(ភ្នំពេញ)៖ ពិព័រណ៍ការងារ និងមគ្គទេស៍អាជីពដ៏ធំ ដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) បានចាប់ផ្តើមហើយនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នេះ នៅអគារ KAMPUS។ ក្រុមហ៊ុន សហគ្រាសធំៗចំនួន ២៥ កំពុងផ្តល់ឱកាសការងារជាង ៥ពាន់កន្លែង នៅតាមបញ្ជរនៅអគារ KAMPUS និងកំពុងរង់ចាំទទួល ពាក្យស្នើសុំការងារពីសំណាក់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ។ថ្លែងក្នុងពិធីបើកពិព័រណ៍ការងារ និងមគ្គទេស៍អាជីពនាព្រឹកនេះ ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថាពិព័រណ៍ការងារនេះ គឺជាការអនុវត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកការបើកចំហឱកាសការងារ ដោយជួយបែងចែកឱកាសទាំងនេះឱ្យបានទៅដល់សាធារណជនគ្រប់រូបប្រកបដោយតម្លាភាព និងសមធម៌ សំដៅប្រែក្លាយឱកាសការងារទាំងអស់ទៅជាមុខរបរកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។ឯកឧត្តមបញ្ជាក់បន្ថែមថាការងារ និងអាជីព គឺជាសមាសធាតុដ៏មានសារសំខាន់សម្រាប់មនុស្សគ្រប់រូប។ ការងារនិងអាជីពមួយប្រភេទមានអត្ថន័យពិសេសសម្រាប់មនុស្សម្នាក់ៗដែលបានជ្រើសរើស បំពេញ និងកសាងមាគ៌ាអាជីពនោះ។ ដូច្នេះ យុវជន និងអ្នកស្វែងរកការងារត្រូវការយកចិត្តទុកដាក់រៀបចំផែនការ, ជ្រើសរើសអនុវត្តការងារ, កែសម្រួលនិងកសាងអាជីពមួយឲ្យបានពិតប្រាកដ ដើម្បីសំឡឹងឆ្ពោះទៅភាពជោគជ័យក្នុងពេលអនាគត។លោកជំទាវ តិមា វិច្ឆិកាល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ(ស.ស.យ.ក)ព្រឹត្តិការណ៍នេះ គឺជាការប្រមូលផ្តុំនូវព័ត៌មានការងារយ៉ាងសំបូរបែប នៅតាមគ្រឹះស្ថាន និងក្រុមហ៊ុនហ៊ុនធំៗ ហើយវាជាវេទិកាប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ជាមួយនិយោជក និងនិយោជិត។ លោកជំទាវ បញ្ជាក់ឱ្យដឹងថាកន្លងមក ស.ស.យ.ក តែងតែធ្វើជាដៃគូយ៉ាងជិតស្និតជាមួយ NEA ដើម្បីរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន មានវេទិកាការងារ ពិព័រណ៍ការងារថ្នាក់ជាតិជាដើម ដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលក្នុងការផ្តល់ព័ត៌មានពីឱកាសការងារ ដល់ប្រជាពលរដ្ឋពិសេសយុវជន។លោក គួយ គីមរើន អ្នកសម្របសម្រួលគម្រោងជាតិ អង្គការអន្តរជាតិខាងការងារ (ILO) មានប្រសាសន៍ថា ILO ពិតជាមានសេចក្តីសោមនស្សរីករាយនឹងគាំទ្រគំនិតផ្តួចផ្តើមរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងការរៀបចំព្រឹត្តិការណ៍ការងារដ៏មានសារៈសំខាន់រយៈពេលពីរថ្ងៃនេះឡើង ដើម្បីបង្កើតជាកន្លែងជួបជុំគ្នាដោយងាយស្រួលរវាងនិយោជក អ្នកស្វែងរការងារធ្វើ និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ដើម្បីស្វែងយល់អំពីតម្រូវការជំនាញក្នុងទីផ្សារការងារកម្ពុជានាពេលបច្ចុប្បន្ន។ ពិសេសនោះ ពិព័រណ៍ការងារនេះ គឺជាឱកាសសម្រាប់យុវជនក្នុងការស្វែងរកនិយោជកដែលមានសក្តានុពលជាច្រើន និងស្វែងយល់ពីឱកាសការងារ និងលក្ខខណ្ឌការងារផ្សេងៗផងដែរ។សូមជម្រាបថាពិព័រណ៍ការងារ និងមគ្គទេស៍អាជីពនេះ នឹងត្រូវរៀបចំឡើងរយៈពេលពីរថ្ងៃគឺថ្ងៃទី០៩-១០ ខែឧសភា នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច នៅអគារ KAMPUS ជាប់ស្ពានអាកាសក្បាលថ្នល់។ ពិព័រណ៍នេះ មានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាសធំៗចំនួន ២៥ ដែលបាននាំយកឱកាសការងារគ្រប់ប្រភេទជាង ៥៤០០កន្លែង ដើម្បីតាំងបង្ហាញ សម្ភាសជ្រើសរើស និងបើកឱកាសដល់អ្នកដាក់ពាក្យស្នើសុំការងារ ដោយក្នុងនោះមានមុខតំណែងគ្រប់ប្រភេទក្នុងវិស័យធនាគារនិងគ្រឹះស្ថានមីក្រូហិញ្ញវត្ថុ, សេវាកម្ម, អចលនវត្ថុ, ឧស្សាហកម្ម, ការលក់ដុំ និងលក់រាយ, អាហារ និងភេសជ្ជៈ ជាដើម ។ព័ត៌មានបន្ថែម សូមទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕
(អន្តរជាតិ)៖ ប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូង កំពុងរៀបចំរៀបចំកិច្ចប្រជុំកំពូលបីលើកនៅចុងខែនេះ។ វានឹងជាជំនួបលើកដំបូងក្នុងរយៈពេលប្រហែលបួនឆ្នាំកន្លះ។ការរៀបចំបានធ្វើឡើង ចាប់តាំងពីរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងបី បានយល់ព្រមរៀបចំកិច្ចប្រជុំ កំពូលត្រីភាគីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន នៅក្នុងកិច្ចប្រជុំនៅប្រទេសកូរ៉េខាងត្បូង កាលពីខែ វិច្ឆិកាឆ្នាំមុន។ប្រភពរដ្ឋាភិបាលបាននិយាយថា នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio នាយករដ្ឋមន្ត្រីចិន លោក Li Qiang និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol គ្រោងនឹងជួបប្រជុំគ្នានៅទីក្រុងសេអ៊ូល។ លោក Kishida ទំនងជានឹងធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងចាប់ពីថ្ងៃទី 26 ដល់ថ្ងៃទី 27 ខែឧសភា។ប្រទេសជប៉ុនកំពុងស្វែងរកការសម្រេចបាននូវកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង ការផ្លាស់ប្តូរប្រជាជន និងប្រជាជនក្នុងគោលបំណងលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ អាស៊ី។កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងស្ថិតនៅក្នុងរបៀបវារៈ។ មេដឹកនាំទាំងបីក៏ទំនងជាផ្លាស់ប្តូរទស្សនៈគ្នា លើបញ្ហាចាប់ពង្រត់។លោក Kishida កំពុងរៀបចំដើម្បីជួបដាច់ដោយឡែកជាមួយលោក Li និងលោក Yoon នៅក្រៅ ព្រឹត្តិការណ៍។កិច្ចប្រជុំកំពូលបីលើកមុនបានធ្វើឡើងនៅទីក្រុង Chengdu ភាគនិរតីនៃប្រទេសចិនក្នុងខែធ្នូ ឆ្នាំ 2019៕
(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភាលើកទី១ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ដើម្បីពិនិត្យ និងសម្រេច ទៅលើលើរបៀបវារៈចាំបាច់មួយចំនួន។ របៀបវារៈចំនួន៤ ដែលត្រូវពិនិត្យ និងសម្រេចក្នុងកិច្ចប្រជុំនេះរួមមាន៖១. សម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ។២. សម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភា។៣. សម្រេចអំពីការចាត់តាំងក្រុមជនបង្គោលប្រឆាំងអំពើពុករលួយរបស់ព្រឹទ្ធសភា។៤. សម្រេចអំពីការចាត់តាំងគណៈកម្មការក្រមសីលធម៌សភារបស់សមាជិក ព្រឹទ្ធសភា៕