វីដេអូថ្មីៗ BEST TV
វីដេអូថ្មីៗ SWIFT NEWS
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ គណៈកម្មាធិការគណបក្សស្រុក ឃុំ នៃស្រុកឱរ៉ាល់ និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ
ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤

(ព័ត៌មានជាតិ)៖ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ គណៈកម្មាធិការគណបក្សស្រុក និងឃុំ នៃស្រុកឱរ៉ាល់ និងស្រុកថ្ពង ដើម្បីតាមដានវឌ្ឍនភាពការងារ និងស្តាប់នូវសំណូមពរ ក៏ដូចជាបញ្ហាប្រឈមដែលក្រុមការងារជួបប្រទះ នៅស្នាក់ការគណបក្ស។  ជាកិច្ចចាប់ផ្តើម ឯកឧត្តមបានអនុញ្ញាតឱ្យប្រធានគណៈកម្មាធិការ គណបក្សស្រុក ដើម្បីរបាយការណ៍អំពីស្ថានភាពនៃការងារគណបក្ស និងលើកពីវឌ្ឍនភាព ព្រមទាំងបញ្ហាប្រឈម និងសំណូមពរ ពិសេសនោះគឺការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៤ នាពេលខាងមុខនេះ។ បន្ទាប់មកឯកឧត្តមបានផ្តល់ឱកាស ជូនប្រធានគណៈកម្មាធិការគណបក្សឃុំ និង ក្រុមការងារគណបក្សចុះជួយឃុំឡើងមានមតិ ចែករំលែកបទពិសោធន៍ និងលើកឡើងនូវបញ្ហាដែលជួបប្រទះ។ ក្រោយពីស្តាប់របាយការណ៍ ឯកឧត្តមបានផ្តាំផ្ញើការនឹករលឹក និងថ្លែងអំណរគុណពីសំណាក់សម្តេចប្រធានគណបក្ស ជូនក្រុមការងារ និងគណបក្សស្រុក ឃុំ។ ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រុមការងារ គណៈកម្មាធិការគណបក្សស្រុក ឃុំ នៃស្រុកទាំងពីរ ដែលបានចំណាយពេលវេលាមកចូលរួមប្រជុំដ៏មហាញឹក មកចូលរួមចូលរួមផ្តល់រាយការណ៍ ផ្តល់មតិយោបល់ ចែករំលែកបទពិសោធន៍ មកកាន់អង្គប្រជុំ។ សរុបមតិនៃអង្គប្រជុំទាំងពីរស្រុក ឯកឧត្តមបានកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការសហការយ៉ាងសកម្មរបស់ក្រុមការងារ គណៈកម្មាធិការគណបក្ស ស្រុក ឃុំ ដែលបានរួមគ្នា ពុះពារនាំមកនូវភាពជោគជ័យជូនគណបក្សនាពេលកន្លងមក។ ជាមួយនេះ ឯកឧត្តមបាន ផ្តល់អនុសាសន៍ដល់ ក្រុមការងារ គណៈកម្មាធិការគណបក្សស្រុក និងឃុំ ឱ្យបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលប្រជាជនជួបប្រទះតាមលទ្ធផលដែលអាចធ្វើទៅបាន និងបន្តរក្សាសាមគ្គីឯកភាពទាំងទស្សនះ និងគោលជំហរ រួមទាំងរបៀបរបបធ្វើការងារ ដើម្បីនូវភាពឈ្នះរបស់គណបក្សប្រជាជនកម្ពុជា។

លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា បានទទួលមរណភាពក្នុងជន្មាយុ ៦៧ ឆ្នាំ នៅវេលាម៉ោង ៥និង ៤០ នាទីព្រឹក ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤
ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤

លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា បានទទួលមរណភាពក្នុងជន្មាយុ ៦៧ ឆ្នាំ នៅវេលាម៉ោង ៥និង ៤០ នាទីព្រឹក ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ នៅមន្ទីរពេទ្យ ដោយរោគាពាធ។សពរបស់លោកនឹងតម្កល់ទុកធ្វេីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ ១ ផ្លូវ ៥ A សង្កាត់សំបួរ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

ស្ត្រីសម្រាលកូនរួចត្រូវដឹង «ទាស់កូនខ្ចី» ទាំង៥ ដែលចាស់បុរាណតែងនិយាយ និងមូលហេតុរបស់វា!
ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤

(សុខភាព)៖ ចាស់តាំងពីសម័យមុននៅតែមានការប្រកាន់ខ្ជាប់ទំនៀមទម្លាប់បែបបុរាណ សំរាប់ស្ត្រីដែលទើបសម្រាលកូនរួច ដោយចាស់ៗភាគច្រើន តែងមានការហាមឃាត់ ឬតម្រូវឱ្យអ្នកម្ដាយសរសៃខ្ចី មិនត្រូវធ្វើនេះធ្វើនោះ ដើម្បីកុំឱ្យទាស់កូនខ្ចី។ ពាក់ព័ន្ធជាមួយការហាមឃាត់ និងដំណមមួយចំនួនសម្រាប់ស្ត្រីដែលសម្រាលកូនរួចពិតជាមានអាការៈទាស់មែនទេ? លោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសសម្ភព និងរោគស្ត្រី បានឲ្យដឹងថា ស្ត្រីស្គមរីងរៃ គ្មានទឹកដោះឲ្យកូនបៅ ឬជួបបញ្ហាសុខភាពផ្សេងក្រោយសម្រាលកូន ភាគច្រើនបណ្តាលមកពីកង្វះអាហារូបត្ថម្ភ និងគ្មានអនាម័យពេលសម្រាលជាដើម។ ខាងក្រោមនេះ គឺជាប្រភេទនៃការទាស់ និងមូលហេតុ៖ ១- ទាស់បែកស្រកា៖ ការទាស់បែបនេះ អាចបណ្តាលមកពីការញ៉ាំអាហារគ្មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដែលធ្វើឲ្យស្បែកស្ងួត ឬបែកស្រកា។ ២- ទាស់មានអាការៈគ្រុន៖ ភាគច្រើនការទាស់បែបនេះ អាចបណ្តាលមកពីការសម្រាលគ្មានអនាម័យត្រឹមត្រូវ នៅផ្ទះ ឬឆ្មបបុរាណ ព្រោះដៃឆ្មបដែលគ្មានជំនាញមិនស្អាត ដែលធ្វើឲ្យមេរោគចូលទៅក្នុងស្បូន ឬការយកសុកចេញមិនអស់ជាដើម។ ៣- ទាស់ដំណេក៖ ក្រោយពេលសម្រាលកូនហើយភ្លាម ស្ត្រីគ្រប់រូបត្រូវតមរួមភេទពី១ខែកន្លះ ទៅ៣ខែ ដើម្បីឲ្យស្បូនត្រលប់មកភាពដើមវិញ។ ប៉ុន្តែប្រសិនស្ត្រីរួមភេទ ខណៈស្បូនមិនទាន់ជាសះស្បើយ អាចបណ្តាលឲ្យរបួសក្លាយ ហើយកើតអាការៈផ្សេង។ ៤- ទាស់មានសភាពស្គមរីងរៃ៖ ការទាស់បែបនេះ អាចបណ្តាលមកពីស្ត្រីតមអាហារជ្រុល ធ្វើឲ្យរាងកាយមិនអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ហើយរាងកាយប្រែជាគ្មានសាច់ឈាមឡើយ។ ៥- ទាស់ស្ពឹកអវយវៈ៖ ទាស់ប្រភេទនេះភាគច្រើនកើតមាននៅលើជើងខាងឆ្វេង ហើយរីករាលដាលទៅខាងស្កាំ និងដៃទាំង ២ តែម្តង។ អាការៈទាស់បែបនេះក៏អាចបណ្តាលមកពីមូលហេតុដូចចំណុចទី ២ ដែរ គឺការសម្រាលគ្មានអនាម័យត្រឹមត្រូវ ដែលធ្វើឲ្យមេរោគជ្រៀតចូលទៅក្នុងសរីរាង្គបន្តពូជ៕

