(ភ្នំពេញ) ៖ ជំនួបរវាង «អ្នកសារព័ត៌មាន និងអ្នកនាំពាក្យ» នៅសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ស.ស.ស.ក) រាជធានីភ្នំពេញ លើកទី១ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ ដើម្បីស្វែងរកយន្តការផ្តល់ និងទទួលព័ត៌មានឲ្យស៊ីសង្វាក់គ្នារវាងអ្នកសារព័ត៌មាន និងអ្នកនាំពាក្យរបស់ស្ថាប័នរដ្ឋ។
សូមអាននូវសម្រង់ខ្លឹមសារសំខាន់ៗរបស់វាគ្មិន ក្នុង «វេទិកាអ្នកសារព័ត៌មាន និងអ្នកនាំពាក្យ» នៅសហភាពសហព័ន្ធអ្នកសារពត៌មានកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ទាំងស្រុងដូចខាងក្រោម ៖
ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធានស.ស.ស.ក ៖ វេទិកាអ្នកសារព័ត៌មាន និងអ្នកនាំពាក្យ លើកដំបូងនេះ នឹងពង្រីកបាននូវកិច្ចទំនាក់ទំនងក្នុងភាពជាដៃគូរវាងអ្នកសារព័ត៌មាន និងអ្នកនាំពាក្យក្នុងការផ្លាស់ប្តូរយោបល់គ្នា លើយន្តការទទួលព័ត៌មាន និងផ្តល់ព័ត៌មាន ដើម្បីលើកកម្ពស់សិទ្ធិទទួលបានព័ត៌មាន និងពង្រឹងគុណភាពនៃការផ្សព្វផ្សាយឲ្យកាន់តែប្រសើរឡើង។
ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស ៖ ទំនាក់ទំនងរវាងអ្នកសារព័ត៌មាន និងអ្នកនាំពាក្យ គឺពិតជាស្មុគ្រស្មាញ ជាការប្រឈមមួយដែលត្រូវពុះពារ… ប៉ុន្តែចំណុចសំខាន់ គឺគោរពបុព្វសិទ្ធិគ្នាទៅវិញទៅមក ធ្វើកិច្ចការក្នុងនាមបំពេញឲ្យគ្នា។ អ្នកនាំពាក្យក្រសួងការបរទេស ៖ ការផ្តល់កិច្ចសហការរបស់អ្នកនាំពាក្យពិតជាមានបញ្ហាប្រឈមជាមួយគ្នានៅទ្បើយក្នុងការផ្តល់ព័ត៌មានជូនអ្នកសារព័ត៌មាន។ រវាងអ្នកនាំពាក្យ និងអ្នកសារព័ត៌មាន ត្រូវគោរពគ្នាទៅវិញទៅមក ជៀសវាងការប្រើអាកប្បកិរិយាមិនសមរម្យ និងត្រូវគោរពបុព្វសិទ្ធិក្នុងការឆ្លើយសំណួរ ពោល គឺគោរពវិជ្ជាជីវៈអ្នកនាំពាក្យ និងក្រមសីលធម៌អ្នកសារព័ត៌មាន។ លោកនឹងព្យាយាមកែលម្អការងាររបស់ខ្លួនទាក់ទងនឹងការផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មាន ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យទំនាក់ទំនងទាំងពីរមានភាពល្អប្រសើរ។
លោក កៃ គឹមសុង និពន្ធនាយកភ្នំពេញប៉ុស្តិ៍ ៖ យើងទាំងពីរធ្វើការផ្សេងគ្នា តែដើម្បីបម្រើគោលដៅតែ១ គឺផ្តល់ព័ត៌មានទៅសាធារណៈជន។ បើមិនមានអ្នកនាំពាក្យប្រកបដោយគុណភាព នោះការផ្សាយព័ត៌មាន នឹងមានវិប្បដិសារីដល់អ្នកទទួលដំណឹង។
លោក ឆាយ សុផល គ្រូបង្រៀនសារព័ត៌មាន ៖ កាសែតត្រូវបានរើសអើងថា កាសែតតូចឬកាសែតធំ។ កាសែតតូច គេមិនចាំបាច់និយាយរក ហើយគេចង់និយាយតែជាមួយកាសែតធំ។
លោក គី សុខលីម និពន្ធនាយកថ្មីៗ ៖ សូមអ្នកនាំពាក្យកុំអន់ចិត្តនឹង«សំណួរបញ្ជាក់»របស់អ្នកសារព័ត៌មាន។
លោក ម៉ាយារិទ្ធ នាយក Apsara Net ៖ សូមអ្នកកាសែតកុំសួរសំណួរនាំមុខ (Yes – No question)។
ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ៖ អ្នកសួរគឺមាន៣ប្រភេទគឺ ទី១- សួរចង់ដឹង ទី២-សួរជជីកឲ្យបានចម្លើយពិស្តារ និងទី៣-សួរផ្ចាញ់ផ្ចាល។ អ្នកឈ្លេច គឺឈ្លេចធ្វើម៉េចឲ្យបានព័ត៌មាន។ ឯអ្នកឆ្លើយវិញ ត្រូវឆ្លើយដោយគិតគូរ ដោយទទួលខុសត្រូវក្នុងការផ្តល់ព័ត៌មាន។
លោក ជាង សុខា និពន្ធនាយក Khmer Times ៖ សុំឲ្យអ្នកនាំពាក្យជួយផ្តល់ព័ត៌មានផង ពីព្រោះបើអ្នកសារព័ត៌មានជាអ្នកសរសេរមិនទាំងយល់ផង នោះអ្នកអាននឹងរឹតកាន់តែមិនយល់ទៀតហើយ។
លោក អ៊ុំ សារិន ប្រធានសមាគមការពារអ្នកកាសែត CAPJ ៖ អ្នកនាំពាក្យខ្លះចិត្តល្អណាស់ សួរអ្វីក៏បាន សួរអ្វីក៏ឆ្លើយ មិនកំណាញ់ទេ។ តែត្រង់អ្នកកាសែតយកសម្តីគាត់ទៅប្រើបាន ឬមិនបាន ជារឿងរបស់អ្នកកាសែត។
លោក មឿន ឈានណារិទ្ធ គ្រូបណ្តុះបណ្តាលអ្នកសារព័ត៌មាន ៖ អ្នកសារព័ត៌មានត្រូវខិតខំកសាងគុណសម្បត្តិ និងជំនឿទុកចិត្ត។ បើគេមិនជឿទុកចិត្ត គឺគេមិនផ្តល់បទសម្ភាសន៍ ហើយបើគេផ្តល់ព័ត៌មានឲ្យ ក៏មិនពេញលេញដែរ។ អ្នកសារព័ត៌មានគួព្យាយាមទាក់ទងប្រភព និងអ្នកនាំពាក្យ ឲ្យអស់លទ្ធភាព មុននឹងចុះផ្សាយអត្ថបទរបស់ខ្លួន។ គួរមានការយោគយល់ និងគិតគូរពីទុក្ខលំបាករបស់អ្នកនាំពាក្យផង។
លោក ឆាយ សុផល គ្រូបង្រៀនសារព័ត៌មាន ៖ អ្នកនាំពាក្យនៅក្រសួងមួយចំនួនសកម្ម តែនៅក្រសួងមួយចំនួន គឺមិនសកម្មទេ។ ការងារទំនាក់ទំនងរវាងអ្នកនាំពាក្យ និងអ្នកសារព័ត៌មាននៅមានកំរិតនៅឡើយ ដែលការណ៍នេះចាំបាច់អ្នកនាំពាក្យតាមស្ថាប័ននានា គួរស្វែងរកយន្តការផ្តល់ព័ត៌មានដល់អ្នកផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាព។ អ្នកនំាពាក្យពិតជាដើរតួនាទីសំខាន់ណាស់ក្នុងការផ្តល់ព័ត៌មានទៅដល់អ្នកសារព័ត៌មាន ដើម្បីចូលរួមផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានដឹង។ បើសម្រេចចិត្តធ្វើជាអ្នកនំាពាក្យគឺត្រូវមានចិត្តទូលាយចំពោះអ្នកសារព័ត៌មាន។
លោក លី សុផាន់ណា អ្នកនាំពាក្យតុលាការសាលាដំបូងរាជធានីភ្នំពេញ ៖ កុំសរសេរអ្វីដែលមិនច្បាស់ បំពានការសម្ងាត់ និងដំណើរការនីតិវិធី ជាពិសេស សូមកុំសរសេរអ្វីដែលបំពានសិទ្ធិភាគីនៅក្នុងដំណើរឿងក្តី ពីព្រោះអាចនាំឲ្យភាគីនោះប្តឹងអ្នកសរសេរបាន។ បើមិនច្បាស់ អាចសួរឬពឹងឲ្យខ្ញុំជួយបាន។
ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៖ សូមយល់ថា មិនមែនអ្នកនាំពាក្យនិយាយអ្វីក៏បាននោះទេ គឺមានលំដាប់លំដោយជាបច្ចេកទេសផង ជាការទទួលខុសត្រូវផង។ ប្រយ័ត្ន បើសួរខុសមនុស្ស ខុសតួនាទីទទួលខុសត្រូវ ក៏សូមយល់ថា យើងសួរខុសហើយ ហើយត្រូវសួរគាត់ថា រឿងនេះនៅក្នុងសមត្ថកិច្ចមួយណា។
