វីដេអូថ្មីៗ BEST TV
វីដេអូថ្មីៗ SWIFT NEWS
ព័ត៌មានជាតិ
តើ «Bitcoin» គឺជាអ្វី?
ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤

(ទីផ្សារ)៖Bitcoin គឺជារូបិយប័ណ្ណអេឡិចត្រូនិក ឬរូបិយប័ណ្ណឌីជីថលមួយប្រភេទ នៅក្នុង ចំណោម រូបិយប័ណ្ណ ឌីជីថល ឬ រូបិយប័ណ្ណ គ្រីបតូ ជាច្រើន (Crypto Currency) ដែលបង្កើតឡើងដោយការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យា និងរូបមន្តគណិតវិទ្យាដែលមានភាពស្មុគស្មាញ។ អ្នកកាន់កាប់រូបិយប័ណ្ណអេឡិកត្រូនិក“Bitcoin” អាចផ្ទេរពីបុគ្គលម្នាក់ ទៅកាន់បុគ្គលម្នាក់ទៀត បានយ៉ាងឆាប់រហ័ស ជាមួយកម្រៃជើងសារតិច និងពុំឆ្លងកាត់ធនាគារកណ្តាលឡើយ ពោល Bitcoin គឺជារូបិយប័ណ្ណឯករាជ្យ ដែលពុំមានរដ្ឋណាមួយគ្រប់គ្រងនោះទេ។ ថ្មីៗនេះ រូបិយប័ណ្ណអេឡិចត្រូនិកដ៏ល្បីមួយប្រភេទមានឈ្មោះថា “Bitcoin” បានឡើងតំលៃរហូតដល់ជាង ៧០,០០០ដុល្លារ ក្នុងមួយកាក់ ឬក្នុង 1Bitcoin ដែលធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ សូមរំលឹកផងដែរថា Bitcoin ធ្លាប់ឡើងដល់ជាង ៦០,០០០ដុល្លារ នៅឆ្នាំ២០២១ និងធ្លាក់ចុះវិញនៅត្រឹមតែ ១៦,០០០ដុល្លារ ក្នុងឆ្នាំ២០២២។បច្ចុប្បន្នយើងសង្កេតឃើញវត្តមាន មនុស្សជាច្រើនបានចាប់អារម្មណ៍ជាមួយរូបិយប័ណ្ណអេឡិចត្រូនិក “Bitcoin” រហូតឈានដល់ការបណ្តាក់ទុន ឬវិនិយោគជាមួយរូបិយប័ណ្ណអេឡិចត្រូនិកមួយនេះតាមរយៈឈ្មួញកណ្តាល ឬគេហទំព័រផ្សេងៗ ដែលយើងហៅថា “Broker ឬ Exchange” នៅលើប្រព័ន្ធអ៉ិនធឺណេត។ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៤ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី “ការមិនទទួលស្គាល់ ឧបករណ៍ Bitcoin និងឧបករណ៍អេឡិចត្រូនិកដែលមានលក្ខណៈប្រហាក់ប្រហែលនៅទីផ្សារប្រទេសកម្ពុជា”។ ពោល ប្រទេសកម្ពុជា ពុំទាន់ទទួលស្គាល់រូបិយប័ណ្ណអេឡិចត្រូនិក “Bitcoin” នៅឡើយនោះទេ។ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះការវិនិយោគជាមួយរូបិយអេឡិចត្រូនិក “Bitcoin” និងរូបិយប័ណ្ណអេឡិកត្រូនិកផ្សេងទៀត ដែលអាចនាំឲ្យកើតមានហានិភ័យដូចជា៖១. ប្រឈមនឹងការចាញ់បោកឈ្មួញកណ្តាល ប្រេីប្រាស់មធ្យោបាយអូសទាញ ប្រេីប្រាស់កម្មវិធី (App) ឬគេហទំព័រក្លែងបន្លំ២. ប្រឈមនឹងការបាត់បង់ ដែលបង្កដោយឧក្រិដ្ឋជនបច្ចេកវិទ្យា លួចយករូបិយប័ណ្ណអេឡិចត្រូនិក ឬទ្រព្យសម្បត្តិឌីជីថល៣. ជនខិលខូចអាចប្រើប្រាស់គម្រោងបោកប្រាស់បន្តគ្នា " PONZI SCHEME " ដែលលសន្យាថានឹងទទួលបានផលចំណេញខ្ពស់ដល់អ្នកវិនិយោគ ដោយមានហានិភ័យតិច និងចំណេញលឿន៤. ធ្លាក់ចូលអន្ទាក់ ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យាផ្សេងៗដូចជា ឆបោក ជួញដូរគ្រឿងញៀន ល្បែងអនឡាញ ចាប់ជំរិត សម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្មជាដើម៕ ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល

រសៀលនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៣
ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤

(ភ្នំពេញ)៖ នៅរសៀលនេះ ថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ មីនា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៣” ៕ 

ក្រុមបវរកញ្ញា Universal Women មកកម្សាន្តនៅតារារះនៃទិសនិរតីរបស់កម្ពុជា
ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤

(ព្រះសីហនុ)៖ ឆ្លៀតក្នុងឱកាសចូលរួមក្នុងពិធីបុណ្យទន្លេ លើកទី៨ ឆ្នាំ២០២៤ ក្រុមបវរកញ្ញា Universal Women ក៏បានទៅកម្សាន្តនៅតារារះនៃទិសនិរតីរបស់កម្ពុជា គឺខេត្តព្រះសីហនុ ។ ក្នុងនោះ ក្រុមបវរកញ្ញា Universal Women បានចូលរួមបង្ហោះគោម និងបាញ់កាំជ្រួចនៅឆ្នេរអូរត្រែះនាវេលាយប់ថ្ងៃទី១៧ មីនា ។ នាព្រឹកថ្ងៃទី១៨ មីនា ក្រុមបវរកញ្ញា Universal Women បានបន្តដំណើរកម្សាន្តទៅកាន់កោះរ៉ុង អមជាមួយនឹងការលេងល្បែងប្រជាប្រិយខ្មែរនៅលើឆ្នេរខ្សាច់សក្បុសនៃកោះរ៉ុង មុននឹងបន្តដំណើរមកទស្សនារូបសំណាកព្រះថោងនាងនាគ ដែលជាតំណាងដល់ការកកើតទឹកដីព្រះរាជាណាចក្រកម្ពុជា៕

រោងចក្រចំនួន៦ មកពីតំបន់សេដ្ឋកិច្ចពិសេស មកសម្ភាសជ្រើសរើសកម្មករ Y&W ដល់រោងចក្រ
ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤

(ភ្នំពេញ)៖ រោងចក្រចំនួន៦ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស នៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ស្ថិតនៅលើផ្លូវជាតិលេខ៤ សង្កាត់ភ្លើងឆេះរទេស ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នេះបានមកប្រកាសជ្រើសរើសកម្មករនិយោជិតនៃរោងចក្រ Y & W ចំនួន៣៤០ ចូលបម្រើការងារភ្លាមៗ។ លោក អ៊ន ប៊ុនណា មន្រ្តីជ្រើសរើសបុគ្គលិកតំបន់សេដ្ឋកិច្ចពិសេសបានលើកឡើងថាឱកាសការងារជាច្រើនរយកន្លែងបានយកមកធ្វើការផ្សព្វផ្សាយជូនបងប្អូនកម្មករនិយោជិតនៃរោងចក្រ Y&W នៅថ្ងៃនេះ ហើយកម្មករនិយោជិតទាំងអស់អាចមកដាក់ពាក្យ និងសម្ភាសភ្លាមៗតែម្តង។ លោកបន្ថែមថា កម្មករនិយោជិតនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនក្នុងនោះ កម្មករនិយោជិតទទួលបានប្រាក់ខែចំនួន ២០២ ដុល្លារ (សាកល្បង៣ខែ) និង២០៤ ដុល្លារក្នុងមួយខែ (ពេញសិទ្ធិ), ផ្តល់លុយព្រីម ១៥ដុល្លារក្នុង១ខែ, ប្រាក់ស្នាក់នៅ និងធ្វើដំណើរ ១០ដុល្លារក្នុងមួយខែ, ប្រាក់បាយថ្ងៃត្រង់ ៣២០០រៀលក្នុងមួយថ្ងៃ, ផ្តល់ប្រាក់បាយថែមម៉ោង ២ម៉ោងចំនួន៣០០០រៀលរាល់ពេលថែមម៉ោងក្នុង១ថ្ងៃ។ ក្រៅពីនេះកម្មករនិយោជិតក៏នឹងមានប្រាក់រង្វាន់ពេលដេរលើសចំនួន, ផ្តល់ប្រាក់ជំនាញ, ផ្តល់ប្រាក់៥% និងប្រាក់អតីតភាពការងារស្របតាមច្បាប់ស្តីពីការងារ និងមធ្យោបាយធ្វើដំណើរ។ លោកស្រី ឆាត ចាន់ថន ដែលជាកម្មការិនីនៃរោងចក្រ Y & W បានលើកឡើងថា៖ «ខ្ញុំសម្រេចចិត្តមកដាក់ពាក្យរកការងារថ្មីធ្វើនៅពេលនេះ ពីព្រោះឱកាសការងារបានមកដល់កន្លែងហើយតាមរយៈក្រសួងការងារ ដូច្នេះខ្ញុំត្រូវតែឆ្លៀតពេលមករកការងារថ្មីដើម្បីទទួលបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារបន្តទៀត»៕