មិនអាចរំលងបាន! ពិសាទឹកបរិសុទ្ធភេទនេះជារៀងរាល់ថ្ងៃ នឹងជួយឱ្យអ្នកមានសុខភាពល្អ សម្រស់ក្មេងជាងវ័យមិនដឹងខ្លួន
ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ទឹក ជាប្រភពនៃជីវិតមនុស្ស មនុស្សត្រូវការបំពេញជាតិទឹកនៅក្នុងរាងកាយគ្រប់ពេលវេលា ប៉ុន្តែការជ្រើសរើសនូវទឹកពិសាដែលមានគុណភាពខ្ពស់ ផ្ដល់អត្ថប្រយោជន៍ល្អជាច្រើនដល់ រាងកាយយើង ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់ ក៏ជារឿងមួយដ៏សំខាន់មិនអាចខ្វះបាន។ ដើម្បីទទួលបានទឹកពិសាមួយដ៏ល្អសម្រាប់សុខភាព និងជាទឹករ៉ែធម្មជាតិ១០០ភាគរយ សំបូរទៅសារធាតុបំប៉នក្នុងរាងកាយយើងនោះ លោកអ្នកមិនអារំលងបានឡើយនូវទឹកពិសា ប្លូស៊ីអង់ទីអុកស៊ីដង់ ដែលសំបូរទៅដោយអត្ថប្រយោជន៍ដ៏ច្រើនដូចជា៖ -ជួយសម្រួលសរសៃឈាមឱ្យដើរបានស្រួល -ជួយសិរីរាង្គ-ជួយទប់ស្កាត់ជម្ងឺបេះដូង -ជួយបន្សាបជាតិពុល បន្សាបអាស៊ីត-ជួយទប់ស្កាត់ការខូចកោសិកា -ជួយកាត់បន្ថយជាតិខ្លាញក្នុងរាងកាយ-កាត់បន្ថយភាពតានតឹង បង្កើនការចងចាំ-ជួយថែរក្សាស្បែកឱ្យមានសំណើមស្រស់ថ្លា-ធ្វើឱ្យប្រព័ន្ធភាពស៊ាំក្នុងខ្លួនខ្លាំង-ជួយមុខងារក្រលៀនមានសុខភាពល្អ-ធ្វើឱ្យចរន្តឈាមរបស់អ្នកប្រសើរឡើង-ជួយប្រព័ន្ធរំលាយអាហាររបស់អ្នកប្រសើរឡើង-ជួយរក្សាមុខងាររបស់ពោះវៀនធំឱ្យនៅធម្មតា-ផ្ដល់ថាមពល និងធ្វើឱ្យក្មេងជាងវ័យ។ អត្ថប្រយោជន៍ទាំងអស់នេះហើយ ដែលជួឱ្យលោកអ្នកទទួលបានសុខភាពល្អដោយមិនដឹងខ្លួន នៅពេលលោកអ្នកជ្រើសរើសទឹកពិសាដ៏មានគុណភាព កុំភ្លេចទឹកពិសា ប្ល៊ូស៊ីអង់ទីអុកស៊ីដង់ ដែលផលិតឡើងដោយប្រើបច្ចេកវិទ្យាប្រទេសរុស្សី និងចិន សម្បូរដោយសារធាតុរ៉ែ អាចឆុងទឹកដោះឱ្យកូនតូចបានផងដែរ៕

ឥណ្ឌាចាប់ផ្តើមការបោះឆ្នោតសកលធំបំផុត លើពិភពលោក
ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤

(អន្តរជាតិ)៖ ការបោះឆ្នោត​ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ការ​បោះ​ឆ្នោត​សកល​ដ៏​ធំ​បំផុត​របស់​ពិភពលោក ​នឹង​ចាប់​ផ្តើម​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​នៅ​ថ្ងៃ​សុក្រនេះ ​ដោយ​មាន​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ប្រមាណ​៩៧០​លាន​នាក់។ ការបោះឆ្នោតនេះ ធ្វើឱ្យគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi ប្រឆាំងនឹង សម្ព័ន្ធភាពប្រឆាំង។ការបោះឆ្នោតជ្រើសរើសសមាជិកសភាជាន់ទាប មានសភាពទ្រុឌទ្រោម ដោយកាលបរិច្ឆេទបោះឆ្នោត ចំនួនប្រាំពីរផ្សេងគ្នា ត្រូវបានកំណត់សម្រាប់មណ្ឌលបោះឆ្នោតទូទាំងប្រទេស។ ការបោះឆ្នោតដំណាក់កាលទីប្រាំពីរ និងចុងក្រោយ នឹងប្រព្រឹត្តទៅនៅថ្ងៃទី 1 ខែមិថុនា។លោក Modi ដែលជាកម្មសិទ្ធិរបស់គណបក្ស Bharatiya Janata កំពុងស្វែងរកអាណត្តិទីបីនៅក្នុងតំណែង នេះ។ សម្ព័ន្ធ​ប្រឆាំង​មួយ​ដែល​ផ្តោត​ជុំវិញ​គណបក្ស​សមាជជាតិ​ឥណ្ឌា​មាន​បំណង​ដណ្តើម​យក​តំណែង​រដ្ឋាភិបាល។បក្ស BJP និយាយថា នៅក្រោមរដ្ឋាភិបាលលោក Modi ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសឥណ្ឌា បានរីកចម្រើនដល់លំដាប់ទី 5 របស់ពិភពលោក ហើយត្រូវបានគេព្យាករណ៍ថានឹងមានចំណាត់ថ្នាក់ ទីបីនៅដើមឆ្នាំ 2027 ។ការស្ទង់មតិមតិនាពេលថ្មីៗនេះបានធ្វើឱ្យ BJP នាំមុខសម្ព័ន្ធភាពប្រឆាំង។ ទោះជាយ៉ាងណាក៏ដោយ គណបក្សក្នុងតំបន់ដែលជាផ្នែកមួយនៃសម្ព័ន្ធភាពប្រឆាំងនៅតែរក្សាបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូង ដែលប្រជាជនបោះឆ្នោតក្នុងដំណាក់កាលទី 1 ។លោក Modi បានចូលរួមកិច្ចប្រជុំសាធារណៈធំៗនៅក្នុងរដ្ឋ ដើម្បីបង្កើនការគាំទ្រអ្នកបោះឆ្នោត សម្រាប់គណបក្សរបស់គាត់។ការ​រាប់​សន្លឹក​ឆ្នោត នឹង​ត្រូវ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា៕

គំរូល្អ! ស្រ្តីម្នាក់ចែករំលែកវិធីមួយនេះនៅពេលដែលមានចានឬកែវបែក ដើម្បីជួយសំម្រួលទៅដល់ការងារអ្នកប្រមូលសម្រាម!
ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤

(សង្គម)៖ ផ្ទុះការចាប់ងារម្មណ៍និងសរសើរព្រោងព្រាតក្រោយពីស្រ្តីម្នាក់បានចែករំលែកនិងបំផុសគំនិតឱ្យមហាជនយល់ដឹងនូវវីធីសាស្តក្នុងការខ្ចប់របស់របរដែលបែបបាក់ដែលមានដូចជាចាន កែវនិងរបស់មុតស្រួចដែលអាចបង្ករគ្រោះថ្នាក់ ដោយហេតុថាការធ្វើបែបនេះគឺពិតជាអាចជួយសម្រួលទៅដល់ការងារអ៊ុពូមីងដែលជាអ្នកប្រកបការងារប្រមូលសម្រាមមួយចំណែកផងដែរ។យ៉ាងណាមិញយោងតាមទំព័រផេកឈ្មោះ Wendy Brand Cambodia II បានបង្ហោះវីដេអូចែករំលែកដោយអមមកជាមួយខ្លឹមសារថា«បើមានកែវបែករឺចានបែកៗជួយធ្វើរឿងនេះជួយសម្រួលពួកគាត់ខ្លះៗៗ បានទេ? ចែករំលែក ស្នាមញញឹម»។ ដោយក្នុងវីដេអូនោះផងដែរបានបង្ហាញពីវិធីក្នុងការខ្ចប់រាល់ពេលមានចានដែលបែកបាក់ ដោយមុននឹងយកទៅបោះចោលយើងគួរចំណាយពេលបន្តិចក្នុងការរុំនូវក្រណាត់ចាស់ៗក៏បានដើម្បីប្រកដចិត្តថាអំបែងទាំងនោះមិនអាចបង្ករគ្រោះថ្នាក់ទៅដល់អ្នកដទៃ ដែលទង្វើទាំងនេះផងដែរចាត់ទុកថាជាគំរូដ៍ល្អមួយផងដែរ។ ដោយកន្លងមកពួកគាត់បានរងនូវការមុតរបស់របរទាំងនោះជាញឹកញយព្រោះតែការងារបែបនេះតម្រូវធ្វើឱ្យលឿងនិងប្រញាប់ទើបវាពិបាកណាស់ដែលឱ្យពួកគាត់ប្រុងប្រយ័ត្នឱ្យបានខ្ពស់នោះ ដូច្នេះហើយដើម្បីជួយសម្រួលការងារក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ចំពោះពួកគាត់មានតែការរួមគ្នាក្នុងការចំណាយពេលបន្តិចបន្តួចដូចទៅខាងលើតែប៉ុណ្នោះ។បន្ថែមពីនោះការអនុវត្តបែបនេះក៏អាចជួយទៅដល់សត្វឆ្កែ សត្វឆ្មាដែលពុំមានម្ចាស់នឹងតែងតែកាយរកចំណីនៅតាមទីសាធារណៈផងដែរ៕

មហាជនសរសើរទឹកចិត្តម្ចាស់ផ្ទះ ដែលបានបារម្ភពីសុវត្តិភាពអ្នកបង្ករជាងទ្រព្យសម្បតិ្តផ្ទាល់ខ្លួន!
ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤

(កម្សាន្ត)៖ វីដេអូដែលបានបង្ហាញពីគ្រោះថ្នាក់ចរាចរណ៍មួយនៅ ភូមិថ្នល់ ស្រុករវៀង ខេត្ត ព្រះវិហារកំពុងសាងការចាប់អារម្មណ៍ពីមហាជនអ្នកលេងបណ្ដាញសង្គមជាខ្លាំងដោយហេតុថាបើទោះបីជាអ្នកបើកបរបានរ៉េចង្កូតទៅបុកផ្ទះអ្នកភូមិធ្វើឱ្យខ្ទេចក្ដីតែឃើញថាពលរដ្ឋនៅទីនោះនិងម្ចាស់ផ្ទះបាននៅតែយកចិត្តទុកដាក់និងបារម្ភពីសុវត្តិភាពអ្នកនៅក្នុងរថយន្តជៀសជាងបារម្ភពីទ្រព្យសម្បត្តិផ្ទាល់ខ្លួន។យ៉ាងណាមិញយោងតាមគណនីហ្វេសប៊ុកឈ្មោះRin KH បានបង្ហោះវីដេអូនូវវីដេអូមួយកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ដោយម្ចាស់គណនីខាងលើបានភ្ជាប់មកជាមួយខ្លឹមសារបញ្ជាក់ផងដែរថា«គ្រោះថ្នាក់នៅថ្នល់ ស្រុករវៀង ខេត្ត ព្រះវិហារ» ដោយវីដេអូដែលថតបាននិងភ្ជាប់មកជាមួយការបង្ហោះនោះទៀតសោតបានបង្ហាញឱ្យឃើញពីសកម្មភាពអ្នកភូមិនៅទីនោះបានប្រញាប់ប្រញាល់ទៅមើលនៅទីតាំងកើតហេតុ ក្រោយពីមានរថយន្តមួយគ្រឿងបានរ៉េចង្កូតចូលទៅបុកផ្ទះមួយដែលទំនងជាកន្លែងបើកលាងរថយន្តផងដែរ។ ដោយតាមរយៈសកម្មភាពភាពក្នុងវីដេអូនោះផងដែរឃើញថាពលរដ្ឋនៅទីនោះបានខ្នះខ្នែងរត់សំដៅទៅរកអ្នកនៅក្នុងរថយន្តនិងជួយគ្រាចេញមកខាងក្រៅហាក់បារម្ភពីសុវត្តិភាព។ដោយឡែកតាមរយៈសកម្មភាពទាំងនេះផងដែរត្រូវបានអ្នកប្រើប្រើប្រាស់បណ្ដាញសង្គមជាច្រើននាំគ្នាសរសើរទៅកាន់ទឹកចិត្តអ្នករស់នៅទីនោះដែលចេះយល់សុទុក្ខនិងបារម្មពីសុវត្តិភាពមនុស្សជៀសជាងទ្រព្យសម្បត្តិនិងរបស់របរផ្ទាល់ខ្លួន ដោយមិនប្រកាន់ថាអ្នកនោះជាអ្នកបង្ក។ ក្នុងនោះផងដែរក៏មានអ្នកលើកឡើងថា«ម្ចាស់កន្លែង មានសុជីវធម៌ ល្អ អត់ខ្វល់ពីការខូចខាត បារម្ភពីសុវត្ថិភាព អ្នកនៅក្នុងឡាន អរគុណទឹកចិត្តមួយនេះ ព្រោះភាគច្រើន បើជួបហេតុការណ៍បែបនេះ ម្ចាស់ផ្ទះចេញមក ស្រែកឡូឡា រករឿង ជេរប្រទេច រឺក៏អាចដល់ការវាយតប់ក៏មាន តែនេះ អត់ទេ។ ទោះជាយ៉ាងណាក្ដីទាំងនេះគឺជាការលើកសរសើរនៅពេលដែលមហាជនឃើញទង្វើដែលចេះជួយយកអាសារគ្នាក្នុងសង្គមបែបនេះ ក៏ប៉ុន្តែទន្ទឹមនឹងនោះក៏សូមសំណូមពរទៅកាន់អ្នកបើកបរគ្រប់រូបបង្កើកការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជៀសវាងជួបហេតុការណ៍ដូចទៅនឹងករណីខាងលើ៕

បុរសម្នាក់បង្ហាញអារម្មណ៍សោកស្ដាយ ខណៈពលរដ្ឋខ្មែរខ្លះកាប់បំផ្លាញដើមសំរងដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន!
ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤

(សង្គម)៖ រដូវកាលនៃផ្លែសំរងចាប់ផ្ដើមសម្បូរក៏មកដល់ មួយរយៈចុងក្រោយមកនេះសង្កេតឃើញថាមានពលរដ្ឋខ្មែរមិនតិចនោះទេដែលបានផ្អាកការងារមួយរយៈដោយប្ដូរទៅរុករកប្រមូលផលផ្លែសំរងនៅតាមព្រៃនានាដើម្បីយកមកលក់ឱ្យឈ្មួញ។ ដោយការប្រមូលផលនេះប្រាកដណាស់ពិតជាអាចជួយសម្រួលទៅកាន់ពលរដ្ឋឱ្យកាន់តែរកចំណូលបានច្រើនបន្ថែមទៀត តែទន្ទឹមនឹងនោះផលអវិជ្ជមានក៏មានផងដែរដោយហេតុថាពលរដ្ឋមួយចំនួនហេតុតែចង់បានផលច្រើនពេកក៏នាំគ្នាឈានដល់ការកាប់បំផ្លាញដើមសំរងទាំងនោះតែម្ដង។យ៉ាងណាមិញនេះបើយោងតាមទំព័រផេកហ្វេសប៊ុកឈ្មោះ A-Kean បានបង្ហោះវីដេអូមួយដោយអមមកជាមួយខ្លឹមសាររៀបរាប់ថា «ខ្ញុំជាអ្នកស្រឡាញ់ធម្មជាតិម្នាក់ នៅពេលដែលខ្ញុំឃើញបែបនេះ ខ្ញុំមានអារម្មណ៍ថាស្ដាយខ្លាំងណាស់ ខ្ញុំពិតជាមិនចង់ឲ្យមានកាប់ដើមសំរ៉ងដល់កម្រងមួយនេះ បន្តទៀតទេ អាចទេកុំបំផ្លាញអ្វីដែលជាធម្មជាតិ ធម្មជាតិជួយយើងបានច្រើនណាស់យើងគួរណាស់តែជួយធម្មជាតិវិញ កុំបំផ្លាញអី»។ ជាមួយគ្នាវីដេអូដែលបានភ្ជាប់មកជាមួយនោះផងដែរបុរសខាងលើបានបង្ហាញអារម្មណ៍សោកស្ដាយជាខ្លាំងនៅពេលដែលបានឃើញសម្បិត្តធម្មជាតិទាំងនោះត្រូវបានបំផ្លិញបំផ្លាញបែបនេះ លោកក៏បានបន្តពោលពាក្យមួយចំនួន។តាមរយៈការបង្ហោះខាងលើនេះផងដែរឃើញថាមានមហាជនជាច្រើនផងដែរបានបង្ហាញអារម្មណ៍សោកស្ដាយចំពោះការបាត់បង់ជាបន្តបែបនេះ ក្នុងនោះផងដែរក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់លើកឡើងយ៉ាងដូច្នេះថា«បងពិតស្តាយស្រណោះណាស់ ព្រោះតែមនុស្សមានភាពលោភលន់ពេក គិតតែប្រយោជន៍មួយពេល មិនគិតទៅថ្ងៃអនាគត។»។ ទោះជាយ៉ាងណាការបង្ហោះរបស់បុរសខាងលើគឺគ្រាន់តែមានបំណងចង់ឱ្យពលរដ្ឋមានការស្វែងយល់ទៅកាន់ថ្ងៃអានាគត ដោយប្តូរពីការកាប់ព្រោះតែចង់បានផលចំណេញច្រើនទៅជាវិធីសាស្រ្តប្រមូលផលបែបផ្សេងដែលពុំប៉ះពាល់និងធ្វើឱ្យបាត់បង់នូវប្រដើមដ៏កម្រមួយនេះ៕

