
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា សមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះគ្រូចៅអធិការវត្តថ្នល់ជ័យ ស្ថិតក្នុងភូមិថ្នល់ជ័យ ឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍គូសបញ្ជាក់ថា វិស័យសាសនា ជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនប្រកបដោយចីរភាព។ឯកឧត្តមអភិសន្តិបណ្ឌិតបន្ថែមថា សាសនាមិនត្រឹមតែជាទីសក្ការបូជា និងជាបង្អែកស្មារតីរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជង្រុកអប់រំសីលធម៌ ចរិយាធម៌ និងគុណធម៌សង្គម យ៉ាងសកម្មផងដែរ។ ឯកឧត្តមបន្តថា ការរីកចម្រើននៃវិស័យអាណាចក្រ និងពុទ្ធចក្រ ត្រូវដើរទន្ទឹមគ្នាជានិច្ច ពីព្រោះថា សុខសន្តិភាព គឺជាគ្រឹះដ៏រឹងមាំ ដែលជួយឱ្យរាជរដ្ឋាភិបាល និងសប្បុរសជននានា មានឱកាសកសាងសមិទ្ធផលនានា ទាំងផ្លូវលោក និងផ្លូវធម៌។ជាក់ស្តែង សមិទ្ធផលដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃនេះ គឺជានិមិត្តរូបនៃមហាកម្លាំងសាមគ្គី និងទឹកចិត្តជ្រះថ្លារបស់សប្បុរសជននានា ថ្នាក់ដឹកនាំនិងក្រុមការងារចុះមូលដ្ឋានស្រុកពុទ្ធបរិស័ទ ទាំងក្នុង និងក្រៅប្រទេស។ សមិទ្ធផលទាំងនេះ ពិតជាបានរួមចំណែកដល់ការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនានៅកម្ពុជានិយាយជារួម និងដោយឡែកនៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែងនេះ។ប្រមុខក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ ព្រះសង្ឃ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គណៈកម្មការវត្ត និងប្រជាពលរដ្ឋទាំងអស់ ដែលបានរួមសាមគ្គីគ្នាយ៉ាងសកម្ម ទាំងការដឹកនាំ និងការបរិច្ចាគថវិកា ដើម្បីកសាងសមិទ្ធផលនានា បម្រើដល់វិស័យព្រះពុទ្ធសាសនាក្នុងទីអារាមនេះ។មុននឹងបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ផ្តាំផ្ញើ ដល់អាជ្ញាធរដែនដី និងកងកម្លាំងសមត្ថកិច្ច ឱ្យបន្តយកចិត្តទុកដាក់ដោះស្រាយសំណូមពរប្រជាពលរដ្ឋ ជួយសង្គ្រោះគ្រោះមហន្តរាយ មើលថែសុខទុក្ខគ្រួសារកងទ័ពនៅព្រំដែន ពង្រឹងសន្តិសុខមូលដ្ឋានបង្ក្រាបបទល្មើសផ្សេងៗ និងជំរុញការប្រើប្រាស់សេវាសាធារណៈឌីជីថល។ ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តជំរុញឱ្យរួមគ្នាថែរក្សាសមិទ្ធផលនានាក្នុងវត្ត រក្សាសាមគ្គីភាព និងអនាម័យបរិស្ថាន ព្រមទាំងស្នើឱ្យមាតាបិតា និងលោកគ្រូអ្នកគ្រូ យកចិត្តទុកដាក់អប់រំបណ្តុះបណ្តាលកូនចៅ និងសិស្សានុសិស្សឱ្យខិតខំរៀនសូត្រ ជៀសឆ្ងាយពីគ្រឿងញៀន និងអបាយមុខ។សូមបញ្ជាក់ថា សមិទ្ធផលដែលបានប្រារព្ធពិធីបុណ្យឆ្លងនាឱកាសនោះ រួមមាន ឧបដ្ឋានសាលាចំនួន១ខ្នង កុដិ២ខ្នង ផ្លូវបេតុងអាមេ ៣ខ្សែ ប្រវែង២៧៩ម៉ែត្រ ស្រះទឹក ១កន្លែង ព្រះពុទ្ធរូបប្រោសសត្វ ៣អង្គ បន្ទប់ទឹក៤ខ្នង មានចំនួន៧បន្ទប់ ចាក់ដីបំពេញទីធ្លាវត្ត និងទីសេនាសនៈ កសាងរបងជុំវិញសាលារៀន សមិទ្ធផលទាំងនេះប្រើប្រាស់រយៈពេលកសាងចំនួន៥ឆ្នាំ និងចំណាយថវិកាសរុបចំនួន ៥៩៦,៧២៤ដុល្លារអាម៉េរិក៕

