(អាល្លឺម៉ង់)៖ ក្នុងដំណើរទស្សនកិច្ចការងារនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងលោកជំទាវ កែ សួនសុភី ស សុខា បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា ទស្សនានិងស្ដាប់បទបង្ហាញអំពី «ការចូលរួមរបស់យុវជននៅក្នុងកិច្ចការរដ្ឋបាលមូលដ្ឋាន» និង «កិច្ចសហប្រតិបត្តិការអន្តរទីក្រុង នៅក្នុងវិស័យការពារនិងសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន»។ទស្សនកិច្ចសិក្សាស្វែងយល់នេះ បានប្រព្រឹត្តទៅនៅទីក្រុង Kempten នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពេលយប់នៅប្រទេសកម្ពុជា។ បទបង្ហាញអំពីការចូលរួមរបស់យុវជននៅក្នុងកិច្ចការរដ្ឋបាលមូលដ្ឋាន បានរៀបចំដោយផ្ទាល់នៅ House of the Youth (ផ្ទះយុវជន) ខណៈបទបង្ហាញ ស្ដីពីកិច្ចសហប្រតិបត្តិការអន្តរទីក្រុងនៅក្នុងវិស័យការពារនិងសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន ក៏បានរៀបចំឡើងដោយផ្ទាល់នៅមណ្ឌលបញ្ជាការត្រួតពិនិត្យគ្រាអាសន្នរួម។ក្នុងបទបង្ហាញស្ដីពី «ការចូលរួមរបស់យុវជននៅក្នុងកិច្ចការរដ្ឋបាលមូលដ្ឋាន» លោកបណ្ឌិត Richard Schiebl និងសហការីជំនាញ បានចែករំលែកជូនគណៈប្រតិភូកម្ពុជា អំពីយន្តការស្តីពីការចូលរួមរបស់យុវជន មានឈ្មោះថា គណៈកម្មការយុវជន ដែលជាផ្នែកមួយចំណុះក្រុមប្រឹក្សាក្រុង ដើម្បីពាំនាំសម្លេងរបស់យុវជនដាក់ជូនថ្នាក់ដឹកនាំរដ្ឋបាល និងអ្នកនយោបាយ។ចំណែកប្រធានបទស្ដីពី «កិច្ចសហប្រតិបត្តិការអន្តរទីក្រុង នៅក្នុងវិស័យការពារនិងសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន» មន្ត្រីជំនាញនៃមណ្ឌលបញ្ជាការត្រួតពិនិត្យបានជម្រាបជូនថាមណ្ឌលនេះជាទីតាំងសម្រាប់តំបន់និងក្រុងជាច្រើនរួមគ្នាទទួលខុសត្រូវលើការជូនដំណឹងអំពីការផ្តល់សេវាក្នុងស្ថានភាពអាសន្ន ដូចជា ៖ ការបង្ការ និងពន្លត់អគ្គីភ័យសេវាជួយសង្គ្រោះ ការដឹកជញ្ជូនអ្នកជំងឺ និងដឹកនាំប្រតិបត្តិការជួរក្រោយជាដើម៕
(ភ្នំពេញ)៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន CamDX ដែលមានវត្តមានចូលរួមដោយ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជារដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ត្រីជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប នៅទីស្ដីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងក្រសួង-ស្ថាប័ន លើការអនុវត្តការងារចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ឱ្យកាន់តែប្រសើរឡើង៕
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៖ តើអ្នកនយោបាយចាស់វស្សាម្នាក់នេះ ជាមនុស្សល្ងង់ ឬជាមនុស្សចេះធ្វើល្ងង់? នេះជាការចោទសួររបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអ្នកនយោបាយចាស់វស្សា លោក សម រង្ស៊ី បានបង្ហោះសារប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាសមិទ្ធផលសម្រាប់ជាតិ និងប្រជាជនខ្មែរខ្លួនឯង។តាមរយៈបណ្តាញសង្គម សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖ “តើអ្នកនយោបាយចាស់វស្សាម្នាក់នេះ ជាមនុស្សល្ងង់ ឬជាមនុស្សចេះធ្វើល្ងង់ !ប្រជាជនកម្ពុជាមួយប្រទេសបានយល់អំពីអត្ថប្រយោជន៍ចំពោះសេដ្ឋកិច្ចនិងសង្គមជាតិកម្ពុជា ដែលគម្រោងព្រែកជីកហ្វូណនតេជោនឹងផ្ដល់ឱ្យសម្រាប់ប្រទេសនិងប្រជាជនខ្មែរ។ប៉ុន្តែបែជា សម រង្សី ដែលជាអ្នកនយោបាយចាស់វស្សាដែលតែងតែតាំងខ្លួនជាអ្នកស្រឡាញ់ជាតិ មិនមានសមត្ថភាពក្នុងការមើលឃើញ ឬទទួលស្គាល់នូវអ្វីដែលល្អសម្រាប់ខ្មែរទៅវិញ។តើគាត់ជាមនុស្សល្ងង់ពិតប្រាកដ ឬជាមនុស្សចេះប៉ុន្តែចេះល្ងង់។ ជាមនុស្សប្រឆាំង ដើម្បីប្រឆាំង។ ប្រឆាំងគ្មានរើសពេលវេលា ឬប្រធានបទ។ ប្រឆាំងសូម្បីតែសមិទ្ធផលសម្រាប់ជាតិនិងប្រជាជនខ្មែរខ្លួនឯងក៏ដោយ។(សូម្បីតែភូមិសាស្ត្រ ពាក់ព័ន្ធនឹងខេត្តដែលគម្រោងនេះនឹងតភ្ជាប់ ក៏គាត់ក្តាប់មិនបាន និយាយមិនត្រូវផង...លោកម្ចាស់អើយ។)”