វីដេអូថ្មីៗ BEST TV
វីដេអូថ្មីៗ SWIFT NEWS
ព័ត៌មានជាតិ
អ្នកសារព័ត៌មាននៅកម្ពុជា៖ ទស្សនកិច្ចសិក្សាទៅកាន់សាលាបច្ចេកទេសនឹងធ្វើឱ្យសង្គមយល់ដឹងពីកម្មវិធីបណ្តុះបណ្តាល១.៥លានកាន់តែទូលំទូលាយ
ថ្ងៃទី១៨ ខែឩសភា ឆ្នាំ២០២៤

ភ្នំពេញ៖ អ្នកសារព័ត៌មានក្នុងស្រុកប្រមាណ២០រូបមកពី១០ស្ថាប័ននៅកម្ពុជា បានលើកឡើងថា តាមរយៈការចូលរួមក្នុងការផ្សព្វផ្សាយរបស់ខ្លួននឹងធ្វើឲ្យកម្មវិធីបណ្តុះបណ្តាលជំនាញ១,៥លាននាក់ដល់យុវជនគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា កាន់តែទូលំទូលាយ។ ការអះអាងរបស់អ្នកសារព័ត៌មានបែបនេះ បានធ្វើឡើងនាឱកាសដំណើរទស្សនកិច្ចទៅកាន់វិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា(NPIC) ដែលរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឱ្យអ្នកសារព័ត៌មានមានឱកាសស្វែងយល់អំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់កាន់តែស៊ីជម្រៅ។លោក អាន គុណធារ៉ា អ្នកសារព័ត៌មាននៃអង្គភាពព័ត៌មាន Fresh News បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន នាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកសារព័ត៌មាន ក៏ដូចជា សាធារណៈជនព្រោះតាមរយៈសំណេរ ឬអត្ថបទរបស់អ្នកសារព័ត៌មាននឹងធ្វើឱ្យសង្គមទទួលបានព័ត៌មានកាន់តែច្បាស់ និងពិតប្រាកដ។ លោកអះអាងថា« ខ្ញុំមើលឃើញថាចំណុចសំខាន់នៃកម្មវិធី ១,៥លាននាក់ នេះក្រៅពីជួយបណ្ដុះបណ្ដាល ជួយបំពាក់បំប៉នដល់យុវជននៅជំហ៊ានដំបូងពិតមែន តែខ្ញុំមើលឃើញថាវាដើរស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ ពិតណាស់បេះដូងអ្នកសារព័ត៌មាន តែងតែចង់ទៅឲ្យជិតនឹងប្រភពព័ត៌មាន អ៊ីចឹងចំពោះទស្សនកិច្ចនេះពិតជាមានសារៈសំខាន់សម្រាប់អ្នកសារព័ត៌មាន»។ ក្នុងនាមជាអ្នកសារព័ត៌មានលោក អាន គុណធារ៉ា ពិតជាពេញចិត្តក្នុងការចូលរួមផ្សព្វផ្សាយនូវកម្មវិធីដ៏មានសារៈសំខាន់នេះ ជូនសាធារណៈជនឲ្យកាន់តែទូលំទូលាយ។ទន្ទឹមនឹងនេះ កញ្ញា ជូន រស្មី ជាអ្នកសារព័ត៌មាននៃអង្គភាពព័ត៌មាន ស៊ីស៊ីថាមស៍ ក៏បានកត់សម្គាល់ពីសារៈសំខាន់នៃទស្សនកិច្ចរបស់អ្នកសារព័ត៌មានទៅកាន់តែវិទ្យាស្ថាន NPIC ដោយអះអាងថាការផ្សព្វផ្សាយនឹងបន្ថែមពីព័ត៌មានដែលសាលាមានទៅកាន់ប្រជាពលរដ្ឋបានយ៉ាងល្អនិងទូលំទូលាយ។កញ្ញា ជូន រស្មី បញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថាការចេញផ្សាយអត្ថបទ ឬជាវីឌីអូផ្សេងៗរបស់អ្នកសារព័ត៌មាននឹងអាចនាំសារនេះទៅដល់សាធារណៈជន និងពលរដ្ឋគោលដៅ។ ខ្ញុំសង្ឃឹមថាក្រសួងការងារនឹងបន្តដឹកនាំអ្នកសារព័ត៌មានទៅតាមវិទ្យាស្ថានផ្សេងៗទៀត ព្រោះការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មាន មានឥទ្ធិពលដល់សាធារណៈជន»។ ដោយឡែក លោក សំ ងីម ជាអ្នកសារព័ត៌មានមកពីស្ថាប័នទូរស្សន៍ BTV យល់ឃើញថា ការចូលរួមរបស់អ្នកសារព័ត៌មាន នឹងជំរុញការផ្សព្វផ្សាយកម្មវិធី១,៥លាននាក់របស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីឱ្យយុវជនគោលដៅចូលសិក្សាបានកាន់តែច្រើនបន្ថែមទៀត។ លោកមើលឃើញថា ៖«កម្មវិធីនេះ មានទាំងសិស្សនារី សិស្សបុរស និងសិស្សវ័យចំណាស់ក៏មានដែរ។ ខ្ញុំគិតថាជំនាញទាំងអស់នេះ មានសារៈសំខាន់ណាស់សម្រាប់ពួកគាត់ ដែលមកពីគ្រួសារខ្សត់ខ្សោយ។ ខ្ញុំសង្ឃឹមថាក្រសួងការងារនឹងពង្រីកសកម្មភាពទាំងអស់នេះបន្តទៀត»។ សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានទៅកាន់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) គឺជាលើកទី២ហើយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំ និង ដឹកនាំដោយឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យដើម្បីជំរុញការផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែច្រើនបន្ថែមទៀត៕

សិស្សនៃកម្មវិធបណ្តុះបណ្តាល ១,៥ លាននាក់៖ ការផ្សព្វផ្សាយគឺជាកត្តាចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់ពលរដ្ឋ
ថ្ងៃទី១៧ ខែឩសភា ឆ្នាំ២០២៤