ឯកឧត្តម វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំ ដើម្បីរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស
ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤

 (ភ្នំពេញ)៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាអំពីការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះសពសម្តេច ព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន, សម្តេចព្រះមង្គលមុនីរង្សី ហូរ ឈីវ នាថ, សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល, សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត, ឯកឧត្តម ឈិន កេតនា, ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា, ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង, ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់, ព្រមទាំងសមាជិកសមាជិការ នៃគណៈកម្មការ និងអនុគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានប្រគេនថ្វាយនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះសម្តេចព្រះរាជាគណៈ មន្រ្តីសង្ឈ និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ព្រមទាំងរដ្ឋបាលរាជធានីភ្នំពេញ ដែលចូលរួមរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា គិតចាប់តាំងពីថ្ងៃព្រះអង្គយាងចូលព្រះទិវង្គត នាថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០២៤ រហូតដល់ពេលនេះ បានប្រព្រឹត្តទៅប្រកបដោយភាពអធិកអធមខ្ពង់ខ្ពស់ និងជាទីសក្ការៈ ស្របតាមប្រពៃណីជាតិ ព្រមទាំងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ស័ក្តិសមនឹងព្រះកិត្តិនាម និងព្រះកិត្តិយសរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។អង្គប្រជុំបានធ្វើការបូកសរុបផែនការសកម្មភាព និងពិភាក្សាដោយលំអិតលើផែនការសកម្មភាពសំខាន់ៗមួយចំនួន ដែលបានរៀបចំដោយអនុគណៈកម្មការនានា ពិសេសពាក់ព័ន្ធនឹងការរៀបចំព្រះរាជពិធីដង្ហែរព្រះសព ការរៀបចំព្រះមេរុ និងការថ្វាយព្រះភ្លើងព្រះសព ព្រមទាំងកិច្ចការបច្ចេកទេសមួយចំនួនទៀត ដើម្បីឱ្យស័ក្តិសមនឹងព្រះកិត្តិនាម និងព្រះកិត្តិយសរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងការទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនានៅកម្ពុជា៕

ឯកឧត្តម ហ៊ុន ម៉ានី «១៨ មីនា ១៩៧០ ជាចំណុចចាប់ផ្តើមនៃសោកនាដកម្មដ៏អាក្រក់បំផុតសម្រាប់កម្ពុជា»
ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤

(ព័ត៌មានជាតិ)៖ ១៨ មីនា ១៩៧០ ជាចំណុចចាប់ផ្តើមនៃសោកនាដកម្មដ៏អាក្រក់បំផុតសម្រាប់កម្ពុជា។ ប្រជាជាតិកម្ពុជាបានធ្លាក់ក្នុងរណ្តៅនៃភ្លើងសង្រ្គាម ដែលនាំដល់ការបំផ្លិចបំផ្លាញ និងរបបប្រល័យពូជសាសន៍ ស្ទើរតែបាត់បង់ចេញពីផែនទីពិភពលោក។មេរៀនប្រវត្តិសាស្រ្តមួយនេះ បានបង្រៀនយើងឱ្យស្គាល់ច្បាស់ពីឥទ្ធិពលនៃសង្រ្គាម និងគ្រោះថ្នាក់នៃការបែកបាក់ជាតិ។ យើងទាំងអស់គ្នា ជាអ្នកជំនាន់ក្រោយត្រូវស្វែងយល់ពីតម្លៃ នៃសន្តិភាព និងស្រលាញ់សន្តិភាពដែលត្រូវបានកសាងឡើងវិញយ៉ាងលំបាកបំផុត។ប្រភព៖ ឯកឧត្តម ហ៊ុន ម៉ានី 

ចិនអបអរសាទរលោកពូទីន ចំពោះជ័យជម្នះក្នុងការបោះឆ្នោត
ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤

(ប៉េកាំង)៖ សម្ព័ន្ធមិត្ត​រុស្ស៊ី​សំខាន់​របស់​ចិន​ បាន​អបអរសាទរ​ប្រធានាធិបតី​វ្ល៉ាឌីមៀ ពូទីន ចំពោះ​ជ័យជម្នះ​ក្នុង​ការបោះឆ្នោត​របស់​លោក។យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA បានឱ្យដឹងថា ជាមួយនឹង 99 ភាគរយនៃការិយាល័យបោះ ឆ្នោត បានបញ្ជូនលទ្ធផល លោកពូទីនទទួលបាន 87.33 ភាគរយនៃសន្លឹកឆ្នោតទាំងអស់ ដែលបានបោះឆ្នោត។អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា "ប្រទេសចិនសម្តែងការ អបអរសាទរចំពោះរឿងនេះ"។លោកបានបន្ថែមថា “ចិន និងរុស្ស៊ី គឺជាអ្នកជិតខាងដ៏ធំបំផុតរបស់គ្នាទៅវិញទៅមក និងជាដៃគូ សហប្រតិបត្តិការយុទ្ធសាស្ត្រដ៏ទូលំទូលាយក្នុងយុគសម័យថ្មី” ។វា​ជា​ជ័យ​ជម្នះ​មួយ​សម្រាប់​លោក​ពូទីន​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​ដែល​លោក​មិន​ប្រឈម​មុខ​នឹង​ការ​ប្រកួត​ប្រជែង​ពិត​ប្រាកដ៕

ឯកឧត្តម ហេង សួរ ជំរុញឱ្យគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារពង្រឹងការផ្សព្វផ្សាយសកម្មភាពឱ្យទូលំទូលាយដល់សាធារណជន
ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ បានណែនាំឱ្យបង្កើនការផ្សព្វផ្សាយពីសកម្មភាពរបស់គណៈកម្មាធិការជាតិ ប្រឆាំងពលកម្មកុមារ ឱ្យទូលំទូលាយដល់សាធារណជនដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការ។ ការជំរុញនេះ គឺធ្វើឡើងក្នុងអំឡុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំលើកទី១របស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤។ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថាការពង្រឹងការផ្សព្វផ្សាយនឹងធ្វើឱ្យសាធារណជន បានដឹងពីកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ បញ្ជ្រាប និងទប់ស្កាត់ សកម្មភាពប្រឆាំងពលកម្មកុមារ ហើយក៏នឹងរួមចំណែកយ៉ាងខ្លាំងដល់កិច្ចការពារកុមារឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់។សូមបញ្ជាក់ថា កិច្ចប្រជុំនៅថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នា២០២៤នេះ គឺជាកិច្ចប្រជុំលើកទី១របស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារដែលមានគោលបំណងបង្ហាញពីសមាសភាពនៅក្នុងសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពរបស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ(គ.ព.ជ.)ក្នុងអាណត្តិថ្មី និងការបង្កើនកិច្ចការសហការអន្តរក្រសួងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ដើម្បីប្រឆាំងនឹងពលកម្មកុមារគ្រប់រូបភាព។ ក្នុងកិច្ចប្រជុំនេះដែរ ក្រោយពីការប្រកាសសមាសភាពក្នុងអាណត្តិថ្មី កិច្ចប្រជុំបានពិភាក្សាយ៉ាងផុសផុលពីសំណាក់ក្រសួងពាក់ព័ន្ធនានាដែលជាអនុប្រធាន និងជាសមាជិកគណៈកម្មាធិការផងដែរ។ ទន្ទឹមនឹងនេះ ក្រៅពីការបង្កើនការផ្សព្វផ្សាយ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យគណៈកម្មាធិការ ត្រូវមានភាពបុរេសកម្ម និងធ្វើសកម្មភាពឱ្យមានប្រសិទ្ធបន្ថែមទៀតដើម្បីបង្ហាញពីវឌ្ឍនភាព និងភាពកាន់តែប្រសើរឡើងបន្ថែមទៀតជុំវិញការប្រឆាំងពលកម្មកុមារ៕

