(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីអគ្គីសភ័យឆេះរោងចក្រស្បែកជើងឈ្មោះ RG Footwear (Cambodia) Co., Ltd អស់ទាំងស្រុងនេះបានកើតហេតុនៅថ្ងៃច័ន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៦:៥០នាទី ដែលមានទីតាំងស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងនោះមានកម្មករនិយោជិតធ្វើការចំនួន២ ២០៥ នាក់ (ស្រី១ ០៣៦ នាក់)។ ក្នុងនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសូមសម្ដែងនូវសេចក្តីសោកស្តាយបំផុត ចំពោះឧបទ្ទវហេតុអគ្គិភ័យនេះ ហើយនឹងកំពុងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនកម្មករ និយោជិតនៃរោងចក្រ R.G Footwear ដែលអាចប្រឈមនឹងបញ្ហាមួយចំនួន។ ជាមួយគ្នានេះ ដើម្បីជួយសម្រាលទុក្ខលំបាក របស់បងប្អូន កម្មករនិយោជិត ក្រសួងសូមបញ្ជាក់ថា សម្រាប់អត្ថប្រយោជន៍ ប.ស.ស. រួមមាន ផ្នែកថែទាំសុខភាព អត្ថប្រយោជន៍នៅពេលសម្រាលកូន និងការពិនិត្យផ្ទៃពោះ បងប្អូនកម្មករនិយោជិតនៅតែទទួលបានអត្ថប្រយោជន៍ និងប្រើប្រាស់ ប.ស.ស. ជាធម្មតា។ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានក្រើនរំលឹកសារជាថ្មី ស្តីពីការពង្រឹងការអនុវត្តវិធានការបង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន និងបានណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវចូលរួមពង្រឹងការអនុវត្តនូវវិធានការ បង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាពនិងសុខភាពការងាររបស់កម្មករនិយោជិត សំដៅធានាបាននូវបរិយាកាស នៅកន្លែងធ្វើការប្រកបដោយសុវត្ថិភាព៕
(ភ្នំពេញ)៖ ម្ចាស់ផ្ទះជួលឱ្យកម្មករ Y&W ប្រកាសពន្យារពេលបង់ថ្លៃឈ្នួលផ្ទះដល់កម្មករទៅតាមការជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរហូតដល់កម្មករនិយោជិតទាំងអស់ទទួលបានការដោះស្រាយជាស្ថាពរក្នុងករណីរោងចក្រ Y&W។ ការពន្យារពេលបែបនេះបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីប្រកាសអំពាវនាវឱ្យម្ចាស់ផ្ទះជួលទាំងអស់ដែលមានកម្មករនិយោជិតនៃរោងចក្រ Y&W កំពុងស្នាក់នៅ សូមធ្វើការពន្យារពេលបង់ថ្លៃផ្ទះឈ្នួលដល់កម្មករមួយរយៈសិន រហូតមានដំណោះស្រាយជាស្ថាពរ។ លោក ផុន សុផាត ដែលជាម្ចាស់ផ្ទះជួលដល់កម្មករ Y&W បានលើកឡើងថាខ្លួនបានពន្យារពេលបង់ថ្លៃផ្ទះជួល រួមទាំងថ្លៃទឹកភ្លើងទៅដល់កម្មករនិយោជិតនៃរោងចក្រ Y&W ដែលកំពុងស្នាក់នៅផ្ទះជួលរបស់ខ្លួនរហូតដល់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោះស្រាយរួចរាល់ជូនកម្មករ។ លោកថា៖«ខ្ញុំបានប្រាប់ពួកគាត់ថាមិនយកថ្លៃផ្ទះជួលទេអំឡុងពេលមានបញ្ហាហ្នឹង លើសពីនេះទៅទៀតប្រសិនបើបងប្អូនមិនទាន់មានការងារធ្វើទេបងប្អូនអាចបន្តស្នាក់នៅបន្តិចទៀតបានក៏ប៉ុន្តែត្រូវចេញថ្លៃទឹកភ្លើងដោយខ្លួនឯង»។ លោកបានពន្យល់ថា ការពន្យារពេលបង់ថ្លៃផ្ទះជួលជូនកម្មករ Y&W នេះបន្ទាប់ពីមានការអំពាវនាវពីសំណាក់ក្រសួងការងារ និងអាជ្ញាធរមូលដ្ឋាន និងលោកបានមើលឃើញអំពីការលំបាករបស់កម្មករ កម្មការិនីដែលត្រូវបានថៅកែរត់ចោល គ្មានលទ្ធភាពក្នុងការបង់ថ្លៃផ្ទះជួលដល់ខ្លួន។ ទន្ទឹមនឹងនេះម្ចាស់ផ្ទះជួលរូបនេះអំពាវនាវឱ្យម្ចាស់ផ្ទះជួលទាំងឡាយណាដែលមានកម្មកររោងចក្រ Y&W