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ព្រមទាំងលោកជំទាវ កែ សួនសុភី ស សុខា បានបានសម្តែងកាកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ជិត ៤០០នាក់ ដែលបាននិងកំពុងបន្តបេសកកម្មចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។ ការថ្លែងនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធីពិនិត្យនិងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា តាំងពីមានការកកើតនៃក្រុមគ្រូពេទ្យស្ម័គ្រ ស សុខា មកក្រុមគ្រូពេទ្យបានព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃជាង៥៣ម៉ឺននាក់។ ឯកឧត្តម បានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះ មិនអាចសម្រេចទៅបានឡើយ ប្រសិនបើគ្មានការចូលរួមពីអភិបាលនៃគណៈអភិបាលខេត្តព្រៃវែង គណៈបញ្ជាការឯកភាព ប្រធានមន្ទីរពេទ្យ ជាពិសេស "កងទ័ពអាវស" ដែលបានលះបង់កម្លាំងកាយចិត្តចូលរួមដោយស្ម័គ្រចិត្ត មិនគិតកម្រៃ។ សកម្មភាពទាំងនេះ គឺជាការលះបង់ដ៏មានសារសំខាន់ដើម្បីផលប្រយោជន៍ជាតិ និងសង្គម ជាពិសេសគឺការលើកស្ទួយសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។លោកវេជ្ជបណ្ឌិត សេង បញ្ញាឫទ្ធិ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង បានឱ្យដឹងថា ក្រុមការងារ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលបានចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនពលរដ្ឋ នៅស្រុកស្វាយអន្ទរ ព្រឹកនេះមានចំនួន៣៨០នាក់។ ក្រុមគ្រូពេទ្យ នឹងពិនិត្យនិងព្យាបាលជំងឺទូទៅ រួមមាន៖ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺកុមារ ជំងឺរោគស្ត្រី ជំងឺឫសដូងបាត ជំងឺសួត ជំងឺក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺដង្កូវព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹងជំងឺ រលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក និងវាស់ភ្នែក។ ក្រៅពីនេះ ក៏មានការពិនិត្យភ្នែក និងចែកវ៉ែនតា ការពិនិត្យ និងព្យាបាលសុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺលើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺតម្រងនោម ពិនិត្យអេកូសាស្ត្រ វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍ (វិភាគឈាម) វះកាត់តូច និងព្យាបាលរបួសជាដើម។លោកប្រធានមន្ទីរសុខាភិបាល បានបន្ថែមថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានពិនិត្យ និងពិគ្រោះជំងឺសរុប៥៣៧.០១៦ករណី។ លើសពីនេះ កាលពីឆ្នាំ២០២៥ មន្ទីរសុខាភិបាលខេត្តក៏បានបញ្ជូនមណ្ឌលសុខភាពចំនួន២ ចូលរួមប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិទូទាំងប្រទេស ជាលទ្ធផលនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ មណ្ឌលសុខភាពព្រៃព្នៅ ស្ថិតក្នុងស្រុកប្រតិបត្តិពារាំង ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ៣ ជាមណ្ឌលសុខភាពផ្តល់សេវាគំរូថ្នាក់ជាតិទូទាំងប្រទេស។សូមរំលឹកផងដែរថា កន្លងមក ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ចំនួន១៩លើក មាន១២ក្រុង ស្រុក គឺក្រុងព្រៃវែង ស្រុកពាមជរ ស្រុកស៊ីធរកណ្ដាល ស្រកពារាំង ស្រុកកំចាយមារ ស្រុកពាមរក៍ ស្រុកមេសាង ស្រុកព្រះស្ដាច ស្រុកកំពង់ត្របែក ស្រុកពោធិ៍រៀង និងស្រុកបាភ្នំ ដែលធ្វើការបានពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋចំនួន៦៨.០៨៧នាក់ ស្ត្រី៤៣.៤១៥នាក់៕

