
(បាត់ដំបង)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យគណៈបញ្ជាការឯកភាពខេត្តបាត់ដំបង ត្រូវតែបន្តបង្ក្រាបឱ្យបាននូវរាល់ល្មើសផ្សេងៗ រួមមាន៖ លួច ឆក់ ប្លន់ ក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ កម្ចីអនឡាញ អនឡាញស្គេម ក៏ដូចជាបទល្មើសជាច្រើនទៀត ដែលកើតមាននៅក្នុងមូលដ្ឋានខេត្តបាត់ដំបង ព្រមទាំងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ការណែនាំនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី អញ្ជើញជាសហអធិបតីជាមួយឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានលើកឡើងអំពីការងារសំខាន់ៗមួយចំនួនដូចជា៖ ការពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការគ្រប់គ្រងរដ្ឋបាលដែនដី ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ការអភិវឌ្ឍមូលដ្ឋាន ការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ព្រំដែន និងការពង្រឹងរបៀបរបបការងារ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះបញ្ហានៃគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងមានសន្ទុះហក់ឡើងគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលចុងក្រោយនេះមិនថាតែក្នុងខេត្តបាត់ដំបងនោះទេ ពោលគឺទូទាំងប្រទេស ដែលបញ្ហានេះបានក្លាយជាប្រធានបទដ៏ក្ដៅគគុក និងជាចំណុចដ៏គួរឱ្យព្រួយបារម្ភបំផុតសម្រាប់សន្តិសុខ និងសុវត្ថិភាពសង្គមជាតិទាំងមូល។ ក្នុងស្មារតីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ មិនមែនជាភារកិច្ចដាច់ដោយឡែករបស់ស្ថាប័នណាមួយនោះឡើយ ប៉ុន្តែវាទាមទារជាចាំបាច់នូវការចូលរួមយ៉ាងសកម្ម និងការសហការគ្នាយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រាប់ចាប់តាំងពីមន្ត្រីអនុវត្តច្បាប់ រហូតដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបក្នុងនាមជាអ្នកប្រើប្រាស់ផ្លូវថ្នល់។ បន្ទាប់ពីបង្ហាញក្តីព្រួយបារម្ភពីគ្រោះថ្នាក់ចរាចរណ៍ ប្រមុខក្រសួងមហាផ្ទៃ បានផ្តល់ការណែនាំដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបាត់ដំបង ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្ក្រាប និងទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទដែលកើតមានឡើងនៅក្នុងមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្ត និងការផ្សព្វផ្សាយគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យកាន់តែមានភាពផុសផុល និងសកម្មខ្លាំងក្លាជាងមុនទ្វេដង។ មុននឹងបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានលើកឡើងអំពីការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលនេះគឺជាបេសកកម្មដ៏ចម្បង និងជាចំណុចគន្លឹះដ៏សំខាន់បំផុត ដែលមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់បំពេញដោយស្មារតីទទួលខុសត្រូវខ្ពស់។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ពីថ្នាក់ខេត្ត ក្រុង ស្រុក រហូតដល់ថ្នាក់ឃុំ-សង្កាត់ ត្រូវបន្តខិតខំដុសខាត់សមត្ថភាព និងពង្រឹងយន្តការផ្តល់សេវារដ្ឋបាល ឱ្យកាន់តែមានភាពសាមញ្ញ ងាយស្រួល និងបង្កលក្ខណៈឱ្យកាន់តែខិតជិតកៀកនឹងបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕

(បាត់ដំបង)៖ មុនអញ្ជើញជាសហធិបតី បិទសន្និបាតរដ្ឋបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានរួមគ្នាអញ្ជើញសួរសុខទុក្ខ និងផ្ដល់កម្លាំងចិត្ត ជូនវីរយុទ្ធជន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធភូមិភាគទី៥ ខេត្តបាត់ដំបង។ មន្ទីរពេទ្យយោធភូមិភាគទី៥ បានកំពុងពិនិត្យព្យាបាលវីរយុទ្ធជនដែលមួយចំនួនរងរបួសធ្ងន់ស្រាល ខ្លះទៀត មានបញ្ហាសុខភាពផ្លូវដង្ហើម និងខ្លះមានបញ្ហាសុខភាពទូទៅ ក្នុងអំឡុងពេលប្រយុទ្ធការពារបូរណភាពទឹកដី ទប់ទល់អំពើឈ្លានពានពីសំណាក់កងទ័ពថៃ។ បើតាមលោកនាយកមន្ទីរពេទ្យ មានវីរយុទ្ធជនជាបន្តបន្ទាប់ ត្រូវបានបញ្ជូន ឬអញ្ជើញមកទទួលការព្យាបាល ដោយមួយចំនួនធំបានជាសះស្បើយ និងមួយចំនួនទៀតកំពុងទទួលការពិនិត្យព្យាបាល និងថែទាំយ៉ាងយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យ។ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ជម្រាបជូនវីរយុទ្ធជន នូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងការគោរពស្ញប់ស្ញែងពីកងកម្លាំង និងមន្ត្រីជួរក្រោយ រួមទាំងជនរួមជាតិ ជូនចំពោះ វីរយុទ្ធជន ដែលបានតស៊ូប្រយុទ្ធការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ យ៉ាងអង់អាចក្លាហាន។វត្តមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រីទាំងទ្វេ បានញ៉ាំងឱ្យវីរយុទ្ធជន ដែលកំពុងសម្រាកលើគ្រែពេទ្យ ទទួលបាននូវភាពកក់ក្ដៅ និងក្ដីមោទនយ៉ាងក្រៃលែង។ ខណៈកំពុងសម្រាកសម្រាន្តលើគ្រែដែលមានទាំងអាវក្រោះ និងមួកប្រយុទ្ធមកជាមួយ និងបើទោះបីកំពុងស្ថិតក្នុងស្ថានភាពមានរបួស និងខ្លះដៃមានភ្ជាប់សេរ៉ូមក៏ដោយ វីរយុទ្ធជនយើង បានខំក្រោកម្នីម្នារ លើកដៃសំពះ គោរពគំនាប់ ថ្នាក់ដឹកនាំដែលបានមកផ្ដល់កម្លាំងចិត្ត។ ទិដ្ឋភាពនេះ បានធ្វើឱ្យបរិយាកាសក្នុងមន្ទីរពេទ្យ ពោរពេញដោយស្មារតីជាតិនិយមដ៏ខ្ពង់ខ្ពស់។ក្នុងនាមរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ថ្លែងអំណរគុណក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យយោធភូមិភាគទី៥ ដែលបានខិតខំពិនិត្យព្យាបាលជូនវីរយុទ្ធជន ប្រកបដោយវិជ្ជាជីវៈ និងស្មារតីជាតិខ្មែរតែមួយ ជាពិសេសក្នុងកាលៈទេសៈ ដែលទទួលរងអំពើឈ្លានពាន និងការគំរាមកំហែងពីសំណាក់យោធាថៃ ដែលកន្លងទៅធ្លាប់បានបង្ហោះដ្រូនយកការណ៍ពីលើមន្ទីរពេទ្យ និងប្រើយន្តហោះទម្លាក់គ្រាប់បែកមកដល់ភូមិសាស្ត្រខេត្តបាត់ដំបង។សូមបញ្ជាក់ថា ជាមួយនឹងការសួរទុក្ខ និងផ្ដល់កម្លាំងចិត្ត ជូនវីរយុទ្ធជនដែលកំពុងសម្រាកព្យាបាលនៅគ្រប់បន្ទប់នៃមន្ទីរពេទ្យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានផ្ដល់ថវិកាឧបត្ថម្ភជូនវីរយុទ្ធជន និងផ្ដល់ការឧបត្ថម្ភគាំទ្រជូនដល់មន្ទីរពេទ្យយុទ្ធភូមិភាគទី៥ ផងដែរ៕

