
(កំពង់ធំ)៖ យុទ្ធនាការបរិច្ចាគឈាមជាសាធារណៈដ៏សំខាន់មួយក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ជីវិត” ត្រូវបានរៀបចំឡើងនៅសហគមន៍ចំការកៅស៊ូ ទេពី អាក្រូ វិនិយោគ ស្ថិតនៅស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ។ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមការផ្តួចផ្តើមពី អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ។ដោយសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការបរិច្ចាគឈាម និងជំរុញសុខភាពសហគមន៍ យុទ្ធនាការនេះបានទាក់ទាញអ្នកចូលរួមជាង ៥០០ នាក់ រួមមានបុគ្គលិកក្រុមហ៊ុន សិស្សានុសិស្ស ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ហើយមានអ្នកបរិច្ចាគឈាមជិត ៤០០ នាក់ ដែលក្នុងនោះជាង ១០០ នាក់ជាចំនួនអ្នកស្ម័គ្រចិត្តបរិច្ចាគមកពីក្រុមហ៊ុនកសិកម្ម អិកស៍ អិល អិកស៍ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ គ្រោងនឹងរៀបចំទទួលការបរិច្ចាគនាពេលខាងមុខ។ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា៖ “ការផ្តល់ឈាមមិនត្រឹមតែជួយសង្គ្រោះជីវិតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចែករំលែកស្នាមញញឹមផងដែរ” ដោយលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមក្នុងសកម្មភាពដ៏មានអត្ថន័យនេះឱ្យបានច្រើន។ ឯកឧត្តមបានកោតសរសើរក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ និងមជ្ឈ មណ្ឌលជាតិផ្តល់ឈាម ចំពោះគំនិតផ្តួចផ្តើមគំរូនេះ ដោយសង្ឃឹមថានឹងជំរុញសកម្មភាពមនុស្សធម៌បន្ថែមទៀតពីក្រសួង ស្ថាប័ន និងសហគមន៍។ ឯកឧត្តមបានបន្ថែមថា ព្រឹត្តិការណ៍នេះជានិមិត្តរូបនៃសាមគ្គីភាព និងកិច្ចសហការរវាងវិស័យសាធារណៈ និងឯកជន ដែលជំរុញស្មារតីជួយគ្នាទៅវិញទៅមក។ក្នុងអំឡុងព្រឹត្តិការណ៍នេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានសម្ពោធសមិទ្ធិផលអគារបឋមសិក្សារបស់ក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ ចំនួនពីរខ្នង ដែលមួយខ្នងមានឈ្មោះ សាលាបឋមសិក្សា លី ហួរ អូរមាន ស្ថិតនៅស្រុកសណ្តាន់ ខេត្តកំពង់ធំ និងមួយខ្នងទៀតដែលមានឈ្មោះ សាលាបឋមសិក្សា ស៊ីង ស៊ីង ត្រពាំងប្រាសាទ ដែលស្ថិតនៅសាខាមួយទៀតក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សាលាបឋមសិក្សាទាំងពីរខ្នង មានចំនួន ១១ បន្ទប់ និងមានសិស្សដែលជាកូនចៅបងប្អូនបុគ្គលិក-កម្មករចំនួន ១២៣នាក់ កំពុងទទួលបានការសិក្សារៀនសូត្រពីលោកគ្រូ-អ្នកគ្រូ ចាត់តាំងពីស្ថាប័នអប់រំរបស់រដ្ឋ និងបានអញ្ជើញចូលរួមទទួលទានអាហារជាមួយសិស្សានុសិស្ស និងសមាជិកសហគមន៍ផងដែរ។ អ្នកឧកញ៉ា លី សុភ័ក្ត បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះវត្តមាននិងការដឹកនាំរបស់ ឯកឧត្តមឧបនាយរដ្ឋមន្រ្តី ដែលបានពង្រឹងគោលបំណងនៃយុទ្ធនាការក្នុងការធានាការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺនៅតាមមន្ទីរពេទ្យ ដោយមិនរើសអើងជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយ។គួបញ្ជាក់ផងដែរថា៖ ក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ ជាក្រុមហ៊ុនកសិ-ឧស្សាហកម្ម ប្រតិបត្តិការលើផ្ទៃដី ៧,៨៩៩ ហិកតា នៅស្រុកសណ្តាន់ និងត្រពាំងប្រាសាទ ដោយដាំដុះកៅស៊ូ (២,៦៣៦ ហិកតា) ស្វាយចន្ទី និងស្វាយកែវរមៀត (២,៨៧៧ ហិកតា) និងថែទាំកូនកៅស៊ូ (២,៣៨៦ ហិកតា)។ ក្រុមហ៊ុនផលិតកៅស៊ូ ៧,៩០០ តោន និងស្វាយចន្ទី ១,០០០ តោនក្នុងមួយឆ្នាំ ដោយផ្តល់ការងារដល់សមាជិកសហគមន៍ចំនួន ៦១៦ នាក់។ ក្រុមហ៊ុនក៏បានរួមចំណែកដល់វិស័យអប់រំដោយសាងសង់សាលារៀនពីរខ្នង មាន ១១ បន្ទប់សម្រាប់សិស្ស ១២៣ នាក់ សាងសង់ប៉ុស្តិ៍សុខភាពពីរខ្នង មាន ៤ បន្ទប់ និងផ្តល់ផ្ទះស្នាក់នៅ ១៣៦ ខ្នង មាន ២៧៥ បន្ទប់សម្រាប់កម្មករ នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។នៅក្នុងសុន្ទរកថា អ្នកឧកញ៉ា លី សុភ័ក្ត បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការរៀបចំយុទ្ធនាការបរិច្ចាគឈាមប្រចាំឆ្នាំ និងគាំទ្រប្រព័ន្ធថែទាំសុខភាពជាតិ។ ជាមួយគ្នានេះដែរ លោកក៏បានគូសបញ្ជាក់អំពីចក្ខុវិស័យសម្រាប់ការរីកចម្រើនកសិកម្មប្រកបដោយនិរន្តរភាព ការលើកកម្ពស់សុខុមាលភាពបុគ្គលិក ការពង្រឹងការអប់រំ និងការអភិរក្សបរិស្ថានសម្រាប់ជំនាន់ក្រោយ។ ក្រុមហ៊ុនមានផែនការពង្រីកផ្ទៃដីដាំដុះ បង្កើនទិន្នផល និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដើម្បីកសាងសហគមន៍ប្រកបដោយភាពរស់រវើក និងនិរន្តរភាព។អ្នកឧកញ៉ា លី សុភ័ក្ត បានកោតសរសើរ និងថ្លែងអំណរគុណ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងព្រឹត្តិការណ៍នេះ មានដូចជា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ សហភាពសហព័ន្ធយុវជនកម្ពុជា ដៃគូធុរកិច្ច និងអ្នកស្ម័គ្រចិត្ត។ អ្នកឧកញ៉ា បានវាយតម្លៃថា គំនិតផ្តួចផ្តើមនេះបានកំណត់ជាគំរូសម្រាប់កិច្ចខិតខំប្រឹងប្រែងផ្នែកមនុស្សធម៌ ដែលជាកត្តាលិករនៃការបន្តុះឆន្ទះ សាមគ្គីភាព និងឯកភាពជាតិ៕

(ភ្នំពេញ)៖ ក្រសួងកាងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រកាសថា គិតត្រឹមថ្ងៃទី ១៦ ខែឧសភាឆ្នាំ២០២៥នេះ ប្រទេសកម្ពុជាកំពុងមានតម្រូវការកម្លាំងពលកម្មចំនួន ៦៤ ០៧៤កន្លែងទៅលើវិស័យឧស្សាហកម្មចំនួន ៥០ ៥៧១កន្លែង, សេវាកម្មចំនួន ៣ ៦៥២កន្លែង និងវិស័យកសិកម្មចំនួន ៩ ៨៥១កន្លែង។ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងកាងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា៖«កម្ពុជាបច្ចុប្បន្ននេះ គឺយើងកំពុងមានតម្រូវការកម្លាំងពលកម្មចំនួន ៦៤ ០៧៤កន្លែងទៅលើវិស័យឧស្សាហកម្មចំនួន ៥០ ៥៧១កន្លែង, សេវាកម្មចំនួន ៣ ៦៥២កន្លែង និងវិស័យកសិកម្មចំនួន ៩ ៨៥១កន្លែង»។ឯកឧត្តមបានបន្ដថា៖«តម្រូវការដែលខ្ពស់ជាងគេនោះ គឺអ្នកបញ្ជាម៉ាស៊ីនដេរ កម្មករចម្ការដំណាំ កម្មករក្នុងផលិតកម្ម កម្មករវេចខ្ចប់ដោយដៃ មន្រ្តីឥណទាន និងប្រាក់កម្ចី យន្តការី និងអ្នកតម្លើងអគ្គិសនី អ្នកបញ្ជាម៉ាស៊ីនធ្វើស្បែកជើង អ្នកបច្ចេកទេសត្រួតពិនិត្យដំណើរការផលិត និងជំនាញផ្សេងៗជាច្រើនប្រភេទទៀត»។អ្នកនាំពាក្យរូបនេះបានអំពាវនាវដល់សាធារណៈជន យុវជន និងប្រជាពលរដ្ឋខ្មែរដែលមិនទាន់មានការងារ ឬកំពុងស្វែងរកការងារធ្វើ សូមទាក់ទងទៅទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីទទួលបានការប្រឹក្សាយោបល់ និងទទួលបានឱកាសការងារដែលខ្លួនពេញចិត្ត។ឯកឧត្តម ស៊ុន មេសា បានបន្ថែមថា ក្រសួងការងារ គឺជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាបានពង្រីកការផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារកាន់តែផុសផុលសម្រាប់បងប្អូនស្វែងរកការងារតាមរយៈបណ្តាញសង្គមជាច្រើនដូចជា ហ្វេសប៊ុក, TikTok និងមជ្ឈមណ្ឌលការងារចល័ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក៏ដូចជា ការផ្គត់ផ្គង់ និងផ្គូរផ្គងកម្លាំងពលកម្មរវាងកម្មករនិយោជិត និងនិយោជក។គួរបញ្ជាក់ថា ទីភ្នាក់ងារ NEA បានបង្កើនការចុះឈ្មោះដោយផ្ទាល់តាមមូលដ្ឋាន តាមប្រព័ន្ធឌីជីថល ដែលមានបញ្ជរសេវាការងារសាធារណៈចល័តរបស់ក្រសួងការងារ និងតាមរយៈកម្មវិធីទូរស័ព្ទដៃ។ លើសពីនេះមានការបង្កើនការរៀបចំពិព័រណ៌ការងារដូចជា វេទិកាការងារ កិច្ចសម្ភាសន៍ការងារ ពិព័រណ៌ថ្នាក់ខេត្ត ថ្នាក់ជាតិ ដើម្បីបន្តផ្សព្វផ្សាយឱកាសការងារដោយផ្ទាល់នៅកន្លែងជារៀងរាល់ថ្ងៃជូនពលរដ្ឋខ្មែរគ្រប់រូប៕

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តមបណ្ឌិត អ៉ិត សំហេង អញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» ជុំទី ៣ នៅវិមាន៧មករា នាព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៥។ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន លើកឡើងថា ការរៀបចំវគ្គបណ្ដុះបណ្ដាលជនបង្គោលថ្ងៃនេះគឺជាជំហានមួយដើម្បីលើកកម្ពស់ គាំទ្រការងារមហាជននៅថ្នាក់ក្រោមជាតិ ឲ្យកាន់តែមានប្រសិទ្ធិភាព តាមរយៈការពង្រឹងបន្ថែមសមត្ថភាពមន្រ្តីគណបក្ស ដែលឆ្លើយតបទៅកាន់សំណូមពររបស់គណៈចលនាមហាជនរាជធានី-ខេត្ត ជាពិសេសគឺអនុវត្តតាមអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងសន្និបាតគណៈមហាជនកាលពី ថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ៕