(ព័ត៌មានជាតិ)៖ យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នេះបានជូនដំណឹងទៅកាន់សាធារណៈជនឱ្យបានជ្រាប ក្រុមការងាររបស់អគ្គិសនីកម្ពុជា អនុវត្តការងារ ជួសជុល ផ្លាស់ប្ដូរដំឡើងបរិក្ខារនានា និងរុះរើសគន្លងខ្សែបណ្ដាញអគ្គិសនី ដើម្បីបង្កលក្ខណៈកាន់តែងាយ ស្រួលដល់ការដ្ឋានពង្រីកផ្លូវ ដែលធ្វើឱ្យមានបញ្ហារអាក់រអួល ចរន្តអគ្គិសនីប្រើប្រាស់នៅតំបន់មួយ ចំនួនទៅតាមពេលវេលា ចាប់តាំងពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។ ក្នុងនោះតំបន់ ដែលនឹងមានផលប៉ះពាល់បង្កឱ្យមានការរអាក់រអួលភ្លើងមានដូចជា ខណ្ឌឬស្សីកែវ ជ្រោយចង្វារ ច្បារអំពៅ ក្រុងតាខ្មៅ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល ខណ្ឌដង្កោរ។អាស្រ័យហេតុនេះ សូមមហាជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្រាស្រ័យ បើមានការរអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនីចំពោះអតិថិជនខ្លះក្នុងអំឡុងពេលជួសជុលតាមតំបន់ខាងលើ៕
(ភ្នំពេញ)៖ ស្អែកនេះ វេទិកាការងារ និងកម្មសិក្សាការងារ សហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានការចូលរួមពីក្រុមហ៊ុនធំៗចំនួន១៣ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៧៤៣ កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារដោយផ្ទាល់ភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំងនោះបានចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ក្រុមហ៊ុន និងស្ថាប័នធំៗទាំង១៣ ដែលនឹងចូលរួមវេទិកាការងារនាថ្ងៃទី២៨ខាងមុខនេះរួមមាន៖ ធនាគារឯកទេស AEON, ក្រុមហ៊ុន NOVA, ក្រុមហ៊ុន លីហួរ, បុរីឡាយ គង់, មីក្រូហិរញ្ញវត្ថុ ជោគជ័យ, ធនាគារ LOLC, ក្រុមហ៊ុន EMD(F&D) Co,ltd, ក្រុមហ៊ុន MEKONGNET, ក្រុមហ៊ុន FORT Life Assurance, មីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន គួចម៉េងលី គ្រុប, ក្រុមហ៊ុន SNKRP, និងក្រុមហ៊ុន Forward International Investment។ព័ត៌មានបន្ថែមអំពីការចូលរួមវេទិកាការងារ សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត (Thongloun SISOULITH) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកជំទាវទី១ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ឡាវ ចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា រយ:ពេល០២ ថ្ងៃ ប្រកបដោយជោគជ័យ៕