៖Bitcoin គឺជារូបិយប័ណ្ណអេឡិចត្រូនិក ឬរូបិយប័ណ្ណឌីជីថលមួយប្រភេទ នៅក្នុង ចំណោម រូបិយប័ណ្ណ ឌីជីថល ឬ រូបិយប័ណ្ណ គ្រីបតូ ជាច្រើន (Crypto Currency) ដែលបង្កើតឡើងដោយការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យា និងរូបមន្តគណិតវិទ្យាដែលមានភាពស្មុគស្មាញ។ អ្នកកាន់កាប់រូបិយប័ណ្ណអេឡិកត្រូនិក“Bitcoin” អាចផ្ទេរពីបុគ្គលម្នាក់ ទៅកាន់បុគ្គលម្នាក់ទៀត បានយ៉ាងឆាប់រហ័ស ជាមួយកម្រៃជើងសារតិច និងពុំឆ្លងកាត់ធនាគារកណ្តាលឡើយ ពោល Bitcoin គឺជារូបិយប័ណ្ណឯករាជ្យ ដែលពុំមានរដ្ឋណាមួយគ្រប់គ្រងនោះទេ។ ថ្មីៗនេះ រូបិយប័ណ្ណអេឡិចត្រូនិកដ៏ល្បីមួយប្រភេទមានឈ្មោះថា “Bitcoin” បានឡើងតំលៃរហូតដល់ជាង ៧០,០០០ដុល្លារ ក្នុងមួយកាក់ ឬក្នុង 1Bitcoin ដែលធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ សូមរំលឹកផងដែរថា Bitcoin ធ្លាប់ឡើងដល់ជាង ៦០,០០០ដុល្លារ នៅឆ្នាំ២០២១ និងធ្លាក់ចុះវិញនៅត្រឹមតែ ១៦,០០០ដុល្លារ ក្នុងឆ្នាំ២០២២។បច្ចុប្បន្នយើងសង្កេតឃើញវត្តមាន មនុស្សជាច្រើនបានចាប់អារម្មណ៍ជាមួយរូបិយប័ណ្ណអេឡិចត្រូនិក “Bitcoin” រហូតឈានដល់ការបណ្តាក់ទុន ឬវិនិយោគជាមួយរូបិយប័ណ្ណអេឡិចត្រូនិកមួយនេះតាមរយៈឈ្មួញកណ្តាល ឬគេហទំព័រផ្សេងៗ ដែលយើងហៅថា “Broker ឬ Exchange” នៅលើប្រព័ន្ធអ៉ិនធឺណេត។ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៤ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី “ការមិនទទួលស្គាល់ ឧបករណ៍ Bitcoin និងឧបករណ៍អេឡិចត្រូនិកដែលមានលក្ខណៈប្រហាក់ប្រហែលនៅទីផ្សារប្រទេសកម្ពុជា”។ ពោល ប្រទេសកម្ពុជា ពុំទាន់ទទួលស្គាល់រូបិយប័ណ្ណអេឡិចត្រូនិក “Bitcoin” នៅឡើយនោះទេ។ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះការវិនិយោគជាមួយរូបិយអេឡិចត្រូនិក “Bitcoin” និងរូបិយប័ណ្ណអេឡិកត្រូនិកផ្សេងទៀត ដែលអាចនាំឲ្យកើតមានហានិភ័យដូចជា៖១. ប្រឈមនឹងការចាញ់បោកឈ្មួញកណ្តាល ប្រេីប្រាស់មធ្យោបាយអូសទាញ ប្រេីប្រាស់កម្មវិធី (App) ឬគេហទំព័រក្លែងបន្លំ២. ប្រឈមនឹងការបាត់បង់ ដែលបង្កដោយឧក្រិដ្ឋជនបច្ចេកវិទ្យា លួចយករូបិយប័ណ្ណអេឡិចត្រូនិក ឬទ្រព្យសម្បត្តិឌីជីថល៣. ជនខិលខូចអាចប្រើប្រាស់គម្រោងបោកប្រាស់បន្តគ្នា " PONZI SCHEME " ដែលលសន្យាថានឹងទទួលបានផលចំណេញខ្ពស់ដល់អ្នកវិនិយោគ ដោយមានហានិភ័យតិច និងចំណេញលឿន៤. ធ្លាក់ចូលអន្ទាក់ ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យាផ្សេងៗដូចជា ឆបោក ជួញដូរគ្រឿងញៀន ល្បែងអនឡាញ ចាប់ជំរិត សម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្មជាដើម៕ ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល

រសៀលនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៣
ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤

(ភ្នំពេញ)៖ នៅរសៀលនេះ ថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ មីនា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៣” ៕ 

ក្រុមបវរកញ្ញា Universal Women មកកម្សាន្តនៅតារារះនៃទិសនិរតីរបស់កម្ពុជា
ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤

(ព្រះសីហនុ)៖ ឆ្លៀតក្នុងឱកាសចូលរួមក្នុងពិធីបុណ្យទន្លេ លើកទី៨ ឆ្នាំ២០២៤ ក្រុមបវរកញ្ញា Universal Women ក៏បានទៅកម្សាន្តនៅតារារះនៃទិសនិរតីរបស់កម្ពុជា គឺខេត្តព្រះសីហនុ ។ ក្នុងនោះ ក្រុមបវរកញ្ញា Universal Women បានចូលរួមបង្ហោះគោម និងបាញ់កាំជ្រួចនៅឆ្នេរអូរត្រែះនាវេលាយប់ថ្ងៃទី១៧ មីនា ។ នាព្រឹកថ្ងៃទី១៨ មីនា ក្រុមបវរកញ្ញា Universal Women បានបន្តដំណើរកម្សាន្តទៅកាន់កោះរ៉ុង អមជាមួយនឹងការលេងល្បែងប្រជាប្រិយខ្មែរនៅលើឆ្នេរខ្សាច់សក្បុសនៃកោះរ៉ុង មុននឹងបន្តដំណើរមកទស្សនារូបសំណាកព្រះថោងនាងនាគ ដែលជាតំណាងដល់ការកកើតទឹកដីព្រះរាជាណាចក្រកម្ពុជា៕