កូរ៉េខាងជើង បាញ់មីស៊ីលផ្លោង ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិក នៅទីក្រុងសេអ៊ូល
ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ នៅក្នុងអ្វីដែល អ្នកវិភាគបាននិយាយថា ជាវិធានការដើម្បីទាក់ទាញការចាប់អារម្មណ៍ ខណៈដែលរដ្ឋមន្ត្រី ការបរទេសអាមេរិកលោក Antony Blinken ធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង សម្រាប់កិច្ចពិភាក្សា។លោក Blinken កំពុងចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទីបី ដើម្បីលទ្ធិប្រជាធិបតេយ្យ ហើយបានជួប ជាមួយប្រធានាធិបតីលោក Yoon Suk Yeol នៅទីក្រុងសេអ៊ូល ។ លោកក៏នឹងជួបសមភាគីកូរ៉េខាងត្បូងនៅខាងក្រៅព្រឹត្តិការណ៍នេះផងដែរ សម្រាប់ការពិភាក្សា នាពេលនេះ ទំនងជាត្រូវបានគ្របដណ្ដប់ដោយកិច្ចខិតខំប្រឹងប្រែងរបស់សម្ព័ន្ធមិត្ត ក្នុងការទប់ទល់ នឹងការគំរាមកំហែងពីកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ។ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលបានបញ្ចប់សមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំដ៏សំខាន់មួយ របស់ពួកគេកាលពីសប្តាហ៍មុន ដោយបានជំរុញឱ្យមានប្រតិកម្មតបតខឹងសម្បារ និងសមយុទ្ធបាញ់ គ្រាប់ពិតពីទីក្រុងព្យុងយ៉ាងដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ដែលថ្កោលទោសសមយុទ្ធទាំងអស់ថា ជាការហាត់សមសម្រាប់ការឈ្លានពាន៕

រោងចក្រចំនួន៦មកពីតំបន់សេដ្ឋកិច្ចពិសេសមកសម្ភាសជ្រើសរើសកម្មករY & W ដល់រោងចក្រ
ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤

(ភ្នំពេញ)៖ រោងចក្រចំនួន៦ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ស្ថិតនៅលើផ្លូវជាតិលេខ៤ សង្កាត់ភ្លើងឆេះរទេស ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នេះបានមកប្រកាសជ្រើសរើសកម្មករនិយោជិតនៃរោងចក្រ Y & W ចំនួន៣៤០ ចូលបម្រើការងារភ្លាមៗ។ សម្រាប់ឱកាសការងារនេះកម្មករនិយោជិតនៃរោងចក្រ Y&W អាចមកដាក់ពាក្យនៅមុខរោងចក្រ Y&Wផ្ទាល់ ហើយទទួលបានការសម្ភាសន៍ភ្លាមៗតែម្តង។ ការជ្រើសរើសនេះមានរោងចក្រ ក្រុមហ៊ុន ហ៊ីតូ អេស៊ា ខេមបូឌា ឯ.ក ជ្រើសរើសកម្មករនិយោជិតចំនួន ៤០នាក់, ក្រុមហ៊ុន យេ ផេនរ៉ក អេសអ៊ី អេ (ភ្នំពេញ) ឯ.ក ជ្រើសរើស១០០នាក់, ក្រុមហ៊ុន រីង អេឡិចត្រូនិក (ខេមបូឌា) ឯ.ក ជ្រើសរើស ២០នាក់, ក្រុមហ៊ុន សេការ៉ា (ខេមបូឌា) ថេកណូឡូជី ឯ.ក ជ្រើសរើស២០នាក់, ក្រុមហ៊ុន ម៉ាវ៉ល់ ហ្គាមិន ឯ.ក ជ្រើសរើស១៥០ និងក្រុមហ៊ុន ដាប់ប៉ែលយូស៊ីអេហ្វអូ (ខេមបូឌា) ឯ.ក រើស១០នាក់។  លោកស្រី ឆាត ចាន់ថន ដែលជាកម្មការិនីនៃរោងចក្រ Y & W បានលើកឡើងថា៖ «ខ្ញុំសម្រេចចិត្តមកដាក់ពាក្យរកការងារថ្មីធ្វើនៅពេលនេះ ពីព្រោះឱកាសការងារបានមកដល់កន្លែងហើយតាមរយៈក្រសួងការងារ ដូច្នេះខ្ញុំត្រូវតែឆ្លៀតពេលមករកការងារថ្មីដើម្បីទទួលបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារបន្តទៀត»។ លោកស្រីបន្ថែមថា ការមកដាក់ពាក្យរកការងារថ្មីនេះដោយសារកម្មការិនីរូបនេះជឿទុកចិត្តលើដំណោះស្រាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារលើករណីថៅកែរោងចក្ររត់ចោលកម្មករ ហើយលោកស្រីសង្ឃឹមថានឹងទទួលបានការដោះស្រាយជូនកម្មករនិយោជិតឱ្យបានគ្រប់ៗគ្នានាពេលឆាប់ៗខាងមុខនេះ។ លោក ញ៉ុល សារ៉ុម ដែលជាកម្មករនិយោជិតនៃរោងចក្រ Y & W ម្នាក់ទៀតបានលើកឡើងថា៖«ខ្ញុំសម្រេចចិត្តមកដាក់ពាក្យរកការងារថ្មីនៅពេលនេះពីព្រោះឱកាសការងារបានមកដល់កន្លែងហើយ ដោយមិនចាំបាច់ទៅរកខ្លួនឯងនោះទេ ជាពិសេសនោះដាក់ពាក្យភ្លាម សម្ភាសភ្លាម ដឹងលទ្ធផលលឿនទៀតផង»។ លោក អ៊ន ប៊ុនណា មន្រ្តីជ្រើសរើសបុគ្គលិកតំបន់សេដ្ឋកិច្ចពិសេសបានលើកឡើងថាឱកាសការងារជាច្រើនរយកន្លែងបានយកមកធ្វើការផ្សព្វផ្សាយជូនបងប្អូនកម្មករនិយោជិតនៃរោងចក្រ Y&W នៅថ្ងៃនេះ ហើយកម្មករនិយោជិតទាំងអស់អាចមកដាក់ពាក្យ និងសម្ភាសភ្លាមៗតែម្តង។ លោកថា៖«ខ្ញុំសូមអំពាវនាវឱ្យបងប្អូនកម្មករនិយោជិតនៃរោងចក្រ Y&W ទាំងអស់មកដាក់ពាក្យដើម្បីទទួលបានឱកាសបម្រើការងារនៅរោងចក្រតំបន់សេដ្ឋកិច្ចពិសេស ដែលបងប្អូនកម្មករនិយោជិតទាំងអស់ទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ»។ លោកបន្ថែមថា កម្មករនិយោជិតនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនក្នុងនោះ កម្មករនិយោជិតទទួលបានប្រាក់ខែចំនួន ២០២ ដុល្លារ (សាកល្បង៣ខែ) និង២០៤ ដុល្លារក្នុងមួយខែ (ពេញសិទ្ធិ), ផ្តល់លុយព្រីម ១៥ដុល្លារក្នុង១ខែ, ប្រាក់ស្នាក់នៅ និងធ្វើដំណើរ ១០ដុល្លារក្នុងមួយខែ, ប្រាក់បាយថ្ងៃត្រង់ ៣២០០រៀលក្នុងមួយថ្ងៃ, ផ្តល់ប្រាក់បាយថែមម៉ោង ២ម៉ោងចំនួន៣០០០រៀលរាល់ពេលថែមម៉ោងក្នុង១ថ្ងៃ។ ក្រៅពីនេះកម្មករនិយោជិតក៏នឹងមានប្រាក់រង្វាន់ពេលដេរលើសចំនួន, ផ្តល់ប្រាក់ជំនាញ, ផ្តល់ប្រាក់៥% និងប្រាក់អតីតភាពការងារស្របតាមច្បាប់ស្តីពីការងារ និងមធ្យោបាយធ្វើដំណើរ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានគណបក្សភឿថៃ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) អនុប្រធានគណៈកម្មការជាតិទទួលបន្ទុកជំរុញ Soft Power នៃព្រះរាជាណាចក្រថៃឡង់ដ៍ និងជាប្រធានគណបក្សភឿថៃ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤៕

សម្តេចប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យប្រធានគណបក្ស ភឿថៃ ចូលជួបសម្តែងការគួរសម
ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកជំទាវ Paetongtarn Shinawatra អនុប្រធានគណៈកម្មការជាតិទទួលបន្ទុកជំរុញ Soft Power នៃព្រះរាជាណាចក្រថៃឡង់ដ៍ និងជាប្រធានគណបក្សភឿថៃ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤៕

ប្រជាពលរដ្ឋប្រមាណ ៥៥៣៧៩៤នាក់ ទៅទស្សនាកម្សាន្តពិធីបុណ្យទន្លេ លេីកទី៨ នៅខេត្តសៀមរាបរយៈពេលបីថ្ងៃ
ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤

(សៀមរាប)៖ រដ្ឋបាលខេត្ត​សៀមរាបបានឱ្យដឹងថា រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥ -១៦-១៨ ខែមីនា ឆ្នាំ២០២៤នេះ មានបងប្អូនប្រជាពលរដ្ឋប្រមាណ៥៥៣ ៧៩៤នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិប្រមាណ ៥២០ ០០០ នាក់ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ២៨១ ០០០នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ ៣៣ ៧៧០នាក់ ដែលបានមកទស្សនាកម្សាន្តនាឱកាសបុណ្យទន្លេលេីកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍បុណ្យទន្លេនេះដោយមានរៀបចំឡើង ការសម្តែងសិល្បៈ ការប្រគុំតន្ត្រី មានក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ និងកម្មវិធីប្រឡងប្រជែងអានអត្ថបទ ការជិះទូកកម្សាន្ត រាំវង់ស្គរគន្រ្ទឹម ព្រមទាំងជឹះកង់ ការប្រលែងត្រី បណ្តែតកន្ទោង ព្រមទាំងការសម្តែងសិល្បៈ របាំប្រពៃណី បាញ់ធ្នូ តាំងពិរព័ណ៌ដោយមានសាធារណជន ចូលរួមទស្សនា និងកម្សាន្តសប្បាយរីករាយទៀតផង។ ជាមួយនឹងការរៀបចំបុណ្យទន្លេនេះ រដ្ឋបាលខេត្តសង្កេតអ្នកលក់ដូរ និងបងប្អូនប្រជាពករដ្ឋបានចូលរួមសហការក្នុងការរៀបចំ វេខ្ចប់ទុកដាក់សម្រាមបានយ៉ាងល្អ នេះជាកាយវិកាមួយបង្ហាញអំពីការស្រឡាញ់ និងថែរក្សាបរិស្ថាន។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏សូមថ្លែងនូវអំណរគុណយ៉ាងដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានជួយសម្រួលសណ្តាប់ធ្នាប់ សន្តិសុខ និងការសម្រួលចរាចរណ៍ជូនបងប្អញ នបានយ៉ាងល្អប្រសេីរ៕

«អាពាហ៍ពិពាហ៍ខ្មែរ» អាចនឹងដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ
ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា មានបំណងដាក់ "អាពាហ៍ពិពាហ៍ខ្មែរ" ចូលជា បេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នៅចុងខែមីនា ដោយប្រមូលព័ត៌មានសំខាន់ៗ សម្រាប់ការដាក់ពាក្យ។ឯកឧត្តម ស៊ីយុន សុភារិទ្ធ អគ្គនាយកបច្ចេកទេសទទួលបន្ទុកកិច្ចការវប្បធម៌ នៃក្រសួងបានថ្លែង កាលពីថ្ងៃទី១៣ ខែមីនា ថា ការបញ្ជូននេះមានគោលបំណងបង្ហាញពីភាពប្លែកនៃប្រពៃណី និង វប្បធម៌ខ្មែរ។ លោក​បន្ត​ថា ការប៉ុនប៉ងនេះ ក៏​ព្យាយាមឱ្យមានការ​ទទួលស្គាល់​តម្លៃ​របស់​អាពាហ៍ពិពាហ៍​ទាំង​ជាតិ និង​អន្តរជាតិ។ការចុះឈ្មោះក្នុងបញ្ជី របស់អង្គការយូណេស្កូមានសារៈសំខាន់ណាស់ សម្រាប់ការទទួលស្គាល់ សារៈសំខាន់នៃពិធីមង្គលការ ដូចជាការយល់ដឹងអំពីអត្ថន័យនៅពីក្រោយពិធីបង្វិលពពិល និងការ បាចផ្កាស្លាជាដើម។ វា​ជា​ការ​ឲ្យ​តម្លៃ​ចំពោះ​មូលហេតុ​ដែល​ប្រពៃណី​ទាំងនេះ​មាន​សារៈសំខាន់»។ឯកឧត្តម សុភារិទ្ធ បានសង្កត់ធ្ងន់ថា ការចុះឈ្មោះនេះ ជាការសន្យារបស់ប្រទេសនៅលើឆាកពិភពលោក ដោយធានាបាននូវរដ្ឋសមាជិកយូណេស្កូជាង ១៨០ នៃការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការថែរក្សាទំនៀម ទម្លាប់ប្រពៃណីអាពាហ៍ពិពាហ៍សម្រាប់មនុស្សជំនាន់ក្រោយ។ លោក​បាន​បន្ត​ថា ក្រសួង​បាន​និង​កំពុង​ប្រមូល​ធាតុ​ចូល​យ៉ាង​សកម្ម​ពី​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ ដើម្បី​រៀបចំ​ឯកសារ​ដែល​គ្រោង​ដាក់​ជូន​អង្គការ​យូណេស្កូ​នៅ​ថ្ងៃ​ទី ៣១ ខែ​មីនា។ឯកឧត្តម សុភារិទ្ធ ក៏បានលើកឡើងដែរថា នៅពេលដែលពាក្យស្នើសុំត្រូវបានដាក់ស្នើ វានឹងចំណាយ ពេលប្រហែលពីរឆ្នាំដើម្បីកំណត់ថាតើស្ថាប័នអង្គការសហប្រជាជាតិនឹងទទួលយកប្រពៃណីសម្រាប់ដាក់បញ្ចូលក្នុងបញ្ជីដែរឬទេ។ឯកឧត្តម សំបូរ ម៉ាណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ បានគូសបញ្ជាក់ថា ប្រសិនបើពិធីនេះ ត្រូវទទួលស្គាល់ នោះនឹងជួយប្រទេសជាតិក្នុងការបង្ហាញពីវប្បធម៌ ទំនៀមទម្លាប់ និងប្រវត្តិគ្រួសារ ទៅកាន់ទស្សនិកជនទូទាំងពិភពលោក។ ឯកឧត្តម បានសាទរចំពោះក្រសួងចំពោះ ការយកចិត្តទុក ដាក់ក្នុងការចងក្រង និងស្វែងរកការចុះបញ្ជីប្រពៃណីអាពាហ៍ពិពាហ៍៕