សិស្សដែលកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)បានលើកឡើងថា អ្នកសាព័ត៌មានជាភាគីចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលទៅដល់មូលដ្ឋានរបស់ពលរដ្ឋ យុវជនគោលដៅ ដើម្បីជួយជម្រុញពួកគេឱ្យមកចុះឈ្មោះចូលរៀនជំនាញដោយឥតបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ។ ការលើកឡើងបែបនេះបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំអ្នកសារព័ត៌មានចំនួន២០នាក់ មកពី ១០ស្ថាប័ន ចុះស្វែងយល់អំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។ យុវជន ទេព សាមុត ជាសិស្សនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) លើកឡើងថា៖«ក្នុងនាមជាសិក្ខាកាមដែលកំពុងសិក្សាជំនាញប ច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាល ខ្ញុំសប្បាយចិត្តនៅពេលមានអ្នកសារព័ត៌មានជាច្រើននាក់បានចុះមកផលិតព័ត៌មាន ធ្វើការសម្ភាសន៍យុវជនដែលកំពុងសិក្សាជំនាញនៅពេលនេះ។ ការធ្វើបែបនេះគឺមានសារសំខាន់ណាស់ក្នុងការផ្សព្វផ្សាយនូវព័ត៌មានល្អៗពីការសិក្សាជំនាញរបស់យុវជន»។ យុវជនរូបនេះបន្ថែមថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះគឺជាស្ពានក្នុងការឱ្យយុវជនដែលមានជីវភាពក្រីក្របានបន្តការសិក្សា មិនត្រឹមតែប៉ុណ្ណោះយុវជនក្រីក្រក៏បានទទួលប្រាក់ឧបត្ថម្ភពីសំណាក់រាជរដ្ឋាភិបាលរហូតរៀនចប់ជំនាញវិជ្ជាជីវៈផងដែរ។ ការជួយជ្រោមជ្រែងទាំងអស់នេះហើយទើបធ្វើឱ្យយុវជនដែលមានជីវភាពក្រីក្រមានក្តីសង្ឃឹម និងសិក្សាជំនាញមួយនេះដោយភាពកក់ក្តៅ មិនព្រួយបារម្ភលើកត្តាជីវភាព។ដោយឡែកយុវជន ប៊ុន សុធា សិស្សនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ក៏បង្ហាញអារម្មណ៍ដែរថា អ្នកសារព័ត៌មានគឺជាភាគីមួយយ៉ាងសំខាន់ក្នុងផ្តល់ព័ត៌មានអំពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសរបស់រាជរដ្ឋាភិបាលមួយនេះបានយ៉ាងទូលំទូលាយទៅដល់មូលដ្ឋានភូមិ ឃុំ សង្កាត់ ស្រុក តំបន់ផ្សេងទៀត ដែលអាចធ្វើឱ្យពលរដ្ឋ ក៏ដូចជាយុវជនគោលដៅ បានដឹងបានឮបានឃើញបានជ្រាបអំពីការផ្តល់ការសិក្សាជំនាញបច្ចេកទេសដោយឥតគិតថ្លៃ។ យុវជនរូបនេះថា៖«ដូចខ្ញុំចឹង! ដំបូងឡើយខ្ញុំអត់ដឹងថាកម្ពុជាមានវគ្គសិក្សាជំនាញដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភដែលផ្តល់ឱ្យដោយរាជរដ្ឋាភិបាលនោះទេ រហូតដល់ខ្ញុំឃើញមានការផ្សព្វផ្សាយព្រោងព្រៀតពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះនៅតាមបណ្តាញសង្គម ជាពិសេសតាមទូរទស្សន៍ និងសារព័ត៌មានក្នុងស្រុកនានា។ បន្ទាប់ពីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីកម្មវិធីសិក្សាជំនាញនេះហើយ ទើបខ្ញុំបានសម្រេចចិត្តដាក់ពាក្យចូលរៀនជំនាញបច្ចេកទេសនៅសាលា NPIC នៅពេលនេះ»។ ទន្ទឹមនឹងនេះយុវជនដែលកំពុងសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាបានអំពាវនាវឱ្យយុវជនទាំងអស់ ជាពិសេសយុវជនដែលមានជីវភាពក្រីក្រ និងបានបោះបង់ការសិក្សាសូមរួសរាន់មកដាក់ពាក្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ពីព្រោះការសិក្សាជំនាញនេះគឺរៀនដោយឥតគិតថ្លៃ ប្រសិនបើយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យយុវជននឹងទទួលបានប្រាក់ឧបត្ថម្ភជាប្រចាំខែពីរាជរដ្ឋាភិបាលផងដែរ។ ការជួយជ្រោមជ្រែងនេះគឺជាការផ្តល់ឱកាសមាសពីសំណាក់រដ្ឋាភិបាល ដើម្បីឱ្យយុវជន ក៏ដូចជាពលរដ្ឋកម្ពុជាមានជំនាញ និងមានការងារធ្វើគ្រប់ៗគ្នា ដែលអាច ជួយស្រោចស្រង់ជីវភាពគ្រួសារ និងខ្លួនឯងនាពេលអនាគតដ៏ខ្លី។ យុវជនដែលកំពុងសិក្សាជំនាញសង្ឃឹមថាកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលនឹងរីកសាយភាយនៅលើបណ្តាញសារព័ត៌មាន និងបណ្តាញអ៉ីនធើណែត បន្ទាប់អ្នកសារព័ត៌មានបានចុះផ្ទាល់មកកាន់វិទ្យាស្ថានបណ្តុះបណ្តាលនៅពេលនេះ ហើយសង្ឃឹមថាក្រសួងការងារនឹងបន្តរៀបចំការដឹកនាំអ្នកសារព័ត៌មានចុះទៅកាន់វិទ្យាស្ថានបណ្តុះបណ្តាលដ៏ទៃទៀតនៅទូទាំងប្រទេស ដើម្បីបំផុសព័ត៌មានទៅដល់មូលដ្ឋាន ទាក់ទាញយុវជនចូលរៀនជំនាញឱ្យបានច្រើន៕

ក្រសួងការងារ៖ ការផ្សាយរបស់ឌឹខេមបូឌាដេលី មិនពិត និងគ្មានវិជ្ជាជីវៈ
ថ្ងៃទី១៧ ខែឩសភា ឆ្នាំ២០២៤

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចុះផ្សាយរបស់ឌឹខេមបូឌាដេលី(The Cambodia Daily) ដែលបានមួលបង្កាច់ បំផ្លើស បំភ្លៃ និងគ្មានការពិតទាល់តែសោះដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រមុខរាជរដ្ឋាភិបាល និងឯកឧត្តមហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រសួងបញ្ជាក់ថា៖ “ការផ្សាយនេះ គឺជាការប្រឌិតនូវព័ត៌មានមិនពិតដែលធ្វើឱ្យមានការយល់ច្រឡំ មួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រមុខរាជរដ្ឋាភិបាល និង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនេះជាទង្វើគ្មានវិជ្ជាជីវៈ គ្មានក្រមសីលធម៌សារព័ត៌មាន និងគ្មានការទទួលខុសត្រូវ”។សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នេះមិនមែនជាលើកទី១ ទេ ដែលខេមបូឌាដេលី បានផ្សព្វផ្សាយព័ត៌មានដែលគ្មានការពិត និងបំផ្លើសរបៀបនេះ ដើម្បីយកមកធ្វើជាឈ្នាន់បិទបាំងសកម្មភាពនយោបាយជ្រុលនិយម លាបពណ៌ និងវាយប្រហារមកលើប្រមុខ រាជដ្ឋាភិបាលកម្ពុជា និងឯកឧត្តម ហេង សួរ ដើម្បីលាភសក្ការៈរបស់ខ្លួនតែប៉ណ្ណោះ។ សារព័ត៌មាន ខេមបូឌាដេលី ត្រូវតែសុំទោសជាសារធារណៈ និងកែតម្រូវការផ្សាយរបស់ខ្លួនជាបន្ទាន់៕

បាញ់ទៀតហើយ! កូរ៉េខាងជើងបាញ់មីស៊ីលជាច្រើនគ្រាប់ ឆ្ពោះទៅកាន់សមុទ្រជប៉ុន
ថ្ងៃទី១៧ ខែឩសភា ឆ្នាំ២០២៤

(អន្តរជាតិ)​៖ យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី ជាច្រើន គ្រាប់ឆ្ពោះទៅកាន់សមុទ្រជប៉ុន។ ជាមួយគ្នានេះ អ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ប្រទេសជប៉ុន បាននិយាយថា មិនមានការចង្អុល បង្ហាញថា មីស៊ីលមួយបានធ្លាក់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុននោះទេ។លោក Hayashi Yoshimasa បាននិយាយថា លោកទទួលស្គាល់ការប្រកាសរបស់កូរ៉េខាងត្បូង។ លោក​ក៏​បាន​និយាយ​ដែរ​ថា រដ្ឋាភិបាល​មិន​បាន​ទទួល​ព័ត៌មាន​ណា​មួយ​ពី​អង្គការ​ពាក់ព័ន្ធ​ទាក់ទង​នឹង​ការ​ខូច​ខាត។លោកបានបន្ថែមថា រដ្ឋាភិបាលនឹងបន្តប្រមូល និងវិភាគព័ត៌មាន ខណៈពេលដែលធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ថ្មីៗនេះ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងយ៉ាងហោចណាស់មួយគ្រាប់ កាលពីថ្ងៃទី ២២ ខែមេសា៕ 

