(ភ្នំពេញ)៖ ម្ចាស់ផ្ទះជួលឱ្យកម្មករ Y&W ប្រកាសពន្យារពេលបង់ថ្លៃឈ្នួលផ្ទះដល់កម្មករទៅតាមការជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរហូតដល់កម្មករនិយោជិតទាំងអស់ទទួលបានការដោះស្រាយជាស្ថាពរក្នុងករណីរោងចក្រ Y&W។ ការពន្យារពេលបែបនេះបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីប្រកាសអំពាវនាវឱ្យម្ចាស់ផ្ទះជួលទាំងអស់ដែលមានកម្មករនិយោជិតនៃរោងចក្រ Y&W កំពុងស្នាក់នៅ សូមធ្វើការពន្យារពេលបង់ថ្លៃផ្ទះឈ្នួលដល់កម្មករមួយរយៈសិន រហូតមានដំណោះស្រាយជាស្ថាពរ។ លោក ផុន សុផាត ដែលជាម្ចាស់ផ្ទះជួលដល់កម្មករ Y&W បានលើកឡើងថាខ្លួនបានពន្យារពេលបង់ថ្លៃផ្ទះជួល រួមទាំងថ្លៃទឹកភ្លើងទៅដល់កម្មករនិយោជិតនៃរោងចក្រ Y&W ដែលកំពុងស្នាក់នៅផ្ទះជួលរបស់ខ្លួនរហូតដល់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោះស្រាយរួចរាល់ជូនកម្មករ។ លោកថា៖«ខ្ញុំបានប្រាប់ពួកគាត់ថាមិនយកថ្លៃផ្ទះជួលទេអំឡុងពេលមានបញ្ហាហ្នឹង លើសពីនេះទៅទៀតប្រសិនបើបងប្អូនមិនទាន់មានការងារធ្វើទេបងប្អូនអាចបន្តស្នាក់នៅបន្តិចទៀតបានក៏ប៉ុន្តែត្រូវចេញថ្លៃទឹកភ្លើងដោយខ្លួនឯង»។ លោកបានពន្យល់ថា ការពន្យារពេលបង់ថ្លៃផ្ទះជួលជូនកម្មករ Y&W នេះបន្ទាប់ពីមានការអំពាវនាវពីសំណាក់ក្រសួងការងារ និងអាជ្ញាធរមូលដ្ឋាន និងលោកបានមើលឃើញអំពីការលំបាករបស់កម្មករ កម្មការិនីដែលត្រូវបានថៅកែរត់ចោល គ្មានលទ្ធភាពក្នុងការបង់ថ្លៃផ្ទះជួលដល់ខ្លួន។ ទន្ទឹមនឹងនេះម្ចាស់ផ្ទះជួលរូបនេះអំពាវនាវឱ្យម្ចាស់ផ្ទះជួលទាំងឡាយណាដែលមានកម្មកររោងចក្រ Y&W សូមពន្យារពេលបង់ថ្លៃផ្ទះជួលទៅដល់កម្មករតាមការណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជួយសម្រាលការចំណាយរបស់កម្មករ រហូតដល់មានដំណោះស្រាយចប់រួចរាល់។ លោកថ្លែងអំណរគុណទៅដល់ក្រសួងការងារដែលមានចំណាត់ការទាន់ពេលវេលាលើករណីថៅកែក្រុម Y&W រត់ចោលកម្មករនេះ ហើយលោកគាំទ្រយ៉ាងពេញទំហឹង និងជឿជាក់លើជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយករណីក្រុមហ៊ុន Y&W ជូនកម្មករនិយោជិតទាំងអស់ឆាប់ៗខាងមុខនេះ។ គួរបញ្ជាក់ផងដែរថាពាក់ព័ន្ធនឹងករណីថៅកែរោងចក្រ Y&W នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្រៅពីប្រកាសឱ្យម្ចាស់ផ្ទះជួលពន្យារពេលបង់ថ្លៃផ្ទះ ក្រសួងការងារក៏បាននាំយកឱកាសការងារជាច្រើនពាន់កន្លែងថ្មីៗដល់កម្មករនិយោជិតនៃរោងចក្រ Y&W ដល់កន្លែងផងដែរ។ លើសពីនេះទៀតកម្មករនិយោជិតនៃរោងចក្រ Y&W អាចបន្តប្រើប្រាស់បណ្ណ ប.ស.ស. បានដដែល ខណៈពេលដែលក្រសួងការងារកំពុងតែដំណើរការនីតិវិធីរបស់ខ្លួនក្នុងការដោះស្រាយសំណងជូនកម្មករនិយោជិតទាំងអស់នាពេលខាងមុខ៕
(ភ្នំពេញ)៖ ក្រុមប្រឹក្សាអ្នកច្បាប់បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី “ការអភិវឌ្ឍគោលនយោបាយពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់កម្ពុជា៖ ទស្សនវិស័យនិងបញ្ហាប្រឈមផ្នែកច្បាប់នាពេលអនាគត” ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត សភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ផ្តល់ជូននូវបទបង្ហាញដល់តំណាងក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់ ថ្នាក់ដឹកនាំ ទីប្រឹក្សា សមាជិក សមាជិកបម្រុង ជំនួយការ និងមន្ត្រីរាជការនៃ ក្រុម ប្រឹក្សាអ្នកច្បាប់ និង ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ទីស្តីការគណៈរដ្ឋមន្រ្តី និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង និងនិស្សិតសាកលវិទ្យាល័យ ន័រតុន មានចំនួនសរុបប្រមាណ៤៦០នាក់ នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។ សូមជម្រាបផងដែរថា បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧ នេះជាវគ្គបណ្តុះបណ្តាលលើកទី៣ ដែលក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តីរៀបចំឡើងបន្តពីវគ្គបណ្តុះបណ្តាលលើកទី១ លើប្រធានបទ “ការរៀបចំគោលនយោបាយសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា” កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ និងលើកទី២ លើប្រធានបទ “ការវិវត្តនៃវិធានពាណិជ្ជកម្មនៅកម្ពុជា” កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ តែងតែមានប្រសាសន៍ណែនាំថា យើងគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ “រៀនមួយជីវិត (Life-long learning) និង ត្រៀមខ្លួនក្នុងការអភិវឌ្ឍចំណេះដឹងនិងជំនាញបន្ថែម (Upskill) ឬចាប់យកចំណេះនិងជំនាញថ្មី (Reskill) ដើម្បីសម្របនឹងបរិបទថ្មីនេះ” ដើម្បីឈានឆ្ពោះទៅពង្រឹងសមត្ថភាព គុណភាព និងចំណេះដឹងឱ្យកាន់តែទូលំទូលាយ សំដៅបង្កើននូវប្រសិទ្ធិភាពនិងផលិតភាពការងារឱ្យកាន់តែប្រសើរជាងមុនទាំងក្នុងក្របខ័ណ្ឌទីស្តីការ គណៈរដ្ឋមន្ត្រី ក៏ដូចតាមបណ្តាក្រសួងស្ថាប័នផ្សេងៗ ព្រមទាំងនិស្សិតនៅតាមសាកលវិទ្យាល័យនានាផងដែរ៕
(អន្តរជាតិ)៖ ប្រមុខការពារជាតិកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ លើតម្រូវការជំរុញកិច្ចសហប្រតិបត្តិការ សន្តិសុខជាមួយជប៉ុន និងសហរដ្ឋអាមេរិក ចំពេលមានលទ្ធភាពនៃការបាញ់បង្ហោះផ្កាយ រណបកូរ៉េ ខាងជើង មួយទៀតនៅដើមចុងខែមីនានេះ។ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅទីក្រុងសេអ៊ូល រដ្ឋមន្ត្រីការពារជាតិលោក Shin Won-sik បានសំដៅ ទៅលើផ្កាយរណបដែលកូរ៉េខាងជើងបានបាញ់បង្ហោះកាលពីឆ្នាំមុន។ទីក្រុងព្យុងយ៉ាងបាននិយាយថា ខ្លួនបានដាក់ផ្កាយរណបឈ្លបយកការណ៍យោធាដំបូងរបស់ខ្លួន ទៅកាន់ គន្លងតារាវិថីកាលពីខែវិច្ឆិកាឆ្នាំមុន។ មេដឹកនាំ គីម ជុងអ៊ុន បានបង្ហាញផែនការបាញ់បង្ហោះ ផ្កាយរណបចារកម្មចំនួន ៣ បន្ថែមទៀតនៅឆ្នាំ ២០២៤។លោក Shin បានអះអាងថា ផ្កាយរណបដែលកូរ៉េខាងជើងបានបាញ់បង្ហោះកាលពីឆ្នាំមុន មិនដំណើរ ការជាផ្កាយរណបចារកម្មនោះទេ។លោកបានរំលឹកឡើងវិញថា ទីក្រុងព្យុងយ៉ាងអាចនឹងព្យាយាមបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ មួយទៀតនៅដើមចុងខែមីនា ដោយមិនបានផ្តល់ហេតុផលជាក់លាក់ណាមួយសម្រាប់ ការអះអាង របស់លោកឡើយ។លោក Shin បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរបស់កូរ៉េខាងត្បូងជាមួយជប៉ុន និងសហរដ្ឋអាមេរិក គួរតែឈានទៅមុខបន្ថែមទៀត ក្នុងការប្រឈមមុខនឹងការកើនឡើងនៃការ គំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលពីកូរ៉េខាងជើង៕