សូមពន្យារពេលបង់ថ្លៃផ្ទះជួលទៅដល់កម្មករតាមការណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជួយសម្រាលការចំណាយរបស់កម្មករ រហូតដល់មានដំណោះស្រាយចប់រួចរាល់។ លោកថ្លែងអំណរគុណទៅដល់ក្រសួងការងារដែលមានចំណាត់ការទាន់ពេលវេលាលើករណីថៅកែក្រុម Y&W រត់ចោលកម្មករនេះ ហើយលោកគាំទ្រយ៉ាងពេញទំហឹង និងជឿជាក់លើជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយករណីក្រុមហ៊ុន Y&W ជូនកម្មករនិយោជិតទាំងអស់ឆាប់ៗខាងមុខនេះ។ គួរបញ្ជាក់ផងដែរថាពាក់ព័ន្ធនឹងករណីថៅកែរោងចក្រ Y&W នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្រៅពីប្រកាសឱ្យម្ចាស់ផ្ទះជួលពន្យារពេលបង់ថ្លៃផ្ទះ ក្រសួងការងារក៏បាននាំយកឱកាសការងារជាច្រើនពាន់កន្លែងថ្មីៗដល់កម្មករនិយោជិតនៃរោងចក្រ Y&W ដល់កន្លែងផងដែរ។ លើសពីនេះទៀតកម្មករនិយោជិតនៃរោងចក្រ Y&W អាចបន្តប្រើប្រាស់បណ្ណ ប.ស.ស. បានដដែល ខណៈពេលដែលក្រសួងការងារកំពុងតែដំណើរការនីតិវិធីរបស់ខ្លួនក្នុងការដោះស្រាយសំណងជូនកម្មករនិយោជិតទាំងអស់នាពេលខាងមុខ៕
(ភ្នំពេញ)៖ ក្រុមប្រឹក្សាអ្នកច្បាប់បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី “ការអភិវឌ្ឍគោលនយោបាយពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់កម្ពុជា៖ ទស្សនវិស័យនិងបញ្ហាប្រឈមផ្នែកច្បាប់នាពេលអនាគត” ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត សភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ផ្តល់ជូននូវបទបង្ហាញដល់តំណាងក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់ ថ្នាក់ដឹកនាំ ទីប្រឹក្សា សមាជិក សមាជិកបម្រុង ជំនួយការ និងមន្ត្រីរាជការនៃ ក្រុម ប្រឹក្សាអ្នកច្បាប់ និង ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ទីស្តីការគណៈរដ្ឋមន្រ្តី និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង និងនិស្សិតសាកលវិទ្យាល័យ ន័រតុន មានចំនួនសរុបប្រមាណ៤៦០នាក់ នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។ សូមជម្រាបផងដែរថា បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧ នេះជាវគ្គបណ្តុះបណ្តាលលើកទី៣ ដែលក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តីរៀបចំឡើងបន្តពីវគ្គបណ្តុះបណ្តាលលើកទី១ លើប្រធានបទ “ការរៀបចំគោលនយោបាយសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា” កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ និងលើកទី២ លើប្រធានបទ “ការវិវត្តនៃវិធានពាណិជ្ជកម្មនៅកម្ពុជា” កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ តែងតែមានប្រសាសន៍ណែនាំថា យើងគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ “រៀនមួយជីវិត (Life-long learning) និង ត្រៀមខ្លួនក្នុងការអភិវឌ្ឍចំណេះដឹងនិងជំនាញបន្ថែម (Upskill) ឬចាប់យកចំណេះនិងជំនាញថ្មី (Reskill) ដើម្បីសម្របនឹងបរិបទថ្មីនេះ” ដើម្បីឈានឆ្ពោះទៅពង្រឹងសមត្ថភាព គុណភាព និងចំណេះដឹងឱ្យកាន់តែទូលំទូលាយ សំដៅបង្កើននូវប្រសិទ្ធិភាពនិងផលិតភាពការងារឱ្យកាន់តែប្រសើរជាងមុនទាំងក្នុងក្របខ័ណ្ឌទីស្តីការ គណៈរដ្ឋមន្ត្រី ក៏ដូចតាមបណ្តាក្រសួងស្ថាប័នផ្សេងៗ ព្រមទាំងនិស្សិតនៅតាមសាកលវិទ្យាល័យនានាផងដែរ៕