បណ្តេញជនជាតិវៀតណាមសរុបចំនួន ៤៥នាក់ ស្រី០៦នាក់ ពាក់ព័ន្ធករណី លួចឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន!
ថ្ងៃទី១៧ ខែឩសភា ឆ្នាំ២០២៤

(ស្វាយរៀង)៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៤៥នាក់ ស្រី០៦នាក់ ពាក់ព័ន្ធករណី លួចឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន នេះបើយោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍។នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៤៥នាក់ ស្រី០៦នាក់ ពាក់ព័ន្ធករណី លួចឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។ក្នុងនោះបានធ្វើការឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចំនួន ៦នាក់ បានទទួលពីអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន ២៨នាក់ ស្រី០៦នាក់ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត ចំនួន ១១នាក់ បានត្រូវបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង៕

សម្រស់ខ្លោងជ័យរបស់ខ្លោងទ្វារក្រុងអង្គរ ក្រោមដំណក់ទឹកភ្លៀងស្រស់ស្អាតម្យ៉ាង ថែមទាំងទាក់ទាញចំណាប់អារម្មណ៍អ្នកទេសចរណ៍!
ថ្ងៃទី១៧ ខែឩសភា ឆ្នាំ២០២៤

(កម្សាន្ត)៖ សម្រស់ខ្លោងជ័យរបស់ខ្លោងទ្វារក្រុងអង្គរ ក្រោមដំណក់ទឹកភ្លៀងស្រស់ស្អាតម្យ៉ាង ថែមទាំងទាក់ទាញចំណាប់អារម្មណ៍អ្នកទេសចរណ៍ជាច្រើនចង់សាកល្បងទៅទស្សនាកម្សាន្តប្រាសាទក្រោមដំណក់ទឹកភ្លៀង។ ដោយហេតុថាមហាជនខ្លះធ្លាប់មានបទពិសោធទៅទស្សនាប្រាសាទតែពេលធម្មតា ពោលគឺពុំដែលធ្លាប់មានបទពិសោធទៅទស្សនាប្រសាទស្របពេលមានដំណក់ភ្លៀងធ្លាក់បែបនេះឡើយ។ជាក់ស្ដែងយោងតាមទំព័រហ្វេសប៊ុកផេក អាជ្ញាធរជាតិអប្បរា បានបង្ហោះនូវរូបភាពមួយចំនួន ព្រមទាំងអមមកជាមួយខ្លឹមសារថា «សម្រស់ខ្លោងជ័យរបស់ខ្លោងទ្វារក្រុងអង្គរ ក្រោមដំណក់ទឹកភ្លៀងដំបូងនារដូវវស្សាក្នុងដើមឆ្នាំ២០២៤។ តើបងប្អូនទាំងអស់គ្នានឹករលឹក រង់ចាំភ្លៀងធ្លាក់យូរប៉ុណ្ណា និងចង់មកទស្សនាប្រាសាទក្រោមដំណក់ភ្លៀង ដែលមានសម្រស់ស្រស់ស្អាតម្យ៉ាង ខុសពីពេលធម្មតាយ៉ាងណាដែរ? សូមភ្ញៀវទេសចរជាតិ និងអន្តរជាតិធ្វើដំណើរ និងទស្សនាដោយមានការប្រុងប្រយ័ត្ន ព្រមទាំងគោរពទៅតាមក្រមប្រតិបត្តិអង្គរ ដើម្បីជៀសវាងគ្រោះថ្នាក់ និងរក្សាសណ្តាប់ធ្នាប់ល្អនៅក្នុងរមណីយដ្ឋានអង្គរ»។ដោយរូបភាពទាំងនោះផងដែរគឺបានបង្ហាញពីទិដ្ឋភាពខ្លោងទ្វាស្របពេលជាមួយភ្លៀងធ្លាក់ដែលមើលទៅហាក់ត្រជាក់ភ្នែក និងពិតជាគួរឱ្យចង់ទៅគយគន់ផ្ទាល់ជាខ្លាំង។ យ៉ាងណាមិញតាមរយៈរូបភាពប៉ុន្មានសន្លឹកនេះផងដែរត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែកចាយយ៉ាងព្រោង ហើយខ្លះថែមទាំងបានបង្ហាញចំណាប់អារម្មណ៍ដោយចង់សាកល្បងបទពិសោធថ្មីក្នុងការទស្សនាប្រសាទនារដូវវស្សាទៀតផង៕

លោក ពូទីន និងលោក ស៊ី ជិនពីង សន្យាបង្កើតយុគសម័យថ្មី និងថ្កោលទោសសហរដ្ឋអាមេរិក
ថ្ងៃទី១៧ ខែឩសភា ឆ្នាំ២០២៤

(អន្តរជាតិ)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្សី លោក វ្លាឌឺមៀ​ ពូទីន បានសន្យា ថា នឹងបង្កើត "សករាជថ្មី" នៃភាពជាដៃគូរវាងគូប្រជែងដ៏មានឥទ្ធិពលបំផុតទាំងពីររបស់សហរដ្ឋអាមេរិក ដែលពួកគេចាត់ទុកជាមេដឹកនាំសង្គ្រាមត្រជាក់ដ៏ឈ្លានពាន ដែលបានសាបព្រួសភាពវឹកវរ ជុំវិញពិភពលោក។ លោក ស៊ី បានស្វាគមន៍លោក ពូទីន នៅលើកំរាលព្រំក្រហមនៅខាងក្រៅមហាសាលប្រជាជន ក្នុងទីក្រុងប៉េកាំង ជាកន្លែងដែលអ្នកទាំងពីរត្រូវបានសាទរដោយការដើរដង្ហែក្បួនទាហានរំដោះប្រជាជន កាន់កាំភ្លើង 21 ដើមនៅទីលានធានអានមេន និងក្មេងៗគ្រវីទង់ជាតិចិន និងរុស្ស៊ី។ប្រទេសចិន និងរុស្ស៊ីបានប្រកាសភាពជាដៃគូ "គ្មានដែនកំណត់" នៅក្នុងខែកុម្ភៈ ឆ្នាំ 2022 នៅពេល ដែលលោក ពូទីន ធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង ប៉ុន្មានថ្ងៃមុនពេលដែលគាត់បានបញ្ជូនទាហាន រាប់ម៉ឺននាក់ចូលទៅក្នុងអ៊ុយក្រែន ដែលបង្កឱ្យមានសង្រ្គាមដីធ្លីដ៏សាហាវបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាម លោកលើកទីពីរ។លោកស៊ី​ ដែលមានអាយុ 70 ឆ្នាំ និងលោក ពូទីន អាយុ 71 ឆ្នាំបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ រួមមួយកាលពីថ្ងៃព្រហស្បតិ៍អំពី "យុគសម័យថ្មី" ដែលប្រកាសប្រឆាំងនឹងសហរដ្ឋអាមេរិកលើបញ្ហា សន្តិសុខជាច្រើន និងទស្សនៈរួមគ្នាលើអ្វីៗគ្រប់យ៉ាងពីតៃវ៉ាន់ និងអ៊ុយក្រែនទៅកាន់កូរ៉េខាងជើង និងកិច្ចសហប្រតិបត្តិការលើបញ្ហាថ្មី បច្ចេកវិទ្យានុយក្លេអ៊ែរសន្តិភាព និងហិរញ្ញវត្ថុ៕

