(បន្ទាយមានជ័យ)៖ ក្រុមអ្នកបើកបរតាក់ស៊ីប៉ោយប៉ែត-ភ្នំពេញរាប់សិបនាក់ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ បានប្រមូលផ្តុំគ្នាតវ៉ានៅខាងមុខស្នាក់ការគយចល័តតាមដងផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយទាមទារឲ្យបញ្ឈប់នូវសកម្មជំរិតទារលុយពីពួកគេ។
ការតវ៉ានេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីគយរដ្ឋាករចល័តប្រចាំខេត្តបន្ទាយមានជ័យបាន បានចាប់ផ្តើមអនុវត្តការណែនាំពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដាក់វិធានការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដើម្បីពង្រឹងការប្រមូលពន្ធចូលរដ្ឋ ស្របតាមច្បាប់ស្តីពីការប្រមូលពន្ធលើទំនិញនាំចូលពីប្រទេសជិតខាង។
ពួកគេបានទាមទារថា «សូមឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យមានវិធានការដល់មន្ត្រីគយ [ចល័តរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ] ដែលបានដាក់ប៉ុស្តិ៍តាមផ្លូវជាតិជំរិតទារលុយ ដាក់ខែពីពួកយើងខ្ញុំតទៀត។ ត្រូវបញ្ឈប់ជាបន្ទាន់»។
ពួកគេបានលើកឡើងថា ក្នុងចម្ងាយផ្លូវ៤៨គីឡូម៉ែត្រពីក្រុងប៉ោយប៉ែតដល់ក្រុងសិរីសោភ័ណ ដែលជាទីរួមខេត្តបន្ទាយមានជ័យ មានប៉ុស្តិ៍គយចល័តរហូតដល់៣កន្លែង ដែលគេបង្កើតឡើងដើម្បីស្ទាក់ចាប់យកទំនិញ និងជំរិតទារលុយពីរថយន្តដឹកទំនិញគ្រប់ប្រភេទឆ្លងកាត់តាមផ្លូវជាតិលេខ៥នេះ។
ការតវ៉ាដោយលើកបដាមានពាក្យស្លោកផ្សេងៗ នាព្រឹកមិញនេះ មិនមែនជាលើកទីមួយទេ ស្ថិតនៅខាងកើតស្ពានទឹកថ្លា នៅបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលកន្លងពួកគេក៏បានទាមទារបែបនេះដែរ ដោយយល់ថា សកម្មភាពចាប់ទំនិញ និងជំរិតទារប្រាក់នៅតាមបណ្ដោយផ្លូវជាតិលេខ៥នេះ ត្រូវបានពួកគេចាត់ទុកថា ជាសកម្មភាពជញ្ជក់ឈាមស្រស់ពីពួកគាត់។
មន្ត្រីគយ និងរដ្ឋាករ បានបញ្ជាក់ថា ក្រោយពេលអនុវត្តការប្រមូលពន្ធចូលរដ្ឋទើបឃើញក្រុមអ្នករត់តាក់ស៊ីប្រមាណនាំគ្នាធ្វើការតវ៉ាដោយសុំបង់ជាខែ និងមិនឲ្យត្រួតពិនិត្យរថយន្តរបស់ពួកគេ។
មន្ត្រីគយ និងរដ្ឋាករបាន បញ្ជាក់បន្ថែមថា រយៈពេលកន្លងមកមានរថយន្តធុនតូច ដែលជារថយន្តប្រភេទតាក់ស៊ីបានដឹកជញ្ជូនទំនិញដូចជាកណ្ដៀរ ដែលជាហេតុធ្វើឲ្យបាត់បង់ចំណូលរដ្ឋច្រើនហើយត្រូវតែចាត់វិធានការបង់ពន្ធតាមច្បាប់ដោយមិនលើលែងឡើយ។
អ្នករត់កាក់ស៊ីបានមកប្រមូលផ្តុំគ្នានៅមុខប៉ុស្តិ៍មន្ត្រីគយចល័ត ក្នុងស្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីតវ៉ាសុំឲ្យមន្ត្រីគយទទួលយកការបង់លុយជាខែ ហើយមិនឲ្យត្រួតពិនិត្យលើរថយន្តដឹកទំនិញរបស់ពួកគេ។
ជាងនេះទៅទៀតពួកគេសុំឲ្យដកប៉ុស្តិ៍គយចល័តនៅតាមផ្លូវជាតិលេខ៥ ដែលមានប្រវែង៤៨គីឡូម៉ែត្រ ពីក្រុងប៉ោយប៉ែតដល់ក្រុងសិរីសោភ័ណ ព្រោះមានប៉ុស្តិ៍ចំនួន៣កន្លែងរបស់មន្ត្រីគយចល័តរបស់មានសាខាគយខេត្តចំនួន២កន្លែង និងមកពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករចំនួន១កន្លែង។
ក្រុមអ្នកបើកបរតាក់ស៊ីនេះ ត្រូវបានគេដឹងជាទូទៅថា ជាក្រុមដឹកទំនិញចាប់ហ៊ុយគេចពន្ធ ឬបង់ពន្ធមិនគ្រប់នាំចូលពីប្រទេសឆ្លងតាមច្រករបៀង និងច្រកផ្លូវការជាច្រើននៅតាមបណ្ដោយព្រំដែន ហើយតែងតែប្រឈមមុខនឹងការចាប់រឹបអូសយកទំនិញ ឬបង្ខំឲ្យបង់ប្រាក់ក្រោមតុ ដើម្បីជាថ្នូរនៃការបណ្ដោយឲ្យទំនិញខុសច្បាប់ទាំងនេះបន្តដំណើរដល់គោលដៅ៕ (SN)
មតិយោបល់