ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់សវនាការនៅសាលាឧទ្ធណ៍នារសៀលថ្ងៃទី៦ ខែមីនានេះ លោក គឹម សុខ ក៏ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារព្រៃសវិញ ដោយរក្សាការចោទប្រកាន់ និងការឃុំខ្លួនតាមអំណាចសាលក្រមសាលាដំបូងរាជធានីភ្នំពេញ។
បន្ទាប់ពីចប់សវនាការ លោក គឹម សុខ បានស្រែកប្រាប់អ្នកសារព័ត៌មានថា សម្តេចតេជោ ហ៊ុន សែន បានបញ្ជូនមនុស្សឲ្យទៅបញ្ចុះបញ្ចូលលោក ដើម្បីសរសេរលិខិតជាថ្នូរ និងការដោះលែងឲ្យនៅក្រៅឃុំ បើមិនដូច្នោះទេ អាចនឹងចូលក្នុងគុកងងឹត។
ពាក់ព័ន្ធនឹងការចោទប្រកាន់ជាថ្មី ទៅលើសម្តេចតេជោដោយលោក គឹម សុខ នេះ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានក្រៅបន្ទប់សវនាការ បន្ទាប់ពីលោក គឹម សុខ ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារវិញ លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់លោកនាយករដ្ឋមន្រ្តី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកនឹងពិចារណារ ចំពោះបទល្មើសថ្មី ដែលលោក កឹម សុខ បានចោទប្រកាន់នាពេលនេះ។
លោកបានមានប្រសាសន៍ដោយអស់សំណើចថា លោក គឹម សុខ ដែលជាប់នៅក្នុងពន្ធនាគារទៅហើយនោះ នៅមានឱកាសក្នុងការព្រឌិត និងទម្លាក់កំហុសមកលើសម្តេចតេជោ ហ៊ុន សែន ទៀត។
ទោះជា យ៉ាងណាលោកបានបដិសេធគ្រប់ការលើកឡើងរបស់លោក គឹម សុខ ដែលថា សម្តេចតេជោ បញ្ជូនមនុស្សឲ្យទៅកំហែងក្នុងពន្ធនាគារ ក៏ដូចជាការបង្ខំឲ្យសរសេរលិខិត ឬគំរាមដាក់គុកងងឹតជាដើម។
លោកមេធាវីបានអះអាងដូច្នេះថា «សម្តេចប្រធានគណបក្ស គឺគាត់អត់មានបាន ប្រើមនុស្សទៅបញ្ចុះបញ្ចូលអីទៀត បើ គឹម សុខ នៅក្នុងឃុំតើ!។ បញ្ចុះបញ្ចូលតាមណា?។ … គាត់និយាយអត់មានភស្តុតាងទាំងអស់…»។
លោកបន្ថែមដូច្នេះថា «មុននឹងប្តឹង មុននឹងចោទគេ ខាងខ្ញុំគឺទាល់តែពិនិត្យផ្ទៀងផ្ទាត់ជាមួយច្បាប់ ឲ្យបានច្បាស់លាស់ ថាដឹងខុសច្បាប់បានយើងប្តឹង មិនមែនចេះតែធ្វើច្បោលៗទេ។»
សូមទស្សនាកិច្ចសម្ភាសរបស់លោកមេធាវី គី តិច ជាមួយអ្នកសារព័ត៌មានដូចខាងក្រោម ៖
មតិយោបល់