មហាជនហួសចិត្ត ក្រោយឃើញស្រ្តីជនជាតិបរទេសម្នាក់បានប្រើប្រាស់ឥរិយាបទមិនសមរម្យ លក្ខណៈរើសអើងទៅកាន់បុគ្គលិកស្រីជាអ្នកគិតលុយបែបនេះ!
ថ្ងៃទី១៧ ខែឩសភា ឆ្នាំ២០២៤

(សង្គម)៖ មហាជនហួសចិត្តផង ខឹងជំនួសផងក្រោយពីបានទស្សនាវីដេអូខ្លីបមួយដែលថតចេញពីកាមារ៉ាសុវត្តិភាពក្នុងហាងលក់ស្បែកជើងមួយកន្លែង ដោយក្នុងនោះឃើញមានស្រ្តីជនជាតិបរទេសម្នាក់ដែលជាភ្ញៀវបានធ្វើឥរិយាបទមិនសមរម្យមិនសមរម្យ លក្ខណៈរើសអើងនិងមិនឱ្យតម្លៃទៅកាន់បុគ្គលិកដែលជាអ្នកគិតលុយនៅទីនោះ បើមើលតាមរយៈវីដេអូយើងសង្គេតឃើញមានសកម្មភាពស្រ្តីរូបនោះបានបោះលុយទៅកាន់មុខបុគ្គលិកស្រី ហើយលើសពីនោះទៅទៀតថែមទាំងបានយកដបអាកុលបាញ់យកៗទៅកាន់អ្នកគិតលុយទៀតផង។យ៉ាងណាមិញយោងតាមគណនីហ្វេសប៊ុកឈ្មោះ Hong Mina ដែលជាប្រតិបត្តិករនៃហាងស្បែកជើងបានបង្ហោះនូវវីដេអូដែលបង្ហាញឱ្យឃើញបរទេសនោះចូលមកនិងប្រើប្រាស់ឥរិយាបទទាំងនោះ ម្ចាស់គណនីខាងលើក៏បានអមមកជាមួយខ្លឹមសារនៅខាងលើផងដែរថា «មើលហើយ គិតតាមការគួរបងប្អូន។ លុយសំខាន់ តែបើជួបភ្ញៀវប្រភេទនេះ តើសំរេចចិត្តធ្វើបែបណា?ជួយស៊ែរអោយស្រ្តីបរទេសម្នាក់នេះឃើញ ហើយចូលមកដោះស្រាយផង!!តើយើងមានសិទ្ធអាចប្តឹងបានទេ? អាណិតបុគ្គលិក ព្រោះពួកគាត់មិនហ៊ាន ខ្លាចប៉ះពាល់ដល់ក្រុមហ៊ុន»។តាមរយៈការបង្ហោះខាងលើនេះផងដែរកំពុងត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមនាំគ្នាចែកចាយយ៉ាងព្រោងព្រាតដោយពុំភ្លេចបញ្ចេញនូវមតិមួយចំនួនដែលបង្ហាញអារម្មណ៍ខឹងសម្បារទៅកាន់ទង្វើដែលភ្ញៀវម្នាក់នោះបានធ្វើ។ ក្នុងនោះផងដែរក៏ឃើញថាគណនីហ្វេសប៊ុករបស់បុគ្គលិកស្រីដែលត្រូវបានគេគប់លុយនិងបាញ់អាកុលដាក់នោះក៏បានចូលទៅចែករំលែកដោយភ្ជាប់មកជាមួយខ្លឹមសាររៀបរាប់យ៉ាងដូច្នេះថា«Costumer service ភ្ញៀវបែបណាក៏ធ្លាប់ជួបដែរ -ភ្ញៀវធ្លាប់សួរថា រៀនចប់នៅរៀនផ្នែកអីបានមកធ្វើការបែបហ្នឹង ? ស្រួលគាត់ប្រាប់កូនចៅគាត់កុំអោយរៀនផ្នែកហ្នឹង ព្រោះរៀនចប់មកលក់របស់នៅផ្សារដដែល-ភ្ញៀវមួយទៀតសួរថា មុខកើតមុនម៉េសចង់សាកប្រើskin care របស់ហាងនេះអត់ ? តែសំខាន់អូនឯងមានលុយទិញអត់-ចោរបរទេសចូលមកបំរុងដាក់ថ្នាំយកលុយក៏ជួបហើយ -ភ្ញៀវអារម្មណ៌អត់ល្អ មាត់ធំតូចជួបអស់ហើយ ទ្រាំគ្រប់យ៉ាង ប៉ុន្តែ អ៊ីនេះថ្មីខ្លាំង សូមមេត្តាជួយរកយុត្តិធម៌អោយខ្ញុំផង»។ដោយឡែកក្រោយពីមានមតិមួយចំនួនតូចបានលើកឡើងថាស្រ្តីម្នាក់នោះប្រហែលមានសតិមិនសូចល្អ ក៏ឃើញថាប្រតិបត្តិករនៃហាងបានបង្ហោះសារតបទៅវិញថា«មតិខ្លះថាគាត់មានសតិមិនល្អ តែគួរតែបន្តគាត់អោយដើរប្រព្រឹត្តអតចរឹក និង អំពើអសិលធម៌ បែបហ្នឹងរហូត ឬ ក៏យ៉ាងណា? ចុះក្រុមគ្រួសារគាត់ដឹងពីគាត់បែបនេះដែរឬទេ? គាត់ជាបុគ្គលិក គាត់មិនហ៊ានតតាំង បានត្រឹមភ័យ ស្លន់ស្លោរ ទប់ចិត្តទប់អារម្មណ៍ នៅមិនសុខ ។ខ្ញុំសូមលើកទឹកចិត្តបុគ្គលិកទាំងអស់អោយមានភាពក្លាហាន ប្រឆាំងនឹង តប តក្នុងក្រមសិលធម៌ជាអ្នកលក់ ទៅកាន់អតិថិជនបែបនេះជាដាច់ខាត ហើយរូសរាន់រកជំនួយដែលនៅក្បែរខ្លួនយើងបំផុត»៕

តម្លៃសាំងធ្លាក់ចុះដល់កម្រិតទាបរយៈពេល៤ខែ ត្រឹម៣៧០០៛ក្នុង១លីត្រ!
ថ្ងៃទី១៧ ខែឩសភា ឆ្នាំ២០២៤

(វៀតណាម)៖ តម្លៃប្រេងសាំងកាលពីថ្ងៃព្រហស្បតិ៍បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីពាក់កណ្តាលខែមករា ខណៈដែលតម្លៃរបស់ប្រេងម៉ាស៊ូតបានកើនឡើង តិចតួចប៉ុណ្ណោះ។ ប្រេងឥន្ធនៈដ៏ពេញនិយម RON95 បានធ្លាក់ចុះ 1.74% មកនៅត្រឹម 23.130 ដុង (0.91 ដុល្លារ ឬ៣៧០០រយរៀល) ក្នុងមួយលីត្រ ដែលនេះជាតម្លៃទាបបំផុតចាប់តាំងពីថ្ងៃទី 18 ខែមករា។ ប្រេងឥន្ធនៈ Biofuel E5 RON92 បានធ្លាក់ចុះ 2.25% មកនៅត្រឹម 22.110 ដុង ស្មើរនឹងប្រមាណ 0,80 ដុល្លារ ឬ ៣៦០០រយរៀលប៉ុណ្ណោះ។ប្រេងម៉ាស៊ូតបានកើនឡើង 0.15% ដល់19.870 ដុង ស្មើនឹង 0,70 ដុល្លារ ឬ៣២០០រយរៀល ។ និយតករបាននិយាយថា ក្នុងរយៈពេលប្រាំពីរថ្ងៃចុងក្រោយនេះ ការធ្លាក់ចុះនៃសារពើភ័ណ្ឌ របស់សហរដ្ឋអាមេរិក និងការធ្លាក់ចុះនៃប្រាក់ដុល្លារអាមេរិក បានជំរុញឱ្យមានតម្រូវការប្រេងកើនឡើង។ តម្លៃប្រេងសាំងនៅទូទាំងពិភពលោកបានកើនឡើង 2.3-3.1% ខណៈដែលប្រេងបានកើនឡើង 0.1-1.6%៕

