(រតនគិរី) ៖ ជាតំបន់ជនជាតិដើមភាគតិចរស់នៅ និងជាតំបន់ដាច់ស្រយាល ដែលធ្វើឲ្យភ្ញៀវទេសចរជាតិ និងភ្ញៀវអន្តរជាតិ មិនងាយធ្វើដំណើរមកដល់ ក៏ប៉ុន្តែរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាសម័យបច្ចុប្បន្ន តំបន់ដ៏ស្ងាត់ជ្រងំនេះ ត្រូវបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន ផ្លូវគមនាគមន៍ តភ្ជាប់ពីខេត្តមួយទៅខេត្តមួយ ពីទីប្រជុំជនទៅទីដាច់ស្រយាលតាមជនបទនានា។
ជាក់ស្ដែង ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរ មានការកើនឡើង។ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៤.១៥.១៦. ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះ ភ្ញៀវទេសចរ ដែលមកលេងតាមតំបន់រមណីយដ្ឋានខេត្តរតនគិរី មានចំនួន ៨ម៉ឺន ៣៨១ នាក់ ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ បើធៀបទៅនឹងឆ្នាំ២០១៧ ភ្ញៀវមានការកើនឡើងលើសដល់ទៅ ៦.៧%។
លោក ង៉ែត វិទូរ ប្រធានមន្ទីរទេសចរណ៍ ខេត្តរតនគិរី បានឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ នេះថា ខេត្តរតនគិរី ភ្ញៀវទេសចរ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជារៀងរាលើឆ្នាំ ជាក់ស្ដែងឆ្នាំនេះ ភ្ញៀវទេសចរ កើនឡើងលើសឆ្នាំមុនដល់ទៅ ៦.៧% ក្នុងនោះភ្ញៀវទេសចរណ៍អន្តជាតិកើនឡើងដល់ទៅ ១៣.៤% លើសពីឆ្នាំមុន។
លោកប្រធានមន្ទីរបានបន្តទៀតថា កាត្តាដែលធ្វើឲ្យភ្ញៀវទេសចរ មានការកើនឡើងនេះ មកពីការខិតខំយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល គិតគូរពីផ្លូវគមនាគមន៍ តភ្ជាប់ពីខេត្តមួយទៅខេត្តមួយទៀត ហើយលោកបានអនុវត្តតាមគោលការណ៍ណែនាំរបស់សួងទេសចរណ៍ ក្នុងការរៀបចំត្រៀមលក្ខណៈកំសាន្តតាមតំបន់រមណីយដ្ឋាននានា ព្រមទាំងក្រោមការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត ដែលបានស្ថាបនា កែសម្រួលផ្លូវលំនីមួយៗ ដែលតភ្ជាប់ពីខេត្តចូលទៅតាមតំបន់រមណីយដ្ឋាន មិនត្រឹមតែប៉ុណ្ណោះ ថ្នាក់ដឹកនាំខេត្តបានរៀបចំតុបតែងកែលម្អរ ភ្លើងតាមដើមឈើក្នុងខេត្ត ដើម្បីទាក់ទាញភ្ញៀវឲ្យមកកំសាន្តកាន់តែច្រើនកុះករទៀតផង។
គួរបញ្ជាក់ថា ដើម្បីបង្កឲ្យមានភាពកក់ក្ដៅដល់ភ្ញៀវទេសចរ ដែលមកលេងកំសាន្តក្នុងខេត្តមួយនេះ កងកម្លាំងនគរបាលនៃស្នងការរដ្ឋានខេត្ត ក៏ដូចកងកម្លាំងកងរាជអាវុធហត្ថ បានការពារសន្តិសុខ រៀបចំសណ្ដាប់ធ្នាប់យ៉ាងហ្មត់ចត់ ល្អប្រសើរ ជូនភ្ញៀវមកកំសាន្តផងដែរ។ អាជ្ញាធរខេត្ត មិនត្រឹមតែបានតុបតែងផ្កាភ្ញី ភ្លើងពណ៌ក្នុងខេត្តតែប៉ុណ្ណោះទេ រដ្ឋាបាលសាលាខេត្ត បានរៀបចំអង្គរសង្ក្រាន្ត ដែលឲ្យឈ្មោះថា អង្គរសង្ក្រាន្តយក្ខឡោមមួយកន្លែង ក្នុងបរិវេណមន្ទីរវប្បធម៌ខេត្ត ដើម្បីទទួលភ្ញៀវក្នុងខេត្ត និងភ្ញៀវទេចរ មកពីទីជិតទីឆ្ងាយ ទស្សនាពិព័រណ៍ប្រពៃណីជនជាតិដើមភាកតិច ដាក់តាំងលក់ផលិតផលក្នុងស្រុក និងរៀបចំកន្លែងរាំកំសាន្តរយៈពេល ៣ថ្ងៃផងដែរ ដោយគិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨៕
មតិយោបល់