(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ ព្រឹកថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដោយបានពិភាក្សា និងឆ្លងលើរបៀបវារៈដូចជា៖១- សេចក្តីព្រាងគោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត២-សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា៣-បញ្ហាផ្សេងៗ៕
(អាល្លឺម៉ង់)៖ ក្នុងដំណើរទស្សនកិច្ចការងារនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងលោកជំទាវ កែ សួនសុភី ស សុខា បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា ទស្សនានិងស្ដាប់បទបង្ហាញអំពី «ការចូលរួមរបស់យុវជននៅក្នុងកិច្ចការរដ្ឋបាលមូលដ្ឋាន» និង «កិច្ចសហប្រតិបត្តិការអន្តរទីក្រុង នៅក្នុងវិស័យការពារនិងសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន»។ទស្សនកិច្ចសិក្សាស្វែងយល់នេះ បានប្រព្រឹត្តទៅនៅទីក្រុង Kempten នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពេលយប់នៅប្រទេសកម្ពុជា។ បទបង្ហាញអំពីការចូលរួមរបស់យុវជននៅក្នុងកិច្ចការរដ្ឋបាលមូលដ្ឋាន បានរៀបចំដោយផ្ទាល់នៅ House of the Youth (ផ្ទះយុវជន) ខណៈបទបង្ហាញ ស្ដីពីកិច្ចសហប្រតិបត្តិការអន្តរទីក្រុងនៅក្នុងវិស័យការពារនិងសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន ក៏បានរៀបចំឡើងដោយផ្ទាល់នៅមណ្ឌលបញ្ជាការត្រួតពិនិត្យគ្រាអាសន្នរួម។ក្នុងបទបង្ហាញស្ដីពី «ការចូលរួមរបស់យុវជននៅក្នុងកិច្ចការរដ្ឋបាលមូលដ្ឋាន» លោកបណ្ឌិត Richard Schiebl និងសហការីជំនាញ បានចែករំលែកជូនគណៈប្រតិភូកម្ពុជា អំពីយន្តការស្តីពីការចូលរួមរបស់យុវជន មានឈ្មោះថា គណៈកម្មការយុវជន ដែលជាផ្នែកមួយចំណុះក្រុមប្រឹក្សាក្រុង ដើម្បីពាំនាំសម្លេងរបស់យុវជនដាក់ជូនថ្នាក់ដឹកនាំរដ្ឋបាល និងអ្នកនយោបាយ។ចំណែកប្រធានបទស្ដីពី «កិច្ចសហប្រតិបត្តិការអន្តរទីក្រុង នៅក្នុងវិស័យការពារនិងសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន» មន្ត្រីជំនាញនៃមណ្ឌលបញ្ជាការត្រួតពិនិត្យបានជម្រាបជូនថាមណ្ឌលនេះជាទីតាំងសម្រាប់តំបន់និងក្រុងជាច្រើនរួមគ្នាទទួលខុសត្រូវលើការជូនដំណឹងអំពីការផ្តល់សេវាក្នុងស្ថានភាពអាសន្ន ដូចជា ៖ ការបង្ការ និងពន្លត់អគ្គីភ័យសេវាជួយសង្គ្រោះ ការដឹកជញ្ជូនអ្នកជំងឺ និងដឹកនាំប្រតិបត្តិការជួរក្រោយជាដើម៕
(ភ្នំពេញ)៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន CamDX ដែលមានវត្តមានចូលរួមដោយ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជារដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ត្រីជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប នៅទីស្ដីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងក្រសួង-ស្ថាប័ន លើការអនុវត្តការងារចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ឱ្យកាន់តែប្រសើរឡើង៕