ទីក្រុងបាងកក អាចបង្ខំឱ្យផ្លាស់ប្ដូរទីតាំងថ្មី ដោយសារបញ្ហាច្រំដែលមួយនេះ!
ថ្ងៃទី១៧ ខែឩសភា ឆ្នាំ២០២៤

(បាងកក)៖ មន្ត្រីជាន់ខ្ពស់នៃការិយាល័យបម្រែបម្រួលអាកាសធាតុរបស់ប្រទេសថៃបានប្រាប់ AFP ថា ប្រទេសថៃប្រហែលជាត្រូវពិចារណាផ្លាស់ប្តូរទីតាំងរដ្ឋធានីបាងកករបស់ខ្លួន ដោយសារតែការកើនឡើងនៃកម្រិតទឹកសមុទ្រ។ ការព្យាករជាបន្តបន្ទាប់បង្ហាញថា ទីក្រុងបាងកកស្ថិតក្នុង ហានិភ័យ នៃការជន់លិចដោយទឹកសមុទ្រមុនដំណាច់សតវត្សរ៍នេះ។ តំបន់មួយចំនួននរបស់ ទីក្រុងបាងកក បានប្រឈមមុខនឹងការជន់លិចរួចហើយក្នុងរដូវវស្សានេះ។ ពោលគឺ រដ្ឋធានីបាងកក ដែលតែងតែលិចទឹករៀងរាល់រដូវវស្សា បណ្ដាលឱ្យរដ្ឋាភិបាលថៃ ពិចារណាលើការផ្លាស់ប្ដូរទីតាំង របស់ទីក្រុងមួយនេះ ដើម្បីបញ្ជៀសពីបញ្ហាលិចទឹក ដែលបានចាក់ស្រេះ និងស្មុគស្មាញ។ លោក Pavich Kesavawong អគ្គនាយករងនៃនាយកដ្ឋានបម្រែបម្រួលអាកាសធាតុ និងបរិស្ថាន របស់រដ្ឋាភិបាលបានព្រមានថា ទីក្រុងបាងកក នឹងស្ថិតនៅក្រោមទឹករួចហើយ។ រដ្ឋាភិបាលទីក្រុងបាងកក កំពុងរិះរកវិធានការ ដែលរួមមានការសាងសង់ ទំនប់វារីអគ្គិសនី នៅតាមបណ្តោយផ្លូវ ដែលប្រើប្រាស់ក្នុងប្រទេសហូឡង់។ ប៉ុន្តែលោក Pavich បានថ្លែងថា៖ «យើងបានគិតអំពីការផ្លាស់ទីដោយកត់សម្គាល់ថា ការពិភាក្សានៅតែមានសម្មតិកម្ម ហើយបញ្ហានេះមានភាពស្មុគស្មាញខ្លាំងណាស់។លោកបន្តថា៖ « ជាជម្រើសល្អ ដូច្នេះយើងអាចបំបែករាជធានី តំបន់រដ្ឋាភិបាល និងតំបន់អាជីវកម្ម»ទីក្រុងបាងកក (នឹង) នៅតែជារដ្ឋធានីរបស់រដ្ឋាភិបាល ប៉ុន្តែផ្លាស់ប្តូរអាជីវកម្ម។ខណៈពេលដែលការផ្លាស់ប្តូរមួយនៅតែជាផ្លូវដ៏វែងឆ្ងាយពីការអនុម័តជាគោលនយោបាយ វានឹងមិនមែនជារឿងដែលមិនធ្លាប់មានពីមុនមកនៅក្នុងតំបន់នោះទេ។ ប្រទេសឥណ្ឌូណេស៊ី នឹងបើកសម្ពោធនៅឆ្នាំនេះរដ្ឋធានីថ្មីរបស់ខ្លួន Nusantara ដែលនឹងជំនួសការលិចលង់ និងការបំពុលទីក្រុងហ្សាកាតាជាមជ្ឈមណ្ឌលនយោបាយរបស់ប្រទេស។ការផ្លាស់ប្តូរដ៏ធំសម្បើមនេះមានភាពចម្រូងចម្រាស និងមានតម្លៃថ្លៃបំផុត ជាមួយនឹងតម្លៃប៉ាន់ស្មានពី 32 ពាន់លានដុល្លារទៅ 35 ពាន់លានដុល្លារ។ប្រទេសថៃកំពុងរងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុនៅទូទាំងវិស័យមួយចំនួនចាប់តាំងពីកសិករដែលជួបប្រទះនឹងកម្ដៅ និងគ្រោះរាំងស្ងួតដល់អាជីវកម្មទេសចរណ៍ដែលរងផលប៉ះពាល់ដោយការប្រែពណ៌ផ្កាថ្មនិងការបំពុល។ ឧទ្យានជាតិជាច្រើនបានបិទ ដើម្បីឆ្លើយតបទៅនឹងការប្រែពណ៌ផ្កាថ្មនាពេលថ្មីៗនេះ ហើយ Pavich បាននិយាយថាការបិទបន្ថែមទៀតអាចធ្វើទៅបាន។យ៉ាងណាក៏ដោយ លោក Pavich បានទទួលស្គាល់ថា កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាដែលកំពុងកើនឡើងនៃការបំពុលខ្យល់ ជាពិសេសនៅភាគខាងជើង ប្រទេសថៃមិនទាន់ទទួលបានផ្លែផ្កានៅឡើយទេ។គណៈរដ្ឋមន្ត្រីបានអនុម័តលើច្បាប់មួយផ្តោតលើខ្យល់ស្អាតនៅឆ្នាំនេះ ហើយលោក Pavich បាននិយាយថា មន្ត្រីឧទ្យានជាតិបានបង្កើនកិច្ចខិត ខំប្រឹងប្រែងដើម្បីការពារ និងពន្លត់ភ្លើងនៅក្នុងតំបន់ការពារ។លោកបាននិយាយថា៖ «វិស័យកសិកម្មមានបញ្ហាប្រឈមខ្លាំងណាស់សម្រាប់យើង» ដោយសំដៅលើការបន្តការដុតក្រោយការប្រមូលផលដែលជាការរួមចំណែកយ៉ាងសំខាន់ដល់អ័ព្ទតាមរដូវកាល។ ការកែលម្អទំនងជាមិនមានរយៈពេលជាច្រើនឆ្នាំទេ។ ភ្លាមៗនោះ នាយកដ្ឋានរបស់គាត់ ដែលជាផ្នែកនៃក្រសួងធនធានធម្មជាតិ និងបរិស្ថាន កំពុងជំរុញច្បាប់ស្តីពីការប្រែប្រួលអាកាសធាតុ ជាលើកដំបូងរបស់ប្រទេសថៃ ដែលបានដំណើរការតាំងពីឆ្នាំ 2019 មកម្ល៉េះ ប៉ុន្តែត្រូវបានទុកចោល ក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19។លោក Pavich បាននិយាយថា ច្បាប់ដែលរួមបញ្ចូលបទប្បញ្ញត្តិលើអ្វីៗគ្រប់យ៉ាងចាប់ពីតម្លៃកាបូន រហូតដល់វិធានការកាត់បន្ថយ និងការសម្របខ្លួន ទំនងជានឹងអនុម័តនៅឆ្នាំនេះ។ ប្រទេសថៃមានគោលបំណងធ្វើឱ្យមានអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០ និងសម្រេចបានការបំភាយឧស្ម័នផ្ទះកញ្ចក់សូន្យត្រឹមឆ្នាំ២០៦៥៕