រោងចក្រចំនួន៦ មកពីតំបន់សេដ្ឋកិច្ចពិសេស មកសម្ភាសជ្រើសរើសកម្មករ Y&W ដល់រោងចក្រ
ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤

(ភ្នំពេញ)៖ រោងចក្រចំនួន៦ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស នៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ស្ថិតនៅលើផ្លូវជាតិលេខ៤ សង្កាត់ភ្លើងឆេះរទេស ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នេះបានមកប្រកាសជ្រើសរើសកម្មករនិយោជិតនៃរោងចក្រ Y & W ចំនួន៣៤០ ចូលបម្រើការងារភ្លាមៗ។ លោក អ៊ន ប៊ុនណា មន្រ្តីជ្រើសរើសបុគ្គលិកតំបន់សេដ្ឋកិច្ចពិសេសបានលើកឡើងថាឱកាសការងារជាច្រើនរយកន្លែងបានយកមកធ្វើការផ្សព្វផ្សាយជូនបងប្អូនកម្មករនិយោជិតនៃរោងចក្រ Y&W នៅថ្ងៃនេះ ហើយកម្មករនិយោជិតទាំងអស់អាចមកដាក់ពាក្យ និងសម្ភាសភ្លាមៗតែម្តង។ លោកបន្ថែមថា កម្មករនិយោជិតនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនក្នុងនោះ កម្មករនិយោជិតទទួលបានប្រាក់ខែចំនួន ២០២ ដុល្លារ (សាកល្បង៣ខែ) និង២០៤ ដុល្លារក្នុងមួយខែ (ពេញសិទ្ធិ), ផ្តល់លុយព្រីម ១៥ដុល្លារក្នុង១ខែ, ប្រាក់ស្នាក់នៅ និងធ្វើដំណើរ ១០ដុល្លារក្នុងមួយខែ, ប្រាក់បាយថ្ងៃត្រង់ ៣២០០រៀលក្នុងមួយថ្ងៃ, ផ្តល់ប្រាក់បាយថែមម៉ោង ២ម៉ោងចំនួន៣០០០រៀលរាល់ពេលថែមម៉ោងក្នុង១ថ្ងៃ។ ក្រៅពីនេះកម្មករនិយោជិតក៏នឹងមានប្រាក់រង្វាន់ពេលដេរលើសចំនួន, ផ្តល់ប្រាក់ជំនាញ, ផ្តល់ប្រាក់៥% និងប្រាក់អតីតភាពការងារស្របតាមច្បាប់ស្តីពីការងារ និងមធ្យោបាយធ្វើដំណើរ។ លោកស្រី ឆាត ចាន់ថន ដែលជាកម្មការិនីនៃរោងចក្រ Y & W បានលើកឡើងថា៖ «ខ្ញុំសម្រេចចិត្តមកដាក់ពាក្យរកការងារថ្មីធ្វើនៅពេលនេះ ពីព្រោះឱកាសការងារបានមកដល់កន្លែងហើយតាមរយៈក្រសួងការងារ ដូច្នេះខ្ញុំត្រូវតែឆ្លៀតពេលមករកការងារថ្មីដើម្បីទទួលបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារបន្តទៀត»៕

ឯកឧត្តម វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំ ដើម្បីរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស
ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤

 (ភ្នំពេញ)៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាអំពីការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះសពសម្តេច ព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន, សម្តេចព្រះមង្គលមុនីរង្សី ហូរ ឈីវ នាថ, សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល, សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត, ឯកឧត្តម ឈិន កេតនា, ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា, ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង, ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់, ព្រមទាំងសមាជិកសមាជិការ នៃគណៈកម្មការ និងអនុគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានប្រគេនថ្វាយនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះសម្តេចព្រះរាជាគណៈ មន្រ្តីសង្ឈ និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ព្រមទាំងរដ្ឋបាលរាជធានីភ្នំពេញ ដែលចូលរួមរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា គិតចាប់តាំងពីថ្ងៃព្រះអង្គយាងចូលព្រះទិវង្គត នាថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០២៤ រហូតដល់ពេលនេះ បានប្រព្រឹត្តទៅប្រកបដោយភាពអធិកអធមខ្ពង់ខ្ពស់ និងជាទីសក្ការៈ ស្របតាមប្រពៃណីជាតិ ព្រមទាំងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ស័ក្តិសមនឹងព្រះកិត្តិនាម និងព្រះកិត្តិយសរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។អង្គប្រជុំបានធ្វើការបូកសរុបផែនការសកម្មភាព និងពិភាក្សាដោយលំអិតលើផែនការសកម្មភាពសំខាន់ៗមួយចំនួន ដែលបានរៀបចំដោយអនុគណៈកម្មការនានា ពិសេសពាក់ព័ន្ធនឹងការរៀបចំព្រះរាជពិធីដង្ហែរព្រះសព ការរៀបចំព្រះមេរុ និងការថ្វាយព្រះភ្លើងព្រះសព ព្រមទាំងកិច្ចការបច្ចេកទេសមួយចំនួនទៀត ដើម្បីឱ្យស័ក្តិសមនឹងព្រះកិត្តិនាម និងព្រះកិត្តិយសរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងការទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនានៅកម្ពុជា៕

បណ្តាញសង្គម