អ៊ីរ៉ង់ប្រាប់ប្រជាជនឱ្យប្រុងប្រយ័ត្នចំពោះសត្វក្រពើ ពេលទឹកជំនន់
ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤

(អន្តរជាតិ)៖ អាជ្ញាធរអ៊ីរ៉ង់បានព្រមានថា ក្រពើបានរួចចេញពីជម្រកធម្មជាតិរបស់ពួកគេ ខណៈដែលទឹក ជំនន់បានបំផ្លិចបំផ្លាញផ្នែកខ្លះនៃភាគអាគ្នេយ៍របស់ប្រទេស។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានរាយការណ៍ថា កម្មករសំណង់ផ្លូវចំនួនបីនាក់ បានស្លាប់ បាត់បង់ជីវិតក្នុងគ្រោះទឹកជំនន់នេះ ដែលបានកើតឡើងបន្ទាប់ពីព្យុះបានវាយប្រហារតំបន់មជ្ឈិមបូព៌ា។ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ភ្លាមៗបានវាយប្រហារខេត្ត Bandar Abbas របស់អ៊ីរ៉ង់ Kerman និង Sistan និង Baluchistan នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ។ទីភ្នាក់ងារនេះបាននិយាយថា ទន្លេបានពេញហៀរ ខណៈពេលដែលទំនប់វារីអគ្គិសនីឈាន ដល់លើសពី សមត្ថភាព ដែលនាំឱ្យខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន។ វីដេអូដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋ IRNA និង Tasnim បានបង្ហាញពីទឹកជំនន់រីករាល ដាល ខណៈប្រជាជនប្រើប្រាស់ទូកដើម្បីជួយសង្គ្រោះអ្នកដទៃ។ហើយនាយកដ្ឋានបរិស្ថាននៅ Sistan និង Baluchistan បានចេញការព្រមានពីការព្រួយបារម្ភអំពីសត្វ ក្រពើ ដែលបានរួចចេញពីជម្រកធម្មជាតិរបស់ពួកគេ។អ្នកស្រុកត្រូវបានប្រាប់ឱ្យជៀសវាងការធ្វើដំណើរដែលមិនចាំបាច់នៅជិតច្រាំងទន្លេ Bahu Kalat ដីសើម វាលភក់ និងបរិវេណនៃជម្រកសត្វព្រៃ រហូតដល់ទឹកជំនន់បានស្រកទាំងស្រុង ហើយលក្ខខណ្ឌ មានស្ថេរភាព។គួរបញ្ជាក់ថា ខ្យល់ព្យុះដែលបានវាយប្រហារប្រទេសក្នុងតំបន់ រួមទាំងអារ៉ាប់រួម និងអូម៉ង់ បានវាយ ប្រហារ អ៊ីរ៉ង់ កាលពីល្ងាចថ្ងៃអង្គារ និងដល់ថ្ងៃពុធ។ចំណែកប្រទេសអារ៉ាប់រួមបានឃើញភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល 75 ឆ្នាំក្នុងសប្តាហ៍នេះ ដោយមាន ភ្លៀងធ្លាក់មួយរយមីលីម៉ែត្រ ក្នុងរយៈពេលត្រឹមតែ 12 ម៉ោងកាលពីថ្ងៃអង្គារ៕

ស្តេចម៉ាឡេស៊ី ក្លាយជាម្ចាស់រថយន្តប្រណិតថ្លៃបំផុតរបស់ចិន ដំបូងគេលើពិភពលោក
ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤

(អន្តរជាតិ)៖ ស្តេចម៉ាឡេស៊ី Sultan Ibrahim Iskandar គឺជាម្ចាស់រថយន្ត Hongqi L5 ដំបូងគេក្នុងពិភពលោក ដែលជារថយន្តប្រណិតថ្លៃបំផុតរបស់ប្រទេសចិន។ស្តេចស៊ុលតង់ អ៊ីប្រាហ៊ីម បានចែករំលែករូបថតនៃរថយន្តដែលមានរចនាប័ទ្មអតីតកាល ក្នុង អំឡុងពេលកិច្ចប្រជុំមួយកាលពីថ្ងៃទី 12 ខែមេសា ជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសម៉ាឡេស៊ី Ouyang Yujing ។ចេញលក់ក្នុងឆ្នាំ 2013 នៅ Shanghai Auto Show  រថយន្ត L5 ផលិតដោយក្រុមហ៊ុន FAW Group ត្រូវបានគេស្គាល់ថាជារថយន្តដែលផលិតនៅប្រទេសចិនដែលមានតម្លៃថ្លៃបំផុតមិនធ្លាប់មាន ដែលមាន តម្លៃ 5 លានយ័នស្មើនឹងជិត​៧សែនដុល្លារ ។ វា​ជា​រថយន្ត​រដ្ឋ​ផ្លូវការ​របស់​ប្រទេស​ចិន ដូចដែល​វា​ត្រូវបាន​ប្រើប្រាស់​ដោយ​ប្រធានាធិបតី Xi Jinping ។រថយន្ត Sedan បច្ចុប្បន្នមានលក់តែនៅក្នុងប្រទេសចិនប៉ុណ្ណោះ។ស្តេច ស៊ុលតង់ អ៊ីប្រាហ៊ីម បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីរវាងម៉ាឡេស៊ី និងចិន ក៏ដូចជាបញ្ហា បច្ចុប្បន្ន ទាក់ទងនឹងប្រទេសទាំងពីរ។ស៊ុលតង់ អ៊ីប្រាហ៊ីម បានផ្តល់ទស្សនៈរបស់គាត់លើទិសដៅនៃទំនាក់ទំនងការទូត និងតម្រូវការ ដើម្បីកំណត់ឱកាសសហប្រតិបត្តិការបន្ថែមទៀត។ទ្រង់បាន​ ​បង្ហោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​កាលពី​ថ្ងៃ​ទី ១២ ខែ​មេសា​ថា​ «​ចិន​គឺជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ដ៏​សំខាន់ និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​ម៉ាឡេស៊ី​៕

តើការបណ្តុះពពកបង្កើតទឹកភ្លៀងសប្បនិម្មិត ធ្វើឲ្យទីក្រុងឌូបៃមានទឹកជំនន់មែនឬ?
ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤

(អន្តរជាតិ)៖ ទីក្រុងឌូបៃស្ថិតនៅលើឆ្នេរសមុទ្រនៃប្រទេសអារ៉ាប់រួម (UAE) ហើយជាធម្មតាស្ងួតខ្លាំង។ ប៉ុន្តែខណៈពេលដែលវាទទួលបានទឹកភ្លៀងតិចជាង 100mm (3.9in) ក្នុងមួយឆ្នាំជាមធ្យម ទីក្រុងនេះ ជួបប្រទះនូវភ្លៀងធ្លាក់ខ្លាំងម្តងម្កាល។នៅក្នុងទីក្រុង Al-Ain  ដែលមានចំងាយត្រឹមតែជាង 100km  ពីទីក្រុង Dubai ទឹកភ្លៀងប្រហែល 256mm ត្រូវបានកត់ត្រាក្នុងរយៈពេលត្រឹមតែ 24 ម៉ោង។ប្រព័ន្ធអាកាសធាតុសម្ពាធទាប ដែលទាក់ទាញខ្យល់ក្តៅ សំណើម និងរារាំងប្រព័ន្ធអាកាសធាតុ ផ្សេងទៀត មិនឱ្យឆ្លងកាត់ គឺជាមូលហេតុចម្បងនៃទឹកជំនន់នេះ។សាស្ត្រាចារ្យ Maarten Ambaum អ្នកជំនាញឧតុនិយមនៅសាកលវិទ្យាល័យ Reading ដែលបានសិក្សាពី គំរូទឹកភ្លៀងបានពន្យល់ថា "ផ្នែកនៃពិភពលោកនេះត្រូវបានកំណត់លក្ខណៈដោយរយៈពេលវែង ដោយគ្មានភ្លៀង ហើយបន្ទាប់មកមិនទៀងទាត់ និងភ្លៀងធ្លាក់ខ្លាំង ប៉ុន្តែទោះបីជាយ៉ាងនេះក្តី នេះគឺ ជាព្រឹត្តិការណ៍ទឹកភ្លៀងដ៏កម្រមួយ នៅតំបន់ឈូងសមុទ្រ។ប៉ុន្តែ​កំណត់ត្រា​ទឹកភ្លៀង​គឺ​ស្រប​នឹង​របៀប​ដែល​អាកាសធាតុ​ប្រែប្រួល។និយាយឱ្យសាមញ្ញទៅ ខ្យល់ក្តៅអាចរក្សាសំណើមបានច្រើនជាង- ប្រហែល 7% បន្ថែមសម្រាប់រាល់ អង្សាសេ ដែលអាចបង្កើនអាំងតង់ស៊ីតេនៃភ្លៀង។ការសិក្សាថ្មីមួយបានបង្ហាញថា ទឹកភ្លៀងប្រចាំឆ្នាំអាចកើនឡើងដល់ទៅ 30% នៅទូទាំងភាគច្រើននៃ ប្រទេសអារ៉ាប់រួម នៅចុងសតវត្សន៍ ដោយសារពិភពលោកនៅតែបន្តក្តៅ។ការបណ្តុះភ្លៀងសប្បនិម្មិត ពាក់ព័ន្ធនឹងការរៀបចំពពកដែលមានស្រាប់ ដើម្បីជួយបង្កើតទឹកភ្លៀង បន្ថែមទៀត។ បច្ចេកវិទ្យានេះ អាចត្រូវបានធ្វើដោយប្រើយន្តហោះដើម្បីទម្លាក់ភាគល្អិតតូចៗ ដូចជាអ៊ីយ៉ូតប្រាក់ ចូលទៅក្នុងពពក។ បន្ទាប់មក ចំហាយទឹកអាចបង្រួមបានកាន់តែងាយស្រួល ហើយប្រែទៅជាភ្លៀង។បច្ចេកទេសនេះមានអាយុកាលជាច្រើនទសវត្សរ៍មកហើយ ហើយអារ៉ាប់រួមបានប្រើវាក្នុងប៉ុន្មាន ឆ្នាំថ្មីៗនេះ ដើម្បីជួយដោះស្រាយការខ្វះខាតទឹក។ក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយទឹកជំនន់ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន បានសន្មតថា អាកាសធាតុប្រែប្រួលខ្លាំងបែបនេះ បណ្តាលមកពីប្រតិបត្តិការបណ្ដុះពពកថ្មីៗនៅក្នុងប្រទេស។របាយការណ៍មុននេះដោយ Bloomberg បានលើកឡើងថា យន្តហោះបណ្តុះពពកត្រូវបានដាក់ពង្រាយ នៅថ្ងៃអាទិត្យ និងថ្ងៃច័ន្ទ ប៉ុន្តែមិនមែននៅថ្ងៃអង្គារទេ នៅពេលដែលទឹកជំនន់បានកើតឡើង ដូច្នេះ សារព័ត៌មានមិនអាចបកស្រាយដោយឯករាជ្យបានទេ៕

ផ្ទុះរោងចក្រផលិតទឹកកកនៅថៃ បណ្តាលឲ្យមនុស្ស ១២៨នាក់រងរបួស
ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤

(អន្តរជាតិ)៖ មន្ត្រីក្នុងតំបន់បានរាយការណ៍ថា មនុស្សសរុបចំនួន 128 នាក់បានរងរបួសនៅក្នុង ការផ្ទុះនៅរោងចក្រផលិតទឹកកកមួយនៅក្នុងស្រុក Bang Lamung នៃខេត្ត Chonburi ។ការ​ផ្ទុះ​នេះ​បាន​បញ្ជូន​អាម៉ូញាក់​ទៅ​ក្នុង​អាកាស​ដែល​រាលដាល​ជាង​មួយ​គីឡូម៉ែត្រ។ សាក្សី​បាន​និយាយ​ថា ពួក​គេ​បាន​ឮ​សំឡេង​ផ្ទុះ​ថ្លង់​នៅ​ពាក់​កណ្តាល​យប់ មុន​ពេល​ឃើញ​ផ្សែង​ហុយ​ចេញ​ពី​រោងចក្រ។មន្ត្រីការពារគ្រោះមហន្តរាយត្រូវបានបញ្ជូនភ្លាមៗ ដើម្បីជម្លៀសបុគ្គលិក និងអ្នករស់នៅជុំវិញរោងចក្រ ក្នុងសង្កាត់ Nong Prue ទៅកាន់ទីទួលសុវត្ថិភាព។បរិវេណប្រហែល 2 គីឡូម៉ែត្រជុំវិញរោងចក្រត្រូវបានគេកំណត់ការចេញចូល ខណៈពេលដែលអ្នករង របួសក្នុងការផ្ទុះក៏ដូចជាអ្នកដែលរងផលប៉ះពាល់ដោយការស្រូបសារធាតុគីមីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ៕