ពិតទេ? លោកគ្រូបង្រៀនម្នាក់ នៅវិទ្យាល័យហ៊ុនសែនវាលរេញ បង្ហោះសារទាមទារ រកយុតិ្តធ៌មឱ្យសិស្សរបស់ខ្លួន ក្រោយត្រូវបានគេដកបេក្ខភាពមិនឱ្យប្រឡងបាក់ឌុបថ្នាក់ជាតិ ដោយសារហេតុផលមួយនេះ
ថ្ងៃទី១៧ ខែឩសភា ឆ្នាំ២០២៤

(ជាតិ)៖ គ្រូបង្រៀនម្នាក់ នៅវិទ្យាល័យហ៊ុនសែនវាលរេញ បានបង្ហោះសារមួយនៅលើបណ្តាញសង្គម បង្ហាញអាម្មណ៍ងឿងឆ្ងល់ ជាពិសេសក្នុងន័យទាមទារ រកយុតិ្តធ៌មឱ្យសិស្សរបស់ខ្លួន ចំនួន ២នាក់ដែរ ត្រូវបានគេដកបេក្ខភាពមិនឱ្យប្រឡងបាក់ឌុប ថ្នាក់ជាតិ ដោយសារពួកគេគ្មានសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ប៉ុន្តែស្របពេលជាមួយគ្នានោះ បែរជាសិស្សទាំង២ នាក់នោះ មករៀនថ្នាក់វិទ្យាល័យបន្តពោល ថ្នាក់ទី ១០,១១, និង ថ្នាក់ទី១២ ដូចគេដូចឯងសិស្សដទៃ ទៅវិញដែលជាហេតុធ្វើឱ្យ លោកគ្រូបង្រៀនរូបនេះមានការងឿងឆ្ងល់ជាពន់ពេក។ជុំវិញករណីខាងលើ ត្រូវបានគណនីហ្វេសប៊ុក ដែលមានឈ្មោះថា Lay Po ដែលជាគ្រូបង្រៀនផ្ទាល់តែម្តង បានបង្ហោះសារ រៀបរាប់យ៉ាងដូច្នេះថា៖ «បំរើការជាគ្រូបង្រៀននៅវិទ្យាល័យហ៊ុនសែនវាលរេញនេះ២០ឆ្នាំ ខ្ញុំជួបរឿងប្លែកៗ។ ឆ្នាំទី២១នេះ ប្លែកខ្លាំងតែម្ដង គឺមានសិស្សថ្នាក់ទី១២ចំនួន២រូប ត្រូវបានគេដកបេក្ខភាពមិនឱ្យប្រឡងថ្នាក់ជាតិ តាំងពីមុនចូលឆ្នាំខ្មែរវ៉ាកងតូចទៅទៀតយ៉ាងស្ងាត់ៗគ្មានអ្នកដឹង។ ករណីនេះ ខ្ញុំទើបតែដឹងព្រឹកមិញ ដោយសារអតីតសិស្សម្នាក់បង្ហើបប្រាប់។ តាមខ្ញុំដឹង សិស្សទាំង២នាក់ឈ្មោះ លី ប៊ុនលាង និង ធន់ សាន បានរៀននិងប្រឡងប្រចាំខែនិងឆមាសជាប់ជាបន្តបន្ទាប់នៅថ្នាក់ទី១០និងទី១១ ហើយឆ្នាំនេះចូលរៀនថ្នាក់ទី១២ជាប់លាប់រហូតដល់ពេលវ៉ាកងតូច។» លោកគ្រូបង្រៀនរូបនេះ បានបញ្ជាក់ទៀតថា ការដកបេក្ខភាពនេះ មិនមែនធម្មតាទេឮថា មិនឱ្យគ្នាប្រឡងបាក់ឌុប៣ឆ្នាំឯនោះ ដោយមូលហេតុពួកគេគ្មានសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ឌីប្លូម)។ក្រោយដឹងរឿងនេះ ខ្ញុំឆ្ងល់អើយសែនឆ្ងល់ ថា ហេតុអីបានជាពួកគាត់អាចចូលរៀនបានដូចគេដូចឯងដែលជាប់ឌីប្លូមពីរបីឆ្នាំកន្លងទៅនេះនៅថ្នាក់ទី១០,១១និង១២? ហើយបើជ្រុលជាបែបនេះទៅហើយ ហេតុអីមិនឱ្យគាត់មានឈ្មោះប្រឡងថ្នាក់ជាតិនឹងគេទៅ? អស់លោក មានបានគិតអ្វីល្អជាងនេះទេ? បន្ថែមពីលើនោះ លោកគ្រូបង្រៀនរូបនេះ ចង់ឱ្យក្រសួងដោះស្រាយឱ្យកូនសិស្សរបស់គាត់ឱ្យសមរម្យ ដើម្បីឱ្យមានទំនួលខុសត្រូវនឹងមន្ត្រីពាក់ព័ន្ធ គឺថាបើដាក់ទោស ត្រូវដាក់ឱ្យយុត្តិធម៌ ទាំងមន្ត្រីពាក់ព័ន្ធផង កុំឱ្យពលរដ្ឋចំអកថា ធ្វើការយកតែល្អមើល។ គួរមិនគួរ សុំអភ័យទោសផង ព្រោះខ្ញុំអាណិតសិស្ស។ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែចម្ងល់របស់លោកគ្រូបង្រៀនរូបនេះ ក្នុងន័យដើម្បីទាមទាររកយុត្តិធ៌ម ព្រោះតែក្តីអាណិតអាសូរដល់សិស្សរបស់ខ្លួនប៉ុណ្ណោះ ទន្ទឹមនឹងនោះ មហាជន ជាច្រើនក៏កំពុងរងចាំមើលថាតើ រឿងនេះជារឿងពិត ឬមួយយ៉ាងណា ទាល់តែចាំមើលការស្រាយបំភ្លឺពី ស្ថាប័ននិងក្រសួងពាក់ព័ន្ធតែប៉ុណ្ណោះ៕

ប្រយ័ត្ន! បុរសម្នាក់ ជួបបញ្ហារលាកជើងក្រហម និង ហើមជើងម្ខាង ដើរលែងរួច ក្រោយពីទទួលទានត្រីសាល់ម៉ុនឆៅហើយ
ថ្ងៃទី១៧ ខែឩសភា ឆ្នាំ២០២៤