កញ្ញា យ៉ាន់ លីណា ប្រធានវិទ្យុ Vayo ៖ អ្នកនាំពាក្យគ្មានចំណេញទេ គឺមានតែខាត ហើយបើនិយាយល្អ បានត្រឹមរួចខ្លួន។ អ្នកសារព័ត៌មាន គឺបានចំណេញបើផ្សាយដំណឹងបានល្អ។ អ្នកសារព័ត៌មាននៅតែជួបបញ្ហាប្រឈមនៅទ្បើយក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកនំាពាក្យ។ អ្នកនំាពាក្យ និងអ្នកសារព័ត៌មានត្រូវតែអត់ធ្មត់ និងអធ្យាស្រ័យឱ្យគ្នា ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគីទំាងពីរឱ្យមានល្អប្រសើរ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ចង់ជួយសាព័ត៌មានមួយឲ្យឆាប់ល្បីទាក់ទាញអ្នកមើល គឺលួចផ្តល់ព័ត៌មានពិតពិសេសតែ៣ឬ៤ដង គឺសារព័ត៌មាននោះនឹងមានអ្នកមើលច្រើនឡើង។
ឯកឧត្តម ឈាង វុន តំណាងរាស្ត្រ ៖ ការលំបាករវាងអ្នកព័ត៌មាន និងអ្នកនាំពាក្យគឺមានច្រើនដូចគ្នាតែខុសៗគ្នា។ អ្នកសារព័ត៌មាន គឺមកពីគ្រប់មជ្ឈដ្ឋាន ដូច្នេះអ្នកនាំពាក្យត្រូវរងនូវសម្ពាធ ១ទល់ច្រើន ហើយត្រូវមានសមត្ថភាពឆ្លើយតបទៅអ្នកព័ត៌មានឲ្យគ្រប់គ្រាន់ និងជាទីពេញចិត្តចំពោះអ្នកព័ត៌មានទាំងអស់។
ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស ៖ អ្នកសរសេរ សូមកុំកាត់កងសម្តី ឬស្រង់សង្ខេបន័យសម្រាប់បំពេញឲ្យកម្មវត្ថុរបស់សំណេរខ្លួន។ ធ្វើនេះ គឺកាឡៃន័យដើម និងការពិត ហើយវានាំឲ្យមានផលវិបាក២៖ ទី១- បង្កើតកំហុសឲ្យអ្នកនាំពាក្យ ដែលត្រូវចំណាយពេលពន្យល់ប្រធានស្ថាប័នឬផ្នែកពាក់ព័ន្ធការពិតឡើងវិញ។ ទី២- ការធ្វើនេះបានបង្កើតការយល់ខុសដ៏ធំដល់សាធារណៈជន។
ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធានស.ស.ស.ក ៖ ការពិតអ្នកនាំពាក្យក៏ជាអ្នកសារព័ត៌មាន ដែលកំពុងធ្វើកិច្ចការផ្តល់ព័ត៌មានឲ្យប្រជាជន ហើយអ្នកសារព័ត៌មាន ក៏ជាអ្នកនាំពាក្យទៅកាន់ប្រជាជនដូចគ្នា។ ដូច្នេះ តួអង្គទាំងពីនេះ គឺរួមគ្នាធ្វើកិច្ចការតែមួយ។
ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ៖ ខ្ញុំធ្វើកិច្ចការនេះជាង៣០ឆ្នាំហើយ គ្មានសាលាបង្រៀនអំពីអ្នកនាំពាក្យទេ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ៖ អ្នកសារព័ត៌មានពិតជានៅមានបញ្ហប្រឈមនៅទ្បើយជាមួយអ្នកនំាពាក្យ។ ធ្វើយ៉ាងម៉េចឲ្យមានការស្មោះត្រង់នឹងគ្នារវាងអ្នកនាំពាក្យ និងអ្នកសារព័ត៌មាន រាប់គ្នាជាខ្មែរ។ សួរត្រូវតែឆ្លើយ ដឹងថាដឹង មិនដឹងថាមិនដឹង ឆ្លើយទាល់តែឈប់សួរ ដើម្បីឲ្យអស់សេចក្តីយល់ន័យផ្សាយមិនខុស សាធារណជនទទួលព័ត៌មានមិនខាត។ អ្នកនំាពាក្យត្រូវប្រកាន់គោលជំហរនិយាយអ្វីដែលត្រង់ដើម្បីឱ្យអ្នកសារព័ត៌មានផ្សព្វផ្សាយទៅបានត្រឹមត្រូវ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មាននិងអ្នកនាំពាក្យ ប្រៀបបាន រូបពីរ ស្ថិតនៅលើក្រដាសប្រាក់មួយ។
សូមរង់ចាំទស្សនាវីដេអូនៃកិច្ចសន្ទនារវាងអ្នកសារព័ត៌មាន និងអ្នកនាំពាក្យ នៅសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា រាជធានីភ្នំពេញ លើកទី១ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ទាំងស្រុងដូចខាងក្រោម៖
មតិយោបល់