ជិតចូលឆ្នាំ! ខោដំរីក្លែងក្លាយចំនួន ៣ម៉ឺនខោ ត្រូវប៉ូលីសរឹបអូស
ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤

(អន្តរជាតិ)៖ មន្ត្រីមកពីនាយកដ្ឋានបង្ក្រាបឧក្រិដ្ឋកម្មសេដ្ឋកិច្ចបានរឹបអូស "ខោដំរី" ប្រហែល 30000ខោ ដែលត្រូវបានគេជឿថាត្រូវបានរត់ពន្ធចូល។ខោទាំងនេះ ត្រូវបានគេរកឃើញនៅក្នុងការឆ្មក់ចូលឃ្លាំងមួយក្នុងសង្កាត់ Bang Khun Thien ទីក្រុង បាងកក បន្ទាប់ពីមន្រ្តីបានទទួលព័ត៌មានអំពីទំនិញខុសច្បាប់ដែលត្រូវបានរក្សាទុកនៅទីនោះ។ ឃ្លាំង​នេះ​ស្ថិត​នៅ​ក្នុង​ឃុំ​ថា​ខាំ។ការ​វាយ​តម្លៃ​ដំបូង​បង្ហាញ​ពី​តម្លៃ​ខោទាំងអស់ មាន​តម្លៃ​ប្រហែល ៦ លាន​បាត។មន្ត្រី​ដដែល​បន្ត​ថា ក្រោយ​មក ពួក​គេ​នឹង​តាម​ចាប់​ម្ចាស់​ទំនិញ ហើយ​កោះ​ហៅ​ជន​នោះ​មក​សាកសួរ ។ ម្ចាស់ក៏នឹងត្រូវតម្រូវឱ្យបង្ហាញភស្តុតាងនៃការបោសសំអាតគយផងដែរ។ខោ​ដំរី ដែល​គេ​ស្គាល់​ថា​ជា​ខោ​អ្នក​នេសាទ ឬខោ Aladdin គឺជា​វត្ថុ​អនុស្សាវរីយ៍​ដ៏​ពេញ​និយម​ពី​ប្រទេស​ថៃ។ ការបោះពុម្ពទូទៅបំផុតមានរូបដំរី ដែលឆ្លុះបញ្ចាំងពីសារៈសំខាន់នៃសត្វដ៏អស្ចារ្យ ទាំងនេះនៅក្នុង វប្បធម៌ថៃ។រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Phumtham Wechayachai បានអំពាវនាវឱ្យនាយកដ្ឋានគយ ទប់ស្កាត់ការនាំចូលខោក្នុងតម្លៃថោកពីប្រទេសចិន ព្រោះវាអាចនឹងរំលោភលើកម្មសិទ្ធិបញ្ញារបស់ អ្នកផលិតក្នុងស្រុក៕

បណ្តាញសង្គម