(សុខភាព)៖ ស្រ្តីម្នាក់ចែករំលែកនូវបទពិសោធន៍មួយដែលស្វាមីរបស់ខ្លួនបានជួបប្រទះ នូវ បញ្ហារលាក ឡើងក្រហម និង ហើមជើង មួយជំហៀង ដោយសារតែរូបខ្លួន និង ស្វាមីរបស់ខ្លួន បានបរិភោគត្រីសាល់ម៉ុនឆៅ ក្រោយ មកក៏ជួបប្រទះ នូវរឿងបែបនេះកើតឡើងតែម្តង។ស្ត្រីរូបនេះ ក៏បានផ្តាំថា អ្នកដែលចូលចិត្ត បរិភោគ របស់ឆៅ សូមប្រុងប្រយ័ត្នផង ប្រយ័ត្នជួបរឿងដូចរូបខ្លួន។ជុំវិញករណីនេះដែរ យោងតាមគណនីហ្វេសប៊ុក ដែលមានឈ្មោះថា Ron Senghan បានបង្ហោះរូបភាពជើង ស្វាមីរបស់ខ្លួន រួមទាំងភ្ជាប់នូវខ្លឹមសារអមជាមួយទាំងស្រុងថា៖ «មុនដំបូងជើងប្តីខ្ញុំ មានក្រហមតូចមួយ ប៉ុនមេដៃ គាត់ប្រាប់ខ្ញុំ គាត់ថាប្រហែលសត្វខាំ ស្អែកឡើងបន្ទាប់គាត់រងា ញាក់ ក្អួតរហូត ហូបអីអត់កើត ស្អែកវាកាន់តែធំទៅៗ ប៉ាខ្ញុំ បានយកប្តីទៅពេទ្យ លោកគ្រូពេទ្យបានរកឃើញមេរោគ ពីត្រីឆៅ មុនពេលកើតបែបនេះ។ ខ្ញុំនឹងគាត់ បានហូបត្រីសាម៉ុន ឥឡូវគាត់ដើរអត់រួចទេ ពេទ្យខេត្តឲ្យយកគាត់ទៅពេទ្យរុស្សី (បងប្អូនសូមប្រយ័ត្នត្រីឆៅ )»។ក្រោយការបង្ហោះពីសំណាក់ម្ចាស់គណនីហ្វេសប៊ុកខាងលើ ក៏មានការបញ្ចេញមតិយោបល់ផ្សេងៗគ្នាដែរ អាចមិនមែនបណ្តាលមកពី ញ៉ាំសាល់ទាំងស្រុងទេ ព្រោះមើលទៅ ដូចជាកើតជំងឺរើមច្រើនជាង ព្រោះថា ហេតុអ្វីបងស្រីជាភរិយា បរិភោគដែរ មិនអី មកអីតែស្វាមីគាត់នោះ។ ឆ្លើយតបទៅនឹងការខំមិនពីសំណាក់មហាជននេះ ម្ចាស់គណនីហ្វេសប៊ុកខាងលើក៏បាន ឆ្លើយតបវិញថា ដោយសារស្វាមី របស់គាត់សុខភាពមិនសូវល្អ និង ងាយឆ្លងជំងឺ ទើបជួបរឿងបែបនេះ។សូមបញ្ជាក់ផងដែរ អ្នកដែលនិយមចូលចិត្ត បរិភោគអាហារសមុទ្រឆៅ គឺអាចបង្កឲ្យកើតជំងឺជាច្រើន ហើយជំងឺភាគច្រើនឧស្សាហ៍ជួបប្រទះបំផុត មានដូចជា ជំងឺសើស្បែក (ខ្ទុះក្នុងស្បែក) ជំងឺឆ្លងបាក់តេរីពីអាហារ ពិសេសបាក់តេរី Listeria បាក់តេរី Salmonella និងពពួក Vibrio parahaemolyticus ជាដើម។ លើសពីនេះ ប៉ារ៉ាស៊ីតជាច្រើន សុទ្ធត្រូវរកឃើញក្នុងសាច់ត្រីឆៅ ដែលអាចបង្កឲ្យយើងកើតជំងឺមួយប្រភេទហៅថា Anisakiasis larvae (ឆ្លងព្រូនពីសាច់ត្រីឆៅ)ជាដើម។ទោះជាយ៉ាងណា ក៏ដោយ ដើម្បីគេចផុតពីបញ្ហាសុខភាពបង្កដោយអាហារសមុទ្រឆៅបែបនេះ វិធីល្អបំផុត យើងអាចត្រូវចម្អិនឱ្យបានឆ្អិនល្អសិន ចាំទទួលទាន។ ហើយក្នុងករណីដែល លោកអ្នកចង់ទទួលទានអាហារសមុទ្រឆៅ ក៏គួរតែបង្កកអាហារទាំងនោះជាមុន នៅសីតុណ្ហភាព២០អង្សាសេក្រោមសូន្យ (-២០អង្សាសេ) និងត្រូវទុកក្នុងសីតុណ្ហភាពនោះយ៉ាងហោចណាស់ ៧ថ្ងៃ រង់ចាំរហូតទាល់តែហានិភ័យឆ្លងបាក់តេរី ធ្លាក់ដល់កម្រិតទាបបំផុត៕

កំពុងមានជម្លោះជាមួយចិន! ហ្វីលីពីន ប្រកាសទិញនាវាជប៉ុន៥គ្រឿង តម្លៃ៤០០លានដុល្លារ
ថ្ងៃទី១៧ ខែឩសភា ឆ្នាំ២០២៤

(អន្តរជាតិ)៖ ទីក្រុងម៉ានីលបាននិយាយថា ប្រទេសហ្វីលីពីនបានយល់ព្រមទិញកប៉ាល់យាមល្បាតឆ្មាំឆ្នេរ សមុទ្រចំនួនប្រាំគ្រឿង ពីប្រទេសជប៉ុនក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃជាង 400 លានដុល្លារ ខណៈ ដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសជប៉ុននឹងផ្តល់ប្រាក់កម្ចី ដល់ប្រទេសហ្វីលីពីនចំនួន 64.38 ពាន់លានយ៉េន (413 លានដុល្លារ) ដើម្បីទិញនាវាឆ្លើយតបពហុតួនាទី 97 ម៉ែត្រ ចំនួន 5គ្រឿង និងចំណាយសម្រាប់ការអភិវឌ្ឍន៍ឧបករណ៍ជំនួយដែលត្រូវការ។សេចក្តីថ្លែងការណ៍បាននិយាយថា ការទិញនេះនឹងគាំទ្រដល់ហ្វីលីពីន ក្នុងការធ្វើឱ្យប្រសើរឡើងនូវ សមត្ថភាពរបស់ខ្លួនសម្រាប់ប្រតិបត្តិការដែនសមុទ្រ ជាពិសេសក្នុងការដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន ដោយសំដៅដល់ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន។ជប៉ុន​ជា​ប្រទេស​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ក្រៅ​ប្រទេស​កំពូល​ដល់​ហ្វីលីពីន។បណ្តាប្រទេសកំពុងស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខរបស់ពួកគេឱ្យកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសចិនកាន់តែមានទំនុកចិត្ត លើការទាមទាររបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង។ទីក្រុងប៉េកាំងទាមទារផ្លូវទឹកស្ទើរតែទាំងស្រុង ដោយលុបបំបាត់ការទាមទាររបស់គូប្រជែងពី ប្រទេសផ្សេងទៀត រួមទាំងប្រទេសហ្វីលីពីន និងសេចក្តីសម្រេចអន្តរជាតិដែលថាការអះអាង របស់ខ្លួនមិនមានមូលដ្ឋានផ្លូវច្បាប់៕

ប្លែកៗ! កូរ៉េខាងត្បូង រៀបចំការប្រកួតអង្គុយស្ងៀមមិនធ្វើអ្វីសោះ សូម្បីលេងទូរស័ព្ទ
ថ្ងៃទី១៧ ខែឩសភា ឆ្នាំ២០២៤

(អន្តរជាតិ)៖ មនុស្សជាង 100 នាក់បានប្រមូលផ្តុំគ្នាដោយស្ងៀមស្ងាត់ នៅលើកម្រាលយូហ្គា កាលពីចុង សប្តាហ៍ ដើម្បីអង្គុយស្ងៀមមិនធ្វើអ្វីសោះ នៅក្នុងព្រឹត្តិការណ៍ទីក្រុងសេអ៊ូល ដែលជាផ្នែកមួយនៃ ការប្រកួតប្រជែងផ្នែករាងកាយ ផ្នែកសិល្បៈ និងផ្នែកសម្រាកពីសង្គមដែលមានការប្រកួតប្រជែង ខ្ពស់របស់ប្រទេសកូរ៉េខាងត្បូង។ការប្រកួត Space-out ប្រចាំឆ្នាំដែលបានធ្វើឡើង ស្វែងរកអ្នកពូកែបំផុតក្នុងការមិនធ្វើអ្វីសោះ ក្នុងរយៈ ពេល 90 នាទីដោយមិនងងុយគេង មិនលេងទូរស័ព្ទ ឬនិយាយ។អត្រា​បេះដូង​របស់​អ្នក​ចូលរួម​ត្រូវ​បាន​ត្រួតពិនិត្យ ខណៈ​ដែល​អ្នក​ទស្សនា​បោះឆ្នោត​ឱ្យ​បេក្ខនារី​ដែល​ពួកគេ​ចូលចិត្ត​ចំនួន 10 នាក់​។ អ្នក​ណា​ដែល​មាន​ចង្វាក់​បេះដូង​ស្ថិរ​ភាព​បំផុត ​ក្នុង​ចំណោម​១០​នាក់​នោះ​នឹង​យក​ពាន​ទៅ​ផ្ទះ។ក្នុង​ចំណោម​អ្នក​ដែល​ចូល​រួម​នោះ​មាន​កីឡាករ​ស្គី​ល្បឿនលឿន Kwak Yoon-gy ដែល​ជា​ម្ចាស់​មេដាយ​ប្រាក់​អូឡាំពិក​ទ្វេ​ដង។អ្នកឯកទេសស្គីទឹកកកវ័យ ៣៤ ឆ្នាំដែលបានទទួលចំណាត់ថ្នាក់លេខ ៣ បាននិយាយថា ខ្ញុំបានព្យាយាម សម្រាប់កីឡាអូឡាំពិកចំនួនប្រាំដងហើយមិនដែលសម្រាកឱ្យបានត្រឹមត្រូវទេ ខណៈពេលដែលហ្វឹក ហាត់អស់រយៈពេល 30 ឆ្នាំ។ កន្លែងនេះជាកន្លែងដែលខ្ញុំអាចជម្រះចិត្ត និងសម្រាកយ៉ាងហោចណាស់ ក្នុងអំឡុងពេលនេះ ដូច្នេះខ្ញុំមកទីនេះដោយគិតថា អស្ចារ្យណាស់ នេះជាអ្វីដែលខ្ញុំត្រូវការខ្លាំងណាស់។មនុស្ស​ជាង 4000 នាក់​បាន​ដាក់​ពាក្យ​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​ក្រុង។ បេក្ខនារី​ចំនួន ១១៧ នាក់​ដែល​បាន​ជ្រើសរើស​មាន​ចាប់ពី​កុមារ​នៅ​ថ្នាក់​ទី ២ ដល់​មនុស្ស​ក្នុង​វ័យ ៦០ ឆ្នាំ។សម្រាប់អ្នកចូលរួមជាច្រើន វាគឺជាវិធីមួយដើម្បីជួយសង្គ្រោះពីភាពអស់កម្លាំង និងភាពតានតឹង ជាញឹក ញាប់ពីការងាររបស់ពួកគេ នៅក្នុងប្រទេសដែលមានភាពតានតឹងក្នុងការសិក្សាខ្ពស់ និងសម្ពាធខ្លាំង ដើម្បីទទួលបានជោគជ័យ៕

ក្រុមហ៊ុនក្នុងក្តីស្រមៃ! បុគ្គលិកក្រុមហ៊ុនមួយនេះ ទទួលបានប្រាក់លើកទឹកចិត្ត ៨ខែ
ថ្ងៃទី១៧ ខែឩសភា ឆ្នាំ២០២៤

(អន្តរជាតិ)៖ សារព័ត៌មាន Straits Times បានរាយការណ៍ថា បុគ្គលិកក្រុមហ៊ុន Singapore Airlines Ltd. រួមទាំងអ្នកបើកបរយន្តហោះ អាចទទួលបានប្រាក់រង្វាន់ចែករំលែកប្រាក់ចំណេញជិត៨ខែ នេះបើយោង តាមសេចក្តីប្រកាសមួយ ពីនាយកប្រតិបត្តិលោក Goh Choon Phong ។កាសែតក្នុងស្រុកបានរាយការណ៍ថា ចំនួននេះធៀបនឹងប្រាក់រង្វាន់ 6.65 ខែ ដែលបុគ្គលិកភាគច្រើន នៃក្រុមហ៊ុនអាកាសចរណ៍ ទទួលបានកាលពីឆ្នាំមុន ដោយខ្លះទទួលបានបន្ថែម 1.5 ខែ សម្រាប់ការងារ របស់ពួកគេ ក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19 ។ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីបានបដិសេធ មិនធ្វើអត្ថាធិប្បាយទេ។ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា តម្រូវការជើងហោះហើររយៈពេលជិតៗនេះ នៅតែមាន មានដំណើរការល្អ ខណៈដែលតម្រូវការដ៏រឹងមាំសម្រាប់ការធ្វើដំណើរ បានផ្តល់ប្រាក់ចំណេញ ពេញមួយឆ្នាំ ដែលថែមទាំងហួសពីការប៉ាន់ប្រមាណ បើទោះបីជាត្រីមាសទី 4 ធ្លាក់ចុះតិចតួចក៏ដោយ។ក្រុមហ៊ុនក៏បានគូសបញ្ជាក់ពីភាពខ្លាំងនៃតម្រូវការទំនិញឆ្ពោះទៅរកការបញ្ចប់នៃឆ្នាំហិរញ្ញវត្ថុ ចំពេល មានការផ្លាស់ប្តូរទៅលើការដឹកជញ្ជូនតាមផ្លូវអាកាសដោយអ្នកដឹកជញ្ជូនផ្សេងៗដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាពនៅក្នុងតំបន់សមុទ្រក្រហម។ក្រុមហ៊ុនដឹកជញ្ជូនបានរាយការណ៍ពីប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំចំនួន 2.68 ពាន់លានដុល្លារសិង្ហបុរី (1.99 ពាន់លានដុល្លារ) សម្រាប់សារពើពន្ធបញ្ចប់ខែមីនា ឆ្នាំ 2024 ធៀបនឹង 2.16 ពាន់លានដុល្លារសិង្ហបុរី កាលពីឆ្នាំមុន។ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីទទួលបានអត្ថប្រយោជន៍ពីការបើក និងសាងសង់ឡើងវិញលឿន ជាងបើប្រៀបធៀបទៅនឹងក្រុមហ៊ុនជាច្រើនរបស់ខ្លួនបន្ទាប់ពីការរឹតបន្តឹង Covid-19 ត្រូវបានដកចេញ។ បរិមាណអ្នកដំណើរប្រចាំខែមានប្រហែល 97 ភាគរយ នៃកម្រិតមុនការរាតត្បាតក្នុងខែមីនា។ប៉ុន្តែនាយកប្រតិបត្តិលោក Goh បាននិយាយថា តម្រូវការការធ្វើដំណើរតាមផ្លូវអាកាសពីប្រទេសចិន គឺមិនត្រលប់ទៅកម្រិតមុនការរាតត្បាតនៃជំងឺរាតត្បាតសម្រាប់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីនោះទេ ទោះបីជាគម្រោងគ្មានទិដ្ឋាការសម្រាប់ពលរដ្ឋចិន ទៅកាន់មជ្ឈមណ្ឌលអាស៊ីបាន ជួយបំពេញកៅអី ហើយក្រុមហ៊ុនអាកាសចរណ៍នឹងបន្ថែមសមត្ថភាពប្រទេសចិនបន្ថែមទៀតនៅឆ្នាំនេះ៕

បណ្តាញសង្គម