ខេត្តកំពង់ធំ ៖ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២, ការដាក់ចេញផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ព្រមទាំងប្រកាសសមាសភាពគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត សម្រាប់ស្រុកបារាយណ៍ ខេត្តកំពង់ធំ។កិច្ចប្រជុំនេះផ្តោតលើគោលបំណងសំខាន់ចំនួន ៣ គឺ៖ ១). បូកសរុបលទ្ធផលការងារឆមាសទី១ ដោយវាយតម្លៃចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម សំណូមពរ និងកំណត់ទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦, ២). ដាក់ចេញផែនការរួមនៅថ្នាក់ស្រុក សម្រាប់ត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧, និង៣). សេចក្តីសម្រេចស្តីពីការបង្កើត និងតែងតាំងសមាសភាពគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ ក្រុមប្រឹក្សាស្រុក ប្រធានគណៈកម្មាធិការគណបក្សស្រុក ឃុំ, ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១០ ព្រមទាំងសមាជិក សមាជិកា សរុបប្រមាណ ៣០០នាក់។ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ហួត ហាក់ បានលើកឡើងថា ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ត្រូវបានគណៈកម្មាធិការកណ្តាលគណបក្សដាក់ចេញកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ហើយត្រូវបានគណបក្សខេត្តកំពង់ធំផ្សព្វផ្សាយសម្រាប់អនុវត្តក្នុងក្របខ័ណ្ឌខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ។ឯកឧត្តម ហួត ហាក់ បានគូសបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក គឺជាផ្លែផ្កានៃការរួបរួមសាមគ្គីភាព ឯកភាពផ្ទៃក្នុង កិច្ចសហប្រតិបត្តិការល្អ និងការលះបង់សព្វគ្រប់បែបយ៉ាង របស់ថ្នាក់ដឹកនាំ គ្រប់ផ្នែក គ្រប់ថ្នាក់ និង សមាជិកគ្រប់ៗរូប ដោយប្រកាន់ខ្ជាប់នូវស្មារតី «ហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ» ដើម្បីបុព្វហេតុគណបក្ស និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ជាមួយគ្នានេះ ឯកឧត្តម ហួត ហាក់ ក៏បានគូសបញ្ជាក់បន្ថែមថា ផែនការរួមរបស់ស្រុកបារាយណ៍ ត្រូវបានរៀបចំទៅតាមការណែនាំរបស់ថ្នាក់កណ្តាល និង ថ្នាក់ខេត្ត ព្រមទាំងស្របតាមស្ថានភាពជាក់ស្តែង និងចាត់ទុកជាត្រីវិស័យនៅថ្នាក់ស្រុក សម្រាប់ក្រុមការងារគ្រប់ថ្នាក់ ក្នុងការពង្រឹងការអនុវត្តការងារ ដើម្បីឆ្ពោះទៅរកជ័យជម្នះក្នុងការបោះឆ្នោតនាពេលខាងមុខ។ទន្ទឹមនឹងនេះ ឯកឧត្តម ហួត ហាក់ ក៏បានណែនាំឱ្យថ្នាក់ឃុំ និង ក្រុមការងារចុះជួយគ្រប់លំដាប់ថ្នាក់ ត្រូវមានផែនការសកម្មភាពអនុវត្តជាក់ស្តែង រៀបចំប្រតិទិនការងារ និង ចុះមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ស្របតាមគោលការណ៍ ច ៣ (ចុះជួប ចុះជួយ ចុះចាយ) ព្រមទាំងអនុវត្តតាមតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់។ ស្រុកបារាយណ៍ ខេត្តកំពង់ធំ,ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦



















































#6, Street 272, 120409, Phnom Penh, Cambodia.
(+855) 89 383 888
info@swiftnewsdaily.com | info.swiftnews@gmail.com 