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកបណ្ឌិត Rajiv Raj Jagasia ស្ថាបនិកស្ថាប័នឥណ្ឌា Diplomacy for Good Foundation និងសហការី ចូលជួបសម្តែងការគួរសម ស្នើសុំការគំាទ្រលើគម្រោងសាងសង់រូបសំណាកព្រះវិស្ណុ និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ លោកបណ្ឌិតស្ថាបនិក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលបានអនុញ្ញាតដល់ស្ថាប័ន Diplomacy for Good Foundation ចូលជួបសំដែងការគួរសម និងគោរពរាយការណ៍ពីសកម្មភាពការងាររបស់ស្ថាប័នលើការងារការទូតទេសចរណ៍ ការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍តាមរយៈសកម្មភាពការទូត និងវប្បធម៌ ព្រមទាំងកិច្ចសហប្រតិបត្តិការជំរុញភ្ញៀវទេសចរឥណ្ឌាមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។ទន្ទឹមនឹងនេះ លោកបណ្ឌិតក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីសំណើសុំការគាំទ្រពីក្រសួងទេសចរណ៍លើគម្រោងសាងសង់រូបសំណាកព្រះវិស្ណុកម្ពុជា-ឥណ្ឌានៅកម្ពុជា តាមរយៈជំនួយគំាទ្រពីសប្បុរសជនឥណ្ឌាដែលស្រលាញ់វប្បធម៌ប្រពៃណីរបស់កម្ពុជា និងប្រទេសកម្ពុជា។ បន្ថែមនឹងនេះដែរ លោកបណ្ឌិតក៏បាននាំយកអំណោយសប្បុរសធម៌ ជាអង្ករ ចំនួន ២តោន តាមរយៈក្រសួងទេសចរណ៍ ដើម្បីបន្តផ្តល់ជូនដល់វីរកងទ័ពដ៏អង់អាចក្លាហាន និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលជាទឹកចិត្តដ៏ធំធេងបានបង្ហាញនូវការគោរពស្រឡាញ់ ផ្តល់កម្លាំងចិត្តដល់វីរភាពកងទ័ពការពារជាតិរបស់យើង និងជាគាំទ្រវីរកងទ័ពជួរមុខកម្ពុជាដ៏អង់អាចក្លាហាន ក្នុងន័យបង្ហាញពីខឿនការពារជាតិដ៏រឹងមាំផងដែរ។ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់លោកបណ្ឌិត ស្ថាប័ន Diplomacy for Good Foundation និងសប្បុរសជនឥណ្ឌាទាំងអស់ដែលបានលើកនូវគំនិតផ្តួចផ្តើមដ៏ល្អនេះ និងការទាក់ទាញកំណើនភ្ញៀវទេសចរឥណ្ឌាមកទស្សនានៅកម្ពុជា តាមរយៈសកម្មភាពការទូតទេសចរណ៍ និងវប្បធម៌ ដែលប្រទេសកម្ពុជា និងឥណ្ឌាមានចំណងការទូតជាង៧៤ឆ្នាំមកហើយ ព្រមទាំងជាបងប្អូនរួមវប្បធម៌ និងអរិយធម៌ជាងពាន់ឆ្នាំមកហើយ។ឯកឧត្តមរដ្ឋមន្រ្តី ស្នើលោកបណ្ឌិត និងស្ថាប័ន Diplomacy for Good Foundation បន្តជួយផ្សព្វផ្សាយពីសភាពការណ៍ពិត កត្តាសុខសន្តិភាព សន្តិសុខល្អប្រសើរ ការអភិវឌ្ឍលើគ្រប់វិស័យ វត្តមានភ្ញៀវទេសចរឥណ្ឌាដែលកំពុងកើនឡើងមកកម្ពុជានាពេលនេះដល់ប្រជាជនឥណ្ឌា ដើម្បីមកទស្សនាកម្ពុជាឱ្យកើនឡើងបន្ថែមទៀត៕



















































#6, Street 272, 120409, Phnom Penh, Cambodia.
(+855) 89 383 888
info@swiftnewsdaily.com | info.swiftnews@gmail.com 