មេដឹកនាំសហភាពអឺរ៉ុបកំពុងពិចារណាដាក់ទណ្ឌកម្មអ៊ីរ៉ង់ថ្មី ក្រោយការវាយប្រហារលើអ៊ីស្រាអែល
ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤

(ប្រ៊ុចសែល)៖ មេដឹកនាំសហភាពអឺរ៉ុបបានជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីការបង្កើនការដាក់ ទណ្ឌកម្ម ប្រឆាំងនឹងអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់ទីក្រុង តេអេរ៉ង់បានធ្វើឱ្យប្រទេសមហាអំណាចពិភពលោកមានការប៉ះទង្គិចគ្នា ដើម្បីការពារជម្លោះកាន់តែ ទូលំទូលាយនៅមជ្ឈិមបូព៌ា។កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនៅទីក្រុងប្រ៊ុចសែល គឺជាកិច្ចប្រជុំលើកដំបូងរបស់មេដឹកនាំជាតិទាំង 27 របស់សហភាពអឺរ៉ុបចាប់តាំងពីការវាយប្រហារកាលពីថ្ងៃសៅរ៍ ដែលមានរយៈពេលជាងប្រាំមួយខែ នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនដែលគាំទ្រដោយអ៊ីរ៉ង់គឺក្រុមហាម៉ាស។អ៊ីស្រាអែល​បាន​ផ្តល់​សញ្ញា​ថា ​ខ្លួន​នឹង​សងសឹក ប៉ុន្តែ​មិន​បាន​និយាយ​ថា​ធ្វើ​ដូចម្តេច​ទេ។ សហភាពអឺរ៉ុបបានជំរុញឱ្យអ៊ីស្រាអែលអនុវត្តការអត់ធ្មត់ខណៈពេលដែលបង្ហាញពីការត្រៀមខ្លួនដើម្បីរឹតបន្តឹងទណ្ឌកម្មលើទីក្រុងតេអេរ៉ង់។ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា យើងត្រូវតែកែសម្រួល ដើម្បីពង្រីក ទណ្ឌកម្ម លើអ៊ីរ៉ង់។ មេដឹកនាំត្រូវថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់ បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត របស់ពួកគេចំពោះសន្តិសុខរបស់អ៊ីស្រាអែល និងអំពាវនាវឱ្យភាគីទាំងអស់ទប់ស្កាត់ភាពតានតឹង បន្ថែមទៀត រួមទាំងនៅក្នុងប្រទេសលីបង់៕

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក Pierre Tami ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត អោយ លោក Pierre Tami (សែន សិលា) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាថ្ងៃព្រឹកសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤។គួររំលឹកថា លោក Pierre Tami ត្រូវបានគេស្គាល់ ថាមានឈ្មោះ សែន សិលា ជាឈ្មោះ ភាសាខ្មែរ ផ្ដល់ដោយ សម្តេចតេជោ ក្នុងពេលដែលសម្ដេចមានតួនាទីជា នាយករដ្ឋមន្ត្រី ជាការទទួលស្គាល់នូវស្នាដៃ ដែលលោកបានធ្វើជូនកម្ពុជាយើង ហើយបច្ចុប្បន្ន លោក សែន សិលា ជា សហគ្រិនសង្គម។សម្ដេចតេជោ បានស្វាគមន៍ និងសម្ដែងនូវការរីករាយដែលបានជួបលោក សែន សិលា ដែលជាមិត្តភក្ដិចាស់ចាប់តាំងពីឆ្នាំ១៩៩៧មក ដែលការជួបលើកចុងក្រោយគឺនៅ ឆ្នាំ២០២២ នៅដាវូស ប្រទេសស្វីស។លោក សែន សិលា បានគោរពអរគុណ សម្តេចតេជោ ជាអនេក ដែលសម្ដេច បានឆ្លៀតពេលដ៏មមារញឹក អនុញ្ញាតអោយ លោកមានកិត្តិយស ចូលជួបសម្ដែងការគួរសមនៅថ្ងៃនេះ។ លោក សិលា បាន គោរពអបអរសាទរចំពោះ សម្តេចតេជោ ដែលត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាថ្មីៗនេះ ។ រំលឹកពីពេលវេលាដែល លោក សិលា និង កូនស្រី បានជួបសម្តេចតេជោ ដំបូងនៅឆ្នាំ១៩៩៧ នៅក្រុងកំពង់សោម លោកបានលើកឡើងថា ប្រវត្តិសាស្ត្រកម្ពុជាបានកត់ត្រាយ៉ាងច្បាស់នូវ ភាពជោគជ័យរបស់សម្តេចតេជោ ក្នុងការកសាងកម្ពុជា ចាប់តាំងទសវត្ស៨០មក ឱ្យទទួលបាននូវសន្តិភាពពេញលេញ និង កំពុងស្ថិតនៅក្នុងសករាជថ្មីនៃការអភិឌ្ឍកាន់តែរីកចម្រើនឥតឈប់ឈរ។​លោក សិលា ពិតជាមានក្តីសប្បាយរីករាយ និងបានគោរពអរគុណ សម្តេចតេជោ ដែលបានអនុញ្ញាតឱ្យ លោក បានបម្រើការងារជូន សម្តេច និង ប្រទេសកម្ពុជា ជាពិសេសជួយកុមារកម្ពុជា ដោយបានកៀរគរអ្នកវិនិយោគមកកម្ពុជា ក៏ដូចជាការអមដំណើរគណៈប្រតិភូកម្ពុជា ទៅដាវូស ប្រទេសស្វីសជាច្រើនលើក ។លោក សិលា បានបន្តទៀតថា លោកពិតជាមានកិត្តិយសណាស់ ដែលបានធ្វើការជាមួយ ថ្នាក់ដឹកនាំ វ័យ ក្មេង ដូចជា ឯកឧត្ដម ហ៊ុន មានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ​ នៅក្នុងវិស័យបដិសណ្ឋាកិច្ច ផលិតកម្មអាហារ ដោយប្រើប្រាស់ វិទ្យាសាស្ត្រ បច្ចេកវិជ្ជា ។ លោក រីករាយណាស់ដែលឃើញ កម្ពុជា បានកសាងធនធានមនុស្ស មានយុវជនវ័យក្មេងដឹកនាំ និង នាំមកនូវបច្ចេកវិទ្យា វិទ្យាសាស្ត្រ សម្រាប់ការអភិវឌ្ឍប្រទេស ។ នៅពេលនេះ សេដ្ឋកិច្ចរបស់កម្ពុជា ជាសេដ្ឋកិច្ចដែលផ្អែកលើជំនាញ ដែលនឹងអនុញ្ញាតឱ្យឈានទៅ សម្រេចគោលដៅ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ២០៣០ ។ ទោះបីជាពេលនេះ មានការផ្ទេរការដឹកនាំទៅអ្នកជំនាន់ថ្មីក៏ដោយ ក៏វត្តមានរបស់សម្តេចតេជោ ជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅតែមានសារៈសំខាន់សម្រាប់ការអភិឌ្ឍន៍ប្រទេសកម្ពុជា ។ លោកមានបំណងចង់បម្រើ សម្តេចតេជោ បន្តទៀត និងសូមទទួលនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ម្តេច ។ជាកិច្ចឆ្លើយតប សម្តេចតេជោ បានអរគុណ លោក សិលា ដែលបានរំឰក អំពីអតីតកាលនៃការជួប លោកនិង កូនស្រី នៅ១៩៩៧ នៅកំពង់សោម ។ យើងបានសន្តិភាព និង ស្ថិរភាពជាង ២៥ឆ្នាំហើយ គិតចាប់ពីឆ្នាំ១៩៩៨ មក។ កាលពី៨ខែមុន សម្តេចតេជោ បានសម្រេចចិត្តផ្ទេរការដឹកនាំទៅអ្នកជំនាន់ថ្មី ហើយ ជាលទ្ធផល មរតសន្តិភាពនៅតែមានបន្ត កំណើនសេដ្ឋកិច្ចក៏នៅតែមានបន្តផងដែរ ។ គណៈរដ្ឋមន្ត្រីថ្មី ធ្វើការយ៉ាងល្អ ដោយរក្សាបាននូវស្ថិរភាព និង កំពុងបន្តជំរុញការអភិវឌ្ឍន៍។សម្តេចតេជោ បានគូសបញ្ជាក់ថា កាលពីឆ្នាំ១៩៨៧ សម្តេច បានកំណត់អទិភាព ៤ គឺ «ទឹក ផ្លូវ ភ្លើង មនុស្ស»  បន្ទាប់មក កាលពីជាង១០ឆ្នាំមុននេះ សម្តេចតេជោ ក៏បានប្ដូរដាក់ មនុស្ស មកជាអាទិភាពទី១ វិញ។ រាជរដ្ឋាភិបាលថ្មី បានដាក់មុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ជាមុំ បច្ចេកវិទ្យា និង បានដាក់គោលនយោបាយបណ្តុះបណ្តាលវិជ្ជាជីវៈយុវជនចំនួន ១.៥ លាននាក់ ហើយសេដ្ឋកិច្ចកម្ពុជា គឺផ្អែកលើចំណេះដឹង និងជំនាញ។សម្តេចតេជោ បានអរគុណ លោក សែន សិលា ដែលបានជួយបណ្តុះបណ្តាលជំនាញខាងបដិសណ្ឋាកិច្ច កន្លងមក និង លើកទឹកចិត្តឱ្យបន្តការបណ្ដុះបណ្ដាលនេះបន្ថែមទៀតទៀត ៕ជាចុងក្រោយ សម្តេចតេជោ បានយល់ព្រមស្នើតែងតាំង លោក សែន សីលា ជាទីប្រឹក្សា សម្ដេចតេជោ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា៕

កម្ពុជា អរគុណសាធារណរដ្ឋកូរ៉េចំពោះកិច្ចសហការយ៉ាងល្អលើវិស័យការងារ
ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤

(ព័ត៌មានជាតិ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងអំណរគុណចំពោះឯកឧត្តម LEE Jaeyoo អគ្គស្នងការនៃអគ្គស្នងការដ្ឋានអន្តោប្រវេសន៍នៃក្រសួងយុត្តិធម៌របស់សាធារណរដ្ឋកូរ៉េដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការគាំទ្រយ៉ាងល្អចំពោះវិស័យការងារនៃប្រទេសទាំងពីរប្រកបដោយផ្លែផ្កាសម្រាប់ប្រជាជាតិទាំងសងខាង។ ការបញ្ជាក់យ៉ាងដូចនេះ គឺធ្វើឡើងក្នុងជំនួបទ្វេភាគីនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីចំណងនៃកិច្ចសហការដ៏ល្អរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ចាប់តាំងពីឆ្នាំ២០០៧ដែលបាននិងកំពុងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋទាំងសងខាង។ ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា តាមរយៈកិច្ចគាំទ្រនៃសហប្រតិបត្តិការដ៏ល្អនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយខេត្ត ក្រុង ស្រុករបស់សាធារណរដ្ឋកូរ៉េចំនួន២៦ផ្សេងគ្នាដែលកំពុងដំណើរការដោយរលូននិងទទួលបានការស្វាគមន៍ពីប្រជាពលរដ្ឋ។ ដោយឡែក ឯកឧត្តមអគ្គស្នងការនៃអគ្គស្នងការដ្ឋានអន្តោប្រវេសន៍របស់កូរ៉េខាងត្បូង បានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះ បាននិងកំពុងជួយបំពេញតម្រូវការខ្វះខាតក្នុងខ្សែសង្វាក់ផលិតកម្មដែលជាតម្រូវការសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េ ប៉ុន្តែទន្ទឹមនឹងនេះ ពលរដ្ឋកម្ពុជាក៏ទទួលបានទាំងជំនាញបច្ចេកទេសវិជ្ជាជីវៈ និងចំណូលដើម្បីកែលម្អជីវភាពគ្រួសារផងដែរ។ តាមរយៈជំនួបនៅថ្ងៃនេះ ភាគីទាំងពីរ បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អបន្ថែមទៀតដើម្បីជំរុញឱ្យកាន់តែប្រសើរឡើងនៃវិស័យការងារកម្ពុជា និងកូរ៉េ់ក្នុងគោលបំណងពង្រីកឱកាសទីផ្សារការងារសម្រាប់ពលរដ្ឋកម្ពុជា៕

បណ្តាញសង្គម