(កោះកុង)៖ បន្ទាប់ពីសមត្ថកិច្ចស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃ បង្ក្រាបរថយន្តពីរកឹបមួយគ្រឿង ដែលបានដឹកជញ្ជូនអាវុធដោយខុសច្បាប់ជាច្រើនដើមនោះ លោក សុវណ្ណ ប៊ុនធឿន ប្រធានស្នាក់កាត្រួតពិនិត្យច្រកទ្វាអន្តរជាតិចាំយាមបានបកស្រាយថា ករណីនេះគឺពិតជាកើតមានក្នុងទឹកដីនៃប្រទេសថៃពិតប្រាកដមែនមិនមានពាក់ព័ន្ធក្នុងទឹកដីខេត្តកោះកុងនោះទេ។
លោក សុវណ្ណ ប៊ុនធឿន ប្រធានស្នាក់កាត្រួតពិនិត្យច្រកទ្វាអន្តរជាតិចាំយាម បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះថា «រឿងនេះគឺខាងដែនសមត្ថកិច្ចរបស់ថៃទេ។ ចំណែកខាងលោកមិនពាក់ព័ន្ធនោះឡើយ»។
លោកបន្តទៀតថា «បទល្មើសនេះ! ពិតណាស់ជាជនជាតិថៃហើយហេតុការណ៍នេះគឺកើតឡើងនៅប្រទេសថៃឯណោះទេ។ ដោយឡែកជនបង្កក៏ជាជនជាតិថៃដែរ»។
លោក សុវណ្ណ ប៊ុនធឿន ប្រធានស្នាក់កាត្រួតពិនិត្យច្រកទ្វាអន្តរជាតិ ចាំយាម បានបន្ថែមទៀតថា «សមត្ថកិច្ចខេត្តកោះកុងកំពុងធ្វើការស្រាវជ្រាវរឿងនេះបន្តទៀត ហើយលទ្ធផលយ៉ាងណាលោកនឹងផ្តល់បន្ថែមទៀត។ ពេលនេះលោកមិនទាន់អាចផ្តល់ព័ត៌មានជាក់លាក់ជុំវិញហេតុការណ៍ខាងលើបានទេ»។
ពាក់ព័ន្ធការប្រតិកម្មឆ្លើយតបភ្លាមៗរបស់លោក សុវណ្ណ ប៊ុនធឿន ប្រធានស្នាក់កាត្រួតពិនិត្យច្រកទ្វាអន្តរជាតិចាំយាមនេះហាក់បីដូចជាអៀសខ្លួនខ្លាំងជុំវិញករណីសមត្ថកិច្ចនៃប្រទេសថៃ ឃាត់ជនសង្ស័យម្នាក់រួមទាំងរថយន្តមួយគ្រឿងដែលលួចដឹកជញ្ជូនអាវុធជាច្រើនដើមដោយខុសច្បាប់។
សូមរម្លឹកថា កម្លាំងសមត្ថកិច្ចស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃ បានឃាត់រថយន្តមួយគ្រឿង ឆែកឆេរកឃើញមានដឹកជញ្ជូនអាវុធដោយខុសច្បាប់ជាច្រើនដើម រួមទាំងជនសង្ស័យម្នាក់ផងដែរ។ អាវុធទាំងនោះ ត្រូវបានសមត្ថកិច្ចថៃ អះអាងថាបាននាំចេញពីតំបន់ស្ទឹងហាវ ខេត្តព្រះសីហនុ តាមទូកនេសាទ រួចដឹកបន្តតាមរថយន្តនៅកំពង់ផែមួយក្នុងភូមិខ្លងស៊ុន ស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃ ដែលមានចម្ងាយពីច្រកទ្វារអន្តរជាតិចាំយាម ក្នុងខេត្តកោះកុង ប្រមាណ ៨គីឡូម៉ែត្រប៉ុណ្ណោះ។
តាមប្រភពព័ត៌មានពីប្រទេសថៃ បានឲ្យដឹងថា អាវុធទាំងនោះត្រូវបានជនសង្ស័យដឹកជញ្ជូន កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោងប្រហែល ១២និង ៣០នាទី រំលងអាធ្រាត្រហើយ កម្លាំងសមត្ថកិច្ចថៃ ត្រង់ប៉ុស្តិ៍ត្រួតពិនិត្យបានម៉ៃរូត ស្រុកខ្លងយ៉ៃ ខេត្តត្រាត ដែលមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីច្រកទ្វារអន្តរជាតិចាំយាម ស្រុកមណ្ឌសីមា ខេត្តកោះកុង បានឃាត់ចាប់រថយន្តមួយគ្រឿង មានដឹកជញ្ជូនអាវុធជាច្រើនដើមចេញពីកំពង់ផែ ក្នុងភូមិខ្លងស៊ុន ស្រុកខ្លងយ៉ៃ។
ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា វត្ថុតាង ដែលកម្លាំងសមត្ថកិច្ចប្រទេសថៃ ដកហូតបាន រួមមាន៖
១-កាំភ្លើង ប្រភេទ TEPY ចំនួន០២ដើម បង់២, ២-កាំភ្លើង ប្រភេទអឹមសី M16 ចំនួន០៤ដើម ក្នុងនោះ មានមួយភ្ជាប់ប្រដាប់សម្រាប់បាញ់ M79, ៣ -កាណុងកាំភ្លើង M16 ចំនួន២០កាណុង, ៤-ឈុតឧបករណ៏កៃកាំភ្លើង០៥ឈុត, ៥-បន្ទះតួកាំភ្លើងង២០បន្ទះ, ៦-គ្រាប់សម្រាប់បាញ់បំភ្លឺ ០៣គ្រាប់, ៧ -ជនជាតិថៃ១នាក់ រថយន្ត ១គ្រឿង ប្រភេទ ២បាំងមួយគ្រឿង៕